
បើទិញកាសែត ១ច្បាប់ ហើយមួយផ្ទះមានគ្នា ៥ នាក់ ដែលមានសមត្ថភាពអាន ដូច្នេះក្នុងម្នាក់ៗចំណាយប្រាក់ត្រឹមតែ២០០រៀលតែប៉ុណ្ណោះ ហើយកូនៗរបស់លោកអ្នកក៏បង្កើនចំណេះដឹង និងការរកការងារធ្វើថែមទៀត ហើយពេលអានចប់រៀបចំទុកដាក់ឲ្យបានស្អាតសម្រាប់ដកស្រង់ធ្វើ ជាឯកសារយោងទៀត។ បើទោះបីជាមានជម្រើសគ្រប់យ៉ាងបែបនេះ ហេតុអ្វីបានពលរដ្ឋដែលមានលទ្ធភាពទិញកាសែត នៅតែមិនមានទម្លាប់អានកាសែតទៀត?
ជាទូទៅ យើងតែងតែឃើញជនបរទេស គេមានទម្លាប់ចូលចិត្តអានឲ្យតែចន្លោះពេលគឺតាំងពីជិះរថយន្ត ក្រុង ដេកសំដិលហាលថ្ងៃនៅឆ្នេរសមុទ្រ ហើយខ្លះទៀតសូម្បីតែដើរក៏អានដែរ សកម្មភាពអាននេះក្លាយទៅវប្បធម៌របស់ពួកគេទៅហើយ។ ចុះចំណែកពលរដ្ឋទូទៅយើងវិញ តើពេលណាទើបមានទម្លាប់ល្អបែបនេះ? បើសាកល្បង មានខ្មែរណាម្នាក់ហ៊ានដើរផង អានផង បើគេមិនថា អ្នកនេះឆ្កួតទេដឹង? តើយើងអាចកែប្រែពីទម្លាប់ចំអកឲ្យគ្នាបែបហ្នឹង ទៅជាការលើកទឹកចិត្តទៅវិញ ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ និងសង្គមគ្រួសារទៀតផងបានឬទេ?
បច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញថា កូនខ្មែរភាគច្រើនមិនសូវចូលចិត្តអានទេ ហើយខ្សោយភាសាខ្មែរទៀត។ ការរៀនខ្សោយបែបនេះ ធ្វើឲ្យមានការបន្ទោសគ្នាទៅវិញទៅមក។ មាតា បិតាសិស្សខ្លះត្អូញត្អែរពេលកូនគាត់រៀនពុំកើត ហើយគាត់បន្ទោសទៅគ្រូបង្រៀន។ ឯគ្រូបង្រៀនខ្លះបន្ទោសមាតា បិតាសិស្សវិញថា មានលទ្ធភាពហើយមិនជួយជំរុញកូនផង ឯគ្រូបង្រៀនខ្លះទៀតបន្ទោសទៅលើប្រាក់បៀវត្សរ៍រដ្ឋទាបពេកចាយ មិនគ្រប់ ក៏ឆ្លៀតរកការងារក្រៅដើម្បីបំពេញក្រពេះ។ ឯរដ្ឋាភិបាលថា ខ្ទង់ចំណាយសម្រាប់ក្រសួងអប់រំមានកំណត់...។
សំណួរសួរទៅឪពុកម្តាយដែលបន្ទោសទៅគ្រូចំពោះការសិក្សាកូនគាត់ ថាតើគាត់បានគ្រប់គ្រងកូនខ្លួនឯងពីដើរលេង មើលទូរទស្សន៍និងនិយាយទូរសព្ទ័រាប់ម៉ោងបានហើយឬនៅ? ហើយមានបានធ្វើជាគំរូល្អដល់កូនគាត់ក្នុងការអានដូចជា ការអានកាសែត និងលើកទឹកចិត្តកូនឲ្យអានកាសែតដើម្បីបណ្តុះគំនិតក្នុងការអាន ហើយឬនៅ? បើកាលពីសម័យទសវត្សរ៍ទីឆ្នាំ ៨០ អ្នកអានអាចនិយាយថា កាសែតរបស់រដ្ឋ ដូចជា កាសែតប្រជាជន កាសែតកម្ពុជា និងអាកាប៉េ(AKP) គ្មានអ្វីមើលទេ ដដែលៗ មានតែពិធីកាត់ខ្សែបូ សម្ពោធ ឬបង្ហាញសមិទ្ធផលរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ចុះឥឡូវនេះ មានកាសែតគ្រប់បែបយ៉ាង តាំងភាសាជាតិ និងភាសាអន្តរជាតិទៀត ហើយជ្រើសរើសដោយសេរីតាមការចូលចិត្ត ហេតុអ្វីបានជាមិនទិញអានធ្វើជាគំរូដល់កូនៗ? ឬមួយបើនិយាយពីតម្លៃកាសែត១ច្បាប់ ១ពាន់រៀល ឆ្លើយថា ថ្លៃណាស់មិនមានលទ្ធភាពទិញទេ តែបើឪពុកខ្លះវិញ មានលុយទិញបារីដើម្បីដុតសួត១ថ្ងៃប្រហែល ១ ពាន់រៀល ទៅ៤ពាន់រៀលបែរជាមានលុយទៅវិញ? ឬទិញស្រាពិសា ឬក៏ដើរចូលហាង បារ៍ ខារ៉ាអូខេ ចាយអស់រាប់សិប ឬរយដុល្លារ អាហ្នឹងមានវិញមែនទេ?
ប្រសិនបើសួរគាត់ថា មានពេលផ្តល់ដំបូន្មានដល់កូនទេ គឺមួយចំនួនធំនឹងឆ្លើយថា រវល់ណាស់គ្មានពេលទេ តែគាត់ទៅកន្លែងកម្សាន្តទាំងនេះបែរជាមានពេលទៅវិញ មូលហេតុអ្វីបានជាដូច្នេះ? តើពេលណាបានឪពុកម្តាយជួយជំរុញការអានព័ត៌មានផ្សេងៗដល់កូនៗ?
តែទោះយ៉ាងណាក៏ដោយ ចំពោះការទទួលព័ត៌មាននៅមិនទាន់មានសេរីភាពពេញលេញនៅឡើយទេពោលគឺ នៅមានឧបសគ្គចម្បង២ចំណុចគឺទី
១- សព្វថ្ងៃនេះ ចំពោះអ្នកអានកាសែតគំាទ្ររដ្ឋាភិបាល គឺគេកាន់ចូលការិយាល័យ យ៉ាងហ៊ឺហា តែផ្ទុយទៅវិញអ្នកកាន់កាសែតប្រឆំាង ឬកាសែតណាដែលឯករាជ្យវិញ គឺមានមិត្តរួមការងារមើលលើមើលក្រោមហើយ ឬក៏តាមដានថា គាំទ្របក្សប្រឆាំងហើយ។ ឯអ្នកកាន់កាសែតប្រឆាំងមិនងាយឡើងបុណ្យស័ក្តិទេ ហេតុដូច្នេះអ្នកអាននោះច្រើនតែ បត់ដាក់ កាតាប ហោប៉ៅ ឬក៏ក្រោមកែបម៉ូតូ ចាំរកកន្លែងស្ងាត់ ឬក៏ចាំដល់ផ្ទះ ទើបអានវា។ អានហើយលាក់ទៀតខ្លាចអ្នករួមការងារទៅផ្ទះឃើញហ្នឹង គេកត់ចំណាំទុកទៀត។ តើពេលណាទើបមាន ការផ្លាស់ប្តូរឥរិយាបថរបស់មន្ត្រី ដែលចូលចិត្តរណែបរណប ចាក់រុក និងលាបពណ៌ឲ្យគេឯងបែបនេះ ដើម្បីឡើងកូដខ្លួនឯងនោះ?
ទី២-ចំពោះអ្នកដែលចូលចិត្តអាន គឺមានការលំបាករកកន្លែងលក់កាសែតដែលនៅឆ្ងាយពីផ្ទះដើម្បីទិញ ដោយសារអាជ្ញាធរតាមយាយីដេញអ្នកលក់កាសែតតាមតូបម្តងដេញទៅនេះ ម្តងដេញទៅនោះ។ អ្នកលក់រត់ទីណាត់ទីណែង ហើយឲ្យមានទីតាំងកំណត់នៅកន្លែងផ្តុំៗគ្នាទៀត ឯតំបន់ខ្លះមានពលរដ្ឋច្រើនតែគ្មានកន្លែងលក់ទៅវិញ។ ការដែលប្តូរកន្លែងម្តងទៅនេះ ម្តងទៅនោះ ធ្វើឲ្យអ្នកអានកាសែតមានការសោះអង្គើយក្នុងការទិញកាសែតអាន។
តាមមតិរបស់ខ្ញុំ ប្រជាជនកម្ពុជាគួរអនុវត្តលើវិធានការ៣ចំណុចសំខាន់រួមមាន៖
ទី១- ទាំងរាជរដ្ឋាភិបាល ទាំងអង្គការក្រៅរដ្ឋាភិបាល ទាំងក្រុមហ៊ុន គួរតែលើកទឹកចិត្តមន្រ្តីរបស់ខ្លួនឲ្យចូលចិត្តអានកាសែត ឬក៏គេហទំព័រដែលពួកគេចូលចិត្តដោយសេរី ដើម្បីទទួលព័ត៌មានថ្មីៗ គំនិតរិះគន់ និងពង្រឹងអក្សរសាស្រ្តខ្មែរ ការបង្រៀន និងការសរសេរឯកសារនានានៅការិយាល័យផងដែរ ហើយបើមានសមត្ថភាពអានភាសាបរទេសទៀតកាន់តែប្រសើរ។
ទី២- ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធ្វើជាគំរូល្អ ចំពោះការអាន តែប្រសិនបើឪពុកម្តាយជាអក្ខរជន គឺគ្រាន់តែជួយលើកទឹកចិត្តកូនឲ្យអាន ឬក៏ចំណាយថវិកាបន្តិចបន្តួចឲ្យកូនទិញកាសែតអាន ចែកគ្នាអានពេញមួយផ្ទះ។ ធ្វើយ៉ាងនេះ គឺជាការចូលរួមកិច្ចការកសាងសមត្ថភាពធំមហិមា ចំពោះកូនៗឲ្យមានទឹកចិត្ត «នឿយពីក្មេង ចាស់ឡើងស្រណុកហើយ!» និងគំនិតផ្តួចផ្តើមក្នុងការអានមេរៀនផ្សេងៗទៀត ងាយយល់ និងឆាប់ចេះ នូវអ្វីដែលលោកគ្រូ-អ្នកគ្រូ បានបង្រៀនពីសាលា។ នេះបង្ហាញពីការចូលរួមរបស់មាតាបិតាផងដែរ កុំចាំតែគ្រូបង្រៀនតែមួយមុខ គឺមិនគ្រប់គ្រាន់ទេឲ្យដូចពាក្យស្លោកមួយឃ្លាពោលថា៖ «កូនល្អស្តាប់ពុកម៉ែ សិស្សពូកែស្តាប់គ្រូ»។
ទី៣- អាជ្ញាធរក៏គួរជួយសម្រួលផ្តល់ទីតាំងតូបកាសែតឲ្យមានគ្រប់ទី កន្លែងទីប្រជុំជន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាព័ត៌មាន ជាជាងដេញអ្នកលក់កាសែតទៅលិច ដេញទៅកើត ធ្វើដូច្នេះបាត់ម៉ូយគ្នាអស់ហើយ៕
សូមចូលរួមផ្តល់យោបល់លើអត្ថបទនេះតាមរយៈ soprach.tong@phnompenhpost.com