ភ្នំពេញ : សុភាសិតមួយបានចែងថា «ខ្ញីកាន់តែចាស់ កាន់តែហឹរ!»។ តើពិតមែនទេ? តាមការសង្កេត និងតាមរយៈវិប សាយ www.beat-richner.ch យើងឃើញសកម្មភាពដ៏សស្រាក់សស្រាំរបស់លោកវេជ្ជបណ្ឌិត ប៊ីត រីជន័រ (Dr Beat Richner) មានអាយុ ៦៤ ឆ្នាំ ជាជនជាតិស្វ៊ីស ដែលជាអ្នកចូលរួមស្ថាបនា និង ជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ជាទាំង៤ និងមន្ទីរពេទ្យជ័យវ័រ្ម័នទី ៧ ចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។
ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យនេះបានជួយជីវិតកុមារកម្ពុជារាប់ម៉ឺននាក់ និងបណ្តុះបណ្តាលធនធានមនុស្សនិស្សិតដែលទើបតែចេញពី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយមិនត្រឹមតែគ្រប់គ្រងប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិតថែមទាំងខិតខំស្រាវជ្រាវរកមេរោគថ្មីៗផ្តល់ព័ត៌មានទៅរាជរដ្ឋាភិបាលទៀតផង និងបានលើកសំណើជាមូលនិធិទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីទ្រទ្រង់មន្ទីរពេទ្យនេះឲ្យដំណើរការបានក្នុងការជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាលមួយផ្នែកធំ។
ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត ក៏បានរៀបចំកម្មវិធីការប្រគំតន្ត្រី គឺលោកលេងកូតវីយូឡុងផ្ទាល់ រៀងរាល់ល្ងាចថ្ងៃសៅរ៍នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជួយផ្តល់ថវិកាសម្រាប់សកម្មភាព មន្ទីរពេទ្យទាំងនេះ ហើយការងារលោកមានការមមាញឹកស្ទើរតែពុំមានពេលលំហែកាយជីវិតរបស់លោក។ ទង្វើដ៏ប្រពៃនិងសប្បុរសធម៌របស់លោកវេជ្ជបណ្ឌិតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបានលើកសរសើរគុណតម្លៃ ហើយខ្លះក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកិច្ចខិតខំរបស់លោក បើទោះបីជាអាយុលោកវេជ្ជបណ្ឌិតចូលនិវត្តន៍ក៏ដោយ។
សូម្បីអតីតព្រះមហាព្រះវីរក្សត្រសម្តេចឪ នរោត្តម សីហនុ ក៏បានចូលរួមអបអរសាទរចំពោះសកម្មភាពរបស់លោកវេជ្ជបណ្ឌិតដែរ។ តែទោះបីជាលោកវេជ្ជបណ្ឌិតខិតខំយ៉ាងដូច្នេះក៏ដោយក៏នៅមានបុគ្គលិកមួយចំនួនតូចនៅមន្ទីរពេទ្យគុន្ធបុប្ជា មិនទាន់ប្រើពាក្យសមរម្យជាមួយបងប្អូនមកពីជនបទដែលពួកគាត់មិនបានដឹងពីរបៀបរបបនៅទីនោះនៅឡើយ។
តើមានបុរសវ័យចំណាស់ៗ ដែលមានតួនាទី និងមានទ្រព្យសម្បត្តិ និងមន្ត្រីចូលនិវត្តន៍ស្រុកខ្មែរយើងមានប៉ុន្មាននាក់ ដែលបូជាទាំងកាយ ទាំងចិត្តដូចលោក វេជ្ជបណ្ឌិត ប៊ីត រីជន័រ ក្នុងកិច្ចការអភិវឌ្ឍន៍កម្ពុជា?
បើតាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការភីអេសអាយ (PSI) ឆ្នាំ២០០២: «ទំនាក់ទំនងស្នេហា និងការរួមភេទ» ក៏បានរកឃើញថា មានសកម្មភាពរបស់តាតា គឺសំដៅទៅលើបុរសមានតួនាទីធំដំក្នុងជួររដ្ឋាភិបាល ឬក៏បុរសមានទ្រព្យធនវ័យចំណាស់មួយចំនួនដែលថ្នាក់ថ្នមស្រីកំណាន់ម្នាក់ គឺគាត់មិនរៀបការជាមួយទេ គ្រាន់តែសម្រាប់ការរួមភេទតែប៉ុណ្ណោះ។ ហើយថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីធ្លាប់បានព្រមានថា មានមន្ត្រីជាន់ខ្ពស់ខ្លះប្រើប្រាស់រថយន្តស៊ីរ៉ែនមិនត្រឹមត្រូវ ដើម្បីទៅជួបជាមួយស្រីស្នេហ៍សោះ ធ្វើឲ្យរំខានប្រជាពលរដ្ឋធ្វើដំណើរ។ លោកក៏ធ្លាប់លើកផងដែរថាពេលខ្លះបើកភ្លើងក្នុងបន្ទប់ខារ៉ាអូខេ ឃើញសុទ្ធតែ «តាតាក្បាលទំពែក» នៅជាមួយស្រីក្មេងទៀត។
សកម្មភាពនេះមើលទៅហាក់ដូចជាមានភាពមមាញឹកគួរសមដែរ ចំពោះរឿងរ៉ាវតាតាចិញ្ចឹមស្រីក្មេងៗ ឬក៏តារាៗមួយចំនួន ដែលបញ្ចេញសម្ញែងដាក់គ្នាថា ពួកគេខ្លះត្រូវបានតាតាចិញ្ចឹម ទិញឲ្យនូវ ផ្ទះវីឡាកូនកាត់ ផ្ទះមួយជុង រថយន្តទំនើបៗ ចេញលុយឲ្យដើរលេងប្រទេសនានា។
តាមពិតទៅមិនមែនឲ្យតែបុរសចំណាស់ខ្មែរសុទ្ធតែបែកឆ្វេងយ៉ាងដូច្នេះទេ តែមានបុរសចំណាស់មួយចំនួនក៏ ធ្វើបានល្អដែរ បើទោះបីជាពួកគាត់ចូលនិវត្តន៍ក៏ដោយ។ ជាឧទាហរណ៍ បុរសចំណាស់ចូលនិវត្តន៍ជាគំរូម្នាក់ គឺ លោកគ្រូ យិន សុខឃីម ដែលអតីតគ្រូបង្រៀនគណិតវិទ្យាសម្រាប់សិស្សពូកទូទាំងរាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក។ កាលពីសម័យអ៊ុនតាក់ នៅពេលសម្រាកវិស្សមកាល លោកគ្រូក៏ឆ្លៀតពេលបម្រើការឲ្យអ៊ុនតាក់ជាអ្នកយកព័ត៌មាន និងអានព័ត៌មានតាមវិទ្យុ។
រីឯកាលពីចុងទសវត្សរ៍ឆ្នាំ៩០ និងដើមឆ្នាំ២០០០លោកគ្រូក៏ជាអ្នកធ្លាប់បង្រៀនគណិតវិទ្យារៀងរាល់ល្ងាចនៅលើកញ្ចក់ទូរទស្សន៍មួយផងដែរ។ បន្ទាប់ពីបានចូលនិវត្តន៍មក និងដោយសារចំណេះដឹងដែលមិនសាបសូន្យ ផ្គួបផ្សំជាមួយឆន្ទៈចង់ជួយយុវជនខ្មែរផង លោកគ្រូក៏ធ្លាប់ធ្វើជានាយកកម្មវិធីសិក្សាបច្ចេកទេសថ្នាក់វិទ្យាល័យ នៃអង្គការភាពញញឹមនៃកុមារ ដើម្បីជួយទៅលើកុមារក្រីក្រ។ បន្ទាប់ពីបានចូលនិវត្តន៍ជាលើកទី២មក បច្ចុប្បន្ននេះលោកគ្រូកំពុងចែករំលែកចំណេះដឹងនេះ ទៅយុវសិស្សនៅសាសាឯកជនវែសស្ទើនទៀត។
គុណូបការៈរបស់លោកគ្រូ មិនត្រឹមតែជួយសង្គមទេ លោកគ្រូចំណាយពេលអប់រំកូនៗរបស់លោកគ្រូ ទទួលបានជោគជ័យក្នុងជីវិតទាំងអស់ផងដែរ។ ឥឡូវមានអតីតកូនសិស្សរបស់លោកគ្រូមួយចំនួន ដែលជា មន្ត្រីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននានា តែងតែនឹកឃើញអនុស្សាវរីយ៍ និងសរសើរពីគុណបំណាច់ដ៏ប្រពៃរបស់លោកគ្រូខ្លះក៏មានគំនិតផ្តួចផ្តើមបង្កើតកម្មវិធីធ្វើបុណ្យរឭកគុណគ្រូទៀតផង។
ខ្ញុំយល់ឃើញថា បុរសវ័យចំណាស់ៗ គួរណាស់តែមានផែនការថា តើដល់វ័យហឹ្នង ចង់ធ្វើអី្វខ្លះបានដើម្បីជួយដល់សង្គម ជាពិសេសបញ្ហាយុវជន។ ដូចបទពិសោធរបស់បុរសវ័យចំណាស់គំរូល្អទាំងពីរនាក់គឺ លោកវេជ្ជបណ្ឌិត ប៊ីត រីជន័រ (Dr Beat Richner) និងលោកគ្រូ យិន សុខឃីម នេះស្រាប់៕