The Phnom Penh Post Search

Search form

តោះ​នាំ​គ្នា​ទៅ​បោះឆ្នោត​ ​ឃុំ-សង្កាត់ ព្រោះ​សំខាន់​ណាស់!

Content image - Phnom Penh Post
ក្បួន​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ឃុំ-សង្កាត់​របស់​គណបក្ស​ប្រជាជន​ (​ស្ដាំ​) និង​គណបក្ស​សង្គ្រោះ​ជាតិ (​ឆ្វេង​) កាលពី​ម្សិលម៉ៃ្ង​។ ផា លីណា

តោះ​នាំ​គ្នា​ទៅ​បោះឆ្នោត​ ​ឃុំ-សង្កាត់ ព្រោះ​សំខាន់​ណាស់!

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​ ៤ ​ខាង​មុខ​នេះ​គឺជា​សមិទ្ធផល​ដែល​បាន​មកពី​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ (D&D) ​ដែល​បាន​ចាប់ផ្តើម​​កកើតឡើង​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ២០០០ ​ហើយ​មាន​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​លើក​ដំបូង​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​ ២០០២ មក​ម្ល៉េះ​។

ជាទូទៅ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តែងតែ​មាន​ចំនួន​ចូលរួម​តិច​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​នេះ​ជា​ទំនោរ​មួយ​​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​មិន​សូវ​សំខាន់ បើ​ទោះបី​ជា​ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ​។

រីឯ​ការ​ឃោសនា​របស់​គណបក្ស​នីមួយៗ​ក៏​មាន​លក្ខណៈ​ខ្សត់ខ្សោយ​ទៅៗ​ដូច​គ្នា​ផងដែរ​តែ​នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​រក​ជួប​មេឃុំ ឬ​ក៏​ចៅសង្កាត់​ម្តងៗ​មិន​ជួប ព្រោះ​តែ​រវល់​ទៅ​ប្រជុំ​នៅឯ​ស្នាក់ការ​បក្ស​ ឬ​ទៅ​សាលា​ស្រុក​បាត់ៗ ទើប​បាន​ដឹង​ថា​ការ​បោះឆ្នោត​ជ្រើស​តំណាង​នៅ​​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​មាន​សារៈសំខាន់​។

ជាង​នេះ​ទៅ​ទៀត​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ ​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​បំពេញ​តួ​នាទី​​ជា​តំណាង​ឲ្យ​អង្គ​បោះឆ្នោត​អសកល​​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ជ្រើសរើស​ក្រុម​ប្រឹក្សា​ រាជធានី-ខេត្ត​ និង​ក្រុម​ប្រឹក្សា​ក្រុង-ស្រុក​ខណ្ឌ​ទៅ​តាម​ច្បាប់​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០០៨​។ មាន​ន័យ​ថា​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់​បោះឆ្នោត​ជំនួស​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ខាត​ពេលវេលា​ប្រជាពលរដ្ឋ​ និង​ខាត​ថវិកា​ជាតិ​ទៀត​។

ប្រសិន​បើ​គណបក្ស​ណា​ដែល​បាន​ជាប់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ច្រើន​ជាង​គេ​គឺ​មាន​ន័យ​ថា ពួកគាត់​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ព្រឹទ្ធសភា​ និង​សមាជិក​មក​​ពី​បក្ស​របស់​ខ្លួន​បាន​ច្រើន​ និង​អាច​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​ និង​ក្រុង-ស្រុក-ខណ្ឌ​ទៀត​ផង ហើយ​ក្នុង​ករណី​ដែល​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ និង​សមាសភាព​នៅ​ក្នុង​ព្រឹទ្ធសភា​ និង​រដ្ឋសភា​កាន់កាប់​ដោយ​គណបក្ស​ ២ ​ផ្សេង​គ្នា​វា​ក៏​ជា​​តុល្យភាព​អំណាច​ខាង​ផ្លូវ​ច្បាប់​​មួយ​ដែរ​ដែល​អាច​រាំង​ខ្ទប់​មិន​ឲ្យ​សភា​អនុម័ត​ច្បាប់​តាម​របៀប​ជិះ​សេះ​លែង​ដៃ ខណៈ​ដែល​ព្រឹទ្ធសភា​មើល​ឃើញ​ថា​មាន​ភាព​ខ្វះ​ចន្លោះ​នៃ​ច្បាប់​នោះ​ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​សភា​វិញ​ពោល​គឺ​មិន​រុញ​ទូក​បណ្ដោយ​ទឹក​ដូច​ករណី​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​មតិ​ជាតិ​ និង​អន្តរជាតិ​មើល​ឃើញ​ថា​មាន​ចរិត​នយោបាយ​នោះ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ​នៅ​ពេល​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​រួច​ហើយ​គឺ​ឃុំ​-​សង្កាត់​មាន​រចនាសម្ព័ន្ធ​របស់​ខ្លួន​ច្បាស់លាស់​ដែល​ជា​តំណាង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ និង​មាន​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ពី​ថ្នាក់​ជាតិ​គឺ​ ២,៨ ​ភាគរយ​នៃ​ចំណូល​ចរន្ត​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​មាន​ទឹកប្រាក់​ទទួល​បាន​ប្រែប្រួល​ទៅ​តាម​ទំហំ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​-​សង្កាត់​សរុប​ទាំង​ ១៦៤៦ ​គឺ​ប្រមាណ​ពី​ ២ ​ទៅ​ ៣ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ ១ ​ឃុំ​ ឬ​ក៏​ ១ ​សង្កាត់​។

ថវិកា​ទាំង​នោះ​រួម​មាន​ប្រាក់ខែ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចំណាយ​រដ្ឋបាល និង​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​កសាង​ផែនការ​អភិវឌ្ឍន៍​ ៥ ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​ ៣ ​ឆ្នាំ​រំកិល​រៀងរាល់​ឆ្នាំ​។

ម្យ៉ាងវិញ​ទៀត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ភារកិច្ច​ចម្បងៗ​ចំនួន​ ២ ​គឺ​ទី​ ១) មុខងារ​តំណាង​រដ្ឋ​ការ​ចុះ​អត្រា​នុកូលដ្ឋាន​ដូចជា ការ​ចុះ​បញ្ជី​សំបុត្រ​កំណើត ការ​ស្លាប់ ការ​រៀប​អាពាហ៍ពិពាហ៍ ចុះ​ហត្ថលេខា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី និង​សេវា​សាធារណៈ​ផ្សេងៗ​ជាដើម​ដែល​អំណាច​នេះ​បាន​មកពី​ការ​ធ្វើ​វិសហមជ្ឈការ​ក្នុង​នាម​ក្រសួង​មហាផ្ទៃ​។ ទី​ ២) ​មុខងារ​អភិវឌ្ឍន៍​មូលដ្ឋាន​តាមរយៈ​កម្មវិធី​វិនិយោគ​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ និង​ការ​ធ្វើ​វិមជ្ឈការ​ដូចជា ការ​សាងសង់​ថ្នល់ លូ សាលារៀន មត្តេយ្យ​សហគមន៍ បណ្តុះ​បណ្តាល​កសិកម្ម ការ​ទប់ស្កាត់​ និង​អន្តរាគមន៍​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​គ្រប់គ្រង​មណ្ឌល​សុខភាព ជាដើម​។

ក្នុង​ករណី​ការ​អនុវត្ត​សកម្មភាព​ខ្លះ​ដែល​ប្រជាពលរដ្ឋ​លើក​សំណើ​មក​ធំ​ជាង​សមត្ថភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គឺ​ពួកគាត់​ដាក់​សំណើ​ទៅ​ក្រុម​ប្រឹក្សា​ស្រុក​ ឬ ក៏​អាច​ទៅ​ដល់​ខេត្ត​ដើម្បី​រក​ដំណោះស្រាយ​ជូន​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​។

សម្រាប់​អំណាច​ក្នុង​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គឺ​មេឃុំ​ ឬ​ចៅសង្កាត់​មាន​កាតព្វកិច្ច​​ដើរ​តួ​ជា​ប្រធាន​នៃ​អង្គប្រជុំ​នោះ​តែ​នៅ​ពេល​ចប់​ប្រជុំ​គឺ​ក្លាយ​ជា​មេឃុំ​ ឬ​ក៏​ចៅសង្កាត់​វិញ​ធម្មតា​​ពោល​គឺ​មាន​អំណាច​ពេញលេញ​ជាង​ក្រុម​ប្រឹក្សា​ក្រុង​-ស្រុក-ខណ្ឌ​ និង​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​ដែល​មាន​លក្ខណៈ​ចែក​ដាច់​ពី​គ្នា​រវាង​អំណាច​របស់​ក្រុម​ប្រឹក្សា និង​អំណាច​របស់​គណៈអភិបាល​។

ក្រៅពី​នោះ​ក៏​មាន​គណៈកម្មការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (NCDD) ​ដែល​​ជា​ស្ថាប័ន​រៀបចំ​គោលនយោបាយ​សេចក្តី​ណែនាំ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដើម្បី​កសាង​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជាពិសេស​តាមរយៈ អនុកម្មវិធី​ទី​ ៦ ​គឺ​សម្ព័ន្ធភាព​ជាតិ​ក្រុម​ប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ជា​អ្នក​បណ្តុះបណ្តាល​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បន្ថែម​ផ្ទាល់​។

ទាំង​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មាន​សារៈសំខាន់​ណាស់​ហេតុ​ដូច្នេះ​ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំង​ ១២ ​ដែល​បាន​ចុះ​បញ្ជី​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​គួរ​តែ​ចូលរួម​ពន្យល់ និង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួច​ហើយ​ឲ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​មូលដ្ឋាន​របស់​ខ្លួន​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​ខាង​មុខ​នេះ​ជា​ជាង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ត្រឹម​តែ​រអ៊ូ​​រទាំ​ចំពោះ​ការ​ផ្តល់​សេវា​យឺតយ៉ាវ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដូច​ដែល​ធ្លាប់​បាន​កើត​មាន​នាពេល​កន្លង​មក​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។