នៅពេល​ឃោសនា​រក​សំឡេង​​ឆ្នោត​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ម្តងៗ គណបក្ស​នីមួយៗ​សុទ្ធ​តែ​លើក​ឡើង​ពី​ការគោរព​សិទ្ធិមនុស្ស និង​​លទ្ធិប្រជាធិបតេយ្យ ពោល​គឺ​យក​ពលរដ្ឋ​ជា​ធំ ស្តាប់​សំឡេង​ពលរដ្ឋ ដើម្បី​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព​ជាមួយ​ពលរដ្ឋ​ជាដើម​។

ប៉ុន្តែ​នៅពេល​គណបក្ស​ដែល​បាន​សន្យា​ និង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​បាន​ឡើង​កាន់​អំណាច ហើយ​តាក់តែង​ច្បាប់​ និង​គោលនយោបាយ ឬ​​ក៏​កែសម្រួល​ច្បាប់​ក្តី មិន​ដែល​សួរ​នាំ​យោបល់​ពី​ពលរដ្ឋ​តាមរយៈ​ការ​ធ្វើ​ប្រជាមតិ​នោះ​ទេ​ពោល​គឺ​ធ្វើ​ច្បាប់​ ឬ​ក៏​ធ្វើ​វិសោធនកម្ម​ច្បាប់​ទៅ​តាម​បក្ស​ ឬ​ក៏​ក្រុម​របស់​ខ្លួន​ដោយ​ចង់​ធ្វើ​គឺ​ធ្វើ​តែ​ម្តង ដូចជា​ថ្មីៗ​នេះ​មាត្រា​នានា​នៃ​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ ដើម្បី​ការពារ​ព្រះមហាក្សត្រ និង​ការ​ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ជាដើម​។ ​

សូម្បី​តែ​ការកំណត់​ថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិ​ក៏​មិន​ខ្ចី​សួរ​យោបល់​ពលរដ្ឋ​ថា តើ​ការ​ពេញចិត្ត​របស់​ពួកគេ​ប៉ុន​ណា​ដែល​មាន​ច្រើន​ថ្ងៃ​ជាង​គេ​នៅ​លើ​ពិភពលោក​ ខណៈ​មាន​រហូត​ដល់​ទៅ​ ២៨ ​ថ្ងៃ​​នៅ​ឆ្នាំ​ ២០១៨ បន្ទាប់ពី​មាន​ការ​​ថែម​ថ្ងៃ​ឈប់​ ១ ​ថ្ងៃ​ទៀត​គឺ​ទិវា​ចងចាំ​ថ្ងៃ​ទី​ ២០ ​ឧសភា​ដែល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​គេ​ហៅថា​ទិវា​ចង​កំហឹង​នោះ​។

ជាទូទៅ​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​ច្រើនៗ​គឺជា​ប្រទេស​ដែល​កំពុង​ និង​ពាក់​កណ្តាល​អភិវឌ្ឍន៍ ហើយ​មាន​ជំនឿ​ច្រើន ដូចជា​ប្រទេស​ដែល​ឈប់​បុណ្យ​ជាតិ​ច្រើន​ បន្ទាប់ពី​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨ ​នេះ គឺ​ប្រទេស​ថៃ​មាន​ ២៦ ​ថ្ងៃ ប្រទេស​ឥណ្ឌា​មាន​ ២៥ ​ថ្ងៃ​ និង​ប្រទេស​ស្រីលង្កា​មាន​ ២៥ ​ថ្ងៃ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​រីកចម្រើន ហើយ​ធ្វើការ​ប្រចាំ​ថ្ងៃ​ខ្លាំង​ទៀត​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ឈប់​តែ​ ១៤ ​ថ្ងៃ ជប៉ុន​តែ​ ១៦ ​ថ្ងៃ និង​កូរ៉េ​ខាង​ត្បូង​វិញ​ដល់​ ១៩ ​ថ្ងៃ​។ រីឯ​ចិន​មាន​ ២១ ​ថ្ងៃ​ និង​វៀតណាម​មាន​ ១២ ​ថ្ងៃ ខណៈ​ពលរដ្ឋ​គេ​ក៏​ជា​អ្នក​ធ្វើការ​ស៊ូ​ផង​ដែរ ​(www.officeholidays.com)​។

ការឈប់​សម្រាក​ច្រើន​ថ្ងៃ​ដូច​នៅ​ស្រុក​ខ្មែរ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា ដោយ​ក្រុម​បុគ្គលិក​សាមញ្ញ​ ឬ​ក៏​មន្ត្រី​សាមញ្ញ​ធ្វើការ​ដល់​ខែ​ចាំ​បើក​លុយ​គឺ​ពេញចិត្ត​ខ្លាំង​ណាស់ តែ​សម្រាប់​ថៅកែ និង​អ្នក​ទទួល​បន្ទុក​ការងារ​ធំៗ​មាន​ការ​ត្អូញត្អែរ​ទៅវិញ ដោយ​អះអាង​ថា​ការ​សម្រេច​ចិត្ត​ដាក់​ឲ្យ​ឈប់​ច្រើនៗ​ហ្នឹង​គឺ​មកពី​ពួកគាត់​មិនមែន​ជា​ម្ចាស់​សហគ្រាស​​ ឬ​ក៏​រោងចក្រ​ថា តើ​ខាត​ប្រាក់​ចំណូល​ប៉ុន្មាន​ ប្រសិន​បើ​ឲ្យ​ក្រុមហ៊ុន​ឈប់​ ១ ​ថ្ងៃ​នោះ​។ ​

ឧទាហរណ៍​គិត​សាមញ្ញ​ទៅ​ប្រសិន​បើ​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្បែកជើង​ម៉ាក Nike,Adidas និង​ Puma ​ក្នុង​ ១ ​ថ្ងៃ​ផលិត​បាន​ ៥០០​ ​គូ ហើយ​តម្លៃ​ថ្លៃ​ដើម​ ១០០ ​ដុល្លារ អ៊ីចឹង​ក្នុង​ ១ ​ថ្ងៃ​ក្រុមហ៊ុន​ខាត​ ៥ ​ម៉ឺន​ដុល្លារ​។ ក្នុង​ករណី​បាត់បង់​តម្លៃ​ឯកតា​អ៊ីចឹង សហគ្រិន​ចាប់ផ្តើម​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​ថា តើ​អង្គភាព​ត្រូវ​រក​អ្វី​មក​ជំនួស​តម្លៃ​ដែល​បាត់បង់​នេះ​? កន្លង​មក​ថៅកែ​រោងចក្រ​ខ្លះ កាត់​យក​ម៉ោង​ដែល​ចំណាយ​កម្លាំង​ពលកម្ម​មក​ជំនួស​វិញ ដូចជា​ឲ្យ​កម្មករ​ធ្វើការ​ ១ ​ពេល​ឲ្យ​អង្គុយ​ធ្វើការ​រហូត​ដោយ​​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​បត់ជើង​តែ​ ១ ដង​​ទេ​។ ​

ការ​កេង​សន្សំ​យក​ម៉ោង​បន្តិច​ម្តងៗ​មក​សង​ការ​បាត់បង់​ ១ ​ថ្ងៃ​វិញ​ថៅកែ​មិន​ខ្វល់​ពី​រឿង​ឈឺ ឬ​ក៏​អនាគត​ឈឺ​ឡើយ ដែល​ការ​ធ្វើ​ដូច្នេះ​ហើយ​ទើប​បាន​ជា​កម្មករ​ចេះ​តែ​ដួលសន្លប់ ឬ​ក៏​ចុកពោះ ខូច​តម្រងនោម ឬ​ក៏​ឈឺក្រពះ​នោះ​។

បើ​មើល​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​ម៉ោង​ធ្វើការ ទំនាក់​ទំនង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​វិញ​គឺ​មាន​ករណី​ខុស​គ្នា​ពេលវេលា​ខ្លះ គេ​ថ្ងៃ​យើង​យប់ យើង​យប់​គេ​ថ្ងៃ ជា​បញ្ហា​មួយ​នៅពេល​ដែល​កំពុង​ចរចា​ជិត​ត្រូវរ៉ូវ​គ្នា​រឿង​ដោះដូរ​ទំនិញ​បែរ​ជា​ចំ​ថ្ងៃ​ឈប់​សម្រាក​ញឹកស្អេក​ទៀត​ក៏​ដាច់​ម៉ូយ​ល្មម​ ឬ​ក៏​បញ្ជូន​ទំនិញ​ទៅ​ដល់​ដៃគូ​ពាណិជ្ជកម្ម​យឺត​ទៀត​គឺ​ក្នុង​កុងត្រា​តែងតែ​ផាក​កាត់​ភាគរយ​តាម​ចំនួន​ថ្ងៃ​ដែល​ទទួល​ទំនិញ​ដល់​ដៃ​នោះ​។

បញ្ហា​​នេះ​ធ្វើឲ្យ​អ្នក​វិនិយោគទុន​មួយ​ចំនួន​កំពុង​ពិចារណា​ដែល​ថា​បើ​ឈប់​ម្លឹងៗ​រកលុយ​បើក​ឲ្យ​បុគ្គលិក​មកពី​ណា​? ​បើ​ចំណូល​មក​បង់​ពន្ធ​ត្រឹមត្រូវ​ទៀត​ផង​នោះ​? ​រីឯ​មន្ត្រី​ដែល​ទទួល​បន្ទុក​ការងារ​ច្រើន​គឺ​ស្ពាយ​ការងារ​ទៅ​ធ្វើ​នៅ​ផ្ទះ​ភ្លេច​ប្រពន្ធ ភ្លេច​កូន​ហើយ ព្រោះ​ថ្ងៃ​ឈប់​ច្រើន​ពេក​ធ្វើ​ការងារ​អត់​ទាន់​ឲ្យ​មេ​។

បើ​គណនា​ថ្ងៃ​ឈប់​សម្រាក​ដែល​រដ្ឋ​កំណត់​ឲ្យ​នៅក្នុង​ច្បាប់​បន្ថែម​ការឈប់​សម្រាក​បុណ្យ​ជាតិ​ទៀត​នោះ​គឺ​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ​សម្រាប់​បុគ្គលិក​ម្នាក់ៗ​គឺ​ ១ ​ខែ​ឈប់​ ១ ​ថ្ងៃ​កន្លះ មាន​ន័យ​ថា​ ១ ​ឆ្នាំ​អាច​ឈប់​បាន​ ១៨ ​ថ្ងៃ​ធ្វើការ​។

ជាង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​ឈប់​ឈឺ ឈប់​លម្ហែ​មាតុភាព និង​លម្អែ​បិតុភាព​ទៀត​នៅ​លួច​ម៉ោង​ចូល​យឺត តែ​ចេញ​លឿន គឺ​ឈប់​ឡើង​ស្ពឹក​ចង់​ខ្ជិល​ទៅ​ធ្វើការ​តែម្តង និង​ការឈប់​របៀប​អូសក្រឡា​របស់​បុគ្គលិក​ដូចជា​ចូលឆ្នាំ​ចិន​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំ​ថែម​ថ្ងៃ​ឡើង​ខ្សោះ​ផលិតភាព​របស់​ក្រុមហ៊ុន​តែ​​ម្តង​។

រីឯ​កម្មវិធី​សិស្ស​សាលា​វិញ​គឺ​អត់​មាន​មុខ​វិជ្ជា​ណា​មួយ​ដែល​រៀន​ទាន់​កម្មវិធី​សិក្សា​នោះ​ទេ បើ​ឈប់​ច្រើន​យ៉ាង​នេះ​។ ម្យ៉ាងទៀត​មតិ​រិះគន់​ជា​សាធារណៈ​ជាច្រើន​ថា ថ្ងៃ​ឈប់​បុណ្យជាតិ​ច្រើន​ចំណេញ​តែ​នយោបាយ​របស់​បក្ស​កាន់អំណាច​តែ​មួយ​មុខ​គត់ តែ​ខាត​ច្រើន​មុខ ច្រើន​វិស័យ​ទៀត​។

ការឈប់​ខ្លះ​ហាក់បី​ដូចជា​មិន​ចាំបាច់ រាជរដ្ឋាភិបាល​គួរ​តែ​សម្រួល​មក​ត្រឹម​តែ​ ១៥ ​ថ្ងៃ​បាន​ដោយ​ទុក​ពេល​ផ្តល់​ឱកាស​សម្រាប់​អ្នក​រកស៊ី​ផង តែ​មិន​ប្រឆាំង​ទៅ​លើ​ការ​ប្រារព្ធ​ពិធី​ជា​ប្រវត្តិសាស្ត្រ​របស់​រាជវង្ស​ និង​អ្វី​ដែល​រដ្ឋាភិបាល​បាន​សាង​នោះ​ទេ ធ្វើ​ក៏​ធ្វើ​ទៅ​ចុះ​ប្រារព្ធ​ក៏​ប្រារព្ធ​ចុះ តែ​កុំ​ឲ្យ​ដាក់​ឈប់​ជា​លក្ខណៈ​ថ្នាក់ជាតិ​អី​។ ​ជាង​នេះ​​ទៅ​ទៀត​មកពី​ឈប់​ដាច់ៗ​ចំ​ថ្ងៃ​ក្នុង​សប្តាហ៍​យក​ទៅ​ប្រើ​ការ​មិន​កើត​ចង់​ដើរលេង​ក្រៅ​ស្រុក​មិន​កើត​ ឬ​ក៏​ក្នុង​ស្រុក​រយៈពេល​វែង​ក៏​មិន​កើត​ដែរ​។

ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​មុន​សម្រេច​ចិត្ត​ផ្នែក​គោលនយោបាយ​ ឬ​ក៏​វិសោធនកម្ម​ច្បាប់ គួរ​តែ​ធ្វើ​ប្រជាមតិ​ជាមួយ​ពលរដ្ឋ​មើល​ថា តើ​ពួកគាត់​ពេញ​ចិត្ត​ ឬ​ក៏​មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ដូច​ករណី​ឈប់​សម្រាក​ដ៏ច្រើន​លើសលប់​នេះ​ជាដើម​។ ​

បើ​ប្រទេស​អង់គ្លេស សភាជាតិ​គេ​ដាក់​ឲ្យ​ពលរដ្ឋ​របស់​គេ​បញ្ចេញ​យោបល់​តាម​វេបសាយ​ថា http://www.parliament.uk «Get involved» ចុច​យក​ «Have your say: Laws and Debates» ​ថា​តើ​ពួកគេ​ពេញ​ចិត្ត​កម្រិត​ណា​ចំពោះ​ការ​តាក់តែង​ច្បាប់​នីមួយៗ​ ឬ​មួយ​ក៏​គេ​ធ្វើ​ប្រជាមតិ​ដូច​ «Brexit» ​ថា​តើ​ពួកគេ​នៅ​ជាមួយ​សភា​​អឺរ៉ុប​ទៀត ឬ​ក៏​ចាកចេញ​? តែ​លទ្ធផល​ចាកចេញ​ «Brexit» ​ច្រើន​ជាង​។

ជាង​នេះ​ទៅ​ទៀត​ហេតុផល​ដែល​ដាក់​ឲ្យ​ឈប់​របស់​រដ្ឋ​ខ្លះ​បាន​លើកឡើង​ថា ចង់​ឲ្យ​មាន​ការ​ចងចាំ​កុំ​ឲ្យ​កើត​មាន​ជា​ប្រវត្តិសាស្ត្រ​ដូច​សម័យ​ខ្មែរក្រហម​ទៀត​។ ​តាមពិត​ទៅ​បើ​ចង់​ឲ្យ​ចាំ​គឺ​ឲ្យ​រៀន​ប្រវត្តិសាស្ត្រ​រហូត​ទៅ​គឺ​ចាំ​ហើយ មិន​ចាំបាច់​ឲ្យ​ឈប់​សម្រាក​ថ្នាក់ជាតិ​ទើប​បាន​ថា​ចងចាំ​នោះ​ទេ​ ឬ​ក៏​មិន​ចាំបាច់​ម្តង​ឲ្យ​រៀន​ប្រវត្តិសាស្ត្រ ម្តង​ឈប់​ឲ្យ​រៀន​មេរៀន​ប្រវត្តិសាស្ត្រ​តាម​សាលា​នោះ​ទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com