The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទប់ស្កាត់​ហិង្សា​ក្នុង​គ្រួសារ​ កុំ​ឲ្យ​ក្លាយ​ជា​ អំពើ​ឃោរឃៅ​ប្រឆាំង​មនុស្ស​ជាតិ




ទប់ស្កាត់​ហិង្សា​ក្នុង​គ្រួសារ​ កុំ​ឲ្យ​ក្លាយ​ជា​ អំពើ​ឃោរឃៅ​ប្រឆាំង​មនុស្ស​ជាតិ

ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ក្នុង​យុទ្ធនាការ ១៦ ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។
ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ក្នុង​យុទ្ធនាការ ១៦ ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ ផា លីណា

ទប់ស្កាត់​ហិង្សា​ក្នុង​គ្រួសារ​ កុំ​ឲ្យ​ក្លាយ​ជា​ អំពើ​ឃោរឃៅ​ប្រឆាំង​មនុស្ស​ជាតិ

ខណៈ​យុទ្ធនាការ​ ១៦ ​ថ្ងៃ​លុប​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី និង​កុមារ​នឹង​បញ្ចប់​ដល់​ថ្ងៃ​ ១០ ​ធ្នូ​ជា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​ខាង​មុខ​នេះ​ដែល​រួម​មាន​តាំង​ពី​ការ​បំពាក់​បូស​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ទៅ​តាម​គោលដៅ និង​ការ​រាំ​ចង្វាក់​ «​ម៉ាឌី​ហ្សុន​» ​ជាដើម​។

តែ​អំពើ​ហិង្សា​របៀប​ឃោរឃៅ​របស់​បុរស​លើ​ស្ត្រី និង​កុមារី​នៅ​តែ​ជាការ​គួរ​ឲ្យ​បារម្ភ។ មិន​តែ​ប៉ុណ្ណោះ​គឺ​ថែម​ទាំង​មាន​អំពើ​ហិង្សា​បែប​សម្លាប់​រង្គាល​ទៀត​ផង។

ដូច​ករណី​សម្លាប់​រង្គាល​ ១ ​គ្រួសារ​កាលពី​សប្តាហ៍​មុន​នេះ​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​​រន្ធត់​ចិត្ត​ជា​ខ្លាំង​ដែល​បុរស​ជា​ប្តី​ផ្ទុះ​កំហឹង​កំរោល​ចូល​សម្លាប់​ទាំង​ប្រពន្ធ​កូន​ ២ ​នាក់ និង​ឪពុក​ម្តាយ​ក្មេក​នៅ​ស្រុក​ចំការ​លើ​ខេត្ត​កំពង់ចាម​។ ​បាន​ ១ ​ថ្ងៃ​ក្រោយ​មក​បុរស​ជា​ជន​ជាប់​ចោទ​នោះ​ធ្វើ​អត្តឃាត​ដោយ​រត់​ចូល​ឡាន​។

អំពើ​សម្លាប់​រង្គាល​នេះ​ធ្វើឲ្យ​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ និង​អ្នក​ភូមិ​ដែល​មាន​កំហឹង​ក៏​ដេញ​តាម​សងសឹក​វិញ​ដែរ​។ កន្លង​មក​ក៏​មាន​ករណី​សម្លាប់​រង្គាល​សាហាវ​ជា​គ្រួសារ​កើតឡើង​នៅ​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ស្វាយរៀង​ដូច​គ្នា​នេះ​ដែរ។

សំណួរ​នៅ​តែ​មិន​អស់​ចិត្ត​ថា​តើ​ហេតុ​អ្វី​បាន​ជា​បុរស​នោះ​សម្លាប់​បែប​ឃោរឃៅ​ក្នុង​គ្រួសារ​ទាំង​ពូជ​បែប​នេះ​? ​គាត់​ចង់​សងសឹក​រឿង​អ្វី​? ​នេះ​មក​ពី​ពួកគេ​នឹក​ឃើញ​ចង់​វិល​ត្រឡប់​ទៅ​ដូច​របប​ខ្មែរ​ក្រហម​ដែល​ធ្លាប់​សម្លាប់​ជាតិ​ឯង​បែប​សាហាវៗ​សូម្បី​តែ​កូន​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ​? ​តើ​មាន​វិធី​សាស្ត្រ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ការ​រីក​រាលដាល​ដែល​ផ្តើម​ចេញ​ពី​ការ​ផ្ទុះ​ហិង្សា​ក្នុង​គ្រួសារ​បន្តិចបន្តួច​ឈាន​ដល់​ការ​សម្លាប់​រង្គាល​ ១ ​ពូជ និង​រីក​ធំ​ទៅៗ​នៅក្នុង​សង្គម​ជាតិ​​ទាំង​មូល​?

បញ្ហា​ហិង្សា​ដែល​រង​ប៉ះពាល់​ពី​សង្គ្រាម​អូស​បន្លាយ​កន្លង​មក​ជា​រឿង​មួយ​តែ​បើ​មើល​ទៅ​ទិដ្ឋភាព​ជាក់ស្តែង​វិញ​អំពើ​ហិង្សា​សព្វ​ថ្ងៃ​នេះ​កើត​មាន​ជា​ហូរហែ​ពី​ក្រុង​ដល់​ជនបទ​។ ​ពេល​ខ្លះ​មនុស្ស​មាន​ចេតនា​ជា​អ្នក​បងើ្កត​ឲ្យ​មាន​អំពើ​ហិង្សា​ហើយ​បង្ហាញ​ជា​សាធារណៈ​នូវ​វប្បធម៌​ហិង្សា​ដែល​សាប​ព្រោះ​មក​សង្គម​ជាតិ​ទៅវិញ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ដែល​សង្គម​គិត​ថា​បើ​គេ​ធ្វើ​បាន​រឿង​អី​យើង​ធ្វើ​មិន​បាន? ដូចជា​ករណី​បង្ហាញពី​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​ ២ ​រូប​គណបក្ស​ប្រឆាំង​កន្លង​ទៅ​នេះ​ហើយ​ខ្លះ​មើល​ឃើញ​ភាព​ហិង្សា​ដែល​ទទួល​ពី​ការ​បង្ក្រាប​បាតុករ​ដោយ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច​ជួនកាល​បង្ហាញពី​បាតុករ​ដែល​ជួប​ប្រទះ​បញ្ហា​អយុត្តិធម៌​ផ្ទុះ​កំហឹង​សម្រុក​ចូល​ក្នុង​បរិវេណ​តុលាការ​ក៏​មាន​។

រីឯ ​ក្នុង​គ្រួសារ​វិញ​គ្រួសារ​ណា​ក៏​មាន​បញ្ហា​ទំនាស់​ដែរ​គ្រាន់តែ​តិច​ ឬ​ក៏​ច្រើន​ទៅ​តាម​ការ​ខ្វែង​គំនិត​គ្នា​បើ​កាល​ណា​យល់​គ្នា​ និង​ព្យាយាម​បំភ្លេច​វា​ចោល​ទៅ​ក៏​ស្ងប់​ទៅ​។ ​តែ​ជួន​កាល​ឈាន​ដល់​ការ​វ៉ៃ​តប់​គ្នា​ប្តី​ប្រពន្ធ​ស៊ីសាច់​ហុត​ឈាម​គ្នា​ដូច​មាន​សត្រូវ​ពី​ណា​មក​អីចឹង​នៅពេល​ដែល​មាន​ទំនាស់​គ្នា​គឺ​រឿង​ចេះ​តែ​ចេញ​មក​ហើយ​ប្តី​វ៉ៃ​ប្រពន្ធ​បាន​យក​លេស​ផ្សេងៗ​ជួន​កាល​លេស​ខ្លះ​គ្រាន់តែ​ប្រពន្ធ​ឆ្លើយតប​សោះ​ក៏​ប្តី​ហ្នឹង​វ៉ៃ​ប្រពន្ធ​ទៅ​កើត​ដែរ​។

បញ្ហា​អំពើ​ហិង្សា​វាយដំ​លើ​ស្ត្រី​ និង​កុមារ​មិន​ទាន់​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឡើយ​ទេ​គឺ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ ៤ ​នាក់​មក​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ ៥ ​នាក់​នៅ​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ​ពី​ឆ្នាំ​ ២០០៥ រហូត​ដល់​ឆ្នាំ​ ២០១៤ (CD-HS,2005&WHO,2014) ​បើ​ទោះបី​ជា​មាន​ការ​ផ្សព្វផ្សាយ​ពី​ទស្សនៈ​យេនឌ័រ​ចូល​មក​ស្រុក​ខ្មែរ​ជាង​ ២០ ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​បុរស​ស្ត្រី​ក្នុង​សង្គម​ជា​លទ្ធផល​បាន​ត្រឹម​តែ​ប៉ុណ្ណឹង​។ តែ​ជួនកាល​​ទស្សនៈ​យេនឌ័រ​អាច​ធ្វើ​ឲ្យ​មាន​អ្នក​បណ្តុះ​បណ្តាល​បន្ត​មិន​ច្បាស់​បកស្រាយ​មិន​ត្រឹម​ត្រូវ​ដោយ​ជះ​ឥទ្ធិពល​មិន​ល្អ​ធ្វើ​ឲ្យ​ស្ត្រី​ ឬ​បុរស​ខ្លះ​យល់​ឃើញ​ថា​គាត់​មាន​អំណាច​ហើយ​ប្រើ​អំណាច​ និង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក​ដោយ​មិន​សួរ​យោបល់​គ្នា​ធ្វើ​ឲ្យ​មាន​ការ​ប្រេះឆា​គ្នា​រវាង​បុរស​ និង​ស្ត្រី​ទៅវិញ​។

ជាក់ស្តែង​បើ​តាម​ទ្រឹស្តី​នៃ​ទស្សនៈ​យេនឌ័រ និង​ការ​អភិឌ្ឍ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សមភាព និង​សមធម៌​យេនឌ័រ​រវាង​បុរស និង​ស្ត្រី​ទទួល​បាន​នូវ​យុត្តិធម៌​សិទ្ធិ​ស្មើ​គ្នា និង​ផល​ទទួល​បាន​ដូច​គ្នា​។

ឧទាហរណ៍​សត្វ​កុក និង​សត្វ​ភេ​ទម្លាប់​សត្វ​ទាំង​ ២ ស៊ី និង​ផឹក​ទឹក​ខុស​គ្នា​អ៊ីចឹង​ដើម្បី​ឲ្យ​ទទួល​បាន​ការ​ស៊ី និង​ផឹក​ទឹក​ដូចគ្នា​លុះត្រា​តែ​ការ​យល់​គ្នា​ធ្វើ​សមធម៌​ឲ្យ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​សត្វ​ភេ​ស៊ី​ ឬ​ក៏​ផឹក​នឹង​ចាន​រីឯ​សត្វ​កុក​វិញ​ដោយសារ​មាន​ចំពុះ​គឺ​ស៊ី​ ឬ​ក៏​ផឹក​ដាក់​កែវ​ងាយស្រួល​ជាង​។ អ៊ីចឹង​សត្វ​កុក​ និង​សត្វ​ភេ​មិន​ឈ្លោះ​ដណ្ដើម​គ្នា​ទេ​គឺ​ពួកគេ​ទទួល​បាន​នូវ​សមភាព​រវាង​គ្នា​។

ហេតុ​ដូច្នេះ​ហើយ​បុរស​ និង​ស្ត្រី​គួរ​តែ​មាន​សមធម៌​នឹង​គ្នា​ដូច​សត្វ​កុក​ និង​សត្វ​ភេ​ជា​ជាង​ដណ្តើម​គ្នា​យក​ឈ្នះ​យក​ចាញ់​រៀងៗ​ខ្លួន​ហើយ​បុរស​ឈាន​ដល់​កើត​មាន​អំពើ​ហិង្សា​មក​លើ​ស្ត្រី​គឺ​ខុស​។ តែ​នៅ​ក្នុង​សង្គម​ខ្មែរ​ពេល​ខ្លះ​ប្តី និង​ប្រពន្ធ​ឈ្លោះ​គ្នា​ទេ​គឺ​ដោយសារ​តែ​មាន​អេចអូច​មកពី​ក្រុម​គ្រួសារ​សាច់​ឈាម​ម្ខាង​ដូចជា​ញាតិ​ខាង​ស្ត្រី​ខ្លះ​នាំ​គ្នា​រិះគន់ ឬ​និយាយ​ដើម​គ្នា​ថា​ប្តី​ឯង​ខ្ជិល​ធ្វើ​ការ ខ្ជិល​មើល​កូន រក​ស៊ី​មិន​បាន​មើល​ប្តី​គេ​អ៊ី​ចេះ​អ៊ី​ចុះ​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ឈ្លោះ​ និង​គុំកួន​គ្នា​ជា​លក្ខណៈ​គ្រួសារ​ទៅវិញ​ដោយសារ​សាច់ញាតិ​ ឬ​ក៏​អ្នក​ជិត​ខាង​ចេះ​តែ​បន្ថែម​ល្បោយ​ឲ្យ​គ្រួសារ​គេ​ជាពិសេស​គឺ​ស្ត្រី​មួយ​ចំនួន​តូច​ពេល​ខ្លះ​មិន​ទាន់​ចោល​នូវ​គំនិត​ចាស់​គំរឹល​រឿង​និយាយ​ដើម​គេ​អួត​ប្តី​ខ្លួនឯង​បង្អាប់​ប្តី​គេ​នៅ​ជុំៗ​គ្នា​ម្តង​។

ម្យ៉ាង​វិញ​ទៀត​បច្ចុប្បន្ន​នេះ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​សាហាវ​មាន​គ្រប់​រូបភាព​ដែល​ងាយ​ទទួល​បាន​ហើយ​គ្រឿង​ស្រវឹង​នៅ​រក​បាន​នៅ​ជុំវិញ​ផ្ទះ​ចង់​ម៉ាក​ខ្លាំង​​ ឬ​ក៏​ខ្សោយ​មាន​គ្រប់​រសជាតិ​ដែល​កាតាលីករ​មួយ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​បាន​។ រីឯ​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម​វិញ​គឺ​ផ្សាយ​ពី​គ្រឿង​ស្រវឹង​ច្រើន​ជាង​ស្ប៉ត់​ណែនាំ​អប់រំ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​។

ហេតុ​ដូច​នេះ​ហើយ​រាជរដ្ឋាភិបាល​គួរ​តែ​កំណត់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង​ហើយ​បង្កើន​ថវិកា​យេនឌ័រ​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការ​លុប​បំបាត់​អំពើ​ហិង្សា​ និង​កុំ​ឲ្យ​​ឈាន​ដល់​ការ​សម្លាប់​រង្គាល​ឃោរឃៅ​ (R2P) ​ដូច​កាល​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ទៀត។ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរ​ណាស់​តែ​លាក់បាំង​នៅ​រូបភាព​សាហាវ​ពេក​បង្ហាញ​ទាំង​ដុល​ពេក​ដែល​ក៏​ជះឥទ្ធិពល​អាក្រក់​ពេក​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍