The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទម្រាំ​ដល់​ពេល​មាន​វ៉ាក់សាំង តើ​គួរ​ត្រូវធ្វើ​អ្វី​ទៀត​ ដើម្បី​កុំឱ្យ​ឆ្លង​កូវីដ​ដល់​សហគមន៍?




ទម្រាំ​ដល់​ពេល​មាន​វ៉ាក់សាំង តើ​គួរ​ត្រូវធ្វើ​អ្វី​ទៀត​ ដើម្បី​កុំឱ្យ​ឆ្លង​កូវីដ​ដល់​សហគមន៍?

Content image - Phnom Penh Post
គ្រូពេទ្យ​ពិនិត្យ​កម្តៅ​កម្មករ នៅ​វិទ្យាល័យ​ជម្ពូវ័ន មុន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​កន្លងមក​។ ហេង ជីវ័ន

ទម្រាំ​ដល់​ពេល​មាន​វ៉ាក់សាំង តើ​គួរ​ត្រូវធ្វើ​អ្វី​ទៀត​ ដើម្បី​កុំឱ្យ​ឆ្លង​កូវីដ​ដល់​សហគមន៍?

កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​​មាន​ក្រុមហ៊ុន​ឈ្មោះ​ Moderna ​របស់​អាមេរិក​ដែល​កំពុង​ធ្វើ​​តេស្ត​សាកល្បង​លើ​គុណភាព​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​ បាន​បញ្ជាក់ថា មាន​ប្រសិទ្ធភាព​​ដល់​ទៅ​ ៩៤,៥ ​ភាគរយ​ ក្នុង​ចំណោម​អ្នក​សាកល្បង​ ១៥ ០០០ ​នាក់​ ហើយ​មានតែ​ ៥ ​នាក់​ ក្នុង​​ចំណោម​នោះ​ប៉ុណ្ណោះ​ដែលមាន​​ឆ្លង​កូវីដ​ ១៩​ តែ​ពួកគេ​មិន​ធ្ងន់ធ្ងរ​ទេ​។

ដោយ​ឃើញ​ប្រសិទ្ធភាព​នៃ​​វ៉ាក់សាំង​នេះ​ក្រុមហ៊ុន​ Moderna មាន​ផែនការ​ដាក់ពាក្យ​ទៅ​រដ្ឋបាល​គ្រប់គ្រង​ចំណីអាហារ​ និង​ឱសថ​របស់​អាមេរិក​ដើម្បី​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​រំពឹងថា​នឹង​បញ្ចេញ​ឱ្យប្រើ​នៅ​ពាក់កណ្តាល​​ខែធ្នូ ឆ្នាំ​នេះ តែ​មិនទាន់​បាន​ដល់​មនុស្ស​ទូទៅ​ទេ គឺ​នឹង​ផ្តល់​តែ​ទៅលើ​ក្រុម​ជន​ងាយ​គ្រោះ​សិន​ប៉ុណ្ណោះ​។ ចំណែក​មនុស្ស​ទូទៅ​វិញ​គឺ​ក្រុមហ៊ុន​បានបញ្ជាក់​ថា​នឹង​មាននៅ​ដំណាច់ខែ​មេសា ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទូរទស្សន៍​ CNN កាលពី​ថ្ងៃទី​ ១៦ ខែ ​វិច្ឆិកា ឆ្នាំ​ ២០២០​។

សេចក្តី​អត់ធ្មត់​របស់​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​ពលរដ្ឋ​ទូទាំង​ពិភពលោក​គឺ​បាន​ទន្ទឹង​រង់ចាំ​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ តាំងពី​ដើម​ឆ្នាំ​មក បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រកាស​ពី​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ​១៩ កាលពី​ថ្ងៃទី​ ១១ ខែ ​មីនា ឆ្នាំ​ ២០២០ រហូត​មក​ទល់​បច្ចុប្បន្ន​។ ​អ៊ីចឹង​ត្រូវ​រង់ចាំ​បន្តិចទៀត​សិន តែ​ក៏​នៅតែ​ខិតខំ​ព្យាយាម​បង្ការ​កុំឱ្យ​ជំងឺ​កូវីដ​នេះ​ឆ្លង​ចូលក្នុង​សហគមន៍​​ទម្រាំ​មាន​វ៉ាក់សាំង​ចែកជូន​គ្រប់គ្នា ខណៈ​ប្រទេស​កម្ពុជា​ត្រូវបាន​អង្គការ​ WHO ​ទទួលស្គាល់ថា បាន​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​ បានល្អ ដោយ​ពុំមាន​អ្នកស្លាប់​ដោយ​គ្រាន់តែ​មាន​ការឆ្លង ហើយ​ព្យាបាល​ជាសះស្បើយ​​វិញ​។

​ផ្អែក​តាម​ទិន្នន័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ គឺមាន​អ្នកឆ្លង​កើន​ដល់​ ៣០៣ ​នាក់ ហើយ​បានជា​សះស្បើយ​ចំនួន​ ២៩១ ​នាក់ និង​គ្មាន​អ្នកស្លាប់​ទេ​។

ប៉ុន្តែ​អ្វីដែល​នៅតែ​បារម្ភ​នោះ​គឺ​បទពិសោធ​នៃ​ព្រឹត្តិការណ៍​ថ្ងៃទី​ ៣ ខែវិច្ឆិកា ដែល​រាជរដ្ឋាភិបាល​ទទួល​ស្វាគមន៍​គណៈប្រតិភូ​មកពី​ប្រទេស​ហុងគ្រី​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​លោក ភីធើ ស៊ីចាតូ ហើយ​មុន​ធ្វើដំណើរ​មក​កម្ពុជា​​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​រូប​នេះ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​កូវីដ​ ១៩​ រួចហើយ ដោយ​​លទ្ធផល​អវិជ្ជមាន​។

ក៏ប៉ុន្តែ​នៅ​​ពេល​គាត់​បាន​ចូល​ប្រទេស​កម្ពុជា ហើយ​ត្រឡប់​ទៅវិញ​ឆ្លងកាត់​ប្រទេស​ថៃ បែរ​ជា​អាជ្ញាធរ​ថៃ​បាន​បញ្ជាក់ថា គាត់​មាន​ផ្ទុកមេរោគ​កូវីដ ​១៩ ហើយ​ថែមទាំង​បាន​ចម្លង​មក​អង្គរក្ស​គាត់​ជា​ជនជាតិ​ខ្មែរ​ម្នាក់ ក្រោយពី​ធ្វើតេស្ត​មុនគេ​។ បន្ទាប់មក​​រាជរដ្ឋាភិបាល​បានធ្វើ​តេស្ត​លើ​អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​គាត់​ហើយ​បាន​រកឃើញ​មន្ត្រី​ជាន់ខ្ពស់​ ៣ ​រូប​ មាន​វីរុស​កូវីដ​ ១៩​។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​បាន​តាមរក​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី​ ៣ ខែវិច្ឆិកា​ (COVID-19 Contact tracing) ​ដើម្បី​ធ្វើតេស្ត​ទាំងអស់ តែ​លទ្ធផល​អវិជ្ជមាន​នៅ​លើក​ទី​៣ ហើយ​នៅ​ថ្ងៃទី​ ១៨ វិច្ឆិកា ​​ម្សិលមិញ​ គឺជា​ថ្ងៃ​ធ្វើតេស្ត​ចុងក្រោយ​លើក​ទី​៤ ដើម្បី​បញ្ជាក់ថា គ្មាន​ការឆ្លង​ជំងឺ​នេះ​ចូលទៅ​​ក្នុង​សហគមន៍​។

ជាមួយ​នោះដែរ រាជរដ្ឋាភិបាល​បានចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ចូល​ក្នុង​សហគមន៍​ដោយ​សម្រេច​បិទ​ខារ៉ាអូខេ ក្លិប​កម្សាន្ត ពហុកីឡដ្ឋាន និង​សាលារៀន​រយៈពេល ២ ​សប្តាហ៍ ហើយ​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​នោះ​ គឺ​ធ្វើ​ចត្តាឡីស័ក​ខ្លួនឯង​នៅផ្ទះ រួមទាំង​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដោយមាន​សំណាក​នៃ​អ្នកពាក់ព័ន្ធ​ជិត ៣ ៨៦៦ ​នាក់​ ត្រូវបាន​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ ​តែ​លទ្ធផល​អវិជ្ជមាន​។ ​នេះ​បើ​​តាម​របាយការណ៍​ក្រសួង​សុខាភិបាល​ពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​។

ទាំងនេះ​គឺ​អ្វីដែល​កម្ពុជា​បាន​ជួបប្រទះ​ដោយ​មិន​នឹកស្មានថា វា​នឹង​កើត​មាន​ឡើង​។ ​សំណួរ​​សួរថា តើ​យើង​ត្រូវធ្វើ​អ្វី​ទៀត​បន្ទាប់ពី​តេស្ត​រក​មេរោគ​កូវីដ​ ១៩​​ លើក​ទី​៤ ​នេះ​ ទម្រាំ​ដល់ពេល​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ហូរ​ចូល​មក​ដល់​ប្រទេស​របស់​យើង?

អ្វីៗ​ដែល​ត្រូវធ្វើ​នោះ​គឺ​ត្រូវតែ​មាន​ក្ដីសង្ឃឹម​ឡើង​ទម្រាំ​ថ្ងៃ​​ល្អ​មកដល់​ (​ថ្ងៃ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩) ហើយ​ត្រូវ​នាំគ្នា​ចៀសវាង​នូវ​ការប្រថុយ​ប្រថាន​ជាមួយ​នឹង​ជំងឺ​ដ៏កាចសាហាវ​ ១ ​នេះ ពីព្រោះ​បទពិសោធ​​នៃ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ប៉ុណ្ណឹង​ គឺ​វា​ល្មម​គ្រប់គ្រាន់​ហើយ​នៅ​​ពេលដែល​រដ្ឋ​បាន​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​ធ្វើតេស្ត​កូវីដ​ ១៩​ និង​បាន​ជះឥទ្ធិពល​ដល់​ចង្វាក់​ផលិតកម្ម​ និង​កិច្ចការ​មួយ​ចំនួន​ដោយសារ​ការចំណាយ​ពេល​​ងាក​មក​ធ្វើ​ចត្តាឡីស័ក​របស់​មន្ត្រី​ជាន់ខ្ពស់​ផង ជាពិសេស​គឺ​បិទ​សាលារៀន​សាជាថ្មី​អស់​ ២ ​សប្តាហ៍ ​ដែល​បង្ក​ឱ្យ​មាន​ការត្អូញត្អែរ​ពី​មាតាបិតា​សិស្ស​។

ប្រសិន​បើ​វា​មិនមាន​ការឆ្លង​ជំងឺ​កូវីដ​១៩​ទៅក្នុង​សហគមន៍​​ទេនោះ​គិត​ថា ជា​ជោគជ័យ​ ១ ​ក្នុង​ការដោះស្រាយ​បញ្ហា តែ​អ្វីដែល​សំខាន់​នោះ​គឺ​ត្រូវ​ទប់ស្កាត់​ការឆ្លង​ចូល​មកពី​ខាងក្រៅ​ទៅ​បាន​ហើយ​។

ខណៈ​មាន​ការកែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ​ចូលមក​កម្ពុជា​ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១១ ​ខែ​ វិច្ឆិកា ឆ្នាំ​ ២០២០ ​គឺជា​ចំណុច​ល្អ​ហើយ​ដែល​បញ្ឈប់​លែង​អនុញ្ញាត​ឱ្យធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ខ្លួនឯង​ចំនួន​ ១៤ ​ថ្ងៃ​ដូច​មុន​ទាំង​ខ្មែរ និង​បរទេស​ដែល​ចូលមក​កម្ពុជា​បើទោះបី​ជា​ធ្វើតេស្ត​ដំបូង​​គ្មាន​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ពោលគឺ​តម្រូវ​ឱ្យ​ស្នាក់​នៅតែ​ទីតាំង​ ឬ​ក៏​សណ្ឋាគារ​ដែល​រដ្ឋ​កំណត់​រួចហើយ​ប៉ុណ្ណោះ​។ ​

តែ​អ្វី​ដែលជា​ក្ដីបារម្ភ​នោះ ​គឺ​ខ្លាច​មាន​ករណី​ពិសេស​ចំពោះ​អ្នកដំណើរ​បរទេស​ដែលជា​វិនិយោគិន ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ និង​អ្នកបច្ចេកទេស មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង វៀតណាម ថៃ សហរដ្ឋ​អាមេរិក និង​សហគមន៍​ដែល​ទទួលបាន​ការធានា​គឺ​មាន​ន័យថា​ក្នុង​រយៈ​ក្រោម​ ១៤ ​ថ្ងៃ​ ជនបរទេស​នេះ​អាច​ចូលមក​ធ្វើការ​ និង​អាច​ជួប​អ្នក​ដែល​បាន​ណាត់គ្នា​រួច ហើយ​ត្រូវ​ទៅ​កន្លែង​ស្នាក់​ណាមួយ​ឱ្យបាន​​ច្បាស់លាស់​បន្ទាប់ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុម័ត​ឱ្យ​ចូលមក​បាន​នោះ​។ ​ជនបរទេស​នេះ​ត្រូវបាន​ធានា​ដោយ​ប្រធាន​ក្រុមហ៊ុន​ផ្ទាល់​តែ​ក្នុងករណី​ដែល​ប្រព្រឹត្ត​ខុស ការធានា​នោះ​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ជា​ធរមាន​។

ចំពោះ​ករណី​ពិសេស​ដែល​អនុញ្ញាត​រយៈពេល​ក្រោម​ ១៤ ​ថ្ងៃ​នេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្ហាញ​ឱ្យបាន​លម្អិត​ជាង​នេះ​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍ និង​ការត្រួតពិនិត្យ​តាមដាន​ពី​ដំណើរការ​ចំពោះ​ជនបរទេស​ដែល​ទទួលបាន​នូវ​ករណី​ពិសេស​​នេះ​ដើម្បី​ធានាថា​គ្មាន​ការចម្លង​ជំងឺ​កូវីដ​ ១៩​ ថ្មី​ចូលក្នុង​សហគមន៍​។ ​បើ​តាម​លក្ខខណ្ឌ​កែប្រែ​ថ្មី​នេះ មាន​ន័យ​ថា ជា​ជនបរទេស​ពិសេស​នេះ​គឺ​មិន​​បានធ្វើ​ចត្តាឡីស័ក​ដូច​គេឯង​នោះទេ បើទោះបី​ជា​គាត់​ស្នាក់​នៅ​ស្រុក​ខ្មែរ​លើស​ពី​ ១៤ ​ថ្ងៃ​ក៏ដោយ​។ ​

នេះ​បើតាម​អត្ថន័យ​​ខ្លឹមសារ​នៃ​ការកែប្រែ​ថ្មី​នេះ​នៅក្នុង​ចំណុច​កថាខណ្ឌ​លើកឡើង​​ថា​៖ «​ទិដ្ឋាការ​ដែលមាន​សុពលភាព​ស្របតាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ដែល​ត្រូវបាន​ផ្តល់ឱ្យ​ពី​សំណាក់​ស្ថានទូត​កម្ពុជា​ ឬ​ពី​ស្ថាន​កុងស៊ុល​កម្ពុជា​នៃ​ប្រទេស​សាមី​»​។ ​ចុះ​ប្រសិនបើ​ករណី​ជនបរទេស​ពិសេស​នេះ​ចូលមក​រាប់រយ​នាក់​ ឬ​ក៏​រហូតដល់​រាប់ពាន់នាក់​តើ​អាជ្ញាធរ​មាន​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ក្នុង​ការត្រួតពិនិត្យ​ និង​តាមដាន​សកម្មភាព​របស់​ជន​បរទេស​ពិសេស​នេះ​?

ជាងនេះ​ទៅ​ទៀត​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​មើល​គុណភាព​អាល់កុល ឬក៏​ម៉ាស់​ដែល​លក់​តាម​ទីផ្សារ​ដែល​បញ្ហា​នេះ គួរ​​ពិនិត្យ និង​បង្ក្រាប​ជាប្រចាំ​ជាជាង​រង់ចាំ​មាន​ហេតុការណ៍​កើតឡើង​ទើប​នាំគ្នា​ចុះ​ចាប់​អាល់កុល​ក្លែងក្លាយ ឬក៏​ម៉ាស់​គ្មាន​គុណភាព​នោះ​។

សរុប​មកវិញ សុខចិត្ត​ទ្រាំ​​អត់ធ្មត់​ខិតខំ​ប្រឹង​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ​តទៅទៀត បន្ទាប់ពី​តេស្ត​លើក​ទី​៤ ទម្រាំ​ដល់ពេល​មាន​វ៉ាក់សាំង​កូវីដ ​១៩​ ចូលមក​ដល់​នៅពេល​ខាងមុខនេះ ដែល​អាច​ប្រើប្រាស់​គ្រប់គ្នា​បាន ពីព្រោះ​កន្លងមក​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានការណ៍​ទៅតាម​ដំណាក់ៗ​​បានល្អ​រួចមកហើយ ហើយ​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ផងដែរ ​អ៊ីចឹង​ការខំ​បន្ត​កិច្ចការ​បន្ថែម​​ទៀត​កាន់តែ​ល្អប្រសើរ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍