The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទិវា​កុមារ​ពិភពលោកៈ ឱកាស​ដើម្បី​គិតគូរ​ជាថ្មី​អំពី​ប្រទេស​កម្ពុជា




ទិវា​កុមារ​ពិភពលោកៈ ឱកាស​ដើម្បី​គិតគូរ​ជាថ្មី​អំពី​ប្រទេស​កម្ពុជា

Content image - Phnom Penh Post
​កុមារ​កំពុង​រៀន​ដោយ​ស្តាប់​កម្មវិធី​បង្រៀន​តាម​វិទ្យុ​នៅ​ភូមិ​ផ្អ ឃុំ​កិ​ចុង​ស្រុក​បកែវ​។ រូបថត UNICEF Cambodia

ទិវា​កុមារ​ពិភពលោកៈ ឱកាស​ដើម្បី​គិតគូរ​ជាថ្មី​អំពី​ប្រទេស​កម្ពុជា

ថ្ងៃទី​ ២០ ខែវិច្ឆិកា គឺជា​ទិវា​កុមារ​ពិភពលោក ជា​ថ្ងៃ​ដ៏សំខាន់​ដែល​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​កុមារ ទទួល​ស្គាល់​នូវ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួបប្រទះ និង​ធានាថា សំទ្បេង​របស់​ពួកគេ​មិន​ត្រឹមតែ​ត្រូវបាន​គេ​ដឹងឮ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចាត់វិធានការ​ឆ្លើយតប​ផងដែរ​។

ឆ្នាំនេះ​ទិវា​កុមារ​ពិភពលោក​ប្រារព្ធ​ក្នុង​កាលៈទេសៈ​ដែល​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​។ វឌ្ឍនភាព​សំខាន់ៗ​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​នៅក្នុង​ទសវត្សរ៍​កន្លងមក​ថ្មីៗ​នេះ ដូចជា​កុមារ​កាន់តែ​ច្រើន​បាន​ចូលរៀន អត្រា​មរណភាព​កុមារ​ថយចុះ និង​ការទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​រួមទាំង​អាហារូបត្ថម្ភ​ច្រើនជាង​មុន​ជាដើម​កំពុង​ត្រូវ​បំផ្លាញ​វិញ​ដោយ​ជំងឺ​កូវីដ​១៩​។

កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​បាន​ចាប់ផ្តើម​ភ្លាមៗ​បន្ទាប់ពី​មេរោគ​នេះ​បាន​ឆ្លង​ចូលមក​កាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​ផែនការ​នៃ​ការស្តារ​ទ្បើង​វិញ​នឹង​លាតសន្ធឹង​រយៈពេល​យូរ​ទៅ​អនាគត​។ យើង​ត្រូវ​ផ្តល់​អាទិភាព​ដល់​កុមារ​ដោយ​ដាក់​ពួកគេ​ជា​ចំណុច​ស្នូល ជា​បេះដូង​នៃ​ផែនការ​ស្តារ​ទ្បើង​វិញ និង​ធានាថា​ពួកគេ​ត្រូវបាន​ផ្ដល់​ឱកាស​ឱ្យ​ចូលរួមបាន​ពេញលេញ ស្របពេល​ដែល​យើង​កំពុង​គិតគូរ​ជាថ្មី​ពី​ពិភពលោក​ថ្មី​សម្រាប់​អនាគត​។ ជាទីបំផុត កុមារ​នឹង​រស់នៅក្នុង​ពិភពលោក​ថ្មី​នេះ​យូរ​ជាងគេ ហើយ​ពួកគេ​សម​នឹង​ទទួល​បាន​នូវ​ពិភពលោក​មួយ​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគេ​អាចបំពេញ​សក្ដានុពល​របស់ខ្លួន​បាន​។

ស្ថិត​ក្នុងន័យ​ឈាន​ទៅ​សម្រេច​គោលបំណង​នេះ​សម្រាប់​កុមារ​កាលពី​សប្តាហ៍​មុន ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការរៀបចំ​នូវ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនទ្បាញ​ជាមួយ​យុវជន​កម្ពុជា​ចំនួន ២៧ ​រូប​ដែល​មកពី​អង្គការ​យុវជន​ផ្សេងៗ​គ្នា​។ កិច្ចប្រជុំ​នេះ​ធ្វើ​ទ្បើង​ដើម្បី​ធានាថា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យូនីសេហ្វ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ និង​ឆ្នាំ​ខាងមុខ​នឹង​ឆ្លើយតប​ទៅនឹង​ក្តីបារម្ភ និង​ក្តីសង្ឃឹម​របស់​យុវជន​។ ការសន្ទនា​យើង​ធ្វើឡើង​តាម Zoom ហើយ​ថាមពល​ក្នុង​បន្ទប់​ប្រជុំ​បង្ហាញ​ពី​អនុភាព​របស់​បច្ចេកវិទ្យា​ក្នុង​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​កុមារ និង​លើក​ទឹកចិត្ត​ឱ្យមាន​ការសហការ​គ្នា​។

ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ យើង​ដឹងថា​នៅ​មាន​កុមារ​ជាច្រើន​នាក់​ទៀត​ដែល​រស់នៅ​តាម​តំបន់​ក្រីក្រ​បំផុត និង​ដាច់​ស្រយាល​ជាងគេ​នៅ​កម្ពុជា​ពុំមាន​លទ្ធភាព​រៀនសូត្រ និង​ទទួល​បាន​សេវា​តាម​ប្រព័ន្ធ​អនឡាញ​ឡើយ​។ ឧបសគ្គ​នេះ​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​នៅពេល​ការសិក្សា​ភាគច្រើន​ត្រូវ​បាន​យកទៅ​បង្រៀន​នៅលើ​ប្រព័ន្ធ​អនទ្បាញ​។ វា​ជា​គម្លាត​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​កាត់បន្ថយ​។

នៅពេល​កិច្ចពិភាក្សា​ជជែក​អំពី​សារៈ​សំខាន់​នៃ​ការលើកកម្ពស់​សុខភាព​យើង​ឃើញថា​មាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​យុវជន​ទាំងអស់​។ យុវតី​ បូរមី ​បាន​និយាយថា គ្រួសារ​នាង​ត្រូវការ​ព័ត៌មាន​ទាក់ទង​នឹង​អាហារូបត្ថម្ភ​។ ប្អូន​បន្តថា​ ​«​ព័ត៌មាន​ទាំងនោះ​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អនទ្បាញ ហើយ​យើង​ក៏ត្រូវ​ការយកចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​ក្នុង​ការចែកចាយ​ព័ត៌មាន​ទៅដល់​ប្រជាជន​រស់នៅ​តំបន់​ដែល​គ្មាន​អ៊ីនធឺណិត​ប្រើប្រាស់​»​។

នៅពេល​និយាយ​ដល់​ជំងឺ​កូវីដ​១៩ លទ្ធភាព​ទទួលបាន​ថ្នាំ​បង្ការ​បាន​ក្លាយជា​ក្តីបារម្ភ​ដ៏ធំធេង​សម្រាប់​អ្នកចូលរួម​ទាំងអស់ ហើយ​យុវជន​ខ្លះ​ខ្លាច​ប្រទេស​ចំណូល​ទាប​ដូចជា កម្ពុជា​ជាដើម​ពុំ​ទទួល​បាន​ថ្នាំ​បង្ការ​នេះ​ស្មើភាព​គ្នា​នឹង​ប្រទេស​ដទៃទៀត​។ យុវជន​ឈ្មោះ សៀម បាន​លើកទ្បើង​ថា «​ថ្នាំ​បង្ការ​គួរ​មាន​សម្រាប់​មនុស្ស​ជាតិ និង​មិន​គួរ​យក​ទៅ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ឬ​ដើម្បី​រកប្រាក់​ចំណេញ​ឡើយ​»​។

កិច្ចពិភាក្សា​ក៏បាន​ឈាន​ទៅ​ជជែក​គ្នា​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត បន្ទាប់ពី​បាន​ជជែក​យ៉ាងច្រើន​ពី​បញ្ហា​សុខភាព​រាងកាយ​។ អ្នក​ចូលរួម​មួយចំនួន​បារម្ភ​ថា​ការស្ថិត​នៅក្នុង​ផ្ទះ​ច្រើន​ដើម្បី​បង្ការ​មិន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​ធ្វើឱ្យ​គ្រប់គ្នា​កាន់​តែមាន​អារម្មណ៍​តប់ប្រមល់​ហើយ​វា​ក៏​បង្កើន​នូវ​ឥទ្ធិពល​អវិជ្ជមាន​របស់​ប្រព័ន្ធ​បណ្តាញ​សង្គម​តាម​អនទ្បាញ​ទៅលើ​សុខុមាលភាព​របស់​យុវជន​ផងដែរ​។

ផ្ទុយ​នឹង​ប្រកាន់​ផ្នត់គំនិត​ថា​យុវជន​មិនអាច​រស់​បានឡើយ ប្រសិន​មិនបាន​ប្រើប្រាស់​ជាប់​ជានិច្ច​នូវ​កម្មវិធី Tik Tok និង Instagram ​ប្អូន​ ទឹម សុវណ្ណរ៉ុង និយាយថា «​ខ្ញុំ​ព្យាយាម​ដកខ្លួន​មិន​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅពេល​ខ្ញុំ​មាន​អារម្មណ៍​តានតឹង​នៅពេល​ប្រើ​វា​ច្រើនពេក​»​។ ចំណែក​ប្អូន Aliza Samthik និយាយថា «​ខ្ញុំ​ពិតជា​សង្ឃឹមថា នៅ​ថ្ងៃមួយ​នឹងមិន​មាន​នរណា​ខ្លាច​មិន​ហ៊ាន​សុំ​ឱ្យគេ​ជួយ និង​ទទួល​ជំនួយ​ពី​គេ​ឡើយ​»​។

ពេលវេលា​កាន់តែ​គួរឱ្យ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​នៅក្នុង​កិច្ចពិភាក្សា នៅពេលដែល​យើង​បាន​ជជែក​គ្នា​អំពី​អនាគត​របស់​យុវជន​ដែល​កំពុង​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូវីដ ​១៩​។ ប្អូន​ នារីរ័ត្ន បានលើកឡើង​ពី​រឿង​មិត្តភក្តិ​ម្នាក់​ដែល​មិនអាច​ត្រឡប់​ទៅ​សាលារៀន​វិញ​បាន នៅពេល​ដែល​សាលារៀន​បើកទ្វារ​ជាថ្មី ព្រោះថា​គ្រួសារ​របស់​នាង​ត្រូវ​ពឹង​ផ្អែកលើ​ប្រាក់​ចំណូល​ដែល​នាង​រកបាន​ពី​ការ​ធ្វើការ​។

នារីរ័ត្ន ​បាន​លើក​ឡើង​ថា «​មិត្តភក្តិ​ខ្ញុំ នាង​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង​ហើយ​ចង់ទៅ​រៀន​វិញ​»​។ ជា​ចុងក្រោយ យុវជន​ទាំងអស់​យល់ស្រប​ថា ផែនការ​ស្ដារ​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​នេះ​បញ្ចប់​ត្រូវ​ឆ្លើយតប​ចំពោះ​បញ្ហា​វិសមភាព​នឹង​ល្អ​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទាំងអស់​បើ​មិន​ដូច្នោះ​ទេវា​គឺជា​ការបាត់បង់​ឱកាស​កែលម្អ​ទ្បើង​វិញ​។

យើង​មាន​ក្តី​រីករាយ​ណាស់​ដោយ​បាន​ដឹងថា​ក្តីបារម្ភ​ភាគច្រើន​ដែល​បាន​លើកទ្បើង​ដោយ​កុមារ និង​យុវជន​ត្រូវបាន​បញ្ចូល​រួចជាស្រេច​ទៅក្នុង​ផែនការ​សកល​ចំនួន​ ៦ ​ចំណុច​ដែល​យូនីសេហ្វ និង​ដៃគូ​ដទៃទៀត​ដូចជា​ ChildFund Alliance, Plan International, Save the Children, SOS Children's Villages និង World Vision បានរួម​គ្នា​បង្កើតទ្បើង​។

ផែនការ​នេះ​ថែមទាំង​ផ្តោត​សំខាន់​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែលជា​ក្តីបារម្ភ​របស់​កុមារ​កម្ពុជា​ដែល​បាន​លើកទ្បើង​ជាមួយ​យើង​ដោយ​ទទូច​ និង​ជា​ញឹកញាប់​ក៏ដូចជា​ការទាមទារ​នូវ​ការបង្កើន​ជំនួយ​ដល់​កុមារ​រងគ្រោះ​ពី​ជម្លោះ​ ឬ​គ្រោះមហន្តរាយ​ធម្មជាតិ​នានា​ផងដែរ​។ ផែនការ​នេះ​នឹង​យកទៅ​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីអំពី​ជំងឺ​កូវីដ​១៩ នៅក្នុង​ខែធ្នូ​ខាងមុខ ដើម្បី​កៀរគរ​ឱ្យ​រដ្ឋ​ជា​សមាជិក​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នានា​ដែល​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​រងគ្រោះ​។

នៅ​ទីបញ្ចប់ ខ្ញុំ​បាន​ចាកចេញ​ពី​ការពិភាក្សា​នេះ​ពោរពេញ​ដោយ​ក្ដីសង្ឃឹម ដោយសារ​តែ​ថាមពល និង​គំនិត​ដែល​ផ្ដល់​ដោយ​យុវជន​ទាំងនេះ​។ លើសពីនេះ​ក៏មាន​មូលហេតុ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ផងដែរ​។ បញ្ហា​ជាច្រើន​ដែល​បាន​លើកទ្បើង​ត្រូវ​បាន​កំពុង​ដោះស្រាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដូចដែល​យើង​ឃើញ​ការងារ​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីទ្បា​ក្នុង​ការដោះស្រាយ​លទ្ធភាព​ទទួល​បាន​ការសិក្សា​តាម​ឧបករណ៍​ឌីជីថល​។

ជា​ទិដ្ឋភាព​ធំ​ជាង​នេះ ការឆ្លើយតប​យ៉ាង​រហ័ស​របស់​រាជរដ្ឋាភិបាល​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជា​សកល​នេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ ១ ​ក្នុង​ចំណោម​ប្រទេស​ ២-៣ ​តែប៉ុណ្ណោះ​ដែល​ពុំមាន​ករណី​បាត់បង់​ជីវិត​។ ប្រទេស​កម្ពុជា​ក៏បាន​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជា​លើកដំបូង​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​។ វិធានការ​ទាំងនេះ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ ដើម្បី​ឈាន​ទៅ​សម្រេច​វឌ្ឍនភាព​បន្ថែមទៀត​នាពេល​អនាគត​។

សម្តី​ដែល​ខ្ញុំ​ចាំបាន​ច្បាស់​ជាងគេ គឺជា​សម្តី​របស់​ប្អូន​ សុវណ្ណារ៉ុង​។ ប្អូន​បាន​និយាយថា​ «​នៅពេល​យើង​រង់ចាំ​ឱ្យ​ជំងឺ​កូវីដ​ ១៩​ បញ្ចប់ទៅ យើង​មិនគួរ​អង្គុយ​ស្ងៀម​ដោយ​មិន​ធ្វើ​អ្វី​នោះទេ​! យើង​អាច​ធ្វើ​អ្វីៗ​បាន​ច្រើនណាស់​ដូចជា​រៀនចំណេះ​វិជ្ជា​ថ្មីៗ​ និង​ធ្វើ​សកម្មភាព​ឱ្យ​សកម្ម​លើ​ផ្នែក​រាងកាយ​ជាដើម​»​។ ប្អូនស្រី​ម្នាក់​បាន​តប​វិញ​ថា ប្អូន​បាន​បង្កើត​នូវ​ក្រុម​សប្បុរសធម៌​ ១ ​ក្រុម​ដើម្បី​ជួយ​លើកកម្ពស់​ការអប់រំ​។ យុវជន​ទាំងនេះ​មិន​ត្រឹមតែ​មាន​គំនិត​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​ផងដែរ​។

កិច្ចសន្ទនា​របស់​យើង​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ យូនីសេហ្វ​នឹង​ប្រើប្រាស់​វេបសាយ​ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​បន្ត​កិច្ចសន្ទនា​នេះ​ដែល​ផ្ដល់​ជា​វេទិកា​ឱ្យ​យុវជន​កាន់តែច្រើន​នាក់​បាន​បញ្ចេញ​សំទ្បេង​។ ​យើង​ក៏​អញ្ជើញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​បាន​ចូលរួម​នៅក្នុង​ការសន្ទនា​នេះ​ផងដែរ​។ សូម​ចូលរួម​ជាមួយ​យើង តាមរយៈ​វេបសាយ​ https://www.unicef.org/cambodia/​។ សូម​ប្រើប្រាស់​ទិវា​កុមារ ដើម្បី​រួមគ្នា​ស្រមៃ​ជាថ្មី​ពី​ពិភពលោក​មួយ​ដែល​កាន់តែ​ប្រសើរ​ជាង​មុន​៕

ដោយ​លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកា​យូនីសេហ្វ ប្រចាំ​ប្រទេស​កម្ពុជា​

អត្ថបទគួរចាប់អារម្មណ៍