ទិវា​ទស្សនវិជ្ជា ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​លើកដំបូង​នៅ​ថ្ងៃទី ២១ ខែ​ វិចិ្ឆកា ឆ្នាំ​ ២០០២ ​ហើយ​ត្រូវបាន​អង្គការ​យូណេស្កូ​ (UNE-SCO) បាន​ផ្តួចផ្តើម​បង្កើត​ឱ្យ​ទិវា​នេះ​ក្លាយ​ជា​ទិវា​ទស្សនវិជ្ជា​ពិភពលោក​ផ្លូវការ​នៅ​ឆ្នាំ​ ២០០៥ ​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ទី​ ៣ ក្នុង​ខែវិច្ឆិកា​។

ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​ក្នុង​ថ្នាក់​តំបន់ និង​អន្តរជាតិ​ក្នុង​ការគូសបញ្ជាក់​ពី​គុណតម្លៃ​នៃ​ទស្សនវិជ្ជា ទីតាំង​ និង​តួនាទី​ស្នូល​របស់​ទស្សនវិជ្ជា​នៅក្នុង​សង្គមមនុស្ស​ភាពចាំបាច់​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សន្តិភាព​សីលធម៌ យុត្តិធម៌ សមភាព ការគោរព​សិទ្ធិមនុស្ស ការគិត​ត្រិះរិះ​ពិចារណា និង​ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

ក្នុង​ឱកាស​នោះដែរ វា​ក៏​ជា​ថ្ងៃ​ដែល​មនុស្ស​គ្រប់​និន្នាការ​មកជួបជុំ​គ្នា​បាន​ចែករំលែក និង​បង្ហាញ​ពី​ការគិត ការជជែក និង​រុករក​ពី​គំនិត​ដោយ​បើកចំហ ការ​ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​មក​ជជែក​ដេញដោល​ពី​បញ្ហា​ប្រឈម​ក្នុងសង្គម​ជាតិ បញ្ហា​គំនិត ទ្រឹស្តី ការអនុវត្ត និង​បញ្ហា​រសើប​បច្ចុប្បន្ន​របស់​ពិភពលោក​។ តាមរយៈ​ទស្សនវិជ្ជា​គឺជា​កូនសោ​នៃ​ដំណោះស្រាយ​បញ្ញា​។

យូណេស្កូ បាន​ផ្តល់​តម្លៃ​ខ្លាំង​ចំពោះមុខ​វិជ្ជា​មួយ​នេះ​ដោយ​ឆ្លុះបញ្ចាំង​ពី​ពិភពលោក បើកចំហ និង​លើកទឹកចិត្ត​ចែករំលែក​ពី​មរតក​ទស្សនវិជ្ជា​របស់​ខ្លួន បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួល​យក​គំនិត​ផ្តួចផ្តើម​បង្កើត​ថ្មី និង​ចូលរួម​ឈឺឆ្អាល​ពី​សុខទុក្ខ​របស់​ជាតិ និង​បញ្ហា​សកល​។ ជា​លទ្ធផល​ជាក់ស្តែង​នៅពេល​ដែល​សង្គមមនុស្ស​ប្រកាន់​យក​មាគ៌ា​ដឹកនាំ មាគ៌ា​ជីវិត​តាម​គោលការណ៍​ល្អៗ​ទាំងនោះ​ហើយ​បញ្ហា​ជាច្រើន​ត្រូវបាន​ដោះស្រាយ និង​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទស្សនវិជ្ជា ជា​បេះដូង​នៃ​ការដោះស្រាយ ការវិភាគ និង​គុណភាព​នៃ​ការគិត​។

ទិវា​ទស្សនវិជ្ជា​ត្រូវបាន​គេ​រៀបចំ​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​ដើម្បី​ផ្តល់​ការ​សាទរ​ក្នុង​ទម្រង់​រូបភាព​ជាច្រើន​ដូចជា ការតាំងពិព័រណ៍​សៀវភៅ ស្នាដៃ​ស្រាវជ្រាវ បាឋកថា សិក្ខាសាលា ភាពយន្ត​ឆ្លុះបញ្ចាំង សំ​វាទ​បែប​ទស្សនវិជ្ជា​បណ្តុះបណ្តាល​ និង​សន្និបាត​ពិភពលោក​ជាដើម​។ មាន​ស្នាដៃ គំនិត​ទស្សនវិទូ ទ្រឹស្តី​សង្គម សាសនា និង​សេដ្ឋកិច្ច​នយោបាយ​ជាច្រើន​នៅ​បន្ត​មាន​ឥទ្ធិពល និង​មានគុណ​តម្លៃ​ជា​សកល​ផង តាម​កាល​ឱកាស​ផង​ត្រូវ​បាន​គេ​យកមក​ពិភាក្សា រិះគន់ ស្រាវជ្រាវ​បន្ត និង​ការអនុវត្ត​ជា​ប្រចាំ​ដើម្បី​ជា​មាគ៌ា​ជីវិត​ផ្ទាល់ខ្លួន គ្រួសារ និង​សង្គមជាតិ​។

ក្នុងនោះដែរ​ទិវា​នេះ​ក៏​ជា​យន្តការ​មួយ​ដើម្បី​ទាក់ទាញ​ការយកចិត្ត​ទុកដាក់​ពី​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ខ្វាយខ្វល់​ពី​បញ្ហា​ជាតិ និង​អន្តរជាតិ​, គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព លើក​កម្ពស់​ការរៀន បង្រៀន ការស្រាវជ្រាវ និង​ការកសាង​គុណភាព​មនុស្ស ជាពិសេស​ការបញ្ជ្រាប​ការបង្រៀន​ទស្សនវិជ្ជា​ទៅក្នុង​កម្មវិធី​សិក្សា និង​ផ្នែក​ខ្លះ​ទៅលើ​គោលនយោបាយ​របស់​ជាតិ​។

ដូច​ឆ្នាំមុន​ដែរ ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៨ វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP-CJCC) ដែល​មាន​ដេប៉ាតឺម៉ង់​ទស្សនវិជ្ជា​នៃ​មហាវិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្ស​សាស្ត្រ​នឹង​រៀបចំ​ទិវា​នេះ​ក្រោម​ប្រធានបទ «​ការស្វែងរក​ទស្សនវិជ្ជា​ខ្មែរ​» ក្នុង​គោលបំណង​ដើម្បី (១) ​អបអរ​ទិវា​ទស្សនវិជ្ជា​ជាមួយ​ពិភពលោក (២) ​ពង្រឹង​តួនាទី​ដ៏សំខាន់​របស់​ទស្សនវិជ្ជា​ក្នុងការ​ឆ្លុះបញ្ចាំង​បែប​អនុវត្ត​ជាក់ស្តែង (៣) ​ផ្តល់​ឱកាស​ឱ្យ​និស្សិត និង​សាធារណជន​ចូលរួម​ក្នុង​កិច្ចសន្ទនា សិក្សា និង​ស្រាវជ្រាវ (៤) ​បង្កើត​ការទទួលស្គាល់ និង​ការឱ្យ​តម្លៃ​​របស់​មុខវិជ្ជា​នេះ​នៅក្នុង​ការគិត និង​ជីវិត​ជាក់ស្តែង (៥) ​ជំរុញ​ឱ្យ​បញ្ញវន្ត​រួមចំណែក​អភិវឌ្ឍ​សង្គម និង​ទ្រទ្រង់​ទស្សនវិជ្ជា​ខ្មែរ​។

តាមរយៈ​នៃ​ទស្សនវិជ្ជា និង​ការសន្ទនា​ដើម្បី​ស្វែងរក​ទស្សនវិជ្ជា​ខ្មែរ​នេះ​បង្ហាញថា វប្បធម៌​សំវាទ ឬ​ការបណ្តុះ​ឱ្យមាន​នូវ​វប្បធម៌​សន្ទនា​នៅតែ​ជា​គោលការណ៍​មូលដ្ឋាន​ចម្បង​ក្នុង​សង្គម​ខ្មែរ​។ ខ្មែរ​ត្រូវ​ចេះ​សន្ទនា ហើយ​វប្បធម៌​សន្ទនា​ក៏​ជា​ព្រលឹង​របស់​ខ្មែរ​។ ក្នុងនោះ​វា​រួមបញ្ចូល​នូវ​ការថែរក្សា និង​ធ្វើឱ្យ​គុណ​តម្លៃ​របស់​ខ្មែរ​នឹង​ពណ្ណរាយ​ឡើង​។

តាមរយៈ​នៃ​ការចែករំលែក ការកសាង​ធនធាន​មនុស្ស​, ការសន្ទនា​ក៏​ជា​ផ្នែក​មួយ​។ ដើម្បី​សន្ទនា​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ផល ខ្មែរ​ចាំបាច់​មាន​មូលធន​គំនិត កសាង​យុទ្ធសាស្ត្រ​មក​កំណត់​ពាក្យ​សន្ទនា ទង្វើ​និង​មាគ៌ា​របស់ខ្លួន​។ ដូច្នេះ​ការបណ្តុះ​ទស្សនវិជ្ជា​ខ្មែរ​ជា​ផ្នែក​មួយ​សំខាន់​។ វា​កើតឡើង​តាមរយៈ​តាម​ទម្រង់​នៃ​ការលះបង់ និង​ចូលរួម​ដើម្បី​ស្វះស្វែងរក​ខ្លឹមសារ​។ ការស្វែងរក​ខ្លឹម​សារបាន​លុះត្រា​តែមាន​អ្នក​ចូលរួម​ឯកភាព​ជីក​កកាយ​រួមគ្នា មាន​ឧត្តមគតិ​ជាតិ និង​មាគ៌ា​កសាង​ជាតិ​ដូចគ្នា​។

អ្នកចូលរួម​ជីក​ជា​បុគ្គល​ដែលមាន​មូលធន​គំនិត មានលទ្ធភាព សមត្ថភាព​ផ្តល់​ជា​បច្ច័យ​ធាតុ​ចូល​ក្នុង​ការលះបង់ និង​រួម​ដំណើរ​ជាមួយគ្នា​។ ​សន្ទនា​ជា​វប្បធម៌​កសាង​សន្តិភាព​ឯកភាព សាមគ្គី និង​ភាតរភាព​ក្នុង​នាម​ជា​មនុស្ស ជា​សភាវរស់​ក្នុង​លោក​ដែលមាន​អន្តរ​ទំនាក់ទំនង​ជាមួយគ្នា​។​...​ទោះបី​យើង​អាចមាន​មធ្យោបាយ​ផ្សេងគ្នា តែ​យើង​មាន​គោលដៅ​តែមួយ​គោលដៅ​ខ្មែរ​និយម​យើង​ជា​ខ្មែរ​តែមួយ​។

ភ័ស្តុតាង និង​មេរៀន​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​បាន​បន្សល់​គុណតម្លៃ​ជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទាំង​ក្នុង​ស្រមោល​វិជ្ជមាន និង​អវិជ្ជមាន​។ ខ្មែរ​មាន​ទស្សនវិជ្ជា​នៃ​ការដឹកនាំ និង​កសាង​ជាតិ​របស់ខ្លួន​ប្រកប​ដោយ​អច្ឆរិយៈ រុងរឿង និង​ថ្លៃថ្នូរ​។ ក្នុងនោះ​ដែរ គំនិត​ទស្សនវិជ្ជា​បាន​បង្កប់ខ្លួន​នៅ​ស្ទើរ​គ្រប់ផ្នែក​រួមមាន​សាសនា ការសាង​ប្រាសាទ សិល្បៈ ក្បួន​សាស្ត្រា នីតិសាស្ត្រ ការធ្វើ​សង្គ្រាម​។​ល​។ ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ សុខុមាលភាព​ប្រជាជន ហើយ​សុខទុក្ខ​ប្រជារាស្ត្រ​ត្រូវបាន​ធានា និង​ផ្តល់ឱ្យ​។ ឆ្លងកាត់​ពី​សម័យមួយ​ទៅមួយ ភ័ស្តុតាង និង​គំនិត​ខ្លះ​ត្រូវបាន​កប់​ទុក ខ្លះ​បាត់បង់ ខ្លះទៀត​ខ្វះខាត​ការចងក្រង និង​ដោយ​បុព្វហេតុ​ផ្សេងៗ​។

ក្នុងន័យនេះ​ផង​ដែរ ដល់​ពេល​ដែល​ខ្មែរ​ចេះ​កសាង​ជាតិនិយម និង​ចូលរួម​មិន​ធ្វើឱ្យ​ជាតិ​យំ​។ ដោយ​ក្រាល​កម្រាលព្រំ​ក្រហម​ដើរ​រួមគ្នា​ដើម្បី​កម្ពុជា​។ គឺ​ម៌ាគា​របស់​កម្ពុជា​។ ដោយ​ផ្តើម​ពី​ការស្គាល់​ខ្លួនឯង ស្គាល់​អ្វី​ជា​ខ្មែរ ឯកភាព និង​ខ្មែរ​និយម​។ រួមគ្នា​សិក្សា​ស្រាវជ្រាវ ចងក្រង​គំនិត​ទស្សនវិជ្ជា​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ និង​ផ្តល់​ជា​គំរូភាព​សម្រាប់​ជា​ធនធាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ទោះបី​ខ្មែរ​មិនទាន់​បាន​កសាង​អត្តសញ្ញាណ​ជាតិនិយម​របស់​ខ្លួន​ឱ្យបាន​រឹងមាំ​ក៏ដោយ តែ​វា​គ្មាន​ឡើយ​ពី​ភាពយឺត​ពេល​ក្នុង​ការរួបរួម​ដើម្បី​ជាតិ​ដើម្បី​អត្តសញ្ញាណ​ទស្សនវិជ្ជា​ខ្មែរ និង​ដើម្បី​ធ្វើឱ្យ​ជាតិ​រឹងមាំ​។ ទស្សនវិជ្ជា​ជា​បិតា​នៃ​មុខវិជ្ជា​នានា​ដែល​ត្រូវបាន​គេ​ឱ្យនិយមន័យ​ថា ជា​ការស្រឡាញ់​គតិបណ្ឌិត ឬ​គតិវិញ្ញូ​ដែល​ដំបូង​មាន​ដើមកំណើត​នៅ​ក្រិក​ក្នុង​អំឡុង​ ស.វ. ទី​ ៦ មុន​គ.ស​។

ក្រោយមក​អ្នក​គិត​មួយចំនួន​ព្យាយាម​ធ្វើ​ឯកទេសកម្ម​មុខវិជ្ជា​ផ្សេងៗ​ដោយឡែកៗ​ជា​បន្តបន្ទាប់​ដូចជា​មុខវិជ្ជា​រូបវិទ្យា គីមី និង​ធរណីមាត្រ​ធ្វើ​ឯកទេសកម្ម​ពី​ទស្សនវិជ្ជា​នៅ​ ស.វ. ទី​ ១៧​។ ជីវវិទ្យា​ ស.វ. ទី​ ១៨ និង​សង្គមវិជ្ជា​នៅ​ ស.វ. ទី​ ១៩ និង​បន្ត​បន្ទាប់មកទៀត​។ ទស្សនវិទូ សូក្រាត​ដែល​ជា​បិតា​នៃ​ទស្សនវិជ្ជា​គាត់​ហៅ​ខ្លួន​គាត់​ថា ជា​សត្វ​របោម​ជា​ប្រភេទ​សត្វ​ដែល​តែង​ហើរ​ទៅ​ក្រេបជញ្ជក់​ឈាម​ពី​គេ​។ ក្នុង​ន័យនេះ​គាត់​ចង់​សំដៅ​ថា មនុស្ស​ប្រពៃ​គឺ​តែង​ដើរ​ត្រាច់ចរ​ស្វះ​ស្វែងរក​គតិបណ្ឌិត ចំណេះដឹង គុណធម៌ សីលធម៌​មក​ភ្ជាប់​នឹង​ជីវិត​។ កើត​ជា​មនុស្ស​ត្រូវ​ចេះ​ឈឺឆ្អាល​ពី​សង្គម និង​នយោបាយ​។ បា្លតុង និង​អារីស្តូត​ដែល​ត្រូវបាន​គេ​ផ្តល់​តម្លៃ​ថា​ជា​អ្នក​គិត​ដ៏អស្ចារ្យ​ផ្នែក​តក្កវិទ្យា វិទ្យាសាស្ត្រ ទ្រឹស្តី​សីលធម៌ នយោបាយ និង​ផ្នែក​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត ហើយ​គំនិត​របស់​គាត់​បន្ត​មាន​អត្ថិភាព​រហូត​មកដល់​សព្វថ្ងៃ​។ របៀប​គិត និង​គំនិត​ទស្សនវិជ្ជា​មាន​ការប្រែប្រួល​តាម​សម័យកាល និង​ទីកន្លែង​។

និយាយ​ត្រង់​ទស្សនវិជ្ជា​កើតឡើង​ជា​មគ្គុទ្ទេសក៍​សម្រាប់​មនុស្ស​ និង​សង្គម វា​កើតឡើង​ស្រប​ ឬ​មុន​តាម​បញ្ហា​សង្គម​។ បញ្ហា​សង្គម​បាន​ដោះស្រាយ​ដោយ​ទ្រឹស្តី​ជាក់លាក់​របស់​គំនិត​ទស្សនវិជ្ជា​។ ដោយឡែក​ខ្មែរ​ក៏មាន​ទស្សនវិជ្ជា​ដោយឡែក​របស់​ខ្លួន​ដែរ​។

ក្នុងន័យ​ដែល​មាន​ការរីកលូតលាស់​មាន​បដិវត្តន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រីកចម្រើន មាន​បញ្ហា​មនុស្ស និង​បញ្ហា​សង្គម​ជាច្រើន​បាន​លេចឡើង​ហើយ​នៅពេល​ដែល​អវត្តមាន​ទស្សនវិជ្ជា ឬ​ការ​មិនឱ្យ​តម្លៃ​ទៅលើ​មុខវិជ្ជា​មួយ​នេះ​។ អយុត្តិធម៌​សង្គម សង្គ្រាម ជម្លោះ​សាសនា ជម្លោះ​នយោបាយ ខ្វះ​ការអត់ឱន​និង​អធ្យាស្រ័យ វិសមភាព​សង្គម និង​សេដ្ឋកិច្ច សម្ភារ​និយម​ខ្វះ​តម្លៃ​សីលធម៌ និង​ការមិន​ខ្វាយខ្វល់​ពី​មនុស្ស​។ មនុស្ស​ព្យាយាម​ដណ្តើម​គ្នា​រស់ តែ​មិន​ចែកគ្នា​រស់​។ រស់​ដើម្បី​ខ្លួនឯង មិន​រស់​ដើម្បី​មនុស្ស​ដូចគ្នា​។ តម្លៃ​មនុស្ស​ធ្លាក់ចុះ លើកតម្កើង​តម្លៃ​សម្ភារៈ និង​ភាព​ហ៊ឺហា​។ ទង្វើ​អមនុស្សធម៌ និង​ការរើសអើង​។ បច្ចេកវិទ្យាសាស្ត្រ និង​ទស្សនវិជ្ជា​ប្រៀប​ដូច​ទៅនឹង​រទេះ​ដែល​មិន​អាច​ឱ្យ​កង់​មួយ​ណា​វិល​លឿន​ជាងកង់​មួយ​ផ្សេង​ទៀតឡើយ​។ ក្នុងពេល​ដែល​មនុស្ស​ស្រេកឃ្លាន​ដុំ​បាយ មនុស្ស​ក៏​ត្រូវ​គិត​/​មាន​សីលធម៌​។ បើ​គ្មាន​សីលធម៌ មនុស្ស​អាក្រក់​ជាង​រស់នៅ​ក្នុង​សង្គមសត្វ ដូច​សត្វ​សាហាវ​មិនស្គាល់​ល្អ​អាក្រក់ មិន​ស្គាល់​ភាពថ្លៃថ្នូរ​។ គឺ​រស់នៅ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ មនុស្ស​មើល​គ្នា​ក្នុង​នាម​វត្ថុ មើល​គ្នា​ក្នុង​នាម​ផលប្រយោជន៍ មើល​គ្នា​ក្នុង​នាម​ជា​គេ មិន​មើល​គ្នា​ក្នុង​នាម​ជា​យើង​។ នោះ​មនុស្ស​សម្លឹង​ឃើញ​ពិភព​ខ្លួនឯង​ដ៏ចង្អៀត​។

នេះ​មិនមែន​ខ្ទប់​កង់​វិទ្យាសាស្ត្រ​មិន​ឱ្យ​វិល​ទៅមុខ​នោះទេ តែ​មនុស្ស​ត្រូវ​ចាំបាច់​រុញ​កង់​សីលធម៌ និង​កង់​រីកចម្រើន​នៃ​ទស្សនវិជ្ជា​ឱ្យ​វិល​ទៅ​ទន្ទឹមគ្នា​។ នោះ​សង្គម និង​ពិភពលោក​នឹង​វិល​វិវត្ត​ដោយ​តុល្យាភាព និង​ថ្លៃថ្នូរ​។ វឌ្ឍនភាព​នៃ​សង្គម គឺ​ត្រូវ​ធានា​ឱ្យ​មាន​វឌ្ឍនភាព​នៃ​មនុស្ស​។ គឺ​មនុស្ស​មាន​សុខភាព​ល្អ​នៃ​គំនិត សុភវិនិច្ឆ័យ ឧត្តមគតិ​ជាតិ កសាង​ជាតិ​តាម​មាគ៌ា​ថ្លៃថ្នូរ​។

ជារួម​ទស្សនវិជ្ជា​គឺ​មិន​ត្រឹមតែ​ខិតខំ​រៀន​ទស្សនវិជ្ជា យើង​ត្រូវ​ធ្វើ​ទស្សនវិជ្ជា​។ មិនមែន​បង្កើត​ស្ថាប័ន​សន្តិភាព យើង​ត្រូវ​បង្កើត​មនុស្ស​សនិ្តភាព​។ បង្កើត​មនុស្ស​យុត្តិធម៌ ប្រសើរ​ជាង​បង្កើត​ស្ថាប័ន​យុត្តិធម៌​។

សរុបមក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្តេជ្ញាចិត្ត​របស់​អង្គការ​យូណេស្កូ​ដែល​បានដាក់​ទិសដៅ កម្ពុជា​គួរ​លើកកម្ពស់​ការរៀន និង​បង្រៀន​ទស្សនវិជ្ជា​។ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ​កសាង​ថ្នាល​បណ្តុះបណ្តាល​គុណភាព​វិស័យ​អប់រំ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​។ ការបញ្ជ្រាប​ទស្សនវិជ្ជា​បញ្ជាក់​ពី​វត្តមាន​មុខវិជ្ជា​ទស្សន​វិជ្ជា​ក្នុង​កម្រិត​អប់រំ​ថ្នាក់ក្រោម​អាច​បង្ហាញ​ពី​ជំហាន​ដ៏មាន​តម្លៃ​។ លើកកម្ពស់​ការស្រាវជ្រាវ​ និង​ការសិក្សា​ទស្សនវិជ្ជា​ជាពិសេស​មរតក​ទស្សន​វិជ្ជា​ខ្មែរ មរតក​ដូនតា​របស់​ខ្លួន​។ ដើម្បី​ស្គាល់​ខ្លួនឯង​ស្គាល់​អត្តសញ្ញាណ​នៃ​ទស្សនវិជ្ជា​ និង​គ្រឹះ​នៃ​កេរមរតក​វប្បធម៌ និង​គំនិត​ទស្សន​ដូនតា​របស់​ខ្មែរ​។

តាមរយៈ​នៃ​ការលើក​កម្ពស់​ការស្រាវជ្រាវ​ និង​បង្រៀន​យើង​ក៏ត្រូវ​បើកទ្វារ បើក​បង្អួច​មើល​ផងដែរ មើល​អ្នកជិតខាង និង​ខាង​ក្រៅរបង​ផ្ទះ​។ មើល​ពី​ការរីកចម្រើន​ទស្សនវិជ្ជា​របស់គេ​។ តើ​យើង​ស្ថិត​នៅ​ចំណុច​ណា​? យើង​អាច​ចែករំលែក​ និង​ទទួល​យក​អ្វី​? ​ចុងក្រោយ​មាន​មនុស្ស​ជាច្រើន​នៅ​តាម​ដងផ្លូវ​ដែល​អាច​ទៅជា​មួយ​យើង និង​អាច​រងគ្រោះ​ព្រោះ​យើង​នៅក្នុង​ដំណើរ​នៃ «​ការស្វែងរក​ទស្សនវិជ្ជា​ខ្មែរ​» បើ​យើង​មិន​ខ្វល់​ពី​ជាតិ និង​មិន​ធ្វើ​ដំណើរ​រួមគ្នា​៕

ដោយ​ ធួន មុន្នី អតីត​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទស្សនវិជ្ជា អ៊ីមែលៈ thuonmunny22@gmail.com