
ជាមួយគ្នានឹងពន្ធបារីនេះដែរ តាមរយៈការស្ទង់មតិរបស់វិទ្យាស្ថានស្ថិតិជាតិ បានផ្សព្វផ្សាយរបាយការណ៍ កាលពីខែមុននេះ បង្ហាញថា ៨១ភាគរយ នៃអ្នកផ្តល់ចម្លើយបានគំាទ្រការដំឡើងពន្ធលើបារី។ បើទោះបីជាមានការធ្លាក់ចុះនៃអត្រាមនុស្សពេញវ័យជក់បារីពី ៤៨ភាគរយនៅឆ្នាំ២០០៦ មក ៤២,៥ភាគរយ នៅ ឆ្នាំ ២០១១ តែចំនួនមនុស្សបានកើនទៅវិញជិត ២ លាននាក់ហើយ។ ឯការចំណាយលុយទិញបារីសរុបវិញប្រហែលជា ១០០លានដុល្លារក្នុង១ឆ្នាំ។ ទោះយ៉ាងណាពុំទាន់មានទិន្នន័យជាក់លាក់ណាមួយបញ្ជាក់ថា កម្ពុជាមានមនុស្សស្លាប់ដោយសារការជក់បារីនៅឡើយទេ។
យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំមានការប្រសើរឡើង ទាំងច្បាប់ស្តីពីការហាមប្រាមជក់បារី និងទាំងឥរិយាបថរបស់អ្នកជក់។ កាលពីឆ្នាំទៅ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យពីការបិទសារព្រមាននៅលើ កញ្ចប់បារី និងថ្មីៗនេះ សារាចរណែនាំរបស់រាជរដ្ឋាភិបាលប្រកាសឲ្យមន្រ្តីរាជការឈប់ ជក់ទាំងស្រុងនៅកន្លែងធ្វើការក្នុងបណ្តាសាលារាជធានី ក្រសួង និងមន្ទីរនានា ហើយឱសានវាទនៃការផ្សព្វផ្សាយពីបារីទាំងអស់នឹងបញ្ចប់នៅដើម ខែសីហាខាងមុខនេះ។ ប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសកម្ពុជាហាក់បីដូចជាលើកទឹកចិត្តអ្នកជក់បារីឲ្យឈប់ជក់ បារី ប្រសើរជាងនៅទសវត្សរ៍ទីឆ្នាំ៨០ និង៩០ ដែលកាលនោះស្ថាប័នពាក់ព័ន្ធមិនសូវជាយកចិត្តទុកដាក់លើបញ្ហា នេះ ហើយតាមរយៈការផ្សាយពាណិជ្ជកម្ម និងការឲ្យជក់សាកល្បង តាមរយៈនារីស្អាតៗ ទំនងជាលើកទឹកចិត្តឲ្យបុរសជក់បារីផងដែរ។
កាលពីមុន វាជាប្រពៃណីទំនៀមទម្លាប់ទៅហើយចំពោះកូនក្រមុំជូនបារីមួយ ដើមឲ្យទៅកូនកំលោះ នៅព្រឹកថ្ងៃរៀបអាពារហ៍ពិពាហ៍ ហើយថតទុកជាអនុស្សាវរីយ៍ទៀត។ បន្ទាប់ពីទទួលទានអាហារនៅថ្ងៃដដែលនោះដែរ គឺភ្ញៀវទាំងអស់ត្រូវបានគេផ្តល់ឲ្យនូវបារីដាក់តាមតុនីមួយៗ ដោយមិនគិតថា បុរស ឬស្រ្តីទេ ទោះបីអ្នកចូលរួមទាំងនោះមិនចេះជក់ក៏ដោយ ។ សូម្បីតែព្រះសង្ឃ ក៏ឧបាសក ឧបាសិកា ប្រគេនបារីឆាន់ដែរ ដែលពេលខ្លះព្រះសង្ឃជក់ពេលកំពុងទេសនាក៏មាន ឬក៏ជជែកលេងជាមួយគ្រហស្ថផងដែរ។
កាលពីបីបួនឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកគួរតែឈប់ជក់បារី បន្ទាប់ពីចៅទី១របស់លោកបានត្អូញត្អែរអំពីក្លិនផ្សែងបារីដែល ជាប់នឹងសម្លៀកបំពាក់ និងមាត់របស់លោកនៅពេលដែលលោកនាយករដ្ឋមន្រ្តីចាប់ឱបថើបចៅជាទី ស្រឡាញ់របស់លោកនោះ។ ចាប់ពីពេលនោះមក លោកនាយករដ្ឋមន្ត្រីក៏លែងឃើញជក់ជាសាធារណៈផងដែរ។ យ៉ាងណាមិញឪពុកមួយចំនួនដែលធ្លាប់តែជក់ក្នុងផ្ទះក៏ចេញមក ក្រៅផ្ទះព្រោះខ្លាចប៉ះពាល់ដល់ប្រពន្ធកូនផងដែរ។
នៅពេលធ្វើដំណើរតាមដងវិថី ម្តងម្កាលយើងបានឃើញក្រុមពូៗស៊ីក្លូដែលដឹកភ្ញៀវទេសចរបរទេស ហើយមានពាក់អាវពណ៌បៃតងដៃវែងជាមួយនឹងស្លាកសញ្ញាហាមជក់បារី។
នេះជាយុទ្ធនាការដ៏ប្រពៃមួយដែលទី១ គឺជាការប្តេជ្ញាចិត្តឈប់ជក់បារីចំពោះខ្លូនពួកគាត់ និងទី២ គឺជាការផ្តល់សារដ៏សំខាន់ទៅអ្នកដទៃទៀតផង។ ខណៈនេះដែរ ដោយសារការរីកចម្រើននៃការផ្លាស់ប្តូរទាំងច្បាប់ និងឥរិយាបថនេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក នឹងជូនរង្វាន់ដល់លោក ម៉ម ប៊ុនហេង ជារដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃអង្គារស្អែកនេះ។
តែគួរឲ្យស្តាយ ផ្សែងបារីនៅតែគំរាមកំហែងសុខភាពសាធារណៈនៅស្រុកយើងនៅឡើយទេ។ ជាងនេះទៅទៀតគឺមានមនុស្សកាន់តែច្រើនឡើងកំពុងតែជក់នៅក្នុង កន្លែងបិទជិតដូចជា រង្គសាល បារ៍ ខារ៉ាអូខេ ភោជនីយដ្ឋាន ឬក៏នៅក្នុងផ្សារ ចំណតរថយន្ត និងកន្លែងទស្សនាកម្សាន្តនានា ដែលការជក់នោះមិនគិតដល់ការប៉ះពាល់សុខភាពអ្នកនៅជុំវិញ ខ្លួនដែលមិនចេះជក់បារីគឺគ្រោះថ្នាក់ជាងជក់ទៀត ជាពិសេសអ្នកធ្វើការរាល់ថ្ងៃនៅខាងក្នុងកន្លែងបិទជិតទាំងនោះ ពេលខ្លះធំក្លិនផ្សែងបារីដល់ខោក្នុងទៀតផង។
ចំណែកឯអ្នករត់ម៉ូតូឌុបវិញ ក៏ទំនងជាមិនទាន់ថយចុះនូវការជក់បារី នៅឡើយទេ។ ពោលគឺពេលទំនេរគាត់អង្គុយជក់បារី តែដល់ពេលមានភ្ញៀវគាត់បោះកន្ទុយបារីចោលភ្លាមគាត់ទៅឌុបម៉ូយ របស់គាត់ ធ្វើឲ្យក្លិនស្អុយផ្សែងបារីជាតិនីកូទីនដែលជាប់នឹងមាត់គាត់ និងអាវរបស់គាត់ជះទៅអ្នកធ្វើដំណើរដែលអង្គុយនៅពីក្រោយគាត់ នោះ។ ម្យ៉ាងវិញទៀត នៅពេលខ្ញុំសួរទៅមិត្តភក្តិរបស់ខ្ញុំម្នាក់ដែលជាវេជ្ជបណ្ឌិត ថា តើហេតុអ្វីបានជាឯងធ្វើគ្រូពេទ្យ ហើយជក់បារីអ៊ីចឹង? គាត់ឆ្លើយឌឺដងមកខ្ញុំវិញថា៖ «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូស៊ឹមយក!»។ តើពុតរបស់លោកគ្រូរបៀបនេះ អាចកែប្រែបានដែរឬទេ?
ជាសរុបមក ខ្ញុំសង្កេតឃើញថា អ្នកជក់ដែលមានវ័យចំណាស់ មាននិន្នាការឈប់ជក់បារីដោយសារពួកគាត់ទទួលបានការអប់រំ ផ្សព្វផ្សាយ មានជំងឺរួមរឹតកាយជាប្រចាំ និងការចំណាយក៏ច្រើនផងដែរ។ ចំណែកឯយុវវ័យវិញមានទំនោរទៅរកការរៀនជក់ និងនៅជាមួយក្រុមអ្នកជក់ជាមួយមិត្តភក្តិ ជាពិសេសនៅកន្លែងកម្សាន្តបិទជិត។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលគួរតែដំឡើងតម្លៃពន្ធឲ្យបានខ្ពស់ និងបង្កើតច្បាប់ស្តីពីការហាមប្រាមការជក់បារីនៅទីកន្លែងបិទ ជិត និងទីកន្លែងទីសាធារណៈនានាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកដទៃទៀត ដែលមិនជក់បារី។ សព្វថ្ងៃនេះ មានប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងអនុវត្តច្បាប់ហាមប្រាមនេះ ហើយប្រទេសដែលចាប់ផ្តើមនាំមុខគេគឺប្រទេសសិង្ហបុរី និងប្រទេសស្កុតលែន រីឯប្រទេសចិនបានចាប់ផ្តើមអនុវត្តច្បាប់នេះយ៉ាង តឹងរឹុងកាលពីខែមុននេះ។ ជាងនេះទៅទៀត យើងម្នាក់ៗត្រូវចេះហ៊ាននិយាយទៅកាន់អ្នកដែលជក់បារី កុំឲ្យបង្ហុយផ្សែងបារីដាក់យើង។ អ្នកជក់បារីមិនគ្រាន់តែជាឃាតកសម្លាប់ខ្លួនឯងទេ តែជាឃាតកសម្លាប់អ្នកដែលនៅក្បែរគេផងដែរ៕
សូមចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com