ភ្នំពេញ : អំពើអបាយមុខបីគឺ «ឆ្គួតស្រី ឆ្គួតស្រា និងឆ្គួតល្បែងពាលាអាវាសែ» គឺជាពាក្យទូន្មានរបស់ព្រះពុទ្ធ ចំពោះការប្រព្រឹត្តរបស់បុរសឲ្យចៀសឆ្ងាយពីអបាយទាំងបីមុខនេះ ។ ពុទ្ធឱវាទនេះ ក៏ត្រូវបានចងក្រងឲ្យទៅជាច្បាប់ «ប្រុស» គឺដើម្បីអនុវត្តតាមធម៌ព្រះពុទ្ធចំពោះឥរិយាបថរបស់បុរស ពីព្រោះកាលពីសម័យដើម ស្រុកយើងមិនទាន់មានច្បាប់បញ្ញត្តិ គ្រប់គ្រាន់ទេ គឺមានតែច្បាប់សម្រាប់អប់រំមនុស្សទេ ដូចជាច្បាប់ប្រុស ច្បាប់ស្រីជាដើម។
ប្រសិនបើយើងចោលភ្នែកមើលអគារកាស៊ីណូណាហ្គាវើល ដ៏ខ្ពស់ស្កឹមស្កៃមួយ មានទីតាំងនៅក្បែរមាត់ទន្លេនឹងឈានជើងចូលខាងក្នុងនឹងឃើញអគារដែលបំពាក់ទៅដោយសម្ភារទំនើបៗបំផុត កំពុងផ្តល់សេវាចម្រុះ មានកន្លែងលេងល្បែងស្របច្បាប់ បារ៍ ក្លិបកម្សាន្តរាត្រី សណ្ឋាគារ និងហាងផ្សេងៗ។ ពីមួយឆ្នាំទៅមួយឆ្នាំ កាស៊ីណូនេះកើបលុយរាប់សិបលានដុល្លារពីស្រុកខ្មែរ ហើយកើនឡើងរហូត តាមរយៈរបាយការណ៍របស់ទស្សនាវដ្តី ហ្វ័ប អ៊ីន (Forbes Inc.) បានបង្ហាញថា កាលពីឆ្នំាទៅ កាស៊ីណូណាហ្គាវើល រកប្រាក់ចំណូលបាន៤៤,១លានដុល្លារ ហើយមានការកើនឡើង៧៣ភាគរយ។ ការកើនឡើងនេះ គឺមកពីរាជរដ្ឋាភិបាល បានបិទបនល្បែងតូចតាចស្ទើរតែអស់រលីង បានជាអ្នកលេងល្បែងនាំគ្នាទៅលេងនៅឯកាស៊ីណូស្របច្បាប់នេះទៅវិញ។
ចំណែកឯថៅកែណាហ្គាដែលជាជនជាតិម៉ាឡេស៊ីវិញ ក្លាយជាអ្នកមានទឹកប្រាក់ ចំណាត់ថ្នាក់ទី២៦ នៅប្រទេសម៉ាឡេស៊ីទៀតផង។ ថ្មីៗនេះណាហ្គាវើល មានគម្រោងពង្រីកសាខាមួយទៀតនៅខេត្តកំពតនៅត្រីមាសទី៤ក្នុង ឆ្នាំនេះ។ តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺប្រមូលពន្ធបានត្រឹមតែ ១៦ លានដុល្លារប៉ុណ្ណោះ ពីកាស៊ីណូស្របច្បាប់ទាំង ២៧ ដែលមាននៅព្រះរាជាណាចក្រនេះ។ ចុះហេតុអ្វីអ្នកទៅលេងបានជានាំគ្នាយកលុយទៅអោយគេទទេៗបែប នេះ? កាលពីមុនឮថា នៅណាហ្គាវើលឲ្យតែជនជាតិបរទេសលេងទេ តែនៅពេលទៅដល់កន្លែងលេងឥឡូវ បែរជាឃើញសុទ្ធតែខ្មែរទាំងប្រុស ទាំងស្រីពពាក់ពពូនគ្នាលេងច្រើនជាងបរទេសទៅវិញ?
ហេតុអ្វីបានជា អគារស្ថាប័នជាតិចំនួន៣ធំៗ ព្រះពុទ្ធសាសនា (ពុទ្ធសាសន-បណ្ឌិត្យ) អង្គនីតិប្បញ្ញត្តិ (រដ្ឋសភា) អង្គនិតិប្រតិបត្តិ (ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ) នាំគ្នាទៅសាងសង់នៅជុំវិញកាស៊ីណូដ៏ខ្ពស់ស្កឹមស្កៃទៅវិញ? ចុះហេតុអ្វីបានជាអ្នកទៅលេងល្បែងនៅកាស៊ីណូណាហ្គាវើល និងបុគ្គលិកនាំគ្នាទៅយកយានយន្តទៅផ្ញើ ឬចត នៅក្នុងបរិវេណពុទ្ធសាសនបណ្ឌិត្យដែលកំពុងបំរើព្រះពុទ្ធសាសនាទៅ វិញ ហើយក៏ជាកន្លែងជួយផ្សព្វផ្សាយ អំពើអបាយមុខផងនោះ? បើនិយាយតាមការប្រៀបធៀបតាមហុងស៊ុយចិនវិញ បើអគារណាគេខ្ពស់ជាងគឺគេមានរាសីជាងអគារនៅជុំវិញហើយ។
តាមពិតទៅ នៅម្តុំនោះមានអគារដំបូងគេបង្អស់ មានតែមួយទេគឺ ពុទ្ធសាសនបណ្ឌិត្យគិតថា កាលពីមុនពេលសាងសង់អគារកាលពីដំបូង។ តែបន្ទាប់មកបានមានការសាងសង់បន្តគ្នានូវអគារកាស៊ីណូ និងអគារផ្សេងៗទៀតនោះ។ ខណៈនោះដែរ ខ្ញុំគិតថា កាលពីដំបូងសិក្សាសាងសង់អគារ អង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិនៅក្បែរអគារណាហ្គាវើល គឺក្រុមការងារបានគិតថា បើសង់អគារនេះ ប្រហែលជាងាយស្រួលដល់មន្ត្រីៗទៅប្រជុំធំៗណាហ្គាវើល នៅជិតស្រាប់ (ដើរមួយជំហានដល់ហើយ) ឬមួយក៏ប្រហែលជាមានគំនិតផ្តួចផ្តើមតូចមួយនៃភាពងាយស្រួលផ្សេង ទៀតផងដែរ បន្ទាប់ពីម៉ោងចេញពីធ្វើការ ទៅដាក់មួយស្រវឹងសិនសឹមទៅផ្ទះ ឬក៏ទៅចាក់មួយដៃពីដៃសិនសឹមទៅផ្ទះ ឬមួយទៀតណាត់ជួបស្រីស្នេហ៍ក្បែរមាត់ទន្លេ ទៅក្រេបទឹកឃ្មុំនៅទីនោះមួយម៉ោងពីម៉ោងសិន ចាំទៅផ្ទះ ហើយកុហកប្រពន្ធថា ការងារច្រើនណាស់ ឬទៅជួបមេនៅទីនោះ?
ខ្ញុំយល់ឃើញថា អគារទាំង៣ស្ថាប័ននេះ មិនគួរនៅក្បែរកាស៊ីណូណាហ្គាវើលនេះទេ។ ហើយក៏មិនគួរអនុញ្ញាតឲ្យកាស៊ីណូដ៏ខ្ពស់ស្កឹមស្កៃនៅកណ្តាល បេះដូងរាជធានី និងនៅជាប់ស្ថាប័នធំៗទាំង៣នេះទេ វាមិនសមរម្យផងដែរ ជាពិសេសយកកន្លែងអប់រំប្រៀនប្រដៅរបស់ព្រះពុទ្ធ ទៅជាកន្លែងដាក់ម៉ូតូ ឡាន ដើម្បីទៅប្រព្រឹត្តអបាយមុខទាំងនោះទៅវិញ។ ពេលខ្លះឃើញមានអ្នកស្រវឹងជោគឈរនោមជ្រះរបង និងអគារពុទ្ធសាសនបណ្ឌិត្យទៀត គួរឲ្យខ្ពើមរអើម ហើយវាក៏ជាការមិនល្អសម្រាប់មុខមាត់ប្រទេស ក៏ដូចប្រជាពលរដ្ឋផងដែរ។
បើតាមបណ្តាប្រទេសជឿនលឿននានាលើពិភពលោក គឺគេចែកគ្នាដាច់ស្រឡះរវាងតំបន់ស្ថាប័នរដ្ឋ និងតំបន់ពាណិ្ជកម្ម។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិកគឺ តំបន់ស្ថាប័នរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចំណែកឯតំបន់ពាណិ្ជកម្មវិញនៅទីក្រុងញូវយ៉ក។ ចំពោះនៅអូស្រ្តាលីវិញគឺ តំបន់ស្ថាប័នរដ្ឋនៅទីក្រុងកង់បេរ៉ា ហើយតំបន់ពាណិជ្ជកម្មវិញនៅទីក្រុងស៊ីដនី។ សូម្បីតែនៅប្រទេសម៉ាឡេស៊ីក៏ចែកគ្នាដាច់ដែរគឺនៅគំលាតគ្នា ប្រហែលជា ៣០ គីឡូម៉ែត្រឯណោះ ទោះបីជានៅទីក្រុងគូឡាឡាំពួជាមួយគ្នាក្តី។ ចុះហេតុអ្វីបានជាស្រុកខ្មែរយើងនៅតែ នៅជាមួយគ្នាពពាក់ពពូនជាមួយគ្នាបែបនេះ? តើពេលណាទើបរាជរដ្ឋាភិបាលអភិវឌ្ឍដូចស្រុកគេ? នេះប្រហែលជាស្រុកយើងទើបតែងើបពីសង្គ្រាម? ឥឡូវនេះអង្ករក្លាយទៅជាបាយហើយ តើធ្វើម្តេចទៅ? «សូមគិតមុន សឹមគូរក្រោយបានទេ!»។ នេះប្រហែលជាមកពីខ្ញុំ ផ្តល់អនុសាសន៍ទៅយឺតពេកទេដឹង?