ថ្ងៃនេះគឺជាការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិរវាងកម្ពុជា និងហុងកុងដែលសំបុត្រកន្លែងអង្គុយមានដំបូលត្រូវបានលក់អស់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មកម្ល៉េះ។ នេះបើតាមហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
នេះក៏ដោយសារការរីកចម្រើនវិស័យបាល់ទាត់ប្រកួតជាលក្ខណៈអន្តរជាតិគួរឲ្យកត់សម្គាល់ជាពិសេសក្នុងចំណោមស្រទាប់យុវជននាំគ្នាពពាក់ពពូនទៅទស្សនានៅពេលក្រុមជម្រើសជាតិលេងម្តងៗឡើងណែនស្តាតអូឡាំពិក។
ចំនួនកើនឡើងនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រចាំអាស៊ី (AFC) រាយការណ៍ថាអត្រាជាមធ្យមនៃអ្នកទស្សនាបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកជាប់លំដាប់លេខ ២ ប្រចាំអាស៊ីបន្ទាប់ពីប្រទេសជប៉ុន។
ការរីកចម្រើននេះក៏មានការចូលរួមរៀបចំពីសហព័ន្ធបាល់ទាត់តាំងពីទីលានបាល់ទាត់របៀបលេងពេលយប់កីឡាករយើងលែងខ្វាក់មាន់ និងការកម្ចាត់នូវអំពើពុករលួយលក់ដូរ និងការកំណត់គ្រាប់បាល់បញ្ចូលទីថ្មីៗនេះផងដែរ។
តែការប្រកួតក្នុងក្របខ័ណ្ឌខេមបូឌៀលីកដណ្តើមពានរង្វាន់ក្នុងស្រុកប្រចាំឆ្នាំ និងពានរង្វាន់សម្តេច ហ៊ុន សែន ដែលដើរតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាព និងទេពកោសល្យកីឡាកររបស់ក្លិបនីមួយៗសម្រាប់ជ្រើសរើសចូលជម្រើសជាតិនៅមិនទាន់មានការចាប់អារម្មណ៍អ្នកចូលរួមទស្សនានៅឡើយទេ។
ម្យ៉ាងវិញទៀតការលេងនៅក្លិបអាចធ្វើឲ្យកីឡាករសំខាន់ៗមានរបួសរយៈពេលយូរហើយបញ្ហាប៉ះពាល់ដល់ការលេងឲ្យជម្រើសជាតិទៀតបើទោះបីជាក្លិបមានលទ្ធភាពក្នុងការធានាការព្យាបាលដល់កីឡាករក៏ដោយ។ ការដែលបណ្តាលឲ្យកីឡាកររងរបួសធ្ងន់ធ្ងរនេះមាន ២ កត្តាគឺ ទី ១- ករណីអចេតនាគឺកីឡាករប៉ះទង្គិចជាមួយកីឡាករភាគីម្ខាងទៀតដោយចៃដន្យបណ្តាលឲ្យកីឡាកររបួស ឬក៏កីឡាកររត់ ឬក៏លេងខុសទំនងក៏អាចឲ្យរបួសរយៈពេលវែងបានដែរវាជារឿងធម្មតារបស់កីឡាបាល់ទាត់។ កត្តាទី ២- កីឡាកររងរបួសដោយសារកីឡាករភាគីម្ខាងទៀតមានចេតនាបង្កឲ្យមានរបួសដោយកំហឹង ឬក៏គ្រូបង្វឹកមានចេតនារំខានដល់កីឡាករសំខាន់ (Key player) ភាគីម្ខាងទៀតមានលក្ខណៈធ្ងន់ធ្ងរឲ្យកូនសិស្សលេងធាក់បន្លំទៅជាមួយនឹងបាល់ដើម្បីកាច់បំបាក់គូបដិបក្ខឲ្យចុះទន់ខ្សោយ។
ករណីមានចេតនាធ្វើឲ្យកីឡាកររងរបួសធ្ងន់ធ្ងរនេះនៅក្នុងពិភពបាល់ទាត់នៅប្រទេសអង់គ្លេសគឺសហព័ន្ធបាល់ទាត់ (The FA) គេចាក់មើលឡើងវិញថាតើការលេងហ្នឹងមានបំណងធាក់ ឬក៏ជាន់ឲ្យរបួសដែរឬអត់? ដូចកាលពីខែមុននេះករណីកីឡាករ Aguero របស់ក្លិបមេនឆេស្ទ័រស៊ីធីបានលេងហិង្សាទៅលើកីឡាករ Winston របស់ក្លិបវែសហ៊ែមដែលអាជ្ញាកណ្តាលមើលមិនឃើញចេតនាតែបន្ទាប់មកសហព័ន្ធបានធ្វើការចាក់ឡើងវិញមើលការប្រព្រឹត្តរបស់ Aguero តែភ្លាមៗសហព័ន្ធបានព្យួរការប្រកួត Aguero បីប្រកួត។
កាលពីឆ្នាំទៅកីឡាករ Costa របស់ក្លិបឆែលស៊ីក៏ត្រូវសហព័ន្ធពិន័យព្យួរ ៣ ប្រកួតដែរបន្ទាប់ពីប្រកួតចប់ សហព័ន្ធចាក់មើលសកម្មភាពឡើងវិញឃើញថាមានប្រើហិង្សាលើកីឡាករ Koscielny របស់ក្លិបអាសឺណាល (thefa.com)។ រីឯគ្រូបង្វឹកដែលគ្រប់គ្រងដែលចូលរៀបចំលេងរបៀបតាក់ទិចរំខានភាគីបដិបក្ខត្រូវបានគេមើលឃើញនោះគឺលោកគ្រូ Mourinho អ្នកចាត់ការក្លិបមែនឆែស្ទឺយូណាយធីតសព្វថ្ងៃនេះ និងលោកគ្រូ Simeone របស់អាទិលីកូម៉ា ឌ្រីដ នៅប្រទេសអេស្ប៉ាញ។
សម្រាប់នៅស្រុកខ្មែរដែលខ្ញុំបានទស្សនាការប្រកួតបាល់ទាត់ជាង ៣០ ឆ្នាំទៅហើយគ្មានការចាក់ឡើងវិញធ្វើការពិន័យលើកីឡាករនោះទេតែអាជ្ញាកណ្តាលកាត់សេចក្តីហើយគឺចប់ហើយ។
ទោះបីជាគ្មានការចាក់ឡើងវិញក្តីក៏ទស្សនិកជនមានការជជែកគ្នាពីបញ្ហាកីឡាករខ្លះលេងហិង្សាកាចៗទាត់ធាក់គ្នាក្នុងទីលានបាល់ទាត់ហាក់បីដូចជាមានចេតនាទៅលើកីឡាករភាគីម្ខាងទៀត។ ដូចរដូវកាលនេះឃើញមានកីឡាករ ២ នាក់របួសធ្ងន់ធ្ងរមានម្នាក់គឺកីឡាករឆ្នើម ប្រាក់ មុន្នីឧត្តម ក្លិបព្រះខ័នរាជស្វាយរៀងរបួស ៣ ខែហើយខកខានលេងឲ្យជម្រើសជាតិទៀតផងរីឯម្នាក់ទៀតកីឡាករ Yuya ជនជាតិជប៉ុនរបស់ក្លិបបឹងកេតអង្គររបួស ៤ ខែទម្រាំលេងបានស្រួលវិញ។
កីឡាករទាំង ២ នាក់នេះគឺត្រូវបានជាន់ឲ្យរបួសដោយកីឡាករ ស ពិសិដ្ឋ ខ្សែការពាររបស់ក្លិបកងទ័ពតែអាជ្ញាកណ្តាល និងសហព័ន្ធ FFC គ្មានបានពិនិត្យឡើងវិញ និងធ្វើការពិន័យទៅកីឡាករ ពិសិដ្ឋ ទេតែថែមទាំងគ្រូ Lee ជនជាតិកូរ៉េកោះហៅឲ្យចូលជម្រើសជាតិទៀតផង។
នេះគឺអាចករណីសិក្សាមួយថាតើជាតាក់ទិចរបស់គ្រូបង្វឹកក្លិបកងទ័ពដែរឬទេ? ក្នុងការធ្វើយ៉ាងណាឲ្យក្លិបរបស់ខ្លួនឈ្នះពានរង្វាន់ក្នុងការបំបាក់កីឡករសំខាន់នោះ? ព្រោះករណីរបួសរបស់កីឡាករឧត្តម របស់ខេត្តស្វាយរៀងដែលជាកីឡាករសំខាន់ (Key player) ដោយសារកីឡាករ ពិសិដ្ឋ គឺនៅនាទីទី ៧ ពេលប្រកួតផ្តាច់ព្រ័ត្ររវាងក្លិបកងទ័ព និងខេត្តស្វាយរៀងគឺនៅពេលកីឡាករ ឧត្តម ត្រូវបានគេសែងចេញពីទីលានធ្វើឲ្យក្លិបស្វាយរៀងចុះខ្សោយអស់ឱកាសយកឈ្នះក្លិបកងទ័ពនៅចប់ការប្រកួតគឺក្លិបកងទ័ពជាអ្នកលើកពានសម្តេច ហ៊ុន សែន កាលពីដើមខែកក្កដាកន្លងទៅនេះ។
ដូចគ្នានេះដែរកីឡាករ Yuya ដែលជាកីឡាករសំខាន់របស់បឹងកេតក៏ត្រូវរបួសកជើងធ្ងន់ធ្ងរដោយសារកីឡាករ ស ពិសិដ្ឋ ដែលខណៈដែលក្លិប ២ នេះប៉ះគ្នានៅពាក់កណ្តាលខែកក្កដាកន្លងទៅនេះដែរ ដែលធ្វើឲ្យក្លិបកងទ័ពនៅប្រដេញកៀកនឹងក្លិបបឹងកេតដែរតែដោយសារក្លិបបឹងកេតគេមានកីឡាករល្អៗអាចជំនួស Yuya បានធ្វើឲ្យក្លិបបឹងកេតលើកពានខេមបូឌៀលីកប្រចាំឆ្នាំ ២០១៦ នេះ។
ជាងនេះទៅទៀតក្លិបជាច្រើននៅលេងក្នុងលីកមានការញញើតញញើមនៅពេលដែលក្លិបរបស់ខ្លួនប៉ះជាមួយនឹងក្លិបកងទ័ព និងប៉ះជាមួយក្លិបណាហ្គាដែលមានប្រវត្តិខ្សែការពារកាចៗទាត់ទៅទាំងបាល់ទៅទាំងមនុស្ស។
នេះជាបញ្ហាដែលសហព័ន្ធគួរតែពិចារណាឡើងវិញធ្វើការកំណែទម្រង់ប្រព័ន្ធលេងបាល់ទាត់នៅកម្ពុជានោះដែលកន្លងមកធ្វើបានតែការឲ្យកាតក្រហមទៅកីឡាករទេដូចករណីអ្នកចាំទីរបស់ក្លិបវេស្ទើន ឈ្មោះ សុះ ប្រុសហ៊ីម បានមានចេតនាធាក់កីឡាករ អ៊ិន សុដាវីត កីឡាកររបស់ក្លិបភ្នំពេញក្រោនគឺអាជ្ញាកណ្តាលឲ្យកាតក្រហមបណ្តេញចេញភ្លាមហើយឲ្យបាល់ប៉េណាល់ទីទៀត។
ក្នុងករណីនេះសហព័ន្ធក៏ត្រូវតែចាក់មើលឡើងវិញពីកម្រិតនៃការប្រើហិង្សានេះដើម្បីដាក់បន្ទុកបន្ថែមទៀតដើម្បីលុបបំបាត់ការប្រើហិង្សានៅលើទីលានបាល់ទាត់។ ករណីប៉ះទង្គិចគ្នាខ្លះសហព័ន្ធបាល់ទាត់ក៏អាចពិនិត្យឡើងវិញដែរដើម្បីធ្វើការព្រមានកុំឲ្យមានការគុំកួនគ្នាទៅថ្ងៃក្រោយនោះក្នុងករណីលើកជើងខ្ពស់ជ្រុល ឬស្លាយខ្លាំងៗដែលបង្កឲ្យគ្រោះថ្នាក់បានដូចជាករណីការលើកជើងខ្ពស់របស់អ្នកចាំទីក្លិបបឹងកេត ស៊ូ យ៉ាទី ជ្រុលប៉ះទៅនឹងដងខ្លួនកីឡាករ In Young ជនជាតិកូរ៉េខាងត្បូងរបស់ក្លិបភ្នំពេញក្រោនកាលពីលេងជុំទី២។ ដូចគ្នានេះដែរករណីប៉ះទង្គិចគ្នារវាងកីឡាករ លី ជុងហូ ជនជាតិកូរ៉េខាងត្បូងរបស់ក្លិបខេត្តស្វាយរៀងបានស្លាយយកបាល់យ៉ាងខ្លាំងប៉ះនឹងកីឡាករ កុក ប៊ូរីស របស់ភ្នំពេញក្រោន។
តែទោះយ៉ាងណាក្លិបនីមួយៗមានការត្អូញត្អែរពីក្លិបរបស់ខ្លួនមានកីឡាករសំខាន់របួសច្រើនដែលធ្វើឲ្យមានការបាត់បង់ការប្រកួតយកតំណែងជើងឯកដែរ។ សូម្បីតែលោក មាស ចាន់ណា គ្រូបង្វឹកក្លិបណាហ្គាក៏បានលើកឡើងពីការរបួសកីឡាករសំខាន់ៗរបស់ខ្លួនថាបានបាត់បង់ឱកាសដណ្តើមពានរង្វាន់ខេមបូឌាលីកឆ្នាំនេះដែរគឺក្លិបរបស់លោកបានត្រឹមតែចំណាត់ថ្នាក់លេខ ៣ តែប៉ុណ្ណោះ។
សរុបមកវិញបើសហព័ន្ធ FFC មិនចាត់វិធានការលើអំពើហិង្សាដោយចេតនានៅលើទីលានបាល់ទាត់នោះទេគឺយូរៗទៅអស់កីឡាករសំខាន់ៗលេងឲ្យប្រទេសជាតិធ្វើឲ្យធា្លក់ទម្រង់លេង។ ជាក់ស្តែងកាលពីឆ្នាំទៅគ្រាន់តែកីឡាករសំខាន់ ២ នាក់ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ទៅលេងឲ្យ U23 សម្រាប់ ASEAN GAMES 2015 នៅប្រទសសិង្ហបុរីរីឯជម្រើសជាតិចាញ់សិង្ហបុរីដល់ទៅ ៤ ទល់នឹង 0។
នៅពេលដែលកីឡាករ ២ រូបនេះលេងវិញឃើញថាមានសាច់បាល់លេងល្អមើលហើយអាចរកគ្រាប់បាល់បានជួនកាលអាចឈ្នះទៀតផងបើសមត្ថភាពប្រទេសនោះប្រហាក់ប្រហែលគ្នា។ ជាពិសេស ខែតុលានេះ ជម្រើសជាតិមានការប្រកួតថ្នាក់អន្តរជាតិដល់ទៅ ៥ ប្រកួតការរបួសកីឡាករគឺជាការព្រួយបារម្ភដែលអាចធ្វើឲ្យធ្លាក់ទម្រង់លេងផងដែរហើយក៏អាចធ្វើឲ្យប៉ះពាល់ចំណាត់ថ្នាក់ FIFA ដែលកម្ពុជាកំពុងតែឡើងបានចំណាត់ថា្នក់ ១៧៣ ផងដែរពោលគឺ FIFA អាចទម្លាក់វិញបើកម្ពុជាលេងអន់នោះ៕
តុង សុប្រាជ្ញ
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com