បើកទំព័រអានសារពត៌មានប្រចំាថ្ងៃស្ទើរគ្រប់លេខ មួយថ្ងៃៗយើងបើកភ្នែកឡើងឃើញតែរាស្រ្តស្រែកទ្រហោយំមកពី គ្រប់ទិសទី ដង្ហោយហៅរកយុត្តិធម៌តាមរយៈការតវ៉ា ដោយសារការរំលោភយកដីធ្លី ផ្ទះសម្បែង ដីព្រៃប្រឹក្សាលតាវល្លិ៍ បឹងបួ ទន្លេដែលពួកគាត់ធ្លាប់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចំាថ្ងៃ។ នៅពេលដែលអស់អ្វីដែលនៅជុំវិញខ្លួនបែបនេះ អ្នកខ្លះក៏បានពោលពាក្យថា៖ «សុខចិត្តស្លាប់ប្រសើរជាងការរស់នៅដោយមិនមានយុត្តិធម៌ និងត្រូវគេប្លន់យកទ្រព្យសម្បត្តិ»។ សកម្មភាពនេះ ធ្វើឲ្យប្រជាជនកម្ពុជានៅតែរងទុក្ខវេទនារហូតចេញពីរបបមួយ ទៅរបបមួយទៀត គ្រាន់តែរូបភាពខុសគ្នាតែប៉ុណ្ណោះមែនទេ? ឲ្យតែឮតំបន់អភិវឌ្ឍន៍នៅកន្លែងណា គឺឃើញតែរាស្រ្តយំ។ តើចាំជិតដល់ពេលយុទ្ធនាការបោះឆ្នោត ទើបបានមានចំណាត់ការ?
តាមរយៈទ្រឹស្តីរបស់លោក ម៉ាស់ស្លូ (Maslow) ជាចិត្តវិទូ ជនជាតិអាមេរិក បានបញ្ជាក់ថា៖ «រាល់មនុស្សគ្រប់ៗរូប មានសិទ្ធិទទួលបាន តម្រូវការចាំបាច់ជាមូលដ្ឋានគឺ អាហារ សម្លៀកបំពាក់ និងជម្រក។ តើការដឹកនំារបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ ប្រជារាស្រ្តគ្រប់រូបទទួលបាននូវសិទ្ធិតម្រូវការចាំបាច់នេះហើយ ឬនៅ?
ឥឡូវនេះបើនិយាយអំពីអាកាសធាតុវិញ មកដល់ខែធ្លាក់ភ្លៀងនេះ ហើយនៅតែក្តៅជាងកាលពីខែចេត្រទៀត ហើយរន្ទះបាញ់វិញ គឺបាញ់តម្រង់រកតែមនុស្សទៅវិញ លែងបាញ់រកដើមឈើដូចកាលពីមុន នេះមកពីខ្វះខាតដើមឈើដែលគេកាប់ស្ទើរអស់នោះឬយ៉ាងណា?
សូម្បីតែរន្ទះបាញ់ ក៏អយុត្តិធម៌ចំពោះប្រជាពលរដ្ឋក្រីក្ររបស់កម្ពុជាដែរ។ ពីដើមឆ្នាំនេះ មកដល់បច្ចុប្បន្ននេះ អ្នកស្លាប់ដោយសាររន្ទះបាញ់កើនឡើងដល់៧៨នាក់ហើយ។ រន្ទះបាញ់គួរបាញ់អ្នកកាប់បំផ្លាញព្រៃឈើ ជនពុករលួយ ជនទាំងឡាយណាដែលបំផ្លាញមច្ឆជាតិទើបត្រឹមត្រូវ។ ចំណែកឯដើមឈើគ្រញូងវិញ មានសត្រូវគ្រប់ទិសទី ជនល្មើសប្រើគ្រប់មធ្យោបាយកាប់បំផ្លាញ ដើម្បីជំនួញខុសច្បាប់។ យ៉ាងណាមិញព្រៃឡង់វិញ ក៏នៅតែមានការយាយី និងទទួលរងការកាប់បំផ្លាញក្រោមស្លាកតំបន់អភិវឌ្ឍន៍ផងដែរ ធ្វើឲ្យប្រពលរដ្ឋមកតវ៉ាដល់ទីលានសេរីភាព និងមានការឃ្លាំមើលព្រះតេជគុណលួន សារ៉ាត កុំឲ្យកាប់បំផ្លាញព្រៃឡង់ទាំងនោះកាលពីខែមុននេះ។
គួរឲ្យសោកស្តាយ នៅថ្ងៃទី២៦ ខែមេសា ក៏ស្រាប់តែមានលេចចេញសង្ឃប្រកាសពីសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែតចេញលិខិត ហាមប្រាមគ្រប់វត្តអារាមមិនឲ្យការផ្តល់កន្លែងគង់នៅដល់ព្រះ សង្ឃ១អង្គនេះ ដែលចោទប្រកាន់ថា ប៉ះពាល់ដល់វិន័យព្រះពុទ្ធសាសនា។ ខ្ញុំគិតថា ការហាមឃាត់របស់គណៈសង្ឃនេះ ហាក់ដូចជាបំបិទសិទ្ធិព្រះសង្ឃក្នុងការចូលរួមជួយប្រជាពលរដ្ឋ និងសង្គម ពេលពួកគាត់មានទុក្ខលំបាក ហើយសកម្មភាពនេះ មិនធ្វើឲ្យប្រាសចាកនឹងវិន័យសង្ឃ ដូចការចោទប្រកាន់នោះទេ។
ករណីព្រះសង្ឃ លួន សារ៉ាត គឺផ្ទុយស្រឡះពីព្រះសង្ឃដទៃទៀតដែលប្រព្រឹត្តខុសពីវិន័យ សង្ឃមួយចំនួនដែល បានផឹកស្រា រួមភេទប្រពន្ធគេ រំលោភសេពសន្ថវៈ និងប្រព្រឹត្តអនាចារ យាយីផ្លូវភេទ ដូច នេត ខៃឯណា? ព្រះសង្ឃ សារ៉ាត គ្រាន់តែជួយឃ្លាំមើលការថែទាំបរិស្ថាន និងប្រជាពលរដ្ឋទទួលរងគ្រោះតែប៉ុណ្ណោះទេ។
តាមពិតទៅរដ្ឋធម្មនុញ្ញបានចែងពី សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ហើយអ្នកប្រតិបត្តិសាសនាគឺបំរើប្រជាពលរដ្ឋ ដូចមានមេសូត្រមួយថា៖ «កសាងអាត្មាបម្រើប្រជាជន»។ តើព្រះសង្ឃមួយចំនួនធំសព្វថ្ងៃបានជួយអ្វីខ្លះដល់ប្រជាពល រដ្ឋ? ឲ្យតែព្រះសង្ឃមានការជួយប្រជាពលរដ្ឋឲ្យមានសិទ្ធសេរីភាព និងភាពយុតិ្តធម៌ភ្លាម តាំងចេញបម្រាមផ្សេងៗភ្លាម ហាក់បីដូចដើរតាមខ្សែបន្ទាត់នយោបាយអ៊ីចឹង។ ចំណែកឯព្រះសង្ឃមួយចំនួន និយាយទូរស័ព្ទរ៉ាប់ម៉ោង មិនថាជាមួយអ្នកណាទេ និងខ្លះទៀតលេងហ្វេសបុក (Facebook) ស្កែប (Skype) និងបើកអ៊ីនធឺណិតគ្មានខ្សែ (Wireless) រូបភាពស៊ិចនានាដែលផ្ទុយពីវិន័យព្រះសង្ឃផងមិនហាមប្រាម តែបែរជាហាមព្រះសង្ឃជួយឧបាសក ឧបាសិកា ដែលមានទុក្ខដោយសារគេរំលោភដីធ្លី និងអនុផលព្រៃឈើទៅវិញ។
ដូចដឹងហើយថា ព្រះសង្ឃរស់បានដោយសារឧបាសក ឧបាសិកាចំណុះជើងវត្តជួយឧបត្តម្ភតាមសទ្ធាជ្រះថា្លរៀងៗខ្លូន។ តែនៅពេលព្រះសង្ឃជួយស្រោចស្រង់ប្រជាពលរដ្ឋ បែរជាគណៈសង្ឃ និងអាជ្ញាធរហាមឃាត់ ពេលខ្លះផ្សឹក ឬក៏និរទេសចេញពីស្រុកទៅវិញ ឧទាហរណ៍ដូចជាការបង្រ្កាបលើការប្រឆាំងនឹងលទ្ធផលការបោះ ឆ្នោតកាលពីឆ្នាំ១៩៩៨ ជាដើម។ សកម្មភាពបែបនេះ ធ្វើឲ្យឧបាសក ឧបាសិកាមួយចំនួនរិះគន់ថា ថ្នាក់ដឹកនាំសង្ឃឥឡូវខុសពីមេដឹកនាំសង្ឃកាលជំនាន់មុនដូច ព្រះសង្ឃក្រឡា ហោមគង់ ហ៊ានតវ៉ាប្រឆាំងនឹងអាណានិគមបារាំង ដែលបារាំងចាប់ផ្សឹក និងសម្លាប់ដោយចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់។ ជាមួយគ្នានោះដែរ ព្រះសង្ឃ សឺន គុយ ក៏ធ្លាប់ដឹកនាំប្រឆាំងតវ៉ារឿងទឹកដីកម្ពុជាក្រោមដែលបារាំងកាត់ដីឲ្យវៀតណាម កាលពីឆ្នាំ១៩៤៩ ផងដែរ។
ឯថ្នាក់ដឹកនាំសង្ឃសព្វថ្ងៃនេះវិញ មិនបានបង្ហាញពីការដឹកនាំស្រាវជ្រាវចងក្រងឯកសារអក្សរ សាស្រ្ត និងពាក្យថ្មីៗឲ្យកូនខ្មែរប្រើទៅឲ្យទៅតាមនិយាមកម្មត្រឹម ត្រូវនោះទេ។ សូម្បីតែវច្ចនានុក្រមរបស់សម្តេចសង្ឃជួនណាត ពាក្យទាំងប៉ុន្មានគឺនៅតែប៉ុណ្ណឹងដដែល មិនបង្កើតពាក្យថ្មីៗបន្ថែមលើវច្ចនានុក្រមនេះឲ្យទៅតាមទំនើបកម្មសព្វថ្ងៃនេះទេ។ សូមកុំតូចចិត្ត ប្រសិនបើមានឧបាសក ឧបាសិកាណា ដែលគេដូរចិត្តទៅគោរព និងប្រតិបត្តិសាសនាផ្សេងគេសង្ឃឹមអាចជួយគេបាននោះ។
ខ្ញុំគិតថា គណៈសង្ឃគួរណាស់តែពិចារណាឲ្យបានល្អិតល្អន់ មុននឹងចេញបម្រាមអ្វីមួយថា តើចំណុចដែលផ្ទុយពីច្បាប់ និងវិន័យសង្ឃ។ សូមប្រាប់ផងថាសព្វថ្ងៃធ្វើបានអ្វីខ្លះ? ចំណែកឯរាជរដ្ឋាភិបាលវិញ ថាតើអាចដោះស្រាយវិបតិ្តដីធ្លី និងព្រៃឈើ ដែលរាស្រ្តនៅតែយំរាល់ថ្ងៃដោយសារភាពអយុត្តិធម៌ហ្នឹង តាមរយៈ យុទ្ធសាស្រ្តឈ្នះៗបានដែរឬទេ? ឥឡូវនេះរដូវបោះឆ្នោតជិតមកដល់ហើយ ដល់ពេលសែនព្រេនទៀតហើយ៕
សូមចូលរួមផ្តល់យោបល់តាមរយៈsoprach.tong@phnompenhpost.com