យោងតាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​នានា ទំនាក់ទំនង​កម្ពុជា និង​វៀតណាម​ហាក់បី​ដូចជា​មាន​ភាពល្អូកល្អិន និង​មិត្តភាព​ជា​ប្រពៃណី ដោយសារ​ទំនាក់ទំនង​ដ៏រឹងមាំ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ និង​រវាង​គណបក្ស​កាន់​អំណាច​។ ប៉ុន្តែ​នៅ​ពីក្រោយ​ខ្លឹមសារ​ដ៏ល្អ​ផូរផង់​ទាំងនោះ ការកើតឡើង​ជារឿយៗ​នូវ​ហេតុការណ៍​នានា​តាម​ព្រំដែន​ហាក់​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការមិន​ពេញចិត្ត ឬ​ការមិន​ទុកចិត្ត​ពី​សំណាក់​ភាគី​ទាំង​សងខាង​។

គួររំឭក​ដែរ​ថា នៅ​មុន​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​គេ​ចោទថា​ជា “​អាយ៉ង​របស់​ចិន​” ​ដូច​សព្វថ្ងៃ កម្ពុជា​ក៏​ធ្លាប់​បាន​គេ​លាប​ពណ៌​ថា​ជា “​អាយ៉ង​របស់​វៀតណាម​” ដែរ​។ គឺជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ប្រទេស​តូចតាច តែងតែ​ទទួលរង​ការចោទ​ប្រកាន់​ថា ជា​អាយ៉ង​របស់​ប្រទេស​មាន​អំណាច​ណាមួយ ឱ្យ​តែ​ប្រទេស​តូចតាច​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប្រទេស​មាន​អំណាច​។

ការចោទប្រកាន់​នោះ​ គឺ​ដើម្បី​រំលេច​អំពី​ភាពទន់ខ្សោយ​កង្វះ​ឯករាជភាព និង​អធិបតេយ្យ​របស់​ប្រទេស​តូចតាច​។ “​ទ្រឹស្តី​អាយ៉ង​” អាច​ត្រូវ​បាន​បង្កើតឡើង​តាមរយៈ​ការចោទប្រកាន់​ជាច្រើន​លើក​ច្រើនសា តាមរយៈ​សាធារណមតិ​​ជាតិ និង​អន្តរជាតិ​។

ជាក់ស្តែង នៅពេល​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​អះអាងថា ចិន​បាន​ពិចារណា​លើ​ប្រទេស​ ៥ នៅ​អាស៊ីអាគ្នេយ៍​រួមមាន​កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ និង​សិង្ហបុរី ដើម្បី​ដាក់​មូលដ្ឋាន​យោធា​របស់ខ្លួន ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន ISEAS-YusofI-shak របស់​សិង្ហបុរី​បាន​ទាញ​សេចក្តី​សន្និដ្ឋាន​យ៉ាង​សាមញ្ញា​ថា “​បំណង​ប្រាថ្នា​ក្នុង​ការទទួល​ឱ្យមាន​មូលដ្ឋាន​យោធា​ចិន​មាន​ទាប​ណាស់​ក្រៅតែពី​ករណី​កម្ពុជា​”​។

សម្រាប់​ប្រទេស​តូច​ដូចជា​កម្ពុជា ទោះបី​ខិតខំ​ពន្យល់​ប្រើ​ទឡ្ហីករណ៍​បែបណា​ក៏ដោយ ក៏​នៅ​តែ​អ្នកស្រាវជ្រាវ​តំបន់​ស្តាប់​មិន​ចូល​ដែរ​។ សម្រាប់​ពួកគេ ទោះបី​ជា​មាន​ការពន្យល់ និង​ការបដិសេធ​ជា​សាធារណៈ​របស់​នាយករដ្ឋមន្ត្រី​ផង រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​កម្ពុជា​ផង ជាច្រើន​លើក​ច្រើនសា​យ៉ាងណា​ក៏ដោយ ក៏​មិន​មាន​តម្លៃ ឬ​មាន​ទម្ងន់​ស្មើនឹង​ការបដិសេធ​តែម្តង​គត់​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ដែរ​។ ​នេះ​ហើយ​គឺជា​វិធីសាស្ត្រ ដើម្បី​និម្មិត “​ទ្រឹស្តី​អាយ៉ង​”​។

ទ្រឹស្តី​នេះ គេ​តែងតែ​យក​មក​ប្រើប្រាស់ ដើម្បី​បន្តុះបង្អាប់​កម្ពុជា គ្រាន់តែ​លើក​នេះ​គឺ​ប្តូរ​ពី​អាយ៉ង​វៀតណាម​ទៅ​ជា​អាយ៉ង​ចិន​។ នេះ​ប្រហែល​ជា​កត្តា​ចម្បង​មួយ​ដែល​នាំឱ្យ​មាន​គម្លាត​នៃ​ទំនុកចិត្ត​រវាង​កម្ពុជា និង​វៀតណាម​។ យ៉ាងណា​ក្តី​ការណ៍​នេះ​គឺ​អាច​មាន​ទស្សនៈ​បកស្រាយ​ខុសគ្នា​រៀងៗ​ខ្លួន​។

បើ​មើល​ពី​ទស្សនៈ​របស់​វៀតណាម កម្ពុជា​មិនគួរ​ឱ្យ​ទុកចិត្ត​ដោយសារ​តែ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ដែល​កំពុង​តែ​មាន​ការប្រជែង​ទាមទារ​ដែន​អធិបតេយ្យ​នៅក្នុង​តំបន់​សមុទ្រចិន​ខាងត្បូង​។ ទង្វើ​នេះ​ត្រូវ​បាន​វៀតណាម​ចាត់ទុក​ថា ជា​ការ “​មិនដឹង​គុណ​” ចំពោះ​ការបូជា​ជីវិត​របស់​វៀតណាម ដើម្បី​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ឬ​ការសង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ការរលាយ​សាបសូន្យ​នៃ​ជាតិសាសន៍​មួយ​។

បើ​មើល​ពី​ទស្សនៈ​កម្ពុជា ប្រវត្តិសាស្ត្រ​ឈ្លានពាន​រាប់​សតវត្សរ៍ បញ្ហា​រសើប​ព្រំដែន បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់ និង​កង្វះខាត​ឯករាជភាព ឬ “​ទ្រឹស្តី​អាយ៉ង​វៀតណាម​” គឺជា​កត្តា​ដែល​ពូន​ជ្រំ​នូវ​ការមិន​ទុក​ចិត្ត​ចំពោះ​វៀតណាម​។ កម្ពុជា​មាន​អារម្មណ៍​ថា ចាញ់​ប្រៀប​វៀតណាម​នៅពេល​ដែល​ពលីកម្ម​របស់​កម្ពុជា ចំពោះ​បុព្វហេតុ​ឯករាជ្យ និង​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម មិន​ទទួល​បាន​ការផ្តល់​តម្លៃ​ឱ្យ​មាន​ភាពប្រដំប្រសង​គ្នា​។

ករណី​ជាក់ស្តែង​គឺ​ការគាំទ្រ​របស់​កម្ពុជា​តាមរយៈ​ការអនុញ្ញាត​ឱ្យមាន "​ផ្លូវលំ​សីហនុ​" ដើម្បី​ដឹកជញ្ជូន​ស្បៀង និង​អាវុធ​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង ដែល​នាំឱ្យ​អាមេរិក​សម្រេច​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់ និង​របួស​យ៉ាងតិច​ ១ ​សែន​នាក់​។

នៅពេល​ដែល​កម្ពុជា​មាន​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ជាច្រើន​របស់​កម្ពុជា គេ​ពុំ​ឃើញ​មាន​ការសាងសង់​ស្តូប​អនុស្សាវរីយ៍​បែបនេះ​ឡើយ​នៅ​ប្រទេស​វៀតណាម ដើម្បី​ជា​ការរំឭក​គុណ​ដល់​ការបូជា​របស់​ប្រជាជន​ខ្មែរ​ក្នុង​បុព្វហេតុ​ឯករាជ្យ និង​បង្រួបបង្រួម​ជាតិ​វៀតណាម​។

សម្រាប់​គណបក្ស​ប្រឆាំង​បស់​កម្ពុជា “​ទ្រឹស្តី​អាយ៉ង​វៀតណាម​” នៅតែ​ជា​វិធីសាស្ត្រ​ដ៏មាន​ឥទ្ធិពល និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបញ្ឆេះ​ស្មារតី​ជាតិនិយម​។ ប្រធានបទ​ទាក់ទង​នឹង​ព្រំដែន​គឺ​ត្រូវបាន​ដឹងឮ​យ៉ាង​ទូលំទូលាយ​ពី​គ្រប់ភាគី​ទាំងអស់​ថា ជា​បញ្ហា​រសើប​ដ៏ជ្រាលជ្រៅ​មួយ​នៅក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ដូច្នេះ​ការកើតឡើង​ជារឿយៗ​នូវ​ហេតុការណ៍ និង​សកម្មភាព​ជា​ឯកតោភាគី​របស់​វៀតណាម​តាម​ព្រំដែន ធ្វើ​ឱ្យគេ​មាន​ចម្ងល់​ពី​គោលបំណង​របស់​វៀតណាម​ក្នុង​ការបង្កហេតុ​ទាំងនោះ​។

ទង្វើ​នេះ​អាច​ចាត់ទុក​ថា ជា​ការលូកដៃ​ចូល​ដោយ​ប្រយោល​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែល​អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៃ​មូលដ្ឋាន​អំណាច​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។ ការណ៍​នេះ​អាច​បង្ក​ជា​ចំណោទ​ដ៏ស្រួចស្រាល់​ចំពោះ “​ធម្មានុរូប​” របស់​គណបក្ស​កាន់អំណាច​នៅក្នុង​ក្រសែភ្នែក​អ្នកបោះឆ្នោត​កម្ពុជា ដែល​អាច​វាយតម្លៃ​ថា រាជរដ្ឋាភិបាល​មាន​ភាពទន់ជ្រាយ​ចំពោះ​ការការពារ​ព្រំដែន​។

ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព​ល្អប្រសើរ ប្រទេស​ទាំងពីរ​គួរ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការកសាង​ចំណង​ទាក់ទង​ដែល​ចងភ្ជាប់​មិត្តភាព និង​ការខិតខំ​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​ភាពជា​អ្នកជិតខាង​ល្អ​។

ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន យើង​អាច​និយាយ​បាន​ថា ប្រទេស​ទាំង​ ២ ​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំង​លើ​កេរមរតក​ពី​អតីតកាល​។ ពិតណាស់​ថា ចំណង​ទាក់ទង​អាច​កសាង​ដោយ​ផ្អែកលើ​មរតក​ពី​អតីតកាល ប៉ុន្តែ​ចំណង​នេះ​ក៏​អាច​កសាង​បាន​តាមរយៈ​ការវិនិយោគ​ទៅលើ​អនាគត​ដែរ តួយ៉ាង​ដូចជា ការពង្រឹង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន ការយល់​ និង​ស្គាល់គ្នា​ទៅវិញ​ទៅមក និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​។

ភាគី​ទាំង​សង​ខាង​មិនត្រូវ​ភ្លេច​ឡើយ​ថា សន្តិភាព និង​សង្គ្រាម​របស់​ប្រទេស​ទាំងសង​ខាង​គឺ​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​ឡើយ​។ សង្គ្រាម​វៀតណាម មិន​បាន​ឈប់​ទ្រឹង​នៅ​ព្រំដែន​វៀតណាម​នោះ​ទេ ហើយ​ការបំផ្លិច​បំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ក៏​មិនមែន​ឈប់​ត្រឹម​ព្រំដែន​កម្ពុជា​ដែរ​។ ប្រទេស​ទាំង ២ ​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​ក្នុង​ប្រទេស​ផង និង​ក្នុង​តំបន់​ផង​។

ការពង្រឹង​ការជឿ​ទុកចិត្ត​គ្នា​ទាមទារ​ពេលវេលា​យូរ ហើយ​ត្រូវការ​ការវិនិយោគ​ធនធាន​ច្រើន ប៉ុន្តែ​តម្លៃ​នៃ​ការវិនិយោគ​លើ​អនាគត​មាន​តម្លៃ​ទាប​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​ការខូចខាត​ដែល​បង្កឡើង​ដោយ​ជម្លោះ និង​អស្ថិរភាព​។

យើង​អាច​រៀនសូត្រ​ពី​កម្មវិធី​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​មកហើយ​នោះ​គឺ “​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ និង​ជប៉ុន (SSEAYP)” ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ប្រមូលផ្តុំ​យុវជន​ពី​តំបន់​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ទៅ​ធ្វើ​ដំណើរ​រួមគ្នា​លើ​នាវា​ក្នុង​រយៈកាល​កំណត់​មួយ ដើម្បី​បង្កើន​ការយល់ដឹង​ពី​គ្នា​ទៅវិញ​ទៅមក​។

ប្រហែល​កម្ពុជា និង​វៀតណាម​អាច​បង្កើតជា “​កម្មវិធី​នាវា​មិត្តភាព​យុវជន​មេគង្គ​” ​ដោយ​ប្រមូលផ្តុំ​យុវជន​ឱ្យ​ធ្វើ​ដំណើរ​តាម​នាវា​រួមគ្នា ចាប់ពី​ដីសន្ត​ទន្លេមេគង្គ​នៅ​វៀតណាម​រហូត​ដល់​ទន្លេសាប​នៅ​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​យុវជន​បើក​បេះដូង រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​នានា​តាំងពី​វប្បធម៌​របស់​ប្រទេស​រៀងៗ​ខ្លួន​រហូត​ដល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​តំបន់ ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ឥទ្ធិពល​អាក្រក់​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់​។​ល​។

ប្រទេស​ទាំង​ ២ អាច​ពិចារណា​បង្កើត​ផងដែរ​នូវ​សន្និសីទ​និស្សិត​កម្ពុជា-វៀតណាម​ដោយ​មើល​តាម​គំរូ​សន្និសីទ​និស្សិត​ជប៉ុន-អាមេរិក (JASC) ​ជាដើម​។ សន្និសីទ​នេះ​គឺជា​វេទិកា​ដឹកនាំ​ដោយ​និស្សិត​ដោយ​ប្រមូលផ្តុំ​និស្សិត​ពី​ប្រទេស​ទាំង​សងខាង ដែល​មាន​សាវតារ​ចម្រុះ​ទៅ​ប្រទេស​ម្ចាស់ផ្ទះ​ប្តូរ​វេន ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ផ្សេងៗ​ក៏​ដូចជា​ធ្វើ​ទស្សនកិច្ច​សិក្សា​។

ពិតណាស់ថា អាច​មាន​មធ្យោបាយ​ច្នៃប្រឌិត​ជាច្រើន ដើម្បី​សម្រេច​គោលបំណង​ក្នុង​ការបង្រួម​គម្លាត​នៃ​ទំនុកចិត្ត​រវាង​កម្ពុជា និង​វៀតណាម ប៉ុន្តែ​រាល់​សកម្មភាព​ទាំងឡាយ​ត្រូវ​ធានា​ឱ្យ​មាន​ការរឹតចំណង​រវាង​ប្រជាជន​គ្រប់​កម្រិត គ្រប់​ស្រទាប់ ដើម្បី​កសាង​ទំនុកចិត្ត និង​មិត្តភាព​ប្រកបដោយ​ចីរភាព​៕

ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)