The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ចិន​ និង​អាមេរិក​ មិនមែន​ជា​ទឹក​ និង​ប្រេង




ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ចិន​ និង​អាមេរិក​ មិនមែន​ជា​ទឹក​ និង​ប្រេង

Content image - Phnom Penh Post
លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនភីង ក្នុង​ជំនួប​នៅ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​។ រូបថត AFP

ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ចិន​ និង​អាមេរិក​ មិនមែន​ជា​ទឹក​ និង​ប្រេង

ខណៈ​ពេល​ដែល​ការប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​កើន​កម្តៅ ប្រទេស​កម្ពុជា​មិនអាច​កាត់បន្ថយ​សារៈសំខាន់​នៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ទាំង​ ២ ​បាន​ទេ បើ​ទោះបី​ជា​ទទួលរង​សម្ពាធ​ខ្លាំង​ឱ្យ​ធ្វើ​ដូច្នេះ​ក៏ដោយ​។ នេះ​មិន​ត្រឹមតែ​ដោយសារ​តែ​ការគោរព​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​លើ​គោលការណ៍​អព្យាក្រឹត​ និង​មិន​ចូលបក្ស​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​តែ​វា​ក៏​ដោយសារ​តែ​ផលប៉ះពាល់​ជាក់ស្តែង​ដែល​អាច​កើតមាន​ទៅលើ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ប្រសិន​បើ​កម្ពុជា​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង ឬ​វ៉ាស៊ីនតោន​។

ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ទោះ​ល្អ​ ឬ​អាក្រក់​ទាំង​ចិន និង​អាមេរិក​បាន​ដើរតួនាទី​យ៉ាង​ធំធេង​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ដូច្នេះ​សម្រាប់​ប្រទេស​ទាំង​ ២ ការផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​​កម្ពុជា​ក៏​មិនមែន​ជា​ជម្រើស​ដូចគ្នា​។ ប្រទេស​ទាំង​ ២ បាន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​​ការវិនិយោគ​គឺ​មិនមែន​សំដៅ​តែ​ទៅលើ​ទឹក​លុយ​នោះទេ​។

ម្យ៉ាងទៀត​ក៏​មិន​មាន​ន័យថា កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​គឺ​ដាក់​កម្រិត​តែ​ទៅលើ​វិស័យ​យោធា ឬ​ការចូលរួម​ក្នុង​ទស្សនវិស័យ​ដ៏ធំធេង​ណាមួយ​របស់​​មហាអំណាច​ដែល​គ្មាន​អ្វី​ឱ្យ​ប្រាកដប្រជា ទាំង​ខ្លឹមសារ និង​គម្រោង​ជាក់ស្តែង​នោះដែរ​។

នេះ​គឺជា​ការពិត​ដែល​កម្ពុជា​មិន​អាច​ធ្វើឱ្យ​ខូចខាត​ទំនាក់ទំនង​ជាមួយ​មហាអំណាច​ទាំង​ ២ ​បាន ហើយ​ក៏​ជា​ផលប្រយោជន៍​ជាតិ​របស់​កម្ពុជា​ក្នុង​ការខិតខំ​ស្វែងរក​ភាព​បំពេញបន្ថែម​នៃ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ទាំង​ ២ ​ផងដែរ​។

បើ​គិតពី​ជំហរ​នយោបាយ ទាំង​ចិន និង​អាមេរិក​តែងតែ​អះអាង​ថា ពួកគេ​គាំទ្រ​ឯករាជ្យ​ និង​ជម្រើស​អធិបតេយ្យ​របស់​កម្ពុជា​។ ​សំណួរ​នៅត្រង់​ថា តើ​និយមន័យ​ “​ឯករាជ្យ​របស់​កម្ពុជា​” ​ដែល​ចិន និង​អាមេរិក​និយាយ​ខុសគ្នា​ត្រង់ណា​? ​ប្រសិនបើ​ដូចគ្នា ប្រទេស​ទាំង​ ២ គួរតែ​ស្រណុក​កាយ ស្រណុកចិត្ត​នៅពេល​ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ទាំង​សង​ខាង ព្រោះ​នេះ​គឺជា​ការគោរព​លើ​សិទ្ធិ​សម្រេច ​និង​ផលប្រយោជន៍​ជាតិ​កម្ពុជា​។

ប្រសិន​បើ​មិនមាន​ន័យ​ដូចគ្នា​ទេនោះ បាន​ន័យ​ថា ការអះអាង​របស់​ពួកគេ​គឺ​បាន​តែ​និយាយ​គ្មាន​ខ្លឹមសារ​។

គឺជា​ការធម្មតា​ដែល​ប្រទេស​ទាំង​ ២ ​ចង់​បាន​អ្វីដែល​ល្អ​បំផុត​ពី​កម្ពុជា ប៉ុន្តែ​វា​ជា​ប្រការ​សមស្រប និង​យុត្តិធម៌​ផងដែរ ដែល​កម្ពុជា​ក៏​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​ពី​ពួកគេ​ដូចគ្នា​។ ជា​អកុសល​ការគោរព​លើ​សមភាព​អធិបតេយ្យ​មិនមែន​តែងតែ​ត្រូវ​បាន​អនុវត្ត​នោះទេ នៅក្នុង​នយោបាយ​អន្តរជាតិ​។

អសមភាព​អំណាច​បាន​សម្តែង​ចេញ​យ៉ាងច្បាស់​លាស់ ហើយ​ករណី​នេះ​មិនមែន​សំដៅ​តែ​លើ​ប្រទេស​ចិន និង​អាមេរិក​នោះទេ​។ ​ឧទាហរណ៍​ទូត​ប្រទេស​ខ្លះ តែងតែ​ទាមទារ​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​របស់​កម្ពុជា ប៉ុន្តែ​ផ្ទុយទៅវិញ ទូត​របស់​កម្ពុជា​មិន​ងាយ​នឹង​បាន​ជួប​មន្ត្រី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​ការបរទេស​របស់​ពួកគេ​ផង​។

បើ​គិតពី​ទស្សនៈ​សេដ្ឋកិច្ច​យើង​​អាច​មាន​ការងាយយល់​ជាង​ទៅ​​លើ​ចំណុច​ដែល​ថា​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន និង​អាមេរិក​មាន​ភាព​បំពេញ​បន្ថែម​គ្នា​ហើយ​មិនអាច​កាត់ផ្តាច់​គ្នា​បាន​។

ចិន​បាននិង​កំពុង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជាច្រើន​​ដល់​កម្ពុជា ដែល​បាន​ជួយ​ពង្រឹង​ភាព​តភ្ជាប់​នៃ​ដែនដី​របស់​កម្ពុជា និង​ពង្រឹង​ការតភ្ជាប់​ទីផ្សារ និង​ខ្សែចង្វាក់​ផលិតកម្ម​ក្នុងស្រុក​។ ចិន​បាននិង​កំពុង​តែ​វិនិយោគ​ជាច្រើន​លើ​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា​នេះ ក៏​ព្រោះ​ថា កម្ពុជា​បាន​ទទួល​ការអនុគ្រោះ​ពី​ទីផ្សារ​អាមេរិក​។ ​នៅពេល​ដែល​ចិន​បាន​វិនិយោគ​រាប់​ប៊ី​លាន​ដុល្លារ​នៅ​កម្ពុជា​ចំនួន​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​ទំនិញ​រាប់ប៊ីលាន​ដុល្លារ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​ដែរ​។ បានន័យថា បើ​កម្ពុជា​គ្មាន​ទីផ្សារ​របស់​អាមេរិក​ចិន​ក៏​មិន​មក​វិនិយោគ​ដែរ​។

មួយវិញទៀត បើ​កម្ពុជា​គ្មាន​សមត្ថភាព​ផលិត​ដែល​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ចិន ការផ្តល់​ភាពអនុគ្រោះ​ទីផ្សារ​របស់​អាមេរិក​គឺ​គ្មាន​ន័យ និង​ផលប្រយោជន៍​អ្វី​ឡើយ​សម្រាប់​កម្ពុជា​។

អាមេរិក​បាន​ទទួល​ផល​ពី​ទំនិញ​ធូរ​ថ្លៃ​ពី​កម្ពុជា ចិន​បាន​​ទទួលផល​ពី​ខ្សែចង្វាក់​ផលិតកម្ម និង​តម្លៃ រីឯ​កម្ពុជា​បាន​​ទទួលផល​ពី​ការបង្កើត​ការងារ ការបង្កើត​ចំណូល ការពង្រឹង​ស្តង់ដា​ការងារ សីលធម៌​ការងារ ការលើកស្ទួយ​សិទ្ធិ​កម្មករ​។​ល​។ នេះហើយ​គឺជា​ភាព​បំពេញបន្ថែម​ផ្នែក​សេដ្ឋកិច្ច​ដែល​ចំណេញ​សម្រាប់​គ្រប់ភាគី​។

បើ​គិតពី​ទស្សនៈ​យុទ្ធសាស្ត្រ​យោធា វា​មិនមែន​ជា​ផលប្រយោជន៍​កម្ពុជា​សោះឡើយ​ដែល​ខ្លួន​ត្រូវ​ក្លាយ​ជា​ដៃជើង​បម្រើ​ឱ្យ​យោធា​ប្រទេស​ដទៃ​។

ក្នុង​អតីតកាល​កម្ពុជា​បាន​ផ្តល់​ការគាំទ្រ​ដល់​វៀតណាម​តាមរយៈ​ “​ផ្លូវលំ​សីហនុ​” (Sihanouk Trail) ​ដែល​តភ្ជាប់​ “​ផ្លូវលំ​ហូជីមិញ​” ​នៅ​ភាគ​ខាងត្បូង​ប្រទេស​​ឡាវ​ដែលជា​ផ្លូវលំ​សម្ងាត់​សម្រាប់​​នាំ​អាវុធ​ស្បៀង​ពី​វៀតណាម​ខាងជើង​ទៅ​វៀតណាម​ខាងត្បូង ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងទ័ព​ប្រជាជន​វៀតណាម និង​រណសិរ្ស​រំដោះជាតិ (​វៀតកុង​) ​នៅក្នុង​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៧៥​។

ដោយសារតែ​មូលហេតុ​នេះ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ដូច​ក្រាល​ព្រំ​មកលើ​ទឹកដី​កម្ពុជា ចាប់ពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ​ដល់​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។ គេ​ប៉ាន់​ស្មានថា​អាមេរិក​ទម្លាក់​គ្រាប់បែក​លើទឹក​ដី​កម្ពុជា​ជាង​ ២ ​លាន​តោន​ធ្វើឱ្យ​ស្លាប់ និង​របួស​ប្រជាជន​ខ្មែរ​យ៉ាងតិច​ ១០ ​ម៉ឺន​នាក់ ហើយ​ប្រជាជន​ ២ ​លាន​នាក់​ទៀត​បាត់បង់​ទីជម្រក​។

បន្ថែម​លើ​ការរងគ្រោះ​ខាងលើ​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​វិនិច្ឆ័យ​ថា ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​លើ​ទឹកដី​កម្ពុជា គឺជា​កត្តា​មួយ​ដែល​ចូលរួម​ចំណែក​ដល់​ការងើប​ឡើង​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុលពត​។ ចាប់តាំងពី​ពេលនោះ​មក និម្មានបនកម្ម​សន្តិសុខ និង​ជញ្ជីង​តុល្យភាព​អំណាច​នៅ​​ក្នុង​តំបន់​ពុំ​មាន​អំណោយផល​ចំពោះ​សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា​នោះឡើយ​។ ៧០ ​ឆ្នាំ​ក្រោយ​សង្គ្រាមលោក​លើក​​ទី​ ២ ​កម្ពុជា​រងគ្រោះ​ដោយ​សង្គ្រាម​​ដោយ​តួអង្គ​តំណាង​ (proxy wars) ​និង​សង្គ្រាមស៊ីវិល​ជាង​ ៣០ ​ឆ្នាំ​។ តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​អាច​បំភ្លេច​ប្រវត្តិសាស្ត្រ​ដ៏សែន​ជូរចត់​នេះ​? តើ​សមហេតុផល​ទេ ដែល​កម្ពុជា​ចង់​ក្លាយ​ជា​តួអង្គ​សាជាថ្មី​ម្តងទៀត​ដូច​នៅក្នុង​សង្គ្រាម​ដោយ​តួអង្គ​តំណាង​កាលពី​អតីតកាល​?

ដើម្បី​បុព្វហេតុ​សន្តិសុខ​ជាតិ​គឺជា​រឿង​ធម្មតា​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​នឹង​បណ្តា​ប្រទេស​​ជា​មិត្ត​បូករួម​ទាំង​ចិន អាមេរិក​ និង​សមាជិក​អាស៊ាន​ជាដើម​។

កិច្ចសហប្រតិបត្តិការ​ទាំងនេះ​មិន​គួរ​ត្រូវបាន​គេ​សន្មត​ថា ជា​​ការបម្រើ​ឱ្យ​ការពង្រីក​ឥទ្ធិពល​យោធា​បរទេស​ ឬ​កសាង​សម្ព័ន្ធមិត្ត​នោះឡើយ​។

ទាក់ទង​នឹង​ការសង្ស័យ​លើ​មូលដ្ឋាន​យោធា​ចិន​នៅក្នុង​ទឹកដី​កម្ពុជា វា​ពិតជា​គ្មាន​ភាពចាំបាច់​ដែល​កម្ពុជា​ត្រូវធ្វើ​តម្រាប់​​តាម​ប្រទេស​ថៃ និង​សិង្ហបុរី​ដែល​បាន​ផ្តល់​មូលដ្ឋាន​យោធា​របស់​ខ្លួន​ឱ្យ​បរទេស​ប្រើប្រាស់​នោះទេ​។ ​បើ​ក្រឡេក​មើល​ទំនាក់ទំនង​មិនសូវ​មាន​ស្ថិរភាព​ជាមួយ​អាមេរិក កម្ពុជា​គ្មាន​ផលប្រយោជន៍​អ្វី​ក្នុង​ការបង្ក​ភាពរកាំចិត្ត​ណាមួយ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​នោះទេ ហើយ​បើ​មើល​លើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ថៃ និង​វៀតណាម​ដែល​កំពុង​តែ​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា​វា​ក៏​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​កម្ពុជា​ក្នុង​ការបង្ក​ការសង្ស័យ​ពី​ប្រទេស​ទាំង​ ២ ​ដែរ​។

ប្រសិន​បើ​វៀតណាម​ដែល​​ជា​ប្រទេស​កុម្មុយនីស្ត អាច​ធ្វើ​ពាណិជ្ជកម្ម​ជាង​ ១០០ ​ប៊ីលានដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ជាមួយ​ចិន ហើយ​អាច​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាមេរិក​ទៀត ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វីដែល​កម្ពុជា​មិន​អាច​ទាក់ទង​ចិន​ផង និង​អាមេរិក​ផង​ក្នុងពេល​តែមួយ​នោះទេ​។ ម្យ៉ាងទៀត​វៀតណាម​ក៏​គ្មាន​ផ្តល់​មូលដ្ឋាន​យោធា​របស់​ខ្លួន​ឱ្យ​បរទេស​ប្រើប្រាស់​ដែរ បើ​ទោះបី​ជា​ខ្លួន​មាន​ជម្លោះ​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ក៏ដោយ​។

នៅពេល​ដែល​កម្ពុជា​ត្រូវការ​​ធ្វើ​ពិពិធកម្ម​កិច្ចសហប្រតិបត្តិការ​យោធា ប្រទេស​ដៃគូ​ក៏​គួរ​តែ​យល់​ពី​ទស្សនៈ​របស់​កម្ពុជា ចំពោះ​ការគំរាមកំហែង​លើ​​សន្តិសុខ​ជាតិ​របស់​កម្ពុជា ដូចជា គ្រោះថ្នាក់​នៃ​ការជំរុញ​ការផ្លាស់ប្តូរ​របប ការរំលោភ​លើ​អធិបតេយ្យ និង​ការលូកដៃ​ចូល​នយោបាយ និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផងដែរ​។ ​បើ​មិន​ដូច្នេះ​ទេ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​មាន​ហានិភ័យ​ណាស់​ចំពោះ​កម្ពុជា​ដែល​នៅតែ​មាន​ដិតដាម​ប្រវត្តិសាស្ត្រ​សង្គ្រាម​នៅឡើយ​។

ទាំង​ចិន និង​អាមេរិក គួរតែ​គោរព​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការរក្សា​ឯករាជភាព​ និង​អធិបតេយ្យ​របស់​កម្ពុជា​។

ប្រទេស​ទាំង​ ២ គួរ​យល់ថា​ការខិតខំ​ការពារ​ផលប្រយោជន៍​ជាតិ​កម្ពុជា​ដោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំង​សងខាង​មិនមែន​ជា​ទោសទណ្ឌ​ដែល​ត្រូវ​ចាប់កំហុស​នោះឡើយ​។

ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​សុទ្ធតែ​ប្រាថ្នា​ចង់ឃើញ​ទំនាក់ទំនង​ប្រកប​ដោយ​ស្ថិរភាព​រវាង​ចិន និង​អាមេរិក ជំនួស​ឱ្យ​ការប្រឈមមុខ​ដូច​សព្វថ្ងៃ ដែល​បង្ក​ជាការ​កង្វល់​ដល់​ស្ថិរភាព​ និង​សន្តិសុខ​ក្នុង​តំបន់​។ ប្រទេស​​ជាច្រើន​នៅក្នុង​តំបន់​សុទ្ធតែ​មាន​ការជឿជាក់​ថា ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ចិន និង​​អាមេរិក​មិនមែន​ជា​ទឹក និង​ប្រេង​នោះ​ទេ​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

អត្ថបទគួរចាប់អារម្មណ៍