សព្វ​ថ្ងៃ​នេះ​មេផ្ទះ​ទូទៅ​មិន​ត្រឹម​តែ​ខ្វល់​ថា តើ​មាន​ប្រាក់​ឯណា ដើម្បី​ចំណាយ​លើ​ម្ហូប​អាហារ​ផ្គត់ផ្គង់​គ្រួសារ​ឡើយ លើស​ពី​នេះ​គឺ​ត្រូវ​ព្រួយ​ចិត្ដ​រឿង​មាន​សារជាតិ​គីមី​ច្រើន​លើសលប់​ក្នុង​បន្លែ​ត្រី​សាច់​ដែល​លក់​លើ​ទីផ្សារ​ថែម​ទៀត​។

ការ​រអ៊ូរទាំ​ពី​សំណាក់​ពលរដ្ឋ​គឺ​ទម្លាក់​បន្ទុក​ថា មកពី​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​បន្លែ​ផ្លែឈើ​ត្រី​សាច់​ពី​បរទេស​ដោយ​មិន​បាន​សិក្សា​ពី​សុវត្ថិភាព​ចំណី​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចូល​។ ចំណែកឯ​អ្នក​កាន់​ការងារ​ស្រុក​ទេស​វិញ​បាន​លើក​ថា​បញ្ហា​គឺ​មកពី​ពលរដ្ឋ​ទិញ​មិន​ចេះ​មើល​ខ្លួនឯង ក្នុង​ន័យ​ថា​ដឹង​ថា​មាន​គីមី​ហើយ​នៅ​តែ​ទិញ​​ខ្លួនឯង ម្ដេចក៏​មក​បន្ទោស​គេ​ទៅវិញ​? បន្លែ​ឥត​គីមី​ក៏​មាន​ម្ដេច​មិន​ទិញ​? ពហិការ​មិន​ទិញ​ទៅ​វា​ចប់​ហើយ​។

តើ​បើ​មិន​ចង់​ឲ្យ​មាន​បន្លែ​គីមី នាំ​គ្នា​ពហិការ​កុំ​ទិញ​វា​ពិត​ជា​ចប់​រឿង​មែន​ឬ​? ច្បាស់​ណាស់​ថា​កាលណា​គ្មាន​តម្រូវការ​នោះ​មុខ​ជា​គ្មាន​ការផ្គត់ផ្គង់​ឡើយ​។ ប៉ុន្ដែ​តើ​ពលរដ្ឋ​ក្រីក្រ​មាន​លទ្ធភាព​ពហិការ​ឈប់​ទិញ​បន្លែ​ត្រី​សាច់​ដែល​មាន​គីមី​មក​បរិភោគ​ប្រចាំ​ថ្ងៃ​បាន​ដែរ​ទេ​? ពេល​ដែល​គ្មាន​ប្រាក់​គ្រប់គ្រាន់ តើ​គ្នា​អាច​រើស​ថា ហូប​តែ​អាហារ​ដែល​មាន​គុណភាព​បាន​ទេ​? បើ​មិន​ទិញ​ទេ តើ​ពួកគេ​បាន​អ្វី​ហូប​? កម្មករ-កម្មការិនី​រោងចក្រ​ និង​និស្សិត​ដែល​មក​រស់នៅ​ទីក្រុង​ភាគច្រើន​អាច​ត្រឹម​ផ្គត់ផ្គង់​តម្រូវការ​មូលដ្ឋាន​ធម្មតាៗ​ឲ្យ​រស់ តើ​គេ​អាច​ឈាន​ដល់​ការគិត​ពី​សុវត្ថិភាព​ចំណី​អាហារ​ដោយ​របៀប​ណា​? ក្រៅពី​ជាតិ​គីមី​លើសលប់​ហើយ​នៅ​មិន​ទាន់​និយាយ​ដល់​ការខ្វះ​អនាម័យ​នៃ​ចំណីអាហារ​ដែល​លក់​មុខ​រោងចក្រ​ផង​។

ក្នុង​ស្ថានភាព​ប្រទេស​យើង​សព្វថ្ងៃ​មិន​ទាន់​អាច​ថា បិទ​​តម្រូវការ​ហើយ​ធ្វើឱ្យ​គ្មាន​ការ​ផ្គត់ផ្គង់​បាន​ទេ ព្រោះ​ថា​តម្រូវការ​អាហារ​ដែល​មាន​កម្រិត​ត្រឹម​រាល់​ថ្ងៃ​នេះ​នៅ​មាន​លើស​ពី​ពាក់កណ្ដាល​ប្រទេស​នៅ​ឡើយ​។ ហូប​មិន​គ្រប់ ហូប​របស់​គ្មាន​ជីវជាតិ ហូប​ចូល​ជាតិគីមី ហូប​ដោយ​មេរោគ​នានា ដែល​ទុំ​លើ​អាហារ​ចូល​ខ្លួន​ជា​អ្វី​ដែល​ងាយ​មើល​ឃើញ​បំផុត​លើ​ម្ហូបអាហារ​ពលរដ្ឋ​ក្រីក្រ​។ ថ្វី​ដ្បិត​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​ខ្វះ​ការយល់ដឹង​ពី​រឿង​សុវត្ថិភាព​ចំណី​អាហារ​ទើប​គេ​មិន​ប្រយ័ត្ន​ក្នុង​ការទិញ​ចំណីអាហារ តែ​ខ្លះ​បាន​ដឹង​ដែរ តែ​គ្នា​គ្មាន​លទ្ធភាព​ទិញ​អាហារ​ល្អ​។ អាហារ​គ្មាន​ជាតិគីមី ឬ​មាន​គីមី​ដែរ​តែ​មិន​ដល់​ថ្នាក់​ហួស​កម្រិត មាន​តម្លៃ​ថ្លៃ​ជាង​អាហារ​ដែល​មាន​ជាតិគីមី​លើស​កម្រិត​។

ភោជនីយដ្ឋាន​ខ្លះ​នាំចូល​បន្លែ​ល្អ​ពី​បរទេស​ដោយ​ខ្លួន​គេ ខ្លះ​បាន​ឲ្យ​កសិករ​នៃ​តំបន់​ណា​មួយ​ដាំ​ផ្គត់ផ្គង់​ហាង​របស់​គេ ដោយ​គេ​ផ្ដល់​ពូជ និង​បច្ចេកទេស​ដាំ ដោយ​ធានា​ថា​ការ​ដាំដុះ​នោះ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស តែ​អាហារ​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​។ នៅ​តាម​សហគមន៍​ខ្លះ​កសិករ​ដាំ​បន្លែ​ប្រើ​ជីធម្មជាតិ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ តែ​វា​ថ្លៃ​ជាង​បន្លែ​ធម្មតា​។ បើ​ចង់​ទិញ​បន្លែ​ល្អ​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព ត្រូវ​​ចំណាយ​ប្រាក់​លើស ២-៣ ដង​នៃ​បន្លែ​គីមី​។ ឧ.ស្ពៃក្ដោប​គីមី​តម្លៃ ៣-៤ ពាន់​រៀល​ក្នុង ១ ​គីឡូក្រាម ឯ​ស្ពៃក្ដោប​សរីរាង្គ នៅ​ហាង​បន្លែ​សហគមន៍​តម្លៃ​ពី ៨ ពាន់​ទៅ​ ១១០០០ រៀល​ក្នុង​ ១ ​គីឡូក្រាម​។ គ្រាន់តែ​ទិញ​ម្ហូប​ធម្មតា​សឹង​តែ​ខ្វះ​ប្រាក់​ទិញ​ទៅ​ហើយ​សួរថា តើ​គ្នា​មាន​លទ្ធភាព​ឯណា​ទិញ​បន្លែ​សរីរាង្គ​? មួយ​វិញ​ទៀត​ចំនួន​នៃ​ការផ្គត់ផ្គង់​បន្លែ​បែប​នោះ​នៅ​មាន​កម្រិត​ទាប​។

ក្រៅពី​បន្លែ​ផ្លែឈើ​ត្រី​សាច់​នាំចូល​ភាគច្រើន​ដែល​មាន​បញ្ហា​រឿង​ប្រើ​ជាតិគីមី លើសលប់​ហើយ​បែរ​មក​មើល​បន្លែ​ផ្លែឈើ​ដែល​ដាំ​ក្នុង​ស្រុក​វិញ​ភាគច្រើន​ក៏​ដាំ​ដោយ​ដាក់​គីមី​ដែរ​។ តែ​ដាក់​ខ្លះ​ក៏​ដាក់​ចុះ ព្រោះ​បញ្ហា​មិន​ជា​នៅ​ត្រង់​រឿង​ប្រើ​ជីគីមី​ទាំង​ស្រុង​នោះ​ទេ តែ​វា​នៅ​ត្រង់​គេ​ប្រើ​ជីគីមី​ឥត​របៀប​ខុស​បច្ចេកទេស​។ ភាគច្រើន​ដោយ​មិន​ចេះ​អាន​អក្សរ​ដែល​ខ្លះ​សរសេរ​ជា​ភាសាបរទេស​លើ​បាវ​ជីគីមី និង​ថ្នាំ​កសិករ​បាន​ដាក់​វា​លើស​កម្រិត និង​ប្រើ​មិន​ចំ​ពេលវេលា​ដែល​គួរប្រើ​គឺ​ប្រើ​ស្មានៗ តាម​គេ​ប្រាប់តៗ​គ្នា​។ ពេល​ខ្លះ​គេ​បាញ់​ថ្នាំ​មុន​ពេល​ប្រមូលផល​តែ​មួយ​ថ្ងៃ​ដើម្បី​បង្ខំ​ឲ្យ​វា​ធំ ដែល​វា​មាន​បន្សល់​នូវ​ជាតិគីមី​យ៉ាងច្រើន​លើ​បន្លែ​ផ្លែឈើ​ទាំង​នោះ​ពេល​យក​មក​លក់​។

ធ្ងន់​ជាង​នេះ​ទៀត​នោះ​គឺ​ក្រៅ​ពី​ជោកជាំ​ដោយ​គីមី​ពេល​ដាំ​ហើយ មុន​ពេល​វា​ចែកចាយ​ដល់​ទីផ្សារ​លក់រាយ បន្លែ​ផ្លែឈើ​ទាំង​នោះ​រួម​ទាំង​បន្លែ​ផ្លែឈើ​នាំចូល​ត្រូវ​បាន​គេ​បន្ថែម​ជាតិគីមី ដើម្បី​រក្សា​វា​ទុក​ឲ្យ​បាន​យូរ​ថែម​ទៀត​។ បើ​ប្រើ​គីមី​ដែល​គេ​ប្រើ​លើ​ម្ហូបអាហារ​ខុស​បច្ចេកទេស វា​ជា​រឿង​មួយ​តែ​នេះ​គេ​ប្រើ​ជីអ៊ុយរ៉េ និង​ហ្វ័រម៉ុល​ជាដើម​មក​ដាក់​លើ​អាហារ​ទៅ​វិញ​។ អ្នក​លក់​អាហារ​ត្រូវ​មាន​ការយល់ដឹង​ពី​បញ្ហា​នេះ​ថា ការប្រើ​គីមី ដើម្បី​ឲ្យ​អាហារ​បន្លែ​ផ្លែឈើ​ទុក​បាន​យូរ និង​មាន​សោភណភាព​ដូច​ដែល​យើង​កំពុង​តែ​ប្រើ​យ៉ាង​ឥត​របៀប​ដូច​សព្វថ្ងៃ​នេះ​ជា​ទម្រង់​មួយ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ឃាតករ​ឈាម​ត្រជាក់​ដែល​បាន​សម្លាប់​អ្នក​បរិភោគ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។

អ្នក​លក់​ត្រសក់​ដាក់​ថ្នាំ​លើ​ត្រសក់​របស់​គេ ហើយ​គេ​មិន​ហូប​ត្រសក់​នោះ​ទេ​។ អ្នកលក់​ស្ពៃ​ដាក់​ថ្នាំ​លើ​ស្ពៃ​របស់​គេ ហើយ​គេ​មិន​ហូប​ស្ពៃ​នោះ​ទេ​តែ​គេ​ត្រូវការ​ហូប​ត្រសក់ ឯ​អ្នក​លក់​អង្ករ មិន​ហូប​អង្ករ​មិន​ល្អ​ដែល​គេ​លក់​ឡើយ​គឺ​គេ​មាន​អង្ករ​ដោយ​ឡែក​សម្រាប់​គ្រួសារ​គេ​ហូប តែ​គេ​មិន​អាច​ចៀស​រួច​ពី​ទិញ​បន្លែ​ផ្លែឈើ​ត្រី​សាច់​ដែល​ពេញ​ទៅ​ដោយ​ជាតិ​គីមី​មក​ហូប​ឡើយ​។

តើ​មិន​គួរ​ឲ្យ​ខ្លាច និង​ខ្ពើមរអើម​ទេ​ឬ​ដែល​សូម្បី​តែ​សត្វ​រុយ​ក៏​លែង​មក​ទំ​លើ​ប្រហុក​ផ្អក ត្រីងៀត​ត្រីឆ្អើរ​ដែល​ដាក់​លក់​កណ្ដាល​វាល​លើ​ទីផ្សារ​ឯ​មនុស្ស​បែរ​ជា​នាំ​គ្នា​ទៅ​ទិញ​របស់​បែប​នោះ​មក​ហូប​? ការរកស៊ី​បែប​នេះ​ដូច​យើង​សម្លាប់​គ្នា​ទៅវិញ​ទៅមក​ដោយ​ប្រយោល​ពេញ​ប្រទេស​អ៊ីចឹង​។

មក​ទល់​ពេល​នេះ​អ្នក​កាន់​ការងារ​ប្រទេស​ដូច​លែង​បដិសេធ​ថា លើ​ទីផ្សារ​ម្ហូប​អាហារ​ក្នុង​ប្រទេស​យើង​គ្មាន​សារជាតិគីមី​លើសលប់​ទៀត​ហើយ​ផ្ទុយ​ទៅ​វិញ​គឺ​គាត់​បាន​ទទួល​ស្គាល់​ថា​ចំណីអាហារ​សម្បូរ​ដោយ​ជាតិ​គីមី​។ ក្នុង​ន័យ​ត្រឹមត្រូវ រដ្ឋាភិបាល​មាន​នាទី​ផ្ដល់​សេវាសាធារណៈ មាន​នាទី​មើល​សុខទុក្ខ​ពលរដ្ឋ​។ បើ​ដឹង​ថា​លើ​ទីផ្សារ​សុទ្ធតែ​អាហារ​ដែល​ពោរពេញ​ទៅ​ដោយ​ជាតិគីមី​លើស​កម្រិត​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ពលរដ្ឋ សួរ​ថា​តើ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ណា​? បើ​ថា​ពលរដ្ឋ​ជា​អ្នក​ខុស​ដែល​ទិញ​អាហារ​មាន​ជាតិគីមី​មក​បរិភោគ អ៊ីចឹង​តើ​រដ្ឋាភិបាល​គ្មាន​ការទទួល​ខុសត្រូវ​ចំពោះ​កំហុស​របស់​ពលរដ្ឋ​ដែល​មិន​ចេះ​គិតពី​សុខភាព​ទេ​ឬ​? បើ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​មាន​ប្រាក់​ទិញ​បន្លែ​ល្អ ហើយ​លើ​ទីផ្សារ​មាន​បន្លែ​ល្អ​លក់ តែ​ពួកគាត់​នៅ​តែ​បន្ដ​ទិញ​បន្លែ​គីមី​នោះ​សម​នឹង​បន្ទោស​ខ្លះ​ ប៉ុន្ដែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ ខ្វះ​លទ្ធភាព​។ តើ​នរណា​ដែល​ថា​ចូលចិត្ដ​ហូប​មាន់​ ៣ ​សាសន៍​ដែល​សាច់​វា​ផុយ​គ្មាន​ជាតិ​ជៅ ហូប​ហើយ​ដូច​ហូប​ជាតិពុល​ចូល​ខ្លួន ហើយ​មិន​ចូលចិត្ដ​ហូប​មាន់​ស្រែ ដែល​មាន​ឱជារស​ឆ្ងាញ់​? តែ​មកពី​គ្មាន​ប្រាក់​ទិញ​របស់​ល្អ​។

ដូច្នេះ​តើ​ការបន្ទោស​លើ​ពលរដ្ឋ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ​? ជាជាង​បន្ទោស​​ពលរដ្ឋ ករណីយកិច្ច​របស់​អ្នក​មាន​សមត្ថកិច្ច​ក្នុង​រដ្ឋ គួរ​តែ​ពិនិត្យ​មើល​ថា តើ​ខ្លួន​មាន​វិធានការ​ពិតប្រាកដ ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​ជូន​ពលរដ្ឋ​ហើយ​ឬ​នៅ​?​តើ​មាន​បាន​អនុវត្ដ​តាម​គោលការណ៍​នៃ​ការ​នាំ​ចូល​​ចំណី​អាហារ​ហើយ​ឬ​នៅ​? តើ​ក្រសួង​ពាក់ព័ន្ធ​មាន​បាន​ពន្យល់​ណែនាំ​ពលរដ្ឋ ឲ្យ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ​គ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ​? ហើយ​តើ​កម្រិត​ជីវភាព​ពលរដ្ឋ​លើស​ពី​ពាក់កណ្ដាល​ប្រទេស ធូរធារ​ក្នុង​កម្រិត​ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​ជ្រើសរើស​ម្ហូបអាហារ​មាន​​គុណភាព​ហូប​ហើយ​ឬ​នៅ​?

ចាំ​ដល់​ពេលណា​រដ្ឋាភិបាល​បាន​ដុតដៃ​ដុតជើង​ធ្វើ​កិច្ចការ​ទាំង​នេះ​រួច​ហើយ​តែ​ពលរដ្ឋ​នៅ​តែ​ទិញ​បន្លែ​គីមី​នោះ​ចាំ​បន្ទោស តែ​បើ​ដោះស្រាយ​មិន​ចេញ មិនមែន​តែ​រឿង​នេះ​ឬ​រឿង​ដទៃ​នោះ​ទេ គួរ​តែ​នៅ​ស្ងៀម​ល្អ​ជាង​មក​ឌឺដង​ដាក់​ពលរដ្ឋ ព្រោះ​វា​មាន​តែ​បន្ថែម​កំហឹង​ពលរដ្ឋ​ឱ្យ​ប្រតិកម្ម​ត្រឡប់​វិញ​ប៉ុណ្ណោះ​។ តើ​មិនមែន​ជា​ការ​ប្រមាថ​អ្នកក្រ​ទេ​ឬ ដែល​មាន​ការលើកឡើង​ថា​ខ្លួន​មិន​បាន​ហាម​មិន​ឲ្យ​ទិញ​អាហារ​ល្អ​ឯណា តែ​មក​ពី​មិន​ទិញ​ខ្លួន​ឯង​?

តើ​មាន​អ្នក​ដែល​ចង់​ហូប​​ប្រហិត​សាច់គោ​ណា​ម្នាក់​ដែល​មិន​ចង់​ហូប​ប្រហិត​សាច់គោ​​សុទ្ធ​គ្មាន​គីមី​? តែ​វា​ថ្លៃ​ប្រហែល ១០ ម៉ឺន​ក្នុង​ ១ ​គីឡូក្រាម​។ គ្មាន​នរណា​ម្នាក់​ដែល​ស្រមៃ​ចង់​ហូប​ប្រហិត​សាច់គោ​តម្លៃ​ ៣ ​ម៉ឺន​ក្នុង ១ គីឡូ​ដែល​លាយ​ម្សៅ​ហើយ​មិន​ដឹង​ជា​ធ្វើ​ពី​សាច់​អី ហើយ​គេ​ដាក់​ហ្វ័រម៉ុល​ដែល​ពេទ្យ​ទុក​សម្រាប់​ចាក់​រក្សា​សាកសព កុំ​ឲ្យ​ស្អុយ​រលួយ​មក​ដាក់​ឲ្យ​ប្រហិត​នោះ​ស្វិត មិន​ស្អុយ​ហើយ​អាច​ទុក​បាន​យូរ​មក​ហូប​ឡើយ​។ មួយ​វិញ​ទៀត​ពេល​ខ្លះ​មាន​ប្រាក់​ទិញ​ហើយ​ក៏​មិន​ដឹង​ថា តើ​គួរតែ​ទៅ​ទិញ​ម្ហូបអាហារ​ដែល​គួរ​ឲ្យ​ទុកចិត្ដ​នៅ​ជិត​ផ្ទះ​នៅ​ទី​ណា​បាន​ថែម​ទៀត​។

ការយល់​ដឹង​រឿង​សុខភាព​ចំណីអាហារ​មិនមែន​គួរ​ត្រូវ​យល់ដឹង​តែ​អ្នក​ហូប​ទេ តែ​គឺ​ទាំង​អ្នកដាំ អ្នកលក់ អ្នកមើល​ការខុសត្រូវ​ប្រទេស​គឺ​គួរតែ​យល់​ដឹង​ទាំងអស់​មិនមែន​ម្នាក់ៗ​មើល​តែ​សុខទុក្ខ​កូនចៅ​ខ្លួន ឯ​កូនចៅ​អ្នកស្រុក​ចង់​ស្លាប់​ឯណា​ក៏​ស្លាប់​ទៅ​នោះ​ទេ​។ ត្រង់​ចំណុច​នេះ ពលរដ្ឋ​មិន​គួរ​ដេក​ចាំតែ​បន្ទោស​គេ​ថា មិន​គិត​ដល់​សុខភាព​នោះ​ទេ​។ បើ​គេ​នៅ​តែ​មិន​សូវ​អើពើ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ទូទៅ​ដូច​គេ​បារម្ភ​គិត​ពី​សុខទុក្ខ​កូនចៅ​ក្នុង​ក្រុមគ្រួសារ​គេ សួរ​ថា តើ​យើង​គិត​នៅ​ដេក​ចាំ​កើត​មហារីក​ស្លាប់​គ្រប់​គ្នា​នៅត្រង់​ហ្នឹង​ទៅ​ឬ​? រឿង​នេះ​ត្រូវការ​ការចូលរួម​ដោយ​ការយល់​ដឹង​ពី​សំណាក់​ពលរដ្ឋ​គ្រប់​រូប​ព្រោះ​បើ​រឿង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​សោះ​យើង​មិន​ទាំង​ចេះ​គិតគូរ​ផង តើ​ទៅ​រំពឹង​អី​ឲ្យ​គេ​មក​ឈឺក្បាល​​វិលមុខ​ជាមួយ​យើង​ទៅ​?

ជាទូទៅ​ស្ដ្រី​មេផ្ទះ​មិន​សូវ​ខ្វល់​រឿង​នយោបាយ​ទេ​គឺ​គិត​តែ​រឿង​ចង្ក្រាន​ឆ្នាំង តែ​តើ​អ្នក​ធ្លាប់​បាន​ឮ​មន្ដ្រី​រដ្ឋាភិបាល​បាន​ហៅ​អ្នក​ដែល​ចង់​បំបាត់​រឿង​បន្លែ​គ្មាន​គីមី​ឲ្យ​បង្កើត​ជា​បក្សនយោបាយ​ហើយ​ដាក់​គោលនយោបាយ​ដោះស្រាយ​រឿង​នេះ​ដែរ​ទេ​? នេះ​ជា​ការ​ទទួល​ស្គាល់​ដោយ​ខ្លួន​គេ​ថា​រឿង​នយោបាយ​ជាប់​ពាក់ព័ន្ធ​នឹង​ឆ្នាំងបាយ​ពលរដ្ឋ​ដែល​កាលពី​មុន​គេ​ថា នរណា​ធ្វើ​អី​ធ្វើ​នោះ​ទៅ​កុំ​ខ្វល់​ពី​រឿង​នយោបាយ​។ គេ​បដិសេធ​មិន​បាន​ទេ​ថា ពលរដ្ឋ​គ្រប់​រូប​ទោះ​មាន​នាទី​អ្វី​គឺ​សុទ្ធ​តែ​រង​ឥទ្ធិពល​ពី​រឿង​​នយោបាយ​គ្រាន់​តែ​ខ្លះ​ដោយ​ផ្ទាល់ ខ្លះ​ដោយ​ប្រយោល​ប៉ុណ្ណោះ​។ សួរថា​តើ​អាហារ​មួយ​ម៉ាត់​ណា​ដែល​អ្នក​លេប​ចូល​ពោះ ដោយ​មិន​មាន​រង​ឥទ្ធិពល​នយោបាយ​? ស្ដ្រី​មេផ្ទះ​ទាំងឡាយ​គួរ​ចាប់​អារម្មណ៍​រឿង​នេះ​ហើយ​គួរតែ​ដឹង​ផង​ទៅ​ថា រឿង​នយោបាយ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នឹង​ឆ្នាំង​បាយ​នៃ​គ្រួសារ​នីមួយៗ​។ បើ​កាល​ណា​យើង​រើស​អ្នក​រៀបចំ​ស្រុកទេស​មិន​បាន​ល្អ​ទេ​នោះ​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​ជាទូទៅ​ក៏​មាន​បញ្ហា​ដែរ​។ អ្នក​ដែល​ធ្លាប់តែ​គិត​ថា រឿង​នយោបាយ​ទុក​ឲ្យ​អ្នក​នយោបាយ​គិត ឯ​ពលរដ្ឋ​កុំ​បាច់​ខ្វល់​គិត គួរ​តែ​ពិចារណា​ឡើង​វិញ​ថា រឿង​ចង្ក្រាន​បាយ​ជា​រឿង​សុខភាព​​ពលរដ្ឋ​ទូទាំង​ប្រទេស​។ អាហារ​ក្នុង​ឆ្នាំងបាយ​ពលរដ្ឋ​មាន​បរិបូរណ៍ និង​មាន​គុណភាព​យ៉ាងណាៗ​គឺ​កំណត់​ដោយ​រឿង​​នយោបាយ​។ ប៉ុន្ដែ​បើ​អ្នក​គិត​ថា​ឆ្នាំងបាយ​ផ្ទះ​អ្នក​គ្រប់ និង​មាន​គុណភាព​ហើយៗ​អ្នក​មិន​ខ្វល់​រវល់​ពី​គុណភាព​អាហារ​ក្នុង​ឆ្នាំងបាយ​ផ្ទះ​ពលរដ្ឋ​ដទៃ​ជាទូទៅ​ដែល​កំពុង​តែ​ខ្វះខាត​ទេ ខ្ញុំ​អាច​ហៅ​អ្នក​ថា ជា​មនុស្ស​អាត្មានិយម​ដោយ​មិន​រអា​មាត់​សោះ​ឡើយ​។

ជាតិ​មួយ​ស្លាប់​ឬ​រស់​ព្រោះ​រឿង​នយោបាយ​។ បើ​កាលណា​ពលរដ្ឋ​មាន​ការ​យល់​ដឹង ចេះ​គិត​ត្រិះរិះ​ពិចារណា​វិភាគ​ហេតុ និង​ផល​ពលរដ្ឋ​មាន​មនោសញ្ចេតនា​ពូជសាសន៍​រួម​លែង​មើល​សុខទុក្ខ​ជន​រួម​ឈាម​នឹង​ភ្នែក នោះ​ទើប​យើង​អាច​ឈាន​ទៅ​ជ្រើសរើស​អ្នក​ចាត់ចែង​ស្រុកទេស​ដែល​មាន​បេះដូង ស្រឡាញ់​ជន​រួម​ឈាម និង​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ទទួល​ខុសត្រូវ​ផ្នែក​មនសិការ​បាន​។ ជារួម​ថ្ងៃ​ណា​ដែល​ពលរដ្ឋ​ទូទៅ​មាន​ការ​យល់ដឹង​ថា រឿង​នយោបាយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នឹង​ឆ្នាំងបាយ​ពលរដ្ឋ​មួយ​ប្រទេស​ថ្ងៃ​នោះ​អ្នក​នយោបាយ​មុខ​ជា​ដូរ​ឥរិយាបថ​នយោបាយ ងាក​មក​គិត​ខ្លាំង​ពី​សុខទុក្ខ​ពលរដ្ឋ​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ម្ចាស់​ឆ្នោត​ជាក់​ជា​មិនខាន​៕

ប៉ាង វ៉ាន់ថោន

អ៊ីមែលៈ vanthownpang@yahoo.com