
សកម្មភាពលក់ផ្កាសម្រាប់ស្វាគមន៍ថ្ងៃទិវានៃក្ដីស្រឡាញ់ ( ១៤ កុម្ភៈ)។ ហុង មិនា
ថ្ងៃនេះខ្ញុំជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យផ្នែកសុខភាពសាធារណៈមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនមិត្តអ្នកអាននូវរបាយការណ៍មួយថ្មីឆ្នាំ ២០១៩ ដែលខ្ញុំបានសិក្សាស្រាវជ្រាវ ពិនិត្យតាមដាន និងវាយតម្លៃយ៉ាងជាប់លាប់នូវឥរិយាបថរបស់យុវវ័យចំពោះសេចក្តីស្រឡាញ់និងទំនាក់ទំនងផ្លូវភេទនៅថ្ងៃនៃក្តីស្រឡាញ់នៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
នៅឆ្នាំ ២០០៨ ខ្ញុំបានសិក្សាស្រាវជ្រាវតាមបែបគុណភាពវិស័យឥរិយាបថយុវវ័យនៅថ្ងៃនៃក្តីស្រឡាញ់ បន្ទាប់មកទៀតខ្ញុំយកលទ្ធផលដែលបានមកពីការសិក្សាពីគុណភាពវិស័យមករៀបចំធ្វើតាមបែបបរិមាណវិស័យវិញម្តងនៅឆ្នាំ ២០០៩។ រៀងរាល់ ៥ ឆ្នាំ ខ្ញុំតែងសិក្សាស្រាវជ្រាវតាមដានដូចជានៅឆ្នាំ ២០១៤ និងនៅឆ្នាំ ២០១៩ នេះ បន្ទាប់ពីដាក់ចេញនូវយុទ្ធនាការអប់រំយុវជនពីមជ្ឈដ្ឋានជាច្រើនពីថ្ងៃនៃក្តីស្រឡាញ់ ១០ ឆ្នាំក្រោយមក។
ជាងនេះទៅទៀត កាលពីឆ្នាំ ២០១៦ ខ្ញុំបានចុះសង្កេតផ្ទាល់នៅទីកន្លែងដែលយុវជនចូលចិត្តទៅលេងជុំគ្នាដោយខ្ញុំប្រើវិធីសាស្ត្រ (Peer Ethnographic Method) សម្រេចចិត្តទៅស្នាក់នៅផ្ទះសំណាក់ដែលយុវជនបានកំណត់យកជាកន្លែងនាំសង្សារឬក៏មិត្តស្រីថ្មីជួបគ្នានៅចំថ្ងៃនៃក្តីស្រឡាញ់។ កាលពីឆ្នាំទៅ ខ្ញុំបានទៅទស្សនកិច្ចសិក្សាផ្ទាល់ខ្លួននៅទីក្រុងបាងកកនាថ្ងៃនៃក្តីស្រឡាញ់នេះ ដើម្បីបានស្វែងយល់ថាយុវជនថៃគេមានឥរិយាបថដូចម្តេចដែរនៅថ្ងៃនោះ។
តើមានអ្វីខ្លះដែលបានផ្លាស់ប្តូរឥរិយាបថរបស់យុវវ័យនៅថ្ងៃនៃក្តីស្រឡាញ់ក្នុងរយៈពេល ១០ ឆ្នាំ ក្រោយមក?
តាមរយៈលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ចំពោះឥរិយាបថយុវវ័យដែលមានទ្រព្យសម្បតិ្តបង្គួរ មានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ រស់នៅរាជធានីភ្នំពេញ។នៅថ្ងៃនៃក្តីស្រឡាញ់និងទំនាក់ទំនងផ្លូវភេទបានបង្ហាញលទ្ធផលពីការស្រាវជ្រាវលើយុវវ័យសរុបចំនួន ១ ១៧៦ នាក់ ក្នុងនោះមានប្រុសចំនួន ៥០២ នាក់ (៤២,៧%) និងស្រីចំនួន ៦៧៤ នាក់ (៥៧,៣% )។
លទ្ធផលបានពីការស្រាវជ្រាវក្នុងឆ្នាំ ២០១៩ នេះ បានបង្ហាញពីការប្រៀបធៀបជាមួយនឹងឆ្នាំ ២០០៩ ដោយរកឃើញថាយុវវ័យមានការចាប់អារម្មណ៍តិចជាងមុនជិតពាក់កណ្តាលចំពោះថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះថា ជាថ្ងៃពិសេសមួយ (២០០៩: ៦១,២% ទល់នឹង ២០១៩: ៣៣,៨%) ជាពិសេសក្នុងចំណោមយុវវ័យដែលមានគូសង្សារ (២០០៩: ៨១% ទល់នឹង ២០១៩: ៤២,៥%)។
តាមលទ្ធផល ភាគច្រើននៃពួកគេមានផែនការចេញក្រៅដើរលេងនៅថ្ងៃនៃក្តីស្រឡាញ់ដូចធម្មតា ប៉ុន្តែមានការផ្លាស់ប្តូរគោលដៅដែលត្រូវទៅដោយកាលពីមុនធ្លាប់ទៅលេងនៅទីកន្លែងដូចជា ទៅច្រៀងខារ៉ាអូខេ ទៅតំបន់កម្សាន្តបាក់ខែង កៀនស្វាយ កោះដាច់ និងចូលផ្ទះ សំណាក់ ឬក៏សណ្ឋាគារ។
រីឯនិន្នាការបច្ចុប្បន្ន ពួកគេបែរជានាំគ្នាទៅលេងនៅផ្សារទំនើប និងទៅមើលកុន ហើយនេះជាការលើកឡើងរបស់ពួកគេចំនួន (៤៤%) នៃយុវវ័យដែលបានផ្តល់សម្ភាសន៍សរុប។កន្លែងទីតាំងថ្មីទាំង ២ នេះគឺមានលក្ខណវិជ្ជមានដោយបញ្ចេញនូវក្តីស្រឡាញ់ និងបែបរ៉ូមេនទិកដែលមានលក្ខណៈស្រើបស្រាលលើផ្នែកផ្លូវភេទតិចជាងមុន។
ដោយឡែកការទិញវត្ថុអនុស្សាវរីយ៍ (កាដូ) ជូនគ្នាទៅវិញទៅមកក៏មានការធ្លាក់ចុះជាង ២ ភាគ ៣ ផងដែរ (២០០៩: ៥៦,៣% ទល់នឹង ២០១៩: ២១,៦%) ជាពិសេសការជូនផ្កាគ្នាតែម្តងដែលមានការធ្លាក់ចុះច្រើនជាងគេ។ ប៉ុន្តែនិន្នាការយុវវ័យដែលមានគូគឺមានការកើនឡើងនូវការទិញវត្ថុជាកាដូក្នុងតម្លៃថ្លៃៗ ដូចជា ខោអាវ តុក្កតា និងគ្រឿងអលង្ការឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេទៅវិញ។ ប៉ុន្តែវាមិនមានការផ្លាស់ប្តូរពីការសិក្សាស្រាវជ្រាវលើកមុនទេ ចំពោះយុវវ័យដែលធ្វើសកម្មភាពរ៉ូមេនទិក ដូចជា ញ៉ាំបាយថ្ងៃត្រង់ និងអាហារពេលល្ងាច និងទៅក្លិបកម្សាន្តនានា នៅថ្ងៃទិវានៃក្តីស្រឡាញ់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យដែលអាចនឹងធ្វើសកម្មភាពបែបនេះនៅថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះបានធ្លាក់ចុះជាងពាក់កណ្តាល បើប្រៀបធៀបនឹងការសិក្សាកាលពី ១០ ឆ្នាំមុន (២០០៩: ១២,៤% ទល់នឹង ២០១៩:៥,៤%)។
ការមានបំណងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់នេះ មានទំនាក់ទំនងគ្នាយ៉ាងជាក់លាក់គឺការដែលនិយមចាត់ទុកថ្ងៃនៃក្តីស្រឡាញ់នេះថាជាថ្ងៃពិសេសសម្រាប់យុវវ័យ ប៉ុន្តែរហូតមកទល់ពេលនេះនិន្នាការនោះក៏បានធ្លាក់ចុះជាងពាក់កណ្តាលផងដែរ បើប្រៀបធៀបជាមួយនឹងការសិក្សាស្រាវជ្រាវកាលពី ១០ ឆ្នាំមុន (ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩)។
នៅក្នុងក្រុមនេះ ភាគរយនៃយុវវ័យមានគូដែលមិនមានផែនការប្រើប្រាស់ស្រោមអនាម័យបានកើនឡើង ២ ដង ( ២០០៩:១៥,៦% ទល់នឹង ២០១៩: ៣៧,៥%)។ ផែនការនៃការរួមភេទលើកទី ១ ដូចគ្នានឹងលើកមុនដែរ (ប្រហែលជា ៥០%) នៃចំនួនសរុបយុវវ័យដែលមានបំណងរួមភេទ n=៦៤ នៃឆ្នាំ ២០១៩។
សមាមាត្រនៃយុវវ័យជាបុរសដែលមានបំណងរួមភេទដោយមិនមានការយល់ព្រមពីមិត្តស្រីឬក៏មិត្តស្រីថ្មីរបស់ពួកគេមិនយល់ស្របមានការធ្លាក់ចុះ (២០០៩:១៧ នាក់នៃចំនួនសរុប ២៥ នាក់ទល់នឹង ២០១៩:១២ នាក់នៃចំនួនសរុប ៤០ នាក់)។
ក៏ប៉ុន្តែមានជាង ៥០ ភាគរយនៃយុវវ័យប្រុស (n=៤០) ដែលរំពឹងទុកថានឹងអាចរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់ បានលើកឡើងថា ពួកគេមានបំណងទិញរបស់មានតម្លៃដើម្បីដាក់សម្ពាធទៅមិត្តស្រីឬក៏ដៃគូរបស់ពួកគេដើម្បីបានរួមភេទជាមួយគ្នា។
ទោះជាយ៉ាងណាក៏ដោយ នៅមានកម្រិតទាបនៅឡើយចំពោះចំណេះដឹងរបស់ឪពុកម្តាយទាក់ទងនឹងការទូន្មានកូនៗនៅថ្ងៃនៃក្តីស្រឡាញ់ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរបំណងរបស់ពួកគេ (កូន) ដោយលទ្ធផលមានប្រែប្រួលតិចតួចប៉ុណ្ណោះក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។ របកគំហើញនេះធ្វើឲ្យមានការពញ្ញាក់ស្មារតីយុវវ័យឲ្យប្រើស្រោមអនាម័យមានកម្រិតទាបនៅឡើយហើយក៏មិនទាន់មានចំណេះដឹងទូលំទូលាយផងដែរ ទាក់ទិននឹងសិទ្ធិក្នុងការរួមភេទ។
ហេតុដូច្នេះហើយ បទអន្តរាគមន៍ គួរតែផ្តោតលើការអប់រំទូទៅចំពោះសិទ្ធិក្នុងការរួមភេទជាមួយនរណាម្នាក់និងការប្រើប្រាស់ស្រោមអនាម័យ ជាពិសេសគឺការផ្សព្វផ្សាយឲ្យបានមុនថ្ងៃនៃក្តីស្រឡាញ់។
-ការបង្កើនចំណេះដឹងជុំវិញបញ្ហានៅថ្ងៃនៃក្តីស្រឡាញ់និងការអប់រំសុខភាពផ្លូវភេទទូទៅ រួមមាន ការយល់ដឹងពីការរួមភេទ និងសុវត្ថិភាពផ្លូវភេទ។
-បន្តកម្មវិធីសុខភាពបន្តពូជនិងអេដស៍ក្នុងចំណោមយុវវ័យក្រុមគោលដៅមុននិងចំថ្ងៃនៃក្តីស្រឡាញ់តាមរយៈលទ្ធផលនៃការសិក្សានេះនៅទីតាំងរាជធានី ដោយផ្ដោតតាមវិទ្យាល័យ និងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។
សូមទាញយករបាយការណ៍ឆ្នាំ ២០១៩ នេះ តាមរយៈ https://soprach.com៕
ចូលរួមផ្តល់យោបល់តាមរយៈ
soprach.tong@phnompenhpost.com