កាលពី​ដើមឡើយ មិន​ថា​នៅ​ស្រុក​ខ្មែរ​ ឬ​នៅ​ប្រទេស​នានា​ក្នុង​លោក​នោះទេ គឺ​តែង​និយម​ប្រើប្រាស់​ធ្យូង​។ តាមពិត​ទៅ​ធ្យូង​នៅតែ​ជា​តម្រូវការ​ចាំបាច់​ទាំង​ការ​ចម្អិន​អាហារ​ក្តី ឬ​ក៏​ស្ងោរ​សម្ភារ​បរិក្ខារ​ក្តី​ដើម្បី​ធ្វើ​ឲ្យ​ម្ហូបអាហារ​មាន​ឱជារស​ឈ្ងុយឆ្ងាញ់ ជាពិសេស​ការចម្អិន​សាច់​អាំង​ (Barbecue) ​តែម្តង​។ ​

ប៉ុន្តែ​ការផលិត​ធ្យូង​ដោយ​ខុស​បច្ចេកទេស​ផ្ទុយ​នឹង​ស្តង់ដា​ដែល​ធ្វើ​ឲ្យ​បំពុល​បរិយាកាស​ខ្លាំង បែរជា​ត្រូវបាន​ហាមឃាត់​ដោយ​អនុក្រឹត្យ​ស្តីពី​ការត្រួត​ពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សំឡេង​ទៅវិញ​។

អ៊ីចឹង​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​បញ្ជាក់​ឲ្យ​សមត្ថិកច្ច​បានដឹងថា​ធ្យូង​ណា​ត្រូវបាន​អនុញ្ញាត​ (​ធ្យូង​អនាម័យ​ ឬ​ធ្យូង​ព្រៃសម្បទាន​សហគមន៍​) ​និង​ប្រភេទ​មួយណា​ជា​ធ្យូង​ខុស​ច្បាប់ ?

មកទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រើប្រាស់​ធ្យូង​ជា​មធ្យោបាយ​ចម្អិន​អាហារ​គឺ​ ៧ ​ភាគរយ​នៃ​ប្រជាជន​សរុប​។ នេះ​បើតាម​រយៈ​ការសង្កេត​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​ក្នុង​​ឆ្នាំ​ ២០១៧ (NIS, 2018)​។ របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា​ក្នុង​ ១ ​ឆ្នាំ​តម្រូវការ​ដើមឈើ​មក​ចូល​ឡ​ច្នៃ​ធ្វើ​ធ្យូង​មាន​ជាង​ ១,៦ ​លាន​តោន​ហើយ​បាន​បំភាយ​ឧស្ម័ន​កាបូនិច​ (CO2) ​ទៅក្នុង​បរិយាកាស​ក៏​មាន​ដល់​ទៅ​ ៣ ​លាន​តោន (tCO2e) ​ផងដែរ​។

ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​គិតគូរ​ពី​រឿង​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ គឺ​ការធ្វើ​អាជីវកម្ម​ធ្យូង និង​ដឹកជញ្ជូន​ធ្យូង​បែរជា​​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ទៅវិញ ប្រសិន​បើ​ការផលិត​ និង​ការប្រើប្រាស់​ធ្យូង​នោះ​មាន​ការបញ្ចេញ​ឧស្ម័ន​លើសលប់ ផ្ទុយ​នឹង​កម្រិត​ស្តង់ដា​នៃ​ការបំពុល​​បរិយាកាស​។ ​

ចំណុច​ដែល​មាន​ចែង​នៅក្នុង​អនុក្រឹត្យ​ចេញ​កាលពី​ឆ្នាំ​ ២០០០ ​នោះ​ធ្វើឲ្យ​សមត្ថកិច្ច​ចាប់ផ្តើម​បង្ក្រាប​បទល្មើស​ផលិត​ធ្យូង​ដោយ​ឡ​ដុត​អុស​បញ្ចេញ​ឧស្ម័ន​កាបូនិច​ (CO2) ​ច្រើនៗ​តាមរយៈ​ការ​ប្រើ​ឡ​ដុត​បែប​បុរាណ​មិនត្រូវ​តាម​បច្ចេកទេស ហើយ​សូម្បី​ដឹក​មក​លក់​នៅ​ក្រៅ​ខេត្ត​ក៏ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដែរ​។

ករណី​ដុត​ឡធ្យូង​បែប​បុរាណ​ដូច​ដែល​បានធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ ហើយ​នាំមក​ចែកចាយ​ច្រើន​​ជាងគេ​នៅក្នុង​ទីផ្សារ គឺ​អ្នក​ធ្វើ​ធ្យូង​តែង​ដើរ​កាប់​ឈើ​នៅតាម​តំបន់​ព្រៃ​បាន​ប៉ុនណា យកប៉ុណ្ណឹង ដោយ​មិន​គិតពី​ឈើ​ប្រណីត​ ឬ​ក៏​ឈើ​ធម្មតា​នោះទេ​ពោល​គឺ​គ្មាន​ប្រភព​ច្បាស់លាស់​។

ក៏ប៉ុន្តែ​ការចាប់​ផាក​ពិន័យ​របស់​សមត្ថកិច្ច​រឿង​នាំ​ធ្យូង​ចេញពី​ខេត្ត​ផ្សេងៗ​មក​លក់​នោះ ពេលខ្លះ​ចាប់​ដោយ​ទាំង​ធ្យូង​អនាម័យ​ ឬ​ក៏​ធ្យូង​ដែល​ផលិត​ដោយ​ឡធ្យូង​ (Ushimura) របស់​សហគមន៍​ព្រៃឈើ​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួចហើយ​ក៏​មាន​ដែរ ជាពិសេស​ធ្យូង​អនាម័យ​មកពី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ដោយ​សមត្ថកិច្ច​លើក​ហេតុ​ថា គ្មាន​លិខិត​អនុញ្ញាត​​ឲ្យ​ដឹក​ធ្យូង​ឆ្លងកាត់​មក​លក់​នៅ​ភ្នំពេញ​ជាដើម​។ ​នេះ​គឺជា​បញ្ហា ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​​ចប់​ចុង​ចប់​ដើម​នៅ​ឡើយ​ចំពោះ​លិខិត​ស្នាម​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​បញ្ជាក់​ពី​ភាពស្រប​ច្បាប់​របស់​ធ្យូង​អនាម័យ និង​ធ្យូង​ផលិត​បាន​ពី​ព្រៃ​សហគមន៍​។

​ធ្យូង​អនាម័យ​ នៅ​កម្ពុជា​បច្ចុប្បន្ន។ ភ្នំពេញ ប៉ុសិ៍្ត

កន្លងមក​មាន​ការត្អូញត្អែរ​ពី​សហគមន៍​ទទួលផល​ពី​អនុផល​ព្រៃឈើ​មក​ធ្វើ​ធ្យូង​ជុំវិញ​ករណី​ផាកពិន័យ​លើ​ការដឹកជញ្ជូន​ទំនិញ​ធ្យូង​ប្រភេទ​នេះ​មករក​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​ដឹង​ថា តើ​មកពី​សមត្ថកិច្ច​មិនមាន​សមត្ថភាព​មើល​គុណភាព​ធ្យូង​ ឬ​មួយ​ក៏​ក្រសួង​បរិស្ថាន​មិនទាន់​បាន​ចេញ​លិខិត​អនុញ្ញាត​​ឲ្យ​មាន​ចរន្ត​ទៅលើ​ទីផ្សារ​នៃ​ប្រភេទ​ធ្យូង​មាន​គុណភាព​ខ្ពស់​ដែល​ប៉ះពាល់​បរិស្ថាន​តិចតួច​ដូច​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ ?

ក្នុង​គោលបំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​ទៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ (Greenhouse gas) ​ដែល​ស៊ី​ស្រទាប់​អូហ្សូន​ (O3) ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ GeresCambodia ​តាំងពី​ឆ្នាំ​ ២០១៥ ដោយបាន​រៀបចំ​គម្រោង​សកម្មភាព​ជាតិ​កាត់បន្ថយ​សមស្រប​​ (NAMA) ​ដូចជា ការផលិត​ធ្យូង​អនាម័យ និង​ឧស្ម័ន​ហ្គាស​ (Biomass) ​ដែល​បំប្លែង​ចេញ​មកពី​លាមក​សត្វ​សម្រាប់​ធ្វើ​ចំហេះ​ចម្អិន​អាហារ​ជាដើម និង​បាន​វិនិយោគ​ផលិតផល​បែបនេះ​ជាមួយ​ក្រុមហ៊ុន​ឯកជន សហគមន៍​ព្រៃឈើ ​និង​អង្គ​ការដែល​ធ្វើ​ជំនួញ​ដើម្បី​សុខុមាលភាព​សង្គម​។

កន្លងមក​គម្រោង​នេះ​បាន​អនុវត្ត​សាកល្បង​ចំនួន​ ៤ ​ខេត្ត​រួច​មក​ហើយ គឺ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​តែ​ ២ ​ខេត្ត​ប៉ុណ្ណោះ​គឺ​ខេត្ត​ពោធិ៍សាត់​ និង​កំពង់ឆ្នាំង​។ ដោយសារ​តែ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដែល​រារាំង​ដល់​ការផលិត​ធ្យូង​ប្រភេទ​​អនាម័យ​នេះ​ដូចជា ការរក​ទីផ្សារ​នៅ​រាជធានី​បាន​ហើយ តែ​លំបាក​ដឹកជញ្ជូន​ចូល​មក​ក្នុង​ទីក្រុង​ដោយ​សមត្ថកិច្ច​យោង​ទៅ​លើ​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ ដោយសារ​តែ​ធ្យូង​ជា​ប្រភេទ​ត្រូវ​ហាមឃាត់​នៅ​​ក្នុង​ច្បាប់​នេះ បើ​ទោះបី​ជា​ធ្យូង​អនាម័យ​ត្រូវបាន​ផលិត​ដោយ​ឡ​ទំនើប​ឈ្មោះ Ushimura ដោយ​យក​ម៉ូដែល​ពី​ប្រទេស​ជប៉ុន​ដែល​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូនិច និង​គុណភាព និង​បរិមាណ​នៃ​ការផលិត​ក៏បាន​ច្រើន​ជាង​ឡធ្យូង​បុរាណ​ក៏ដោយ​។

ជាក់ស្តែង​តាមរយៈ​របាយការណ៍​របស់​អង្គការ Geres Cambodia ​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​បាន​ប្រៀបធៀប​ប្រសិទ្ធភាព​រវាង​ឡធ្យូង​បុរាណ​ និង​ឡធ្យូង Ushimura តាម​បច្ចេកទេស​របស់​អង្គការ​នេះ​គឺ​ឡធ្យូង​អនាម័យ ផលិត​ចំហេះ​មាន​គុណភាព​ខ្ពស់ ការបំភាយ​ឧស្ម័ន​កាបូនិច​តិច ការប្រើប្រាស់​ឈើ​អុស​ក៏​តិច និង​ជីវភាព​រស់នៅ​​របស់​អ្នក​ផលិត​ធ្យូង​អនាម័យ​ក៏​បាន​ប្រសើរ​ជាង​អ្នក​ផលិត​ធ្យូង​ដោយ​ប្រើឡ​បុរាណ​ដែរ​។

សម្រាប់​បរិមាណ​វិញ​មាន​ន័យ​ថា ឡធ្យូង​អនាម័យ​អាច​ផលិត​បាន​ធ្យូង​អនាម័យ​ ១ ​តោន​ ក្នុង​ ១ ​ខែ​ គឺ​សន្សំសំចៃ​ឈើ​អុស​បាន​ដល់​ទៅ​ ៤០ ​ភាគរយ​។ ជាង​នេះ​​ទៀត បើ​តាម​បទពិសោធ​ពី​អ្នកជំនាញ​បច្ចេកទេស​អនុវត្ត​ផ្ទាល់​ក៏​បាន​ចែករំលែក​តាមរយៈ​ឧទាហរណ៍​ងាយ​យល់​ផងដែរ​ថា បើ​ចង់បាន​ធ្យូង​ធម្មតា​ ១ ​គីឡូក្រាម​ គឺ​ប្រើ​ឈើ​អុស​ ៦ ​គីឡូក្រាម​ ដាក់​ទៅក្នុង​ឡធ្យូង​បុរាណ​ ប៉ុន្តែ​បើ​ចង់បាន​ធ្យូង​អនាម័យ​ ១ ​គីឡួក្រាម ​គឺ​ប្រើ​អុស​តែ​ ៤ ​គីឡូក្រាម​ប៉ុណ្ណោះ​ដាក់​ចូល​ក្នុង​ឡធ្យូង Ushimaura នោះ។ ចំណែក​ចំហេះ​ឧស្ម័ន​កាបូនិច​ដែល​បំភាយ​ទៅ​ជា​ឧស្ម័ន​ផ្ទះកញ្ចក់​ក៏​តិច​ជាង​ឡធ្យូង​បុរាណ​ដល់​ទៅ​ ៣០ ​ភាគរយ​ដែរ​។

រីឯ​អង្គការ​ធ្យូង​បៃតង​ខ្មែរ​ (KGC) ​ដែល​ផលិត​ធ្យូង​អនាម័យ​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​គឺ​ត្រូវ​បានដាក់​ដំណើរការ​នៅលើ​ទីផ្សារ​បាន​ល្អ ហើយ​ការផលិត​មិន​បាន​ប្រើ​ព្រៃឈើ​ទេ​គឺ​បាន​មកពី​ការ​បំប្លែង​ពី​កាកសំណល់​រឹង ដូចជា សម្បក​ដូង សម្បក​ត្នោត កាក​អំពៅ ជារួម​គឺ​កាកសំណល់​សំរាម​សរីរាង្គ​ជាដើម​។ ​អង្គការ​ដែល​ជា​ប្រភេទ​ធ្វើ​ជំនួញ​នេះ​បាន​លក់​ធ្យូង​​អនាម័យ​ក្នុង​ ១ ​ឆ្នាំៗ​ដល់​អតិថិជន​ដល់​ទៅ​ ៦ ៥០០ ​នាក់ រីឯ​ថវិកា​លក់​បាន​គឺ​សម្រាប់​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ជួយ​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ និង​កូនៗ​របស់​ពួកគេ​ឲ្យ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន (KGC, 2019)​។

ផ្អែកលើ​មូលដ្ឋាន​ជា​វិជ្ជមាន​នៃ​ការផលិត​ធ្យូង​អនាម័យ​តាមរយៈ​ព្រៃ​សហគមន៍​ក្តី តាមរយៈ​សំរាម​សរីរាង្គ​ក្តី គឺ​ដើម្បី​ឆ្លើយតប​នឹង​បច្ចុប្បន្នភាព​នៃ​តម្រូវការ​ធ្យូង​អនាម័យ​នៅ​តាម​ទីផ្សារ​ជាក់ស្តែង​ផង និង​ការកែប្រែ​គុណភាព​ជីវិត​របស់​ពលរដ្ឋ​ដែល​ជា​សមាជិក​ព្រៃ​សហគមន៍​ក្នុង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ ​

ដើម្បី​ធ្វើឲ្យ​អស់​មន្ទិល​ពី​បញ្ហា​ធ្យូង​ខុសច្បាប់ និង​ត្រូវ​ច្បាប់​រាជរដ្ឋាភិបាល​គួរ​ចេញ​លិខិត​បទដ្ឋាន​ណែនាំ​ស្តីពី​ករណី​លើកលែង​ចំពោះ​ធ្យូង​អនាម័យ​ដែល​​បំភាយ​ឧស្ម័ន​កាបូនិច​ទៅ​បំពុលបរិយាកាស​តិចតួច​ជាង​ការបំភាយ​ចេញពី​ធ្យូង​ប្រើឡ​បុរាណ​ដូច​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់​នេះ​។

​ប្រសិនបើ​មានការ​បញ្ជាក់​ច្បាស់​នឹង​ធ្វើឲ្យ​សមត្ថកិច្ច​អាច​បែងចែក​បាន​រវាង​ធ្យូង​ចេញពី​ឡ​បុរាណ និង​ធ្យូង​អនាម័យ​ដែល​ចេញ​ពី​ឡធ្យូង​អនាម័យ​ក្រោម​ការគ្រប់គ្រង​ពី​សហគមន៍​ព្រៃឈើ​ដោយ​មាន​ការកាប់​ព្រៃឈើ​តាម​ស្តង់ដា​បច្ចេកទេស​ដោយ​យក​តែ​ឈើ​មិនមាន​គុណភាព និង​កម្ទេចកម្ទី​ឈើ​ដែល​សល់​យកមក​ធ្វើ​ធ្យូង​អនាម័យ​នេះ​។ ​

បញ្ហា​នេះ​គួរ​ធ្វើឲ្យ​បាន​ដូច​ការលើកលែង​ចំពោះ​ធ្យូងថ្ម​ដែល​ស្ថាប័ន​ច្បាប់​បាន​អនុម័ត​ឲ្យ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រើ​ធ្យូងថ្ម ខណៈ​រាជរដ្ឋាភិបាល​ក៏​បាន​អនុម័ត​លើក​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ថ្មី​ផងដែរ បើទោះ​ជា​ដឹងថា ធ្យូងថ្ម​ជា​ប្រភេទ​សារធាតុពុល​ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​ស្តីពី​ការត្រួត​ពិនិត្យ​ការបំពុល​ខ្យល់​ដែរ​ក៏ដោយ​។

ការពិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នេះ​ក៏​បំភាយ​ឧស្ម័ន​ពុល​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​បាន​អនុវត្ត​ទៅ​តាម​បច្ចេកទេស​ថ្មី​ក្នុង​ការដុត​ធ្យូងថ្ម​នេះ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ដែល​បញ្ហា​នេះ​ក៏​គួរ​មាន​ការលើកលែង​ចំពោះ​ករណី​ធ្យូង​អនាម័យ​ផងដែរ ៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com