The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ទាំងអស់​គ្នា

ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ទាំងអស់​គ្នា

Content image - Phnom Penh Post
ដោយ William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ហេង ជីវ័ន

ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ទាំងអស់​គ្នា

តាំងពី​ការ​មក​បំពេញ​ការងារ​របស់​ខ្ញុំ​នៅ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ចុងទសវត្សរ៍​ឆ្នាំ​ ១៩៩០ ខ្ញុំ​មាន​ការ​ជឿជាក់​ថា ប្រទេស​កម្ពុជា​មាន​ធនធាន​ចាំបាច់​សម្រាប់​ក្លាយ​ជា​ប្រទេស​ខ្លាំង​ខាង​សេដ្ឋកិច្ច​ដូច​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ឬ​ថៃ​។ តែ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា ធនធាន​ទាំងនោះ​ដែល​មាន​ដូចជា​កម្លាំង​ពលកម្ម​នៅ​វ័យក្មេង ទីតាំង​ជា​យុទ្ធសាស្ត្រ ភាព​សម្បូរ​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម​វាយនភណ្ឌ​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ត្រូវការ​ការតម្រែតម្រង់ និង​ការជួយ​ឧបត្ថម្ភ ដើម្បី​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​អាច​សម្រេច​សក្តានុពល​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​បាន​។

ចំណុច​ផ្តោត​សំខាន់​ធំ​ជាង​គេ​របស់​ខ្ញុំ​នៅ​កម្ពុជា​គឺ​ត្រូវ​រក​មើល​វិស័យ​ដែល​អាច​ចម្រុងចម្រើន ដោយ​មាន​ការជួយ​ពី​បណ្តាញ​នានា ក្រុមហ៊ុន និង​អ្នកឯកទេស​ពី​សហរដ្ឋអាមេរិក​។ ខ្ញុំ​មាន​មោទនភាព​ខ្លាំង និង​និយាយ​ថា​ធ្វើការ​ជាមួយ​យុវជន និង​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​ឯកជន ព្រម​ទាំង​ជាមួយ​រដ្ឋាភិបាល យើង​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​នៅ​ក្នុង​ការ​ទ្រទ្រង់​ការផ្លាស់ប្តូរ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។

នៅ​ឆ្នាំ​ ២០១៦ យើង​បាន​ធ្វើឲ្យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ព្រម​ពង្រីក​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការនាំ​ទំនិញ​ចូលក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក ដោយ​គ្មាន​ការបង់​ពន្ធគយ ដោយ​បញ្ចូល​បន្ថែម​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ គឺ​មាន​កាបូបស្ពាយ វ៉ាលិស និង​ផលិតផល​ដូចគ្នា​នេះ​។ ដោយ​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ស្ថានទូត​អាមេរិក​បាន​រៀបចំ​ការដើរ​ផ្សព្វផ្សាយ​នៅ​ហុងកុង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ផលិតករ​នៅ​ទី​នោះ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

លទ្ធផល​បាន​មក​មាន​ច្រើន​។ ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​របស់​កម្ពុជា​ដែល​នាំ​ទៅ​កាន់​សហរដ្ឋអាមេរិក​មាន​ការ​កើនឡើង​ពី​ ៤៨ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៥ ទៅ​ជាង​ ២០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧ ហើយ​អាច​នឹង​កើន​ឡើង​ដល់​តម្លៃ​ ៥០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​។ ការវិនិយោគ​បរទេស​លើ​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​មាន​សម្ទុះ​កើនឡើង​ដោយ​បាន​បង្កើត​ការងារ​ថ្មី​សម្រាប់​កម្មករ​រាប់ពាន់​នាក់​។

ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​កិច្ចសហប្រតិបត្តិការ​រឹងមាំ​ជាមួយ​រដ្ឋាភិបាល និង​អំណាច​នៃ​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​បាន​ជួយ​បង្កើត​ឧស្សាហកម្ម​ដំបូង​បន្ទាប់ពី​វាយនភណ្ឌ​របស់​កម្ពុជា​។

យើង​បាន​ខិតខំ​ធ្វើការ​ផងដែរ​ដើម្បី​លើក​កម្ពស់​មុខមាត់​នៃ​ឧស្សាហកម្ម​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដ៏តូច​តែ​មាន​ការវិវឌ្ឍ​ទៅ​មុខ​ខ្លាំង​របស់​កម្ពុជា​។ យើង​បាន​នាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ដែល​ចាប់ផ្តើម​រកស៊ី​លើ​ផ្នែក​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក បញ្ជូន​អ្នកដឹកនាំ​កម្ពុជា​ដែល​ឈាន​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​រៀនសូត្រ​ពី​អ្នក​ជំនាញ​នៅ Silicon Valley ហើយ​បាន​ជួយ​បញ្ចូល​ក្រុមហ៊ុន​ក្នុង​ស្រុក​នៅ​កម្ពុជា​ឲ្យ​ចូលរួម​ផ្នែក​បច្ចេកវិទ្យា​សំខាន់ៗ​នៅ​អាស៊ីអាគ្នេយ៍​។ ជា​លទ្ធផល ក្រុមហ៊ុន​បច្ចេកវិទ្យា​កកើត​ថ្មី​របស់​កម្ពុជា​លែង​ជា​រឿង​សម្ងាត់​ដែល​ត្រូវ​បាន​លាក់ជិត​ទៀត​ហើយ នៅ​អាស៊ីអាគ្នេយ៍​។

ឧស្សាហកម្ម​នេះ​កំពុង​ដើរ​ទៅ​មុខ​ដែល​ជា​ការ​ផ្តល់ឱកាស​កាន់តែ​ច្រើន​សម្រាប់​យុវជន ហើយ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កាន់តែ​ទូលំទូលាយ​។

ប្រទេស​កម្ពុជា​មាន​វិស័យ​កសិកម្ម​ធំ​ទូលាយ ហើយ​ត្រូវការ​បច្ចេកវិទ្យា​បន្ថែម​។ បេសកកម្ម​ពាណិជ្ជកម្ម​ដែល​បាន​មក​កម្ពុជា​កាលពី​ខែ​កញ្ញា​បាន​នាំ​ក្រុមហ៊ុន​ល្បីៗ​ក្នុង​ផ្នែក​កសិកម្ម​របស់​សហរដ្ឋអាមេរិក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ភ្នំពេញ​ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា ក្រុមហ៊ុន ADM, Cargill, John Deere, 3M ជាដើម​។

បេសកកម្ម​នេះ​បាន​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ទាំងនោះ ជាមួយ​នឹង​ក្រុមហ៊ុន​នាំមុខ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​បាន​បញ្ជាក់​ពី​ការប្រែប្រួល​វិជ្ជមាន ដែល​កំពុង​មាន​នៅក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា​។ តាមរយៈ​ការណែនាំ​សេវា និង​ផលិតផល​ថ្នាក់​ពិភពលោក​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក​ដល់​ទីផ្សារ​កសិកម្ម​កម្ពុជា យើង​សង្ឃឹម​ថា​ផលិតភាព និង​ទិន្នផល​នឹង​មាន​កំណើន​កើនឡើង ហើយ​ប្រទេស​កម្ពុជា​នឹង​មាន​ភាពជឿនលឿន​ច្រើន​នៅ​ក្នុង​ការកែច្នៃ​ផ្នែក​កសិកម្ម ហើយ​ការវិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​នឹង​មាន​ការកើនឡើង​។

សហគ្រិន​ស្ត្រី​ដ៏អង់អាច​របស់​ប្រទេស​កម្ពុជា​គឺ​ពិតជា​ប្រភព​ធនធាន​ដ៏មាន​អំណាច និង​សក្តានុពល​នៃ​ការអភិវឌ្ឍ ហើយ​ស្ថានទូត​បាន​ធ្វើការ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការជួយ​គាំទ្រ​ពួកគេ​។

កាលពី​ឆ្នាំ​មុន យើង​បាន​ឧបត្ថម្ភ​គណៈប្រតិភូ​មួយ​ក្រុម​ជា​ស្ត្រី ដើម្បី​ឲ្យ​ចូលរួម​កម្មវិធី​កិច្ចប្រជុំ​កំពូល​សហគ្រិនភាព​ជា​សកល (GES) នៅ​ទីក្រុង Hyderabrad ​ប្រទេស​ឥណ្ឌា និង​កាលពីពេល​ថ្មីៗ​នេះ យើង​បាន​បញ្ជូន​ក្រុម​ស្ត្រី​លំដាប់​ខ្ពស់​មួយ​ក្រុម​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​រៀន​ពី​របៀប​សហរដ្ឋអាមេរិក ទីក្រុង និង​រដ្ឋ​នៅ​ទី​នោះ លើក​កម្ពស់​សហគ្រិនភាព​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ក៏​បាន​សម្ពោធ​កម្មវិធី​ថ្មី​មួយ​រយៈពេល​ ៥ ​ឆ្នាំ ដើម្បី​ជួយ​ដល់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។

ខ្ញុំ​បាន​រៀនសូត្រ​ពី​របៀប​ផ្សារភ្ជាប់​គ្នា​រវាង​សហគ្រិន​ស្ត្រី​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក និង​បណ្តាញ​វិជ្ជាជីវៈ​ដទៃទៀត​ដែល​អាច​ផ្តល់​អំណាច និង​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ​។ ការផ្សារភ្ជាប់​ទាំងនេះ​អាច​ជួយ​ធុរជន​ស្ត្រី​កម្ពុជា រំដោះ​របាំង​ឧបសគ្គ​ដឹកនាំ​ទៅ​កាន់​ឱកាស​បណ្តុះបណ្តាល​កម្រិត​ពិភពលោក​។ ជាមួយ​នឹង​ការបន្ត​ជួយ​គាំទ្រ​បន្ថែម​ទៀត ប្រទេស​កម្ពុជា​អាច​ធ្វើ​ទីផ្សារ​ខ្លួនឯង​ជា​ប្រទេស​ដ៏ល្អ​បំផុត​សម្រាប់​សហគ្រិន​ស្ត្រី​នៅក្នុង​តំបន់​អាស៊ាន​។

ក្នុង​ពេល​ដែល​ខ្ញុំ​រៀបចំ​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា ការងារ​របស់​យើង​ដែល​កំពុង​ជំរុញ​នូវ​ចំណង​ផ្នែក​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា បាន​បង្ហាញ​នូវ​ប្រយោជន៍​នៃ​ភាព​ជា​ដៃគូ​ដ៏ខ្លាំង និង​មាន​ការ​ប្តេជ្ញាចិត្ត​ពី​ប្រទេស​ទាំង​ ២​។

ការផ្សារភ្ជាប់​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្លាំង​។ យើង​អាច​សម្រេច​នូវ​ដំណោះស្រាយ​ដ៏អស្ចារ្យ​មួយ​ដោយ​ធ្វើការ​រួម​គ្នា តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ហើយ​នៅពេល​ដែល​ខ្ញុំ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ណា​មួយ​នា​អនាគត​ដ៏ខ្លី​នេះ ខ្ញុំ​រង់ចាំ​មើល នូវ​ឥទ្ធិពល​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ដែល​យើង​បាន​ជួយ​សម្រួច និង​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​នឹង​ត្រូវ​អភិវឌ្ឍ​នាពេល​អនាគត​៕

ដោយ William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា

អត្ថបទគួរចាប់អារម្មណ៍