«​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​!» នេះ​ជា​ទិស​ស្លោក​របស់​ចាស់ៗ​កាលពី​សម័យ​មុន​របប​ខ្មែរក្រហម ដែល​ជនជាតិ​ចិន​ជិះទូក​គេច​ទាហាន​ពី​ស្រុក​ចិន​មក​តាម​ទឹក មក​រស់នៅ​ទីក្រុង​ទិញ​ដី​ផ្ទះ​ពី​ពលរដ្ឋ​ខ្មែរ​។ តែ​មកដល់​ពេល​នេះ​ឃ្លា​នេះ គឺ​ហាក់​ដូចជា​វិល​ត្រឡប់​មក​វិញ​?

ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ​តម្លៃ​ដីធ្លី​បាន​ហក់​ឡើង​ថ្លៃ​ជា​គំហុក​នៅពេល​ដែល​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ដូចជា​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង និង​ខេត្តកំពត​ជាដើម​។ អ្នក​ដែល​បាន​ទទួល​ផល​ពី​ការលក់​ជួល ដីធ្លី និង​ផ្ទះសំបែង​នៅ​ទីនោះ ខ្លះ​ក៏​ចាប់ផ្តើម​ដើរ​ទិញ​ដីស្រែ​មក​ពុះ​ឡូត៍​លក់​ចែក​ជា​ល្វែងៗ​អ្នក​ដែល​មាន​ដីស្រែ​ក៏​ចាប់ផ្តើម​លក់​ផងដែរ ព្រោះ​ឃើញ​គេ​មាន​បាន​ដោយ​ស្រួលៗ ផ្គួបផ្សំ​នឹង​ឧបសគ្គ​ចម្បងៗ​ផង ដូចជា​គ្រោះ​រាំងស្ងួត​ធ្វើស្រែ ធ្វើ​ចម្ការ​មិនបាន បើ​មាន​ទឹក​វិញ​គឺ​ជន់​លិច​ទៅវិញ​នៅតាម​តំបន់​មួយចំនួន ប្រព័ន្ធ​ធារាសាស្ត្រ មាន​ដោយ​កន្លែង​មិន​ស្រោចស្រព​​គ្រប់​រដូវ​ទៀត​ផង ណាមួយ​ពលរដ្ឋ​ខ្ចីបុល​ពី​ធនាគារ ឬ​ក៏​មីក្រូហិរញ្ញវត្ថុ​មក​វិនិយោគ ម្យ៉ាងវិញ​ទៀត​បាន​ផល​ពី​កសិកម្ម​ហើយ ឈ្មួញកណ្តាល​ក្រឡុក​បញ្ចុះតម្លៃ​ទៀត​។ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​អ្នកស្រែ អ្នកចម្ការ​បាក់​ទឹកចិត្ត​ក្នុង​ការតស៊ូ​បន្ត​ទៅ​មុខ​ទៀត ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ចង់​សាកល្បង​ទៅ​នឹង​ភាពហ៊ឺហា​នឹង​សម្ភារ​ទំនើប ឡាន ម៉ូតូ និង​ទូរស័ព្ទ​នឹង​គេ​ផង​ក៏​សម្រេចចិត្ត​លក់​ដីស្រែ​ចម្ការ​ពី​កេរ​ដូនតា​មក​បណ្តើរៗ​។

ពេលខ្លះ​ពលរដ្ឋ​មួយ​ចំនួន​តូច ពួកគាត់​អាច​ដោះបំណុល និង​មាន​គំនិត​ទៅ​ទិញ​ដីស្រែ​កន្លែង​ផ្សេង​ដែល​ថោក​ជាង​គឺ​អាច​បន្តការងារ​កសិក​ម្ម​បន្ត​ទៅ​ទៀត​។ តែ​កសិករ​មួយ​ចំនួន​ធំ មិន​ធ្វើ​ដូច្នេះ​ទេ​គឺ​បន្ទាប់​ពី​លក់​ដីស្រែ​អស់​ចាយ​មិនដឹង​មុខ​អស់​ទៀត ខ្លះ​ចាប់ផ្តើម​ស៊ីឈ្នួល​ធ្វើស្រែ​ចម្ការ​ឲ្យ​គេ​វិញ រក​កម្រៃ​បាន​ ១ ​ថ្ងៃ​រស់​ ១ ​ថ្ងៃ​ទេ ខ្លះ​ខ្មាស់​គេ​ក៏​ចាប់ផ្តើម​លក់​ផ្ទះសំបែង​ធ្វើ​ចំណាកស្រុក ពី​ស្រុកកំណើត​របស់​ខ្លួន​ចេញ​ទៅតាម​បងប្អូន​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ធ្វើការ​រោងចក្រ ឬ​ក៏​ទៅ​ខេត្ត​ផ្សេងៗ ដើម្បី​ទន្ទ្រាន​ដីព្រៃ​កាប់​ឆ្ការព្រៃ ឬក៏​គាស់​ផ្នូរខ្មោច បង្កើត​ភូមិ​ថ្មី​ដែល​ក្រសួង​មហាផ្ទៃ​ឲ្យ​ឈ្មោះ​ភូមិ​ឧបសម្ព័ន្ធ​ដូច​នៅ​ភូមិ​ឧបសម្ព័ន្ធ ១ ​ដល់​ ៥ ​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។ ពេល​ខ្លះទៅ​ទន្ទ្រាន​ដីព្រៃ ឬក៏​វាត​យក​ដី​ដែល​ទំនេរៗ​នាំ​គ្នា​ទៅ​បង្កបង្កើត​ភូមិ​ប៉ះចំ​ដី​របស់​ក្រុមហ៊ុន ឬ​ក៏​ឧកញ៉ាៗ​ខ្នង​គ្រាក់ៗ​ដែល​កំពុង​តែ​វាត​យក​ដែរ ក៏​ចាប់ផ្តើម​មាន​ទំនាស់​គ្នា​កើតឡើង មាន​ការប្តឹងផ្ដល់​ឡើង​តុលាការ ឬ​ក៏​កាប់​ចាក់​គ្នា​បាញ់បោះ​។

ជាមួយ​គ្នា​នេះ​ដែរ​ក៏មាន​ករណី​បង្ខំ​ឲ្យ​អ្នកស្រែ​ចម្ការ​ដែល​មាន​ដី​តាំងពី​ដូនតា​មក ឲ្យ​លក់​ក្នុង​តម្លៃ​ទាប ដោយ​ក្រុមហ៊ុន​ថា យក​ដី​មក​អភិវឌ្ឍ ក៏​ធ្វើឲ្យ​អ្នកស្រែ​ទាំងនោះ​បាត់បង់​ភាព​ជា​ម្ចាស់ និង​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផងដែរ​ដោយ​ប្រទាញប្រទង់​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន ដោយសារ​ទំនាស់​ដីធ្លី​នេះ​ក្លាយ​ទៅ​ជា​វិបត្តិ​មួយ​។ នេះ​បើ​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ​ ២០១៤ ស្តីពី​សុវត្ថិភាព​ការរស់នៅ និង​សិទ្ធិ​ជា​ម្ចាស់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដោយ​លោកស្រី Alice Beban និង​លោក ពូ សុវច្ចនា​។

ផលវិបាក​របស់​អ្នកលក់​ដីស្រែ​មួយ​ផ្នែក​ទៀត​នោះ​គឺ​នៅពេល​ដែល​ចាយ​អស់​អ្វី​ពី​ខ្លួន​នោះ មាន​តែ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​យ៉ាង​កណ្តោចកណ្តែង ជាពិសេស​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​។

រីឯ​កូន​របស់​ពួកគេ​ក៏​បាត់បង់​ឱកាស​ក្នុង​ការសិក្សា​ផងដែរ ហើយ​បើ​បាន​រៀន​នៅក្នុង​ស្រុក​នៅ​ជាមួយ​យាយតា ក៏​រៀន​មិន​បាន​ចប់​ចុង​ចប់​ដើម​ដែរ​គឺ​ពួកគេ​នឹង​ទៅ​ធ្វើការ​តាម​ឪពុកម្តាយ​របស់​ពួកគេ​ដដែល មិនមាន​អ្វី​ផ្លាស់ប្តូរ​ជីវភាព​របស់​ពួកគេ​នោះ​ទេ​។

វិបត្តិ​បាត់បង់​ភាព​ជា​ម្ចាស់​ដីធ្លី​បច្ចុប្បន្ន​នេះ​គឺ​ផ្ទុយ​ពី​ការបាត់បង់​ដីធ្លី​កាលពី​ឆ្នាំ​ ២០០០ ដែល​អង្គការ CDRI ​រកឃើញ​គឺ​ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ​។

បញ្ហា​បាត់បង់​ដីស្រែ​នេះ​គឺ​មិន​ត្រឹមតែ​ប៉ះពាល់​បុគ្គល​នោះ​ទេ គឺ​ប៉ះពាល់​ទៅនឹង​វិស័យ​កសិកម្ម និង​ធ្វើឲ្យ​បន្ត​កើត​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាប្រចាំ ទោះបី​ជា​កន្លងមក​ថ្មីៗ​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ចុះ​វាស់​ដីធ្លី​ចុះបញ្ជី​ឲ្យ​ពលរដ្ឋ​នៅ​កន្លែង​ដែល​មាន​បញ្ហា​ទំនាស់ និង​រាជរដ្ឋាភិបាល​បាន​ចុះ​កាត់​ដីធ្លី ដែល​កាត់​មកពី​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះ​ដីធ្លី​ដែល​មាន​ទីតាំង​ដី​ថ្មី​នោះ​ក៏ដោយ​។

តែ​អ្វីដែល​នៅ​តែ​ជា​បញ្ហា​នោះ គឺ​ទំនាស់​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​វាត​យក​ដី​លើស​យក​ចូល​ដីស្រែ​ពលរដ្ឋ ដោយ​បង្ខំ​ឲ្យ​ពលរដ្ឋ​លក់​តម្លៃថោក ឬ​ក៏​ស៊ីដាច់​តែម្តង ចំណុច​នេះ​ហើយ​ដែល​រាជរដ្ឋាភិបាល​គួរតែ​រក​ដំណោះស្រាយ​ទៅតាម​ជាក់ស្តែង​។ ចំណែក​បញ្ហា​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​បន្ត​ធ្វើ​នោះ​គឺ​រឿង​រក​ទីផ្សារ និង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ នៅពេល​ទឹក​ឡើង​ត្រូវ​ធ្វើ​ដូចម្តេច​? ពេល​គោក​រាំងស្ងួត​ត្រូវ​បង្ហូរទឹក​ចេញ​ពី​អាង​មក​ស្រោចស្រព​ស្រែចម្ការ​ដូចម្តេច​? ជាជាង​ពេល​ទឹក​ជន់​មក​សល់​ចោល​លិច​ស្រែ​លិច​ក្រុង​ដូច​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត​លិចលង់​កាលពី​សប្តាហ៍​មុន រីឯ​ខេត្ត​សៀមរាប​វិញ បែរ​ជា​ក្តៅ​ហួតហែង អត់​ទឹក​ធ្វើ​ស្រែ​ទៅវិញ ខេត្ត​នៅ​ជាប់​បឹង​ទន្លេសាប​នឹង​គេ​ដែរ តែ​បែរ​ជា​គោក​រាំងស្ងួត​ទៅវិញ​។

រីឯ​ឈ្មួញ​ដែល​រកស៊ី​ជាមួយ​អចលនទ្រព្យ​ដីធ្លី​ ឬ​ក៏​ទិញ​ដីស្រែ​មក​ពុះ​ឡូត៍​លក់​គួរតែ​ដាក់​តម្លៃ​ឲ្យ​សមរម្យ​ឲ្យ​អ្នកស្រែ ដោយ​ផ្តល់​ឱកាស​ឲ្យ​ពួកគាត់​អាច​មាន​លទ្ធភាព​ទៅរក​ទិញ​កន្លែង​ផ្សេង​សម្រាប់​បង្កបង្កើត​ផល​កសិកម្ម​បន្តទៀត ជាជាង​វាយតម្លៃ​ទម្លាក់​តម្លៃ​ឲ្យ​ថោក​។ ចំណុច​ចុងក្រោយ​គឺ​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គួរតែ​ចុះ​អប់រំ​ពលរដ្ឋ​ឲ្យ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​រឿង​សម្រេចចិត្ត​លក់​ដីស្រែ​ចម្ការ​ដែល​ជា​អាយុជីវិត​របស់​ពួកគាត់ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​នោះ មិនមែន​ត្រូវ​ទៅ​លួងលោម​ឲ្យ​ពលរដ្ឋ​លក់​ដីស្រែ​ចម្ការ​នៅពេល​មាន​ឈ្មួញ​មក​ទិញ​នោះទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com