នៅពេល​មនុស្ស​ឈ្លោះ​គ្នា​​ ឬ​ក៏​ស្អប់​គ្នា​មាន​ខ្លះ​បាន​ដៀល​គ្នា​សុទ្ធ​តែ​អា​សំរាម ដែល​មាន​ន័យ​ថា គគ្រិច​ស្មោកគ្រោក​ហើយ​នាំ​គ្នា​ដើរ​ចៀស​ដោយ​​មិន​ចង់​ជួប​មុខ​ ឬ​រាប់អាន​គ្នា​ឡើយ​។

ស្រដៀង​គ្នា​នេះ​ដែរ​​នៅពេល​សំរាម​កាន់​តែ​សល់គរ​ច្រើន​ឡើងៗ​នៅ​តាម​ដងផ្លូវ លូ និង​ប្រឡាយ ធ្វើឲ្យ​ជះក្លិន​ស្អុយ​ផង​គគ្រិច​ផង ធ្វើឲ្យ​មនុស្ស​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការឃើញ​សំរាម​ និង​ក្លិន​ស្អុយ​របស់​​វា ជាពិសេស​នៅពេល​ឈប់​បុណ្យទាន​ម្តងៗ បន្ទាប់មក​ក៏​ចាប់ផ្តើម​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ជា​ហូរហែ​។

បើ​នៅ​រាជធានី​ភ្នំពេញ​វិញ​ការបន្ទោស​គ្នា​នោះ​គឺ​ពលរដ្ឋ​បាន​ចាប់ផ្ដើម​មុនគេ ដោយ​ដំបូង​សំដៅ​លើ​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​មាន​ភារកិច្ច​ប្រមូល​សំរាម​រាល់ថ្ងៃ​តាម​កំណត់​យ៉ាង​ហោច​ណាស់​ក៏​ ៣ ​ថ្ងៃ​ម្តង​ដែរ​​ព្រោះ​ក្រុមហ៊ុន​យក​លុយ​ពី​​តាម​ផ្ទះ តាម​ក្រុមហ៊ុន និង​តាម​ដីឡូត៍​ធំៗ តែ​បែរ​ជា​មិន​មក​ប្រមូល​សំរាម ជាពិសេស​ពេល​មាន​បុណ្យ​ទាន​ ឬ​ក៏​ក្រោយ​បុណ្យ​ដោយ​ទុក​ដល់​ជិត​ ១ ​សប្តាហ៍​សំរាម​ឡើង​រលួយ​ចេញ​ដង្កូវ ទើប​ឃើញ​មក​ប្រមូល​ម្ដង​។

ករណី​ដូច​កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​ថ្មីៗ​នេះ​គឺ​ពលរដ្ឋ​នៅ​រាជធានី​មាន​ការ​ខឹងសម្បា​ស្ទើរ​គ្រប់​កន្លែង​នៅ​ពេល​មិន​បាន​ឃើញ​ក្រុមហ៊ុន​ស៊ីនទ្រី​មក​ប្រមូល​សំរាម​រហូត​ដល់​ក្រោយ​ភ្ជុំ​រួច​ក៏​នៅ​មិន​ទាន់​ឃើញ​មក​ប្រមូល​ធ្វើ​ឱ្យ​សំរាម​ស្អុយ​ជាពិសេស​បើ​សំណល់​ម្ហូប​គ្រឿងសមុទ្រ​វិញ​គឺ​ស្អុយ​ និង​មាន​ទាំង​​ដង្កូវ​ទៀតផង ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​សឹង​តែ​រាល់ថ្ងៃ​ទៀត​នោះ សំរាម​ខ្លះ​ក៏​បាន​អណ្តែត​​ពាសវាល​ពាសកាល​ធ្វើ​ឱ្យ​ស្ទះលូ និង​ប្រឡាយ​បង្ក​ទៅ​ជា​ទឹក​ជន់​លិច​ផ្លូវ​ក៏មាន​។

ងាក​មក​ស្ដាប់​ការបកស្រាយ​របស់​ក្រុមហ៊ុន​វិញ​គឺជា​រឿយៗ​តែង​លើក​ឡើង​ថា ខ្វះ​បុគ្គលិក​ហើយ​ថា បុគ្គលិក​ខ្លះ​ជាប់​ឈប់​បុណ្យទាន​ដែរ តែ​បើ​ក្រឡេក​មើល​វេបសាយ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​គឺ​សុទ្ធ​តែ​បញ្ជាក់​ច្បាស់ៗ​​ថា​៖ «​ប្រតិបត្ដិការ​លាង​សម្អាត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មូលដ្ឋាន​ចេញ​រៀងរាល់​ថ្ងៃ​នៅ​តាម​បណ្តោយ​មហាវិថី និង​តាម​ដងផ្លូវ​សំខាន់​ជាច្រើន​ទៀត​ និង​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ធំ​ដូចជា​ពិធី​បុណ្យ​អុំទូក ចូលឆ្នាំ​ខ្មែរ​បុណ្យ​ភ្ជុំបិណ្ឌ និង​ព្រឹត្តិការណ៍​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ផ្សេង​ទៀត​»​។ ប៉ុន្តែ​ចំពោះ​ការអនុវត្ត​ជាក់ស្ដែង​វិញ គឺ​ផ្ទុយ​ស្រឡះ​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន​។

គេ​សួរ​ថា តើ​នេះ​ជា​កំហុស​នៃ​​ការ​គ្រប់គ្រង់​របស់​ក្រុមហ៊ុន​​ស៊ីនទ្រី​ខ្លួនឯង​ចំពោះ​ការ​ខកខាន​មក​ប្រមូល​សំរាម​ពេល​បុណ្យទាន​ទាំង​នេះ​ ឬ​មកពី​​ស្ថាប័ន​ណា​?

បន្ទាប់មក​ទៀត​ពលរដ្ឋ​ក៏​​ចាប់ផ្តើម​រិះគន់​រាលដាល​ដល់​សាលា​រាជធានី​ភ្នំពេញ​ថា មិន​បាន​គ្រប់គ្រង​ដំណើរការ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ល្អ ប៉ុន្តែ​ត្រូវ​បាន​ដោះសា​វិញ​ថា រឿង​សំរាម​នេះ​គឺ​បាន​ធ្វើ​ប្រតិភូកម្ម​មុខងារ​គ្រប់គ្រង​ទៅ​តាម​ខណ្ឌ​ទាំង​ ១២ ​រួច​ហើយ ហើយ​ខណ្ឌ​នីមួយៗ​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ីនទ្រី​ហើយ​ដែរ ដោយ​មាន​ការឯកភាព​ពី​សាលា​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ​ ២០១៦ ស្តីពី​កម្មវិធី​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​។

អ៊ីចឹង​ខណ្ឌ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​។ ជាង​នេះ​ទៀត​ក្រុមហ៊ុន​ស៊ីនទ្រី​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​​រយៈពេល​វែង​មិន​មែន​ត្រឹម​តែ​ចុះ​កិច្ចសន្យា​ជាមួយ​សាលា​រាជធានី​ទេ អ៊ីចឹង​វា​អាច​ជា​ការពិបាក​ក្នុង​ការ​កែសម្រួល​រឿង​បញ្ហា​សំរាម​នេះ​។

នៅពេល​ការគ្រប់គ្រង​សំរាម​ធ្លាក់​មក​ដល់​ថ្នាក់​ខណ្ឌ​ដែល​នៅ​ក្បែរ​ពលរដ្ឋ​ផង និង​ក្រុមហ៊ុន​ផង តែ​ការ​បម្រើ​សេវា​សាធារណៈ​ហាក់​មិន​បាន​ប្រសើរ​ហាក់​ដូចជា ខ្វះ​សមត្ថភាព​ ឬ​ក៏​ធ្វើ​មិន​ដឹង​មិន​ឮ​ទៅ​វិញ​។ ​

ពេល​ខ្លះ​អាជ្ញាធរ​បែរ​ជា​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ពី​រឿង​ទុក​ដាក់​សំរាម​​ហើយ​មាន​មន្ត្រី​ខ្លះ​ធ្វើ​ជា​ប្រមូល​​សំរាម​ពេល​មាន​ភ្លៀង​ម្តងៗ​រួច​​ថត​បង្ហោះ​តាម​ហ្វេសប៊ុក​បង្ហាញ​​ថ្នាក់ដឹកនាំ​ និង​មហាជន​ក៏​មាន​។

អ្នក​ដែល​ទទួល​រងគ្រោះ​ជាង​គេ​គឺ​អ្នក​បារ​សំរាម​ចេញ​ពី​លូ​ក្រោយ​ពេល​ភ្លៀង ដោយ​ពួកគាត់​បាន​ត្អូញត្អែរ​ផង​ និង​រិះគន់​អ្នក​ចោល​សំរាម​ឥត​សណ្តាប់ធ្នាប់ និង​អាជ្ញាធរ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​សំរាម​នេះ​ផង​។

ម្តងម្កាល​ក្រសួង​បរិស្ថាន​ក៏​ត្រូវ​បាន​សាធារណជន​រិះគន់​ថា ក្រសួង​ហ្នឹង​ធ្វើ​អ្វីខ្លះ​ផង​ដែរ​ ខណៈ​ឃើញ​សំរាម​នៅ​រាយប៉ាយ ហើយ​ក្រសួង​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​។

ជាការ​ពិត​​តាមរយៈ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​គឺ​ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​មុខងារ​ការគ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គឺ​ទីក្រុង​នៃ​ខេត្ត​ចំនួន​ ២៤ និង​ក្រុង​បាវិត ក្រុង​ប៉ោយប៉ែត​តាំងពី​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ ហើយ​មក​ទល់​ឆ្នាំ​នេះ​ក្រសួង​បាន​ផ្ទេរ​ទឹកប្រាក់​ចំនួន​ ៨ ​ពាន់​លាន​រៀល​បន្ថែម​ទៀត​មក​ទីក្រុង​ទាំង​ ២៦ ​នេះ តែ​មិន​មាន​ថវិកា​សម្រាប់​រាជធានី​ភ្នំពេញ​ទេ​។

ទោះបី​ជា​យ៉ាងណា ក្រសួង​បរិស្ថាន​នៅ​តែ​បាន​ផ្តល់​បច្ចេកទេស និង​ផ្តល់​ការប្រឹក្សា​ដដែល ព្រោះ​បើ​ទីក្រុង​មិន​ស្អាត​​ក៏​ប៉ះពាល់​ទៅ​នឹង​មុខមាត់​ក្រសួង​ផង​ដែរ ជាពិសេស​គ្មាន​យន្តការ​ និង​ប្រព័ន្ធ​តាមដាន​ និង​​វាយតម្លៃ​ច្បាស់លាស់​ពី​ការ​ប្រមូល​សំរាម​ពេល​មាន​បុណ្យទាន​​ និង​ក្រោយ​បុណ្យទាន​ម្តងៗ​។

ចំពោះ​ការ​លើក​ឡើង​ថា ខ្វះ​កម្មករ​ពេល​បុណ្យទាន​នេះ ​គឺ​មិន​សមហេតុ​សមផល​ទេ ព្រោះ​ហេតុអ្វី​បាន​ជា​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯកជន​មិន​បាន​បិទទ្វារ​ដោយសារ​ខ្វះ​បុគ្គលិក​ធ្វើការ​ពេល​មាន​បុណ្យទាន​នោះ​?

ម្យ៉ាង​ទៀត​ប៉ូលិស​ និង​ទាហាន​ក៏​ដូច​គ្នា​ដែរ​គឺ​មន្ត្រី​ទាំង​នោះ​ក៏​​ឈប់​ពេល​បុណ្យទាន​ដែរ តែ​បើ​យក​លេស​ដូច​ក្រុមហ៊ុន​ប្រមូល​​សំរាម តើ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​បាន​នរណា​អន្តរាគមន៍​?

ចុះ​បើ​មាន​អគ្គិភ័យ បើ​មន្ត្រី​ឡាន​ទឹក​នាំ​គ្នា​ឈប់​ពេល​បុណ្យ​​ដែរ​ធ្វើ​ម៉េច​មាន​អ្នក​ជួយ​ពន្លត់​​ភ្លើង​ទៅ​? ​ហើយ​បើ​មាន​បរទេស​​ឈ្លានពាន​ទឹកដី​តើ​បាន​កងទ័ព​ណា​មក​ប្រយុទ្ធ​ជាមួយ​សត្រូវ​បើ​នាំ​គ្នា​រវល់​តែ​មក​បុណ្យទាន​នោះ​? ​សួរ​ថា​ហេតុអ្វី​បាន​ជា​សេវា​រដ្ឋ​ប្រចាំការ​អាច​ធ្វើ​បាន​? តែ​ក្រុមហ៊ុន​ស៊ីនទ្រី​បែរ​ជា​ធ្វើ​មិន​បាន​យ៉ាង​នេះ​?

ហេតុ​ដូច្នេះ​ហើយ​រាល់​សេវា​តម្រូវ​ឲ្យ​មាន​ប្រចាំការ​នោះ​គឺ​ត្រូវ​តែ​ឆ្លាស់​វេន​គ្នា​មិន​ថា សេវា​រដ្ឋ​ ឬ​ក៏​ឯកជន​នោះ​ទេ មិនមែន​មាន​ន័យ​ថា​ឲ្យ​តែ​មាន​កម្មវិធី​បុណ្យ​នាំ​គ្នា​ឈប់​អស់​ពី​កន្លែង​ទេ ជាពិសេស​រឿង​សំរាម​ហ្នឹង​តែ​ម្តង​គឺ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់​។

ម្យ៉ាង​ទៀត​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស៊ីនទ្រី​គួរ​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​គ្រប់គ្រង​សំរាម​ពេល​មាន​បុណ្យទាន​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់​ជា​ជាង​ទម្លាក់​កំហុស​ដាក់​គ្នា​ឡើង​វីវក់​ចោទ​គ្នា​ទៅវិញ​ទៅមក​យក​រួច​ខ្លួន​ដោយ​នៅ​ខែ​ក្រោយ​ដល់​បុណ្យ​អុំទូក​ហើយ​។

ជា​បទពិសោធ​នៅ​ប្រទេស​សិង្ហបុរី​​ដែល​ធ្លាប់​រៀន​គ្រប់គ្រង​ទីក្រុង​ស្អាត​ពី​រាជធានី​ភ្នំពេញ​នៅ​ទសវត្សរ៍​ឆ្នាំ​ ៦០ ​សោះ តែ​ឥឡូវ​ប្រទេស​គេ​ក្លាយ​ជា​ប្រទេស​គ្មាន​សំរាម គ្មាន​ទឹកស្អុយ​ហូរ​ពី​ឡាន​ដឹក​សំរាម​តាម​ផ្លូវ​ទេ ហើយ​ពេល​បុណ្យ​ម្តងៗ​គ្មាន​ពលរដ្ឋ​សិង្ហបុរី​ត្អូញត្អែរ​ពី​រឿង​សំរាម​ឡើយ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com