បញ្ហាសុវត្ថិភាព និងសុខុមាលភាពកុមារនៅតាមសាលារៀនគឺជាកត្តាចាំបាច់បំផុតសម្រាប់ការសិក្សារបស់ពួកគេឲ្យកាន់តែរឹងមាំបន្ថែមទៅមុខទៀត ធ្វើយ៉ាងណាដើម្បីលុបបំបាត់អត្រាបោះបង់ការសិក្សារបស់កុមារទាំងនៅក្នុងប្រព័ន្ធទាំងនៅក្រៅប្រព័ន្ធអប់រំក្តី។
ម្ល៉ោះហើយការផ្តល់ការថែទាំដល់ពួកគេដូចជាអាហារបំប៉នពេលព្រឹក ហូបទឹកស្អាត អនាម័យស្អាត មធ្យោបាយធ្វើដំណើរជាដើមតាមរយៈរដ្ឋក្តី ម្ចាស់ជំនួយក្តី ការផ្តល់សប្បុរសធម៌ជាលក្ខណៈឯកជនក្តីគឺសំដៅលើកទឹកចិត្តកុមារឲ្យមានការរៀនសូត្រឲ្យបានពេញលេញ ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តជាសកលថា ការអប់រំសម្រាប់យើងទាំងអស់គ្នា (Education For All)។
ដូចនៅប្រទេសទ្វីបអាហ្វ្រិកអនុតំបន់សាហារ៉ា អ្នកស្រាវជ្រាវរកឃើញថាមានកុមារីម្នាក់ក្នុងចំណោម ១០ នាក់មិនបានមកសាលារៀនអំឡុងពេលពួកគេមានរដូវដោយសារតែគ្មានលទ្ធភាពទិញកន្សែង សំឡី ឬក៏ក្រដាសអនាម័យ។ នេះបើតាមការប៉ាន់ប្រមាណរបស់អង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) នៅឆ្នាំ ២០១៦។ អ៊ីចឹងហើយបានជារដ្ឋាភិបាលនៃប្រទេសកេនយ៉ាបានចាប់ផ្តើមធ្វើយុទ្ធនាការទិញកន្សែង និងសំឡីអនាម័យឲ្យទៅកុមារីចំនួន ២០ ម៉ឺននាក់លើកដំបូងនៃគម្រោងសាកល្បងកាលពីឆ្នាំ ២០១៧ កន្លងមកនេះ។ បន្ទាប់មកមិនមានកុមារីណាយកលេសបោះបង់សាលាដោយសារតែគ្មានសម្ភារអនាម័យនៅពេលមានរដូវនោះទេ (UNICEF, 2018) ។
រីឯបង្គន់ក៏មានតួនាទីសំខាន់សម្រាប់កុមារីផងដែរក្នុងការងាយបោះបង់សាលារបស់ពួកគេមួយចំនួន ប្រសិនបើសាលារៀននោះមិនមានបង្គន់អនាម័យ ឬក៏មានបង្គន់អនាម័យដែរ តែខ្វះទឹកចាក់ ឬក៏មិនមានអ្នកថែទាំពិតប្រាកដ។ នៅឆ្នាំ ២០១៧ អង្គការ UNICEF បានប៉ាន់ប្រមាណថា ក្នុងចំណោមកុមារីនៅលើពិភពលោកដែលបានបោះបង់ការសិក្សាក្នុងនោះមាន ៦០ ភាគរយនៃការបោះបង់ការសិក្សាគឺដោយសារតែសាលារៀនរបស់ពួកគេ ខ្វះបន្ទប់លាងសម្អាតពេលពួកគេមានរដូវ និងខ្វះបង្គន់អនាម័យ។
ករណីនេះនៅតែជាបញ្ហាពាក់ព័ន្ធទៅនឹងសាលារដ្ឋនៅស្រុកខ្មែរផងដែរ ដែលជាទូទៅសាលារៀនណាក៏មានបង្គន់ដែរ តែត្រង់ថាមានទឹកចាក់ក្រោយពេលបទជើងរួចនោះឬអត់? មានអ្នកទទួលខុសត្រូវសម្អាតហើយ ឬនៅ? មានដាក់វេនកូនសិស្សឲ្យសម្អាតបង្គន់អនាម័យនោះហើយឬនៅ? ក្នុងបន្ទប់បង្គន់មានសាប៊ូលាងដៃហើយឬនៅ? ប្រសិនបើមិនមានទេ គឺស្មើនឹងអត់មានបង្គន់អ៊ីចឹង ពីព្រោះប្រើប្រាស់អត់កើត ហើយក្លិនស្អុយចេញពីបង្គន់ទាំងទឹកនោម និងលាមកនៅកកស្ទះពេញក្នុងបង្គន់នោះ។
សម្រាប់កុមារា ពួកគេចេះតែលួចដើរឈរនោមតាមដើមឈើ ឬក៏របងសាលាបាន តែកុមារីវិញមិនអាចមានទម្លាប់ និងឥរិយាបថបែបនេះបានទេ។ បញ្ហានេះកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ ៨០ ឆ្នាំ ៩០ មកម្ល៉េះ ចុះហេតុអ្វីមកដល់សម័យនេះហើយសាលាដែលមានទឹកគ្រប់គ្រាន់ហើយនៅតែបង្គន់អនាម័យគគ្រិចស្អុយឆ្អេះទៀត? បើសាសានៅជនបទខ្លះ ពិតជាពិបាករកទឹកមែននៅខែក្តៅហួតហែង ហើយជីកអណ្តូងអត់ចេញទឹកទៀត រកតែទឹកស្អាតហូបមិនបានផង ហើយគួបផ្សំជាមួយនឹងទម្លាប់ទៅបត់ជើងចូលព្រៃបាំងៗជុះទីនោះនៅមាននៅឡើយផងគឺក្លិនស្អុយនៅតែជុំវិញនិងបរិវេណសាលារៀនខ្លួនឯងហ្នឹងដែរ។
បើតាមបទពិសោធរបស់ខ្ញុំដែលធ្វើការជាមួយហ្នឹងអនាម័យស្អាត និងការចុះពិនិត្យមើលភាពស្អាតនៃបរិស្ថាននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករដ្ឋ និងនៅសាលារៀនថ្មីៗនេះគឺខាងសេវាសុខាភិបាលគឺគេដើរឈានមុនហើយគ្មានអ្នកជំងឺ ឬក៏អតិថិជនណា មកមណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែករដ្ឋ គ្មានកន្លែងបត់ជើងតូច ឬក៏ធំនោះទេ បើទីតាំងគ្មានទឹកក៏គេអាចទិញទឹក ឬក៏ប្រើប្រាស់ទឹកស្រះ ឬក៏ជីកអណ្តូងជម្រៅជ្រៅដងមកចាក់ទឹកដែរ។ ព្រោះមណ្ឌលសុខភាព យកថវិកាហិរញ្ញប្បទានមកជួលមនុស្សម្នាក់មកសម្អាតមានសាប៊ូលាងដៃទៀត ហើយបើមណ្ឌលសុខភាពណាអត់មានថវិកាគ្រប់គ្រាន់ គឺគ្រូពេទ្យចែកវេនគ្នាសម្អាតសម្រាប់ទទួលអ្នកជំងឺ និងអតិថិជនដែរ។ ការដែលមណ្ឌលសុខភាព និងមន្ទីរពេទ្យធ្វើបានស្អាតផ្នែកបង្គន់អនាម័យនេះ ក៏ព្រោះតែប្រព័ន្ធតាមដានត្រួតពិនិត្យដាក់ពិន្ទុ និងវាយតម្លៃច្បាស់លាស់។ ម្យ៉ាងវិញទៀតមេឃុំជាប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ជាពិសេសស្ថាប័ននាំមុខផ្នែកសុខភាពផង។
ចំណែកឯនៅតាមសាលារៀនរដ្ឋវិញកុំថាឡើយតាមខេត្តនៅកណ្តាលរាជធានីភ្នំពេញ ក៏មានសាលាខ្លះនៅតែគគ្រិចក្លិនស្អុយ និងឆ្អេះហួងទៅក្បែរមិនបានផង។ ហេតុអ្វីបានជាមិនអភិវឌ្ឍខ្លួនសោះ? បានត្រឹមតែទ្រឹស្តីលាងដៃស្អាតក្រោយពេលបត់ជើង តែដល់មែនទែនទៅមិនបានអនុវត្តដោយសារតែបង្គន់គគ្រិចចូលមិនចុះ។
កាលពីខ្ញុំនៅរៀនទសវត្សរ៍ឆ្នាំ ៨០ និងឆ្នាំ ៩០ ក៏ដូចតែគ្នាដែរ ទោះបីជាគ្រូដាក់វេនឲ្យលាងបង្គន់ហើយនៅតែមិនស្អាតដដែលព្រោះមានកូនសិស្សលាង មានកូនសិស្សខ្ជិលចាំតែជុះស្រាប់។ រីឯមិត្តរួមថ្នាក់ជានារី គឺមិនហ៊ានចូលបត់ជើងតូច ឬក៏បត់ជើងធំក្នុងបង្គន់នោះទេសុខចិត្តញ៉ាំទឹកតិច ញ៉ាំអាហារតិច ដើម្បីកុំឲ្យឈឺបត់ជើង សុខចិត្តទ្រាំចាំទៅដល់ផ្ទះ។
បញ្ហាថ្នាំងថ្នាក់នេះធ្វើឲ្យមាតាបិតាសិស្សដែលមានលទ្ធភាពមួយចំនួនគឺយកកូនស្រីរបស់គេដាក់នៅសាលាឯកជនវិញ ព្រោះសាលាគេស្អាតស្រាប់។ ហេតុដូច្នេះហើយសាលាគួរតែជជែកគ្នាជាមួយមាតាបិតាសិស្សនៅពេលប្រជុំបើកបវេសនកាលខាងមុខនេះគឺលើកបញ្ហាបង្គន់អនាម័យនេះ មកដាក់លើតុដើម្បីរកដំណោះស្រាយតម្រូវការជាក់ស្តែងថា តើជួលអ្នកសម្អាត ឬក៏ឲ្យកូនសិស្សដាក់វេនគ្នាសម្អាត? និយាយឲ្យចំគឺត្រូវមានអ្នកគ្រប់គ្រងបង្គន់អនាម័យស្អាត និងសាប៊ូលាងដៃសម្អាត។
ជាការពិតកាលពីសប្តាហ៍មុនខ្ញុំបានដើរសង្កេតមើលបង្គន់អនាម័យតាមសាលារដ្ឋមួយចំនួននៅភ្នំពេញឃើញអនុវិទ្យាល័យចតុមុខមានទឹកស្អាតប្រើប្រាស់ និងមានអ្នកសម្អាតគ្មានក្លិនស្អុយឆ្អេះ និងឆ្អាបនោះទេ។ រីឯវិទ្យាល័យព្រះស៊ីសុវត្ថិដែលត្រូវបានក្រសួងដាក់ឈ្មោះថា សាលាជំនាន់ថ្មីហ្នឹង កំពុងតែអភិវឌ្ឍខ្លួនឲ្យសមនឹងឈ្មោះ គឺសង់អគារបង្គន់អនាម័យថ្មីៗ ស្អាតស្របទៅតាមនិយាមស្តង់ដាមានបែងចែកកន្លែងកុមារានោម បន្ទប់កុមារា បន្ទប់កុមារី និងបន្ទប់កុមារពិការ ក៏អាចរុញរទេះឡើងបានដែរ។
ហេតុដូច្នេះហើយក្រសួងអប់រំ គួរតែបន្ថែមពិន្ទុឲ្យច្រើន ចំពោះអនាម័យស្អាតនេះសម្រាប់ឧបករណ៍វាស់វែង (Tools) ដើម្បីចុះប្រព័ន្ធតាមត្រួតពិនិត្យដាក់ពិន្ទុ តាមដាន និងវាយតម្លៃសាលារៀននីមួយៗធ្វើយ៉ាងណាដើម្បីលុបបំបាត់អត្រាបោះបង់ការសិក្សារបស់កុមារី៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com