បើ​និយាយ​ពី​រឿង​ការប្រើប្រាស់​បង្គន់​អនាម័យ​នៅ​លើ​ពិភពលោក គេ​តែង​ធ្វើការ​ប្រៀបធៀប​គ្នា​ជាមួយ​នឹង​ទូរស័ព្ទ ជាពិសេស​នៅ​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​ ២ ​ក្នុង​ពិភពលោក​។

​ដោយសារ​ប្រទេស​មួយ​នេះ​ខ្វះ​អនាម័យ អង្គការ​សហប្រជាជាតិ​តែងតែ​ធ្វើការ​ប្រៀបធៀប​ការប្រើ​ទូរស័ព្ទ​ដែល​មាន​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល​បង្គន់​អនាម័យ​កាលពី​ឆ្នាំ​ ២០១០​។

តែ​បើ​តាម​ទិន្នន័យ​ជំរឿន​ក្នុង​ឆ្នាំ​ ២០១២ នៅ​ប្រទេស​ឥណ្ឌា​ដែល​កាល​នោះ​នៅ​មាន​ប្រជាជន​សរុប​ជាង​ ១,២ ​ពាន់​លាន​នាក់​វិញ រកឃើញ​ថា​ខ្នង​ផ្ទះ​ ២៤៧ ​លាន​ដែល​មាន​ប្រើ​ទូរស័ព្ទដៃ​នោះ​គឺ​មាន​តែ​ពាក់កណ្តាល​នៃ​ខ្នង​ផ្ទះ​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​។

ប៉ុន្តែ​ឥឡូវ​បន្ទាប់ពី​មាន​គម្រោង​អភិវឌ្ឍន៍​បង្គន់​អនាម័យ​តាម​ខ្នង​ផ្ទះ​ និង​តាម​ទីសាធារណៈ​នៅ​ប្រទេស​ឥណ្ឌា​ដោយ​ចំណាយ​អស់​ទឹកប្រាក់​ចំនួន​ ៣០ ​ពាន់​លាន​ដុល្លារ​មក​ធ្វើ​ឱ្យ​ទិន្នន័យ​បង្គន់​កើនឡើង​បន្ថែម​ ១១១ ​លាន​បង្គន់​មក​ដល់​ឆ្នាំ​ ២០១៧​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ផ្ទះ​សំបែង​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​មុន​។

រីឯ​នៅ​ស្រុក​ខ្មែរ​យើង​ក៏​មិន​ខុស​គ្នា​នឹង​ប្រទេស​ឥណ្ឌា​ដែរ តើ​នរណា​ខ្លះ​ដែល​អត់​មាន​ទូរស័ព្ទ​កាន់​នោះ​? កូន​អ្នក​ធូរធារ​ខ្លះ​កើត​មក​ស្ទើរ​មិន​ទាន់​ដឹងក្តី​ផង កាន់​ទូរស័ព្ទ​ស្មាតហ្វូន​ចល័ត ឬ​ក៏​ប្រើ​ Tablet ដែល​អាច​និយាយ​ទាក់ទង​គ្នា​បាន​ហើយ​។ អ្នក​ខ្លះ​ទៀត​កាន់​ម្នាក់ឯង​ ៣ ​គ្រឿង​ក៏មាន ហើយ​មាន​ទូរស័ព្ទ​ ១ ​គ្រឿង​ដាក់​ស៊ីម​ ២ ​ទៀត​ក៏​មាន​ដែរ ចំណែកឯ​អ្នកភូមិ​ជនបទ​ឱ្យ​តែ​គ្រប់​អាយុ​ពី​ ១៥ ​ឆ្នាំ​ឡើង​ទៅ​ក៏​មាន​ទូរស័ព្ទ​កាន់​សឹង​គ្រប់​ដៃ​ផង​ដែរ​។

បើ​ផ្អែក​ទៅ​លើ​ទិន្នន័យ​នៃ​ការប៉ាន់​ប្រមាណ​នៃ​ចំនួន​ទូរស័ព្ទ​ដែល​ប្រើ​ពី​ក្រុមការងារ​បច្ចេកទេស​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ (Device) និង​ក្រុមហ៊ុន​លក់​ស៊ីម​កាត​ (Operator) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​មាន​​ ០,៦ ​ទៅ​ ០,៧ ​ទូរស័ព្ទ​ចល័ត ធៀប​នឹង​មនុស្ស​ម្នាក់ អ៊ីចឹង​បើ​ពលរដ្ឋ​ខ្មែរ​មាន​ ១៦ ​លាន​នាក់​នោះ​ប្រមាណ​ជា​ ១០ ​លាន​នាក់​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​។ មាន​ន័យ​មនុស្ស​ពេញវ័យ​នៅ​ស្រុក​ខ្មែរ​សុទ្ធតែ​មាន​ទូរស័ព្ទ​ប្រើ​គ្រប់​គ្នា មិន​ថា​ក្រុង ឬ ជនបទ​នោះ​ទេ​។

បើ​ផ្អែក​តាម​ការអង្កេត​ជាតិ​ស្តីពី​សេដ្ឋកិច្ច​សង្គម​ឆ្នាំ​ ២០១៧ ​បង្ហាញ​​ថា​មាន​តែ​ ៧៣ ​ភាគរយ​នៃ​ខ្នង​ផ្ទះ​សរុប​ ៣,៤ ​លាន​ខ្នង​ទេ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​។

បើ​នៅ​ភ្នំពេញ​មាន​បង្គន់​ល្អ​សឹង​ ១០០ ​ភាគរយ តែ​នៅ​ជនបទ​គឺ​មាន​ ៣៣​ ភាគរយ​នៃ​ខ្នង​ផ្ទះ​ ២,៦ ​លាន​ខ្នង​ស្មើនឹង​ ៨៥ ​ម៉ឺន​ខ្នង​ផ្ទះ ប្រើ​បង្គន់​មិនទាន់​ស្អាត​ ឬ​ក៏​គ្មាន​បង្គន់​តែ​ម្តង​ដោយ​ពលរដ្ឋ​នៅ​ដើរ​ជុះ​ពាសវាល​ពាសកាល​នៅ​ឡើយ​។ មាន​ន័យ​ថា​ពួកគេ​ចំណាយ​លុយ​ទិញ​ទូរស័ព្ទ​ប្រើ​ឱ្យ​ទាន់​សម័យ​ជា​ជាង​ទិញ​បង្គន់​ប្រើប្រាស់​នៅ​ផ្ទះ​របស់​ខ្លួន​។

ម្យ៉ាង​វិញ​ទៀត​បើ​និយាយ​ពី​បង្គន់​សាធារណៈ​វិញ​គឺ​មាន​ ២,៦ ​ភាគរយ​ធៀប​ទៅ​នឹង​ខ្នង​ផ្ទះ​សរុប​ទូទាំង​ប្រទេស ឯ​នៅ​ភ្នំពេញ​វិញ​គឺ​មាន​តែ​ ០,១ ​ភាគរយ​នៃ​ខ្នង​ផ្ទះ​សរុប​ចំនួន ៣៨៥០០០ ខ្នង​ផ្ទះ​។ មាន​ន័យ​ថា​បង្គន់​អនាម័យ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​បម្រើ​បាន​តែ​ ៣៨៥ ​ខ្នង​ផ្ទះ ហើយ​មួយ​ខ្នង​ផ្ទះ​សន្មត​មាន​មនុស្ស​ ៥​ នាក់​គឺ​ស្មើ​មនុស្ស​ ២០០០ ​នាក់​ប៉ុណ្ណោះ​។

ជាក់ស្តែង​បង្គន់​ទាំង​នោះ​ធំៗ​គឺ​​មាន​តែ​នៅ​ម្តុំៗ​សួនច្បារ​សាធារណៈ​ទេ ដូច​នៅ​សួនច្បារ​មុខ​វត្តបទុម នៅ​មាត់​ទន្លេ និង​នៅ​សួនច្បារ​ចន្លោះ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រៅពី​នោះ​មាន​តូចៗ​បន្តិចបន្តួច​ដែល​សាលា​រាជធានី​បាន​ធ្វើ​ឡើង​ហើយ​មាន​អ្នក​ថែទាំ​ត្រឹមត្រូវ​។

បើ​ទោះបី​ជា​មិន​មាន​ទិន្នន័យ​ពី​ចំនួន​ម៉ាស៊ីន​ ATM ​ដក​លុយ​ជាក់លាក់​នៅ​ភ្នំពេញ​ក៏​ភ្នំពេញ​ជា​ទីប្រជុំជន​នៃ​ចំនួន​ ATM ដ៏ច្រើន​លើសលប់​ធៀប​នឹង​ចំនួន​ ATM សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ១៨៤០ ​ម៉ាស៊ីន​ (NBC, 2017)​។ ​

មានន័យ​​ថា បើ​ចង់​រក​ទូ​ ATM ងាក​ទៅ​ណា​ក៏​ឃើញ​ដែរ ហើយ​បើក​មើល​តាម​ផែនទី​ក៏​មាន​ដៅ​កន្លែង​ដែល​នៅ​ក្បែរៗ​ខ្លួន​ផង​ដែរ បើ​ធៀប​ទៅ​នឹង​បង្គន់​អនាម័យ​សាធារណៈ​វិញ​គឺ​មាន​ការលំបាក​រក​ណាស់ បើ​មិន​ចំណាំ​កន្លែង​ទេ​នោះ បើ​មើល​តាម​ផែនទី​គឺ​មាន​ដៅ​តែ​នៅ​ទីកន្លែង​ទីតាំង​សួនច្បារ​នៅ​មុខ​វត្ត​បទុម​តែប៉ុណ្ណោះ​។ ​

សំណួរ​សួរថា​សាលា​រាជធានី​ភ្នំពេញ​រកប្រាក់​ចំណូល​ ១ ​ខែៗ​បាន​ច្រើន​រាប់លាន​ដុល្លារ គ្រាន់តែ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​តាម​ផ្លូវ​តែ​ ១ ​មុខ​ផង​? រីឯ​កម្ចី​ពី​បរទេស​មក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​វិញ​រាប់ពាន់​លាន​ដុល្លារ​? ហេតុ​អ្វី​បាន​ជា​មិន​សាងសង់​បង្គន់​សាធារណៈ​ និង​បង្គន់​អនាម័យ​ចល័ត​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​? ​បើ​សិន​ជា​ចំនួន​បង្គន់​សាធារណៈ​នេះ​មាន​តិចតួច នៅ​ពេល​ដែល​មាន​អ្នក​បត់ជើងតូច ឬ​ក៏​បត់ជើង​ធំ​ទៅ​រក​ឯណា​មាន​?

ការដើរ​បត់​ជើង​តូច​ដោយ​ឈរ​នោម​ដាក់​ជញ្ជាំង ឬ​ក៏​របង​មិន​ថា​កន្លែង​សំណង់​ឬ​ក៏​ស្ថាប័ន​សាធារណៈ​នោះ​ទេ ឱ្យ​តែ​ទំនេរ​គឺ​នោម​ដាក់​ហើយ មិន​ថា​ពលរដ្ឋ​សាមញ្ញ ឬ​ក៏​មន្ត្រី​រាជការ​ ឬ​ក៏​កងកម្លាំង​នោះ​ទេ ដោយសារ​រក​កន្លែង​បង្គន់​សាធារណៈ​មិន​បាន ព្រោះ​ធម្មជាតិ​មិន​អាច​អ្នក​ណា​ទ្រាំ​ទុក​ឱ្យ​បែក​ប្លោកនោម​នោះ​ទេ​។

កន្លង​មក ​មាន​រូបភាព​សមត្ថកិច្ច​កងរាជ​អាវុធ​ហាត់​ឈរ​នោម​ដាក់​តាម​របង​ក្រសួង​យុត្តិធម៌​ហើយ​ថ្មីៗ​ឃើញ​​មាន​រូបថត​បង្ហោះ​តាម​ហ្វេសប៊ុក​មាន​មន្ត្រី​ផ្លុំ​ត្រែទ័ព​បាន​នាំ​គ្នា​ឈរ​នោម​ដាក់​ជញ្ជាំង​របង​ព្រះបរមរាជវាំង​គឺ​អាក្រក់​មើល​ណាស់​។ សំណួរ​សួរ​ថា តើ​វា​ជា​កំហុស​របស់​គាត់​ដែល​នោម​ដាក់​ជញ្ជាំង​វាំង​ហ្នឹង​ ឬ​ក៏​ជា​កំហុស​សាលា​រាជធានី​ភ្នំពេញ​ដែល​មិន​មាន​បង្គន់​អនាម័យ​សាធារណៈ និង​បង្គន់​ចល័ត​គ្រប់គ្រាន់​នៅ​ពេល​មានកម្ម​វិធី​ធំៗ​ប្រារព្ធ​ដែល​មាន​មនុស្ស​ច្រើន​? តើ​គួរតែ​អប់រំ​ពលរដ្ឋ​មុន​ (Software) ​ឬ​ក៏​សង់​បង្គន់​អនាម័យ​សាធារណៈ​មុន​ (Hardware)?

ម្យ៉ាង​ទៀត​ប្រសិន​បើ​រៀបចំ​បង្គន់​អនាម័យ​តាម​ទីសាធារណៈ​ឱ្យ​បាន​គ្រប់គ្រាន់​ក៏​គួរ​តែ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ដើម្បី​ឱ្យ​សាធារណជន​ងាយស្រួល​រក​ដូច​នៅ​ប្រទេស​នានា​ផង​ដែរ​។

សរុប​មក​វិញ​អ្វីៗ​គួរ​ធ្វើ​ ឬ​មិន​ចង់​ធ្វើ​គឺ​ផ្តើមចេញ​ពី​ការគិត​របស់​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា​ (mind-set) ដូច​ដែល​បាន​លើក​ឧទាហរណ៍​ខាង​លើ បើ​សួរ​ថា​បើ​មាន​លុយ​ចង់​ទិញ​ទូរស័ព្ទ​ស្មាតហ្វូន​ ឬ​​ក៏​បង្គន់​អនាម័យ​មុន​? គឺ​ឆ្លើយ​ថា​ចង់​ទិញ​ទូរស័ព្ទ​មុន ទុក​បង្គន់​អនាម័យ​ដោយឡែក​សិន​។

ដូច​គ្នា​នឹង​មាន​កម្ចី​លុយ​ពី​បរទេស​ និង​ចំណូល​សាលា​រាជធានី​ភ្នំពេញ​ដែរ​​គឺ​មកពី​ទស្សនទាន​គិត​ថា​មិនមែន​ជា​តម្រូវការ​ចាំបាច់ អ៊ីចឹង​ចាំ​សង់​ពេល​ណា​ក៏​បាន​ដែរ​។ ​ជា​ផលវិបាក​គឺ​បន្ទោស​គ្នា​ទៅវិញ​ទៅមក រដ្ឋ​បន្ទោស​ពលរដ្ឋ ពលរដ្ឋ​រិះគន់​រដ្ឋ​វិញ ជុំវិញ​រឿង​បង្គន់​សាធារណៈ​នេះ​។

ហេតុ​ដូច្នេះ​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​រដ្ឋ​គួរ​អនុវត្ត​ទាំង​ ២ ​ករណី​ទាំង​អប់រំ​ឥរិយាបថ​ពលរដ្ឋ​ចំពោះ​ការ​បន្ទោបង់​នៅ​ទីសាធារណៈ​នេះ និង​ទាំង​ការសាងសង់​បង្គន់​អនាម័យ​សាធារណៈ និង​បង្គន់​ចល័ត​បន្ថែម​ផង​។ ​

បច្ចុប្បន្ន​នេះ​មាន​កម្មវិធី​មង្គលការ និង​កម្មវិធី​បុណ្យ​ឯកជន​ខ្លះ​មាន​រៀបចំ​បង្គន់​ចល័ត​នៅ​ក្បែរ​បង្ហូរ​ចូល​លូ​ផ្ទាល់​តែម្តង​។ បទពិសោធ​ដែល​ខ្ញុំ​បាន​ឃើញ​សហរដ្ឋ​អាមេរិក​គឺ​នៅ​ពេល​កម្មវិធី​រត់​ប្រណាំង​ដើម្បី​រៃអង្គាស​ថវិកា​សប្បុរសធម៌​ក៏​មាន​រៀបចំ​បង្គន់​អនាម័យ​ចល័ត​សម្រាប់​បម្រើ​ដល់​អ្នក​ចូលរួម​គ្រប់គ្រាន់​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com