The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បង្គន់​អនាម័យ​តាម​ផ្ទះ និង​ទីសាធារណៈ គឺជា​តម្រូវ​ការ​ចាំបាច់​ជាង​ទូរស័ព្ទ​ដៃ




បង្គន់​អនាម័យ​តាម​ផ្ទះ និង​ទីសាធារណៈ គឺជា​តម្រូវ​ការ​ចាំបាច់​ជាង​ទូរស័ព្ទ​ដៃ

បង្គន់​អនាម័យ​តាម​ផ្ទះ និង​ទីសាធារណៈ គឺជា​តម្រូវ​ការ​ចាំបាច់​ជាង​ទូរស័ព្ទ​ដៃ

Content image - Phnom Penh Post
បុរសម្នាក់នេះកំពុងតែនោមដាក់របងពហុកីឡដ្ឋានអូឡាំពិក បើទោះបីជាគេបានដាក់បម្រាមហាមនោមយ៉ាងណាក៏ដោយ តុង សុប្រាជ្ញ
ភ្នំពេញ : សព្វ​ថ្ងៃ​នេះ​ យើង​ឃើញ​ថា​សំរាម​នៅ​រាជ​ធានី​ភ្នំ​ពេញ​មាន​ការ​រៀប​ចំ​ទុក​ដាក់​ និង​ប្រមូល​បាន​យ៉ាង​ទៀង​ទាត់​ល្អ​ ហើយ​មាន​ធុង​សំរាម​តាម​ទី​សាធារណៈ​ ក៏​ឃើញ​ថា​ មាន​ច្រើន​គួរ​សម​ដែរ​។​ ចំណែក​ឯ​ឥរិយាបថ​របស់​ប្រជា​ពល​រដ្ឋ​ក៏​មាន​​ការ​ផ្លាស់​ប្តូរ​ដែរ​ ដែល​កាល​ពី​មុន​ពិសា​ហើយ​បោះ​ចោល​ម៉ា​សេរី​ តាម​ថ្នល់​ និង​សួន​ច្បារ​សាធារណៈ​ជា​ដើម​ ហើយ​សូម្បី​​តែ​អាហារ​ដ្ឋាន​តូច​តាច​ឥឡូវ​ក៏​មាន​ធុង​សំរាម​ដែរ​។

ជាង​​នេះ​ទៅ​ទៀត​ ​សាលា​រាជ​ធានី​ក៏​ធ្លាប់​បាន​ទទួល​​ចំណាត់​ថ្នាក់​ទី​​ក្រុង​​ស្អាត​ពី​ អន្តរ​ជាតិ​នៅ​​ទី​ក្រុង​ឡុងដ៍​ផង​ដែរ​។ នៅ​តាម​ទី​នៃ​​ខេត្ត​នានា​ ក៏​ធ្វើ​បាន​ប្រសើរ​ឡើង​ដែរ​។ ​ការ​កាត់​បន្ថយ​សំរាម​​នេះ​​​មិន​មែន​គ្រាន់​តែ​ធ្វើ​ឲ្យ​ទី​ក្រុង​ល្អ​ និង​ភាព​ស្អាត​នៃ​បរិ​ស្ថាន​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ជួយ​លុប​បំបាត់​​ជំ​រក​​មូស​ខ្លា​​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ គ្រុន​ឈាម​ ជា​ជំងឺ​ទី​ក្រុង​ចំ​ពោះ​កុមារ​ទៀត​ផង​។​​ តែ​ទី​ក្រុង​ស្អាត​មិន​មែន​គិត​តែ​​ពី​សំរាម​ទេ​ ក្លិន​​ក៏​ជា​ការ​​ចូល​រួម​មួយ​ផ្នែក​ផង​ដែរ​។ ​តើ​ការ​បន្ទោ​បង់​​តាម​ទី​​សាធារណៈ​​សព្វ​ថ្ងៃ​នេះ​​​ យ៉ាង​ដូច​​ម្តេច​ដែរ​?

តាម​រយៈ​ការ​សិក្សា​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ឆ្នាំ​២០១០​អំពី​អនា​ ម័យ​​ ក៏​បាន​បង្ហាញ​ថា ​ប្រជា​ជន​​ឥណ្ឌា​មាន​ទូរ​ស័ព្ទ​ដៃ​ប្រើ​ប្រាស់​ច្រើន​លើស​លប់​ជាង​បង្គន់​ អនាម័យ​។ ​ឯ​កម្ពុជា​វិញ ​មិន​ខុស​ពី​ឥណ្ឌា​ទេ​ តាម​រយៈ​ទិន្នន័យ​​ជំ​រឿន​​ឆ្នាំ​២​០​០​៨​ គឺ​មា​ន ​៣៣,៧​%​ នៃ​ខ្នង​ផ្ទះ​ដែល​មាន​បង្គន់​អនាម័យ​ចាប់​ពី​មួយ​ ធៀប​ទៅ​នឹង​​ ៣៧,៨​%​ នៃ​ខ្នង​ផ្ទះ​ដែល​​មាន​ទូរ​ស័ព្ទ​ដៃ​ចាប់​ពី​មួយ​។​ តែ​មាន​សមាជិក​នៃ​ខ្នង​ផ្ទះ​ខ្លះ​មាន​ទូរ​ស័ព្ទ​ដៃ​ស្ទើរ​គ្រប់​គ្នា​ និង​អ្នក​ខ្លះ​ទៀត​មាន​ដល់​​ទៅ​ពីរ​-បី​ អាច​លើស​ពី​នេះ​ទៀត​​ ចុះ​មាន​ប៉ុន្មាន​នាក់​ដែល​ប្រើ​បង្គន់​អនា​ម័យ​ជា​កម្ម​សិទ្ធិ​ពីរ​-បី​ ដូច​ទូរស័ព្ទ​ដៃ​?​ កាល​ពី​ខែ​មុន​លោក​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​​​​លើក​​ពី​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ​​ តាម​រយៈ​ស៊ីម​កាត​ គឺ​ឡើង​ដល់​ជិត​​៧៥​%​ នៃ​ប្រជា​ជន​សរុប​​ជិត​​១៤​លាន​នាក់​នោះ​។​​​​ ហេតុ​អ្វី​បាន​ជា​រាជ​រដ្ឋា​ភិ​បាល​ មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​ ដូច​ទូរ​ស័ព្ទ​ដៃ​​​ផង​ដែរ​ ?

កន្លង​មក​សាលា​រាជ​ធានី​ភ្នំ​ពេញ​ធ្លាប់​បាន​បង្កើត​បង្គន់​អនាម័យតាម​ទី​ធា្ល​សាធា​រណៈ​ និង​តាម​រថ​យន្ត​ ចល័ត​ទៀត​។​​ តែ​ឥឡូវ​បាត់​មួយ​ចំនួន​ធំ​អស់​រលីង​ ហើយ​កន្លែង​បង្គន់​​ខ្លះ ​ក្លាយ​ទៅ​ជា​ភោជ​នី​យដ្ឋាន​ទៅ​វិញ​។​ មិន​ដឹង​ជា​ហេតុ​អ្វី​បាន​ជា​សាលា​រាជ​ធានី​មិន​ព្រម​ធ្វើ​បន្ត​​ទៀត​?

ម្យ៉ាង​វិញ​ទៀត​ ជាង​៣​ទសវត្សរ៍​កន្លង​មក ​បើ​និ​យាយ​ពី​របង​ស្តាត​អូឡាំ​ពិក​វិញ​គឺ​កន្លែង​ខ្លះ​ចង់​បាក់​​ ពុក​ផុយ​ច្រេះ​​ស៊ី​ដែក​​ខ្ទេច​ខ្ទី​អស់​​ហើយ​ ដោយ​សារ​ការ​បន្ទោ​បង់​ទាំង​តូច​ ទាំង​ធំ​យ៉ាង​អនា​ធិបតេ​យ្យ​នោះ​មួយ​ថ្ងៃ​បន្តិច​ៗ​ ហើយ​បើ​ដើរ​ជិត​ ឬ​ជិះ​កាត់​វិញ​ក្លិន​ឆ្អេះ​ និង​ស្អុយ​​ ជះ​ដល់​ថ្នល់​ភាយ​ៗ​។​ ចំ​ណែក​ឯ​ ដើម​ឈើ​ធំ​ៗ ​បេន​ឡាន​ របង​ផ្សារ​ របង​វត្ត​ របង​សាលា​រៀន​​ របង​ផ្ទះ​ណា​ដែល​ស្ងាត់​មិន​មាន​នរ​ណា​នៅ​​ និង​របង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​(ឧ. របង​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​)​​ សុទ្ធ​តែ​ទទួល​រង​នូវ​​ការ​វាយ​ប្រហារ​ដោយ​ទឹក​នោម​របស់​បុរស​ដែល​បាន​នោម និង​បន្ទោបង់ នៅ ទី​នោះ​។​ ជា​ពិ​សេស​នៅ​ពេល​ដែល​​ពួក​គាត់​ស្រវឹង​ធ្លាក់​ភ្នែក​ ទី​ណា​ក៏​បាញ់​ដែរ​ មិន​បាន​រក​កន្លែង​សម​រម្យ​ផង​។​ ឯ​ស្រី្ត​វិញ​កម្រ​ឃើញ​មាន​​ការ​បន្ទោ​របង់​​តាម​ទី​សាធារណៈ​ ដោយ​សារ​ក្រម​សីល​ធម៌​ និង​ភាព​​ខ្មាស​អៀន​​របស់​ពួក​គាត់​។​​​ ហេតុអ្វី​​បាន​​ជា​បុរស​ធ្វើ​មិន​បាន​ដូច​ស្រ្តី​?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​បង្គន់​អនាម័យ​នៅ​តែ​ជា​តម្រូវ​ការ​ចាំ​បាច់​សព្វ​ថ្ងៃ​នេះ​ សម្រាប់​នៅ​ទី​ក្រុង​ បើ​និ​យាយ​ថា​​ខ្វះ​ទឹក​​ចាក់​នោះ​​គឺ​មិន​ត្រឹម​ត្រូវ​ទេ​។​ បើ​នៅ​តាម​​សាលា​រៀន​វិញ​មួយ​ចំនួន​ គឺ​នៅ​មាន​ការ​ខ្វះ​ខាត​សាប៊ូ និង​ការ​ថែ​ទំា​ ​ហើយ​វា​ក៏​ជា​​ការ​លំបាក​​មួយ​ទំាង​គ្រូ​ ទាំង​សិស្ស​ ក្នុង​ការ​រក​កន្លែង​បន្ទោបង់​ ជា​ពិ​សេស​ប្អូន​ៗ​យុវ​សិស្ស​នារី​ និង​ពិការ​។​​​ ចំ​ណែក​ឯ​ស្ថាប័ន​រដ្ឋ​វិញ​ បង្គន់​ខ្លះ​គគ្រិច​ និង​សុទ្ធ​តែ​កន្ទុយ​បារី​ទៀត​ ខ្លះ​បាក់​បែក​ ខ្លះ​ស្ទះ​ ហើយ​ពុំ​មាន​សាប៊ូ​ និង​​ពុំ​មាន​អ្នក​ថែ​ទំា​ត្រឹម​ត្រូវ​ទេ​ ហើយ​មាន​ចំណុច​ខ្លះ​ រដ្ឋ​ធ្វើ​បង្គន់​ចុច​ទឹក​យ៉ាង​ស្អាត​ តែ​មន្រ្តី​ទាំង​នោះ​យក​ជើង​ជាន់​លើ​ចាន​​បង្គន់​ទំនើប​ទៅ​វិញ​។ ​ចុះ​ឲ្យ​គេ​ចូល​ក្រោយ​គាត់​ធ្វើ​ដូច​ម្តេច​? ​​តើ​ចំណុច​នេះ ​គួរ​តែ​អប់​រំ​អំ​ពី​អនាម័យ​ទៅ​មន្រ្តី​ទាំង​នោះ​មុន​ ឬ​ធ្វើ​បង្គន់​អនា​ម័យ​ទំនើប​មុន​?​ ឬ​មួយ​ក៏​មក​ពី​ប្រទេស​ទើប​តែ​ងើប​ពី​សង្រ្គាម​?​  បើ​និយាយ​ពី​បង្គន់​នៅ​ការិយាល័យ​ធ្វើ​ការ​​មិន​ស្អាត​ទេ ​តែ​បើ​ទៅ​មើល​ផ្ទះ​មន្ត្រី​ធំ​ៗ​វិញ​ គឺ​សណ្ឋា​គារ​ល្មម​ៗ​សុំ​ខ្មាស។ នេះ​មក​ការ​អនុវត្ត​ទ្រឹ​​​ស្តី​រាស្រ្ត​មាន​មុន​រដ្ឋ​​មែន​ទេ​?

យ៉ាង​ណា​មិញ​ យើង​ទទួល​ស្គាល់​មក​ហើយ​ថា​ មាន​ការ​លំ​បាក​បន្តិច ​​ដោយ​សារ​ទី​ក្រុង​សព្វ​ថ្ងៃ​នេះ​​មាន​ការ​កើន​ឡើង​​​នូវ​ចំនួន​ប្រជាជន​​ អ្នក​បន្លាស់​​ទី​មក​ទី​ក្រុង​ និង​ជា​ពិសេស​អ្នក​រស់​នៅ​តាម​ចិ​ញ្ចើម​ថ្នល់​ដែល​ពួក​គាត់​មិន​មាន​ជំ​រក ​និង​បង្គន់​អនា​ម័យ​ពិត​ប្រាកដ​ គឺ​ពួក​គាត់​បន្ទោ​បង់​ទាំង​តួច​ ទាំង​ធំ​ តាម​សួន​ច្បារ​ តាម​កន្លៀត​កៀនកោះ ​ឬ​មួយ​តាម​​ទឹក​ទន្លេ​ជា​ដើម។​​ ការ​ដែល​ជុះ​ពាស​វាល​ពាស​កាល​ដូច​នេះ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​សាធា​រណៈ​យ៉ាង​ខ្លាំង​​មាន​ការ​ចម្លង​មេ​​រោគ​ ពី​សត្វ​មក​មនុស្ស​ និង​ពី​ម្នាក់​ទៅ​ម្នាក់​​យ៉ាង​លឿន​ ​ដូច​ជា​ជំ​ងឺ​រាក​រូស​ និង​ជំ​ងឺ​អាសន្ន​រោគ​ ជា​ដើម​។

តាម​ពិត​ទៅ​ ការ​សាង​សង់​បង្គន់​អនា​ម័យ​តាម​ទី​សាធា​រណៈ​ និង​តាម​រថ​យន្ត​​ចល័ត​មិន​ធ្វើ​ឲ្យខូច​​សោ​ភណភាព​ទី​ក្រុង​ទេ​។ ជា​រឿង​ធម្មតា​​នៅ​​បណ្តា​​ប្រទេស​លោក​ខាង​លិច​ដែល​ខ្ញុំ​ជួប​ប្រទះ​គឺ​ បង្គន់​​អនា​​ម័យ​​តាម​​ទី​​សាធា​​រណៈ​​​ នៅ​​មិន​ឆ្ងាយ​ពី​គ្នា​ទេ​ កន្លែង​ខ្លះ​ដាក់​​នៅ​ជាប់​គ្នា​ជា​មួយ​នឹង​ ម៉ាក​ដូ​ណាល់​​(MacDonald)​ ឬ​ក៏​​ខេ​អែ​ហ្វ​ស៊ី​​(KFC)​ តែ​សុទ្ធ​តែ​មាន​ការ​បង់​ប្រាក់​បន្តិច​បន្តួច​ទាំង​អស់​។

តាម​យោ​បល់​របស់​ខ្ញុំ​ រាជ​រដ្ឋា​ភិបាល​គួរ​រៀប​ចំ​បន្ថែម​ទៀត​នូវ​បង្គន់​អនា​ម័យ​តាម​ទី​សាធា​រណៈ ​ តាម​តំបន់​ និង​តាម​រថ​យន្ត​ចល័ត​ ឲ្យ​រីក​​ស្គុះ​ស្គាយ​​ដូច​​ធនា​គារ​ឯក​ជន​​ដក​លុយ​អេ​ធី​អឹម​​​(ATM)​បាន​ ទេ​។​ ហើយ​​ធ្វើ​ការ​អនុវត្ត​ដំ​ណាល​គ្នា​នឹង​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​អំពី​អនា​ ម័យ​ស្អាត​ នោម​ និង​ជុះ​​ទៅ​​ប្រជា​ពល​រដ្ឋ​​និង​យក​តម្លៃ​បត់​ជើង​​ថោក​សមរម្យ​ដើម្បី​ឲ្យ​ ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​អាច​ទទួល​យក​បាន​។ មិន​តែ​ប៉ុណ្ណោះ​ពង្រឹង​​យុទ្ធ-​សាស្រ្ត​ដែល​មាន​ស្រាប់​ ​«ភូមិ​ស្អាត​​ ស្រែ​ល្អ​» ​​នៅ​តាម​ជន​បទ​ផង​ដែរ​អំពី​ការ​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​តាម​ផ្ទះ​ផង​ ដែរ​។​ ​​ ដើម្បី​ចូល​រួម​ចំណែក​ឲ្យសម្រេច​បាន​នូវ​ការ​​​អភិ​វឌ្ឍ​​បរិ-​ស្ថាន​​ក្នុង ​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​ស្សវត្សរ៍​​ទី​៧ ​របស់​រាជ​រដ្ឋា​ភិបាល​​(CMDG7) និងក៏​ដើម្បី​​ចូល​រួម​​កាត់​បន្ថយ​​អត្រា​ស្លាប់​កុមារ​​អាយុ​៥​ក្រោម​​​ ឆ្នាំ​​​ដោយ​សារ​រាករូស​ខ្លាំង​ និង​​ជំងឺ​អាសន្ន​រោគ​(CMDG4)​ ឆ្នាំ​២​០​១​៥​ផង​ដែរ​?​​ បន្ទាប់​មក​ចាប់​ផ្តើម​ធ្វើ​ការ​ផាក​ពិន័យ​​ជា​ប្រាក់​ចំពោះ​អ្នក​បន្ទោ​បង់ ​អនា​ធិបតេយ្យ​​៕

សូម​ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ  soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍