ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០៖ ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺជាពេលវេលាត្រូវចងចាំនូវជីវិតដែលបានបាត់បង់ការអបអរនូវវឌ្ឍនភាពដែលសម្រេចបាន និងប្តេជ្ញាឡើងវិញ ចំពោះការលុបបំបាត់ជំងឺអេដស៍។ នៅក្នុងឆ្នាំនេះគ្រាដែលមេរោគហ៊ីវ និងការរាតត្បាតនៃជំងឺកូវីដ១៩កំពុងរាតត្បាតមកជាមួយគ្នា ប្រធានបទនៃទិវាប្រយុទ្ធជំងឺអេដស៍ឆ្នាំ ២០២០ គឺ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា»។
ការរាតត្បាតនៃមេរោគកូវីដ ១៩បានប៉ះពាល់យ៉ាងខ្លាំងបំផុតដល់អ្នកក្រីក្រ និងអ្នកងាយរងគ្រោះបំផុត និងបានបង្កបញ្ហាលំបាកកាន់តែធំដល់អ្នកផ្ទុកមេរោគអេដស៍។ ដូច្នេះរាល់ភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ- ១៩ និងជំងឺអេដស៍នេះទាំងរដ្ឋាភិបាល ម្ចាស់ជំនួយ មេដឹកនាំសាសនា អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល អ្នកជំងឺអេដស៍ និងពលរដ្ឋដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់នេះត្រូវធ្វើការជាមួយគ្នា ដើម្បីបញ្ឈប់នូវបញ្ហាជាទ្វេគ្រោះនេះ។
សូ ធារី ជាមនុស្សម្នាក់ក្នុងចំណោមវីរជនដែលមិនសូវមានគេស្គាល់ជាច្រើននៅកម្ពុជា។ គាត់កំពុងប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតភ្លោះនេះ គឺជំងឺអេដស៍ និងកូវីដ១៩។ នាងកំពុងរស់នៅជាមួយនឹងមេរោគហ៊ីវ ហើយធ្វើការជាអ្នកផ្តល់ប្រឹក្សាឱ្យសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត (AUA) ក្នុងរាជធានីភ្នំពេញ។ ធារី និយាយទាំងញញឹមថា៖ «កាលពីអតីតកាល ខ្ញុំជាស្ត្រីមេផ្ទះសាមញ្ញម្នាក់។ គេហៅខ្ញុំថា បងស្រី ប៉ុន្តែក្រោយធ្វើការនៅកន្លែងព្យាបាលមួយកន្លែង គេហៅខ្ញុំថា អ្នកគ្រូ»។
នាងបន្តថា៖ «ខ្ញុំមិនចង់ឈប់មកធ្វើការទេ ទោះជាខ្ញុំខ្លាចថា ខ្ញុំអាចឆ្លងកូវីដ១៩ក៏ដោយ ព្រោះខ្ញុំចង់ឱ្យប្រាកដថាអ្នកផ្ទុកមេរោគអេដស៍អាចទទួលបានការព្យាបាល និងការប្រឹក្សាយោបល់។ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវទទួលបានថ្នាំរាល់ថ្ងៃ ដើម្បីឱ្យមានសុខភាពល្អ និងរស់នៅជុំគ្រួសារយើង»។
មនុស្សប្រមាណ ៧៣ ០០០ នាក់មានផ្ទុកមេរោគអេដស៍នៅកម្ពុជា។ តែយើងមានដំណឹងល្អ។ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៨៤ % កំពុងទទួលបានការព្យាបាលសង្គ្រោះជីវិត ហើយ ៨១ % បង្ក្រាបមេរោគនៅក្នុងខ្លួនបាន។ អត្រាអ្នកទទួលបានការព្យាបាលនៅកម្ពុជាគឺខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០១៩ មានករណីឆ្លងថ្មីនៃមេរោគអេដស៍ចំនួន ៧៨០ គឺមានការថយចុះចំនួន ៦២% បើប្រៀបធៀបនឹងឆ្នាំ ២០១០។
ប្រទេសកម្ពុជាបានបង្វែរជំនន់នៃអ្វីដែលពីមុនមកគឺជាមេរោគអេដស៍រាតត្បាតដ៏លឿនបំផុតនៅក្នុងតំបន់ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងបានលើការរាតត្បាតនៃមេរោគអេដស៍នៅក្នុងសកលលោក។
ជោគជ័យរបស់ប្រទេសកម្ពុជានៅក្នុងការបង្ក្រាបលើជំងឺអេដស៍មានឫសគល់នៅក្នុងគំនិតថ្មី ការចូលរួមរបស់សហគមន៍ ដំណោះស្រាយផ្តើមចេញពីសហគមន៍ ភាពជាដៃគូរឹងមាំជាអន្តរជាតិខាងផ្នែកសុខភាព និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជោគជ័យនេះថែមទាំងបានកសាងគ្រឹះរឹងមាំសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដទៃទៀតបាន។ យ៉ាងណាក្តីជោគជ័យនេះនៅមានភាពផុយស្រួយនៅឡើយ។ ការលុបបំបាត់មេរោគអេដស៍ទាមទារការគោរពជាបន្ត និងច្រើនថែមទៀតលើសិទ្ធិមនុស្ស និងសមភាពយេនឌ័រជាពិសេសសម្រាប់អ្នកស្ថិតក្នុងស្ថានភាពប្រឈម និងអង្គការសង្គមស៊ីវិលដែលធ្វើការតស៊ូមតិ និងផ្តល់សេវាបម្រើសម្រាប់ពួកគេ។
ការរាតត្បាតនៃមេរោគកូវីដ- ១៩ បានធ្វើឱ្យវិសមភាពផ្នែកសង្គម និងសេដ្ឋកិច្ចមានកាន់តែច្រើនហើយបង្កើនភាពងាយរងគ្រោះចំពោះជំងឺអេដស៍របស់ក្រុមដែលមិនសូវទទួលបាននូវការយកចិត្តទុកដាក់ទៅលើ។ មេរោគរាតត្បាតជាសកលនេះ បានធ្វើឱ្យបញ្ហានៃការមាក់ងាយក្នុងសហគមន៍មានកាន់តែច្រើន ហើយនៅតែជាបញ្ហាប្រឈមមួយសម្រាប់អ្នកផ្ទុកមេរោគអេដស៍។ ដូចមេរោគអេដស៍ដែរ មេរោគកូវីដ ១៩ បានធ្វើឱ្យអ្នកផ្តល់សេវាផ្នែកសុខភាពមានកង្វល់ ហើយធ្វើឱ្យអ្នកជំងឺគេចពីមណ្ឌលសុខភាពដោយគេខ្លាចឆ្លង។
ការមាក់ងាយធ្វើឱ្យគេបាត់បង់ឱកាសការងារ មានការពិបាកចិត្ត ហើយមិនសូវបំពេញបានតាមរបបថ្នាំសង្កូវ។ តែយើងមានមធ្យោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងការមាក់ងាយទាក់ទងនឹងមេរោគកូវីដ១៩ និងមេរោគអេដស៍។ វិធីម្យ៉ាងគឺកសាងសមត្ថភាពរបស់អ្នកផ្តល់សេវាក្នុងការការពារ និងគ្រប់គ្រងលើការឆ្លងរោគ។
ឧទាហរណ៍ទី ២ គឺយុទ្ធនាការជាសកលក្នុងការអប់រំថា ពេលណាគេរកមិនឃើញមេរោគអេដស៍នោះវាមិនឆ្លងទេ។ អ្នកផ្ទុកមេរោគអេដស៍ដែលកំពុងព្យាបាល និងដែលឈានដល់កម្រិតដែលគេរកមេរោគមិនឃើញនៅក្នុងឈាម មិនអាចធ្វើការចម្លងមេរោគនេះបានទេ។ ការនេះកាត់បន្ថយការមាក់ងាយទាក់ទងនឹងការភ័យខ្លាច ហើយផ្តល់ក្តីសង្ឃឹមដល់អ្នកមានមេរោគនេះ។ វាថែមទាំងអាចលើកទឹកចិត្តដល់អ្នកប្រឈមឱ្យធ្វើតេស្ត និងព្យាបាលបានឆាប់។
មានហានិភ័យច្រើនថែមទៀតនៃការឆ្លងមេរោគអេដស៍នៅក្នុងចំណោមមនុស្សសំខាន់ៗ ពិសេសយុវជនដែលរួមភេទជាមួយបុរស និងនារីកែភេទ។ ដោយសារគេប្រឈមនឹងការមាក់ងាយ និងការរើសអើងរួចទៅហើយនោះ យុវជនទាំងនេះមិនធ្វើតេស្តរកមេរោគអេដស៍ និងកាមរោគដទៃទៀតទេ ដែលជាការធ្វើឱ្យគេមានការប្រឈមនឹងការឆ្លងមេរោគអេដស៍យ៉ាងខ្ពស់។ លើសពីនេះទៀត គេមិនស្វែងរកការព្យាបាល ឬការប្រឹក្សាយោបល់ត្រឹមត្រូវទេ។
ក្នុងពេលដែលសហរដ្ឋអាមេរិកធ្វើការអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយអង្គការសហប្រជាជាតិធ្វើការកត់សម្គាល់ខួបលើកទី ៧៥ នៃកំណើតរបស់ខ្លួន ទីភ្នាក់ងារផ្នែកជំងឺអេដស៍របស់សហប្រជាជាតិ UNAIDS និងផែនការបន្ទាន់របស់ប្រធានាធិបតីអាមេរិកសម្រាប់ការបន្ធូរបន្ថយផ្នែកជំងឺអេដស៍ PEPFAR ធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការសហគមន៍ក្នុងមូលដ្ឋាន ដើម្បីដោះស្រាយចំពោះតម្រូវការរបស់ក្រុមអ្នកប្រឈមទាំងនេះ។
ឧទាហរណ៍មួយនៃការសហការគ្នានេះគឺសេវាបែបថ្មីតាមសហគមន៍ ដូចជាការធ្វើតេស្តខ្លួនឯងរកមេរោគអេដស៍ និងការប្រើថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីការពារការឆ្លងក្នុងចំណោមអ្នកស្ថិតនៅក្នុងក្រុមមានការប្រឈមខ្ពស់ (ការការពារមុនមានការប្រឈម ឬ PrEP) ។ នៅក្នុងសកលលោកនៅតាមតំបន់ដែលគេអនុវត្ត PrEP បានទូលំទូលាយសម្រាប់អ្នកប្រឈម អត្រាឆ្លងមានការធ្លាក់ចុះយ៉ាងលឿន។ ទីតាំងសាធារណៈ និងទីតាំងឯកជនចំនួន ៧ នៅកម្ពុជា នាបច្ចុប្បន្ននេះផ្តល់សេវា PrEP ហើយទីតាំងចំនួន ១១ ថែមទៀតនឹងដំណើរការនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។
ការលុបបំបាត់ការមាក់ងាយ និងការរើសអើងដោយយកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺក្នុងការឆ្លើយតប ហើយធ្វើការខិតខំដោយឈរលើមូលដ្ឋាននៃការគោរពចំពោះសិទ្ធិមនុស្ស និងចំណាត់វិធីដែលយកចិត្តទុកដាក់លើយេនឌ័រ គឺជាគន្លឹះសម្រាប់កាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃមេរោគរាតត្បាតនៃជំងឺអេដស៍ និងកូវីដ១៩ ដែលកំពុងមានជាមួយគ្នា។ បញ្ហាប្រឈមនៅឆ្នាំ ២០២០ គួរតែជាការរំឭកមួយនៃឱកាសសម្រាប់ភាពដឹកនាំដ៏ច្បាស់លាស់មួយ និងក្នុងការធ្វើអ្វីតាមគន្លងថ្មី ប្រសើរហើយប្រកបដោយការសហការគ្នាច្រើនជាងមុន។ ជោគជ័យរបស់យើងពឹងអាស្រ័យលើការចូលរួមជាមួយគ្នា មិនមែនការដើរចេញពីសាមគ្គីភាព មិនមែនចំណាត់វិធីធ្វើទៅតែឯងនោះទេ៕
ដោយលោកស្រី Vladanka Andreeva គឺជានាយិកាអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជា ហើយ លោក W. Patrick Murphy គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា