ការវិនិយោគ​សំណង់​អគារ​លំនៅឋាន​សហកម្មសិទ្ធិ​ខ្ពស់ៗ​ (​ខុនដូ​) ​នៅ​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​បាននិង​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ការកើនឡើង​នៃ​អគារ​ខុនដូ​ក៏​នឹង​នាំមក​នូវ​បញ្ហា​ប្រឈម​មួយ​​ចំនួនៗ​ដែល​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​នានា គឺ​បញ្ហា​បោះ​ ឬ​ទម្លាក់​វត្ថុ​ពី​អគារ​ខុនដូ​​ ឬ​អគារ​សហកម្មសិទ្ធិ​ខ្ពស់​។

ដើម្បី​ងាយ​យល់​ពី​បញ្ហា​នេះ​ខ្ញុំ​សូម​លើក​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ​ផ្ទាល់​ជា​ឧទាហរណ៍​។

ហេតុការណ៍​៖ ​នៅពេល​រសៀល​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ខ្ញុំបាទ​បាន​នាំ​ភ្ញៀវ​បរទេស​ទៅ​ជួបពិភាក្សា​ការងារ​នៅក្នុង​ទីតាំង​កាហ្វេ​ក្នុង​អគារ​ខុនដូ Vista ​របស់​ក្រុមហ៊ុន​បុរី​វីឡា​ទួលសង្កែ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ​ខ្ញុំបាទ​បាន​ចត​រថយន្ត​ទៅតាម​ការណែនាំ​របស់​បុគ្គលិក​សន្តិសុខ​របស់​អគារ​ខុនដូ​ Vista ​នៅ​មុខ​ទ្វារ​ចូល​ទៅ​អគារ​នៅ​ប៉ែក​ខាងលិច​នៃ​អគារ​នេះ​។ នៅ​ម៉ោង​ប្រហែល​ ១៦ ​និង​ ៤០ ​នាទី​មាន​ដែកកេះ​ ១ ​បាន​ធ្លាក់​ពី​ជាន់​ខាងលើ​នៃ​អគារ​មកលើ​កញ្ចក់​រថយន្ត​របស់​ខ្ញុំបាទ​បណ្តាល​ឲ្យ​បែក​ប្រេះស្រាំ​កញ្ចក់​។

ក្រោយពី​មាន​រឿង​នេះ​កើតឡើង​ក្រុមហ៊ុន​ ឬ​អ្នកគ្រប់គ្រង​អគារ​ខុនដូ​ Vista ​មិន​មាន​លទ្ធភាព​រក​ជនបង្ក​មក​ទទួល​ខុសត្រូវ​ទេ​ដោយសារ​មិន​មាន​កាមេរ៉ា​តាមដាន​ពី​ខាង​ក្រៅ​អគារ និង​បុគ្គលិក​មិន​អាច​រកឃើញ​ជនបង្ក​។ ​ខាង​តំណាង​ក្រុមហ៊ុន​គ្រប់គ្រង​អគារ​ខុនដូ និង​ក្រុមហ៊ុន​បុរី​វីឡា​ទួលសង្កែ​ក៏​បដិសេធ​មិន​ទទួល​ខុសត្រូវ​លើ​ការខូចខាត​ដែរ​។ ​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ​ត្រូវ​រ៉ាប់រង​ចំណាយ​លើ​ការខូចខាត​នេះ​។

សំណួរ​ទី​ ១៖ តើ​កត្តា​អ្វី​ដែល​បណ្តាល​ឲ្យ​ជនបង្ក​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​?

វា​អាច​បណ្តាល​មកពី​អំពើ​អចេតនា ឬ​ការធ្វេសប្រហែស​របស់​ជនបង្ក​។ ​ក្រៅពី​អំពើ​អចេតនា​ការចោល​វត្ថុ​ ឬ​ធ្វើឲ្យ​ធ្លាក់​វត្ថុ​ពី​អគារ​ខ្ពស់​មកក្រោម​គឺជា​ឥរិយាបថ​ខុសឆ្គង​ (Anti-Social Behavior) ​ដែល​កើតឡើង​ដោយសារ​ចំណុច​ទី​១៖ ​ជំងឺផ្លូវចិត្ត​មិន​អាច​គ្រប់គ្រង​ឥរិយាបថ​របស់​ខ្លួនឯង​បាន និង​ចំណុច​ទី​២៖ ​បរិបទ​អំណោយផល​ដល់​ជនបង្ក​រួច​ផុតពី​ការទទួល​ខុសត្រូវ​។

ចំពោះ​ចំណុច​ទី​១ យើង​មិនមាន​អ្វី​ត្រូវ​និយាយ​ច្រើន​ទេ​ក្រៅពី​ការជំរុញ​ឲ្យ​ពួកគាត់​ (​អ្នកបង្ក​) ​ទៅ​ទទួល​ការព្យាបាល​ជាមួយ​អ្នកឯកទេស​។ ​ចំពោះ​ចំណុច​ទី​ ២ ​យើង​ត្រូវ​ពិភាក្សា​ច្រើន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ អ៊ីចឹង​ចូលដល់​សំណួរ​ទី​២​។

សំណួរ​ទី​២៖ ​តើ​អ្វី​ទៅ​ជា​បរិបទ​ដែល​អំណោយផល​ដល់​ជនបង្ក​រួច​ផុតពី​ការទទួល​ខុសត្រូវ​ចំពោះ​ឥរិយាបថ​ខុសឆ្គង​របស់​គាត់​?

បរិបទ​ទី​១- ​ការបោះ​ ឬ​គប់​វត្ថុ​ពី​អគារ​ខ្ពស់​មិន​ងាយ​ត្រូវ​បាន​អ្នកដទៃ​ឃើញ​ដូច​ការបោះ​ ឬ​គប់​នៅ​តាម​ផ្លូវ​ទេ​។ ណាមួយ​នៅ​តំបន់​ជុំវិញ ក៏​មិន​មាន​អគារ​ខ្ពស់​ដែល​អាច​ឲ្យ​អ្នក​នៅ​អគារ​ផ្សេង​មើល​ឃើញ​គាត់​ប្រព្រឹត្ត​។

បរិបទ​ទី​២- ​អាច​ជា​ការខ្វះខាត​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់​ទើប​ធ្វើឲ្យ​​ជនបង្ក​អាច​គិតថា អ្នកដទៃ​នឹង​មិន​ដឹង ឬ​មិន​ងាយ​រកឃើញ​ទេ ប្រសិន​បើ​គាត់​បោះ ឬ​ធ្វើឲ្យ​ធ្លាក់​វត្ថុ​មកក្រោម​ប៉ះពាល់​ដល់​អ្នកដទៃ​។ ឬ​ក៏​អាច​គិតថា អ្នកគ្រប់គ្រង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការស្រាវជ្រាវ​ឃើញ​ប្រសិន​បើ​មាន​ហេតុការណ៍​ដូចនេះ​កើតឡើង​។

បរិបទ​ទី​៣- ​គឺ​ដោយសារ​ពីមុន​មក​មិនសូវ​រកឃើញ​ជនបង្ក​ និង​មិន​មាន​ទណ្ឌកម្ម ឬ​ការពិន័យ​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​ជនបង្ក​ងាយ​នឹង​ប្រព្រឹត្ត​ម្តងទៀត​។ ​ដូចដែល​ការរកឃើញ​របស់​ចិត្តវិទូ​លោក Edward Thorndike ​ដែល​ដាក់ឈ្មោះថា ទ្រឹស្តី Law of Effect បាន​បញ្ជាក់​ថា ឥរិយាបថ​ដដែល​របស់​​គ្គល​ម្នាក់​ងាយ​នឹង​កើតឡើង​ម្តងទៀត ឬ​នឹង​មិន​ងាយ​បញ្ឈប់​ទេ ប្រសិន​បើ​គាត់​មិន​ទទួលកម្ម​ ឬ​ទណ្ឌកម្ម​។

សំណួរ​ទី​៣៖ បើ​អ៊ីចឹង​យើង​សួរថា តើ​ក្រុមហ៊ុន​មាន​ទំនោរ​ ឬ​ Incentive ក្នុងការ​ការពារ​កុំឲ្យ​មាន​បរិបទ​ទាំងនេះ ឬ​កែលម្អ​បរិបទ​ទាំងនេះ​ឬទេ​?

ចម្លើយ​គឺ​អាស្រ័យ​លើ​ច្បាប់​ និង​ការអនុវត្ត​ច្បាប់​ដែល​មាន​ចែង​ពី​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​។

ប្រសិន​បើ​ច្បាប់​មិនមាន​ចែង​ ឬ​ចែង​មិន​ច្បាស់ នោះ​យើង​មិន​អាច​រំពឹង​ខាង​ក្រុមហ៊ុន​ចូលរួម​កាត់បន្ថយ​បញ្ហា​ទាំងនេះ​ទេ ដោយសារ​តែ​មាន​បញ្ហា Moral Hazard នៃ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​។ Moral Hazard មានន័យថា បុគ្គល ឬ​ក្រុមហ៊ុន​មាន​ទំនោរ​ក្នុង​ការប្រថុយ​ទៅនឹង​ហានិភ័យ ដោយសារ​បុគ្គល ឬ​ក្រុមហ៊ុន​នោះ​មិន​ត្រូវ​ចាប់​ឲ្យ​ទទួល​ខុសត្រូវ​លើ​ផលប៉ះពាល់​នៃ​ការប្រថុយ​របស់ខ្លួន​។

ក្នុង​ករណី​របស់ខ្ញុំ​យើង​អាច​បកស្រាយ​ថា ក្រុមហ៊ុន​គ្រប់គ្រង​​ខុនដូ​ Vista ​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​បុរីវីឡា​ទួលសង្កែ​មិន​បាន​បំពាក់​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ស្វែងរក​ជន​បោះ​វត្ថុ​ពី​អគារ ដ្បិត​អី​បើ​មាន​គ្រោះថ្នាក់​កើតឡើង ក្រុមហ៊ុន​មិន​ចាំបាច់​ទទួល​ខុសត្រូវ សង​ការខូចខាត​របស់​អ្នកដទៃ​ដែល​បង្កដោយ​អ្នកស្នាក់នៅ ឬ​បុគ្គលិក​នៅក្នុង​អគារ​របស់​ខ្លួន​ផង​។

បើ​អ៊ីចឹង​ក្រុមហ៊ុន​មាន​ប្រយោជន៍​ ឬ​ Incentive អ្វី​ទៅ​ចំណាយ​ថវិកា​ធនធាន​មនុស្ស និង​ពេលវេលា​​ទៅ​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា និង​ដោះស្រាយ​បញ្ហា​នៅពេល​មាន​គ្រោះថ្នាក់​ដូច្នេះ​កើតឡើង​? ​តែ​ក៏​មិនមែន​មានន័យថា រាល់​ក្រុមហ៊ុន​គ្រប់គ្រង​អគារ​ខុនដូ​ទាំងអស់​សុទ្ធតែ​មាន​ឥរិយាបថ​មិន​ទទួល​ខុសត្រូវ​ដូច្នេះ​ទេ​។ ​ក៏​អាច​មាន​ក្រុមហ៊ុន​ដែល​ស្ម័គ្រចិត្ត​ចំណាយ​ធនធាន​ក្នុង​ការបំពាក់​ឧបករណ៍ និង​ស្រាវជ្រាវ​រក​ជនបង្ក​ផងដែរ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន អ្នកជិតខាង​ និង​ភ្ញៀវ​។

បញ្ហា Moral Hazard អាច​ដោះស្រាយ​បាន​តាមរយៈ​ការចង់​មាន​ការទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​។ តើ​ច្បាប់​របស់​កម្ពុជា​មានចែង​ឬ​ទេ​អំពី​បញ្ហា​នេះ​?

ដោយ​ខ្ញុំ​មិនមាន​ជំនាញ អ៊ីចឹង​សូម​ទុក​ឲ្យ​អ្នកជំនាញ​ច្បាប់​ចូលរួម​ផ្តល់យោបល់​បកស្រាយ​។

វិស័យ​អគារ​សហកម្មសិទ្ធិ​ខ្ពស់ៗ​ (​ខុនដូ​) ​នៅ​កម្ពុជា​ទើបតែ​ចាប់ផ្តើម​អភិវឌ្ឍ​ក្នុងដំណាក់កាល​ដំបូង​។ ក៏ប៉ុន្តែ​តទៅ​មុខ កម្ពុជា​នឹង​ប្រាកដ​ជា​មាន​អគារ​សហកម្មសិទ្ធិ​ខ្ពស់ៗ​ (​ខុនដូ​) ​ច្រើន​ជាង​នេះ​ដោយ​កត្តា​សន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច និង​ការវិវត្ត​នៃ​សង្គម​។ ​ទន្ទឹម​នឹង​ការអភិវឌ្ឍ បញ្ហា​ប្រឈម​នឹង​មក​ជាមួយ ដូចជា​ហេតុការណ៍​ ឬ​គ្រោះថ្នាក់​បែបនេះ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ប្រសិន​បើ​យើង​មិន​មាន​វិធានការ​ពី​ពេលនេះ​ទេនោះ​។

ជាក់ស្តែង​ប្រទេស​ជិតខាង​ក្នុង​អាស៊ាន​ក៏​បាន និង​កំពុង​ជួប​បញ្ហា​ទាំងនេះ​ជាច្រើន​ករណី​ដែរ​។ ឧទាហរណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​ មាន​គ្រោះថ្នាក់​មួយ​កើតឡើង​បណ្តាល​ឲ្យ​សិស្ស​វ័យ​ ១៥ ​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​​ ដោយសារ​មាន​គេ​បោះ​កៅអី​ពី​ខាងលើ​អគារ​ធ្លាក់​ត្រូវ​ចំ​ក្បាល​របស់​សិស្ស​នោះ​កាលពី​ឆ្នាំ​ ២០១៨​។ ករណី​ស្រដៀង​គ្នា​នៅ​ប្រទេស​សិង្ហបុរី​គឺ​ស្ត្រី​វ័យ​ ៧៣ ​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​មាន​គេ​បោះ​ដប​ស្រា​ពី​អគារ​លំនៅឋាន​ខ្ពស់​កាលពី​ឆ្នាំ​ ២០១៩​។

ទោះ​ជា​វិស័យ​អគារ​សហកម្ម​សិទ្ធិ​ខ្ពស់ៗ​ (​ខុនដូ​) ​នៅ​កម្ពុជា​ទើបតែ​ចាប់ផ្តើម​អភិវឌ្ឍ​ក្តី តែ​កម្ពុជា​គួរ​ស្វែងយល់​ពី​បញ្ហា និង​​បទពិសោធ​ទាំងនេះ​ពី​ប្រទេស​ដទៃ​ដើម្បី​ការពារ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​អនាគត​៕

ពី​ខ្ញុំ គឹម មិនា អតីត​និស្សិត​នៃ​សាលា​គោលនយោបាយ​សាធារណៈ លីក្វាន់យូរ