ឥរិយាបថនៃអ្នកប្រកបអាជីវកម្មនៅស្រុកខ្មែរគឺដូចជានិយមធ្វើតាមគ្នា ឬលួចចម្លេងឲ្យដូចៗគ្នាហើយកន្លែងខ្លះនៅក្បែរគ្នាដើម្បីទាញម៉ូយពីគេ ឬក៏ដំបូងឡើយជួលផ្ទះឲ្យគេរកស៊ីទេតែខ្លះមិនទាន់ចប់កុងត្រាផងក៏ដេញគេចេញយកផ្ទះបើករកស៊ីខ្លួនឯង ហើយបើមានការអីគឺអាងខ្នងអ្នកធំ ឬក៏មន្ត្រីប្រដាប់អាវុធមកសម្លុតអ្នកប្តឹងប្ដល់គ្នាក៏មាន ពិសេសគឺការរកស៊ីជាលក្ខណៈគ្រួសារដូចជាបើគេលក់គ្រឿងសំណង់ ឯងមកលក់ដែរ បើគេបើកហាងលក់ឡាន ឯងមកបើកលក់ជាប់គេដែរ។
ករណីធ្វើតាមគ្នាដូចនេះមិនសូវជាបញ្ហាទេ ហើយក៏គ្មានអ្នកប្តឹងដែរគឺបានត្រឹមតែប្រាប់ឲ្យឈប់តែប៉ុណ្ណឹងកាលពីទសវត្សរ៍ឆ្នាំ ៨០ និងឆ្នាំ ៩០ នោះ។ តែចាប់ពីសភាបានអនុម័តច្បាប់ចំនួន ២ សំខាន់ៗគឺច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មកមានអាជីវកម្មខ្លះត្រូវបានក្រុមហ៊ុនដើមគេប្តឹងរឹបអូសយកវត្ថុតាងទាំងអស់នោះ ១ ឆ្នាំៗ គ្រាន់តែអាជ្ញាធរកម្ទេចស៊ីឌី ឌីវីឌី និងឯកសារថតចម្លងខុសច្បាប់ ជាពិសេសក្រុមហ៊ុនហង្សមាសតែម្តងប្តឹងចាប់អ្នកលក់នៅផ្សារទួលទំពូង និងហាងបើកលក់ស៊ីឌីតាមផ្ទះឡើងពាយក៏នៅតែមិនរាងទៀត។
តែក្រុមហ៊ុនធំៗខ្លះគេខ្ជិលសន្សំរឿងក៏គ្រាន់តែប្រាប់ឲ្យឈប់ ឬក៏គំរាមខ្លះប៉ុណ្ណោះព្រោះគេមិនចង់ឃើញឈ្មោះក្រុមហ៊ុនគេក្នុងសារព័ត៌មានពីការប្តឹងប្តល់គ្នាដូចជាក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុននំស្រួយលីលីជាដើមដោយគ្រាន់តែឃើញរចនាប័ទ្មសម្បកកំប៉ុងដប ឬកញ្ចប់ប្រហាក់ប្រហែលគ្នាក្លែងក្លាយនៅតាមទីផ្សារ។
ចំពោះការលួចកម្មសិទ្ធិបញ្ញានេះ បើប៉ះចំអ្នកចិត្តសឿងវិញគឺប្តឹងឡើងតុលាការដូចគ្នា។ ឧទាហរណ៍ ករណីម្ចាស់រោងពុម្ព គីម ឡុង ត្រូវបានសាស្ត្រាចារ្យ ឥន យឿន ជាអ្នកនិពន្ធ និងជាគ្រូបង្រៀននៅមហាវិទ្យាល័យឯកជន ប្តឹងតាំងពីតុលាការថ្នាក់ក្រោមដល់តុលាការកំពូលកាលពីចុងឆ្នាំ ២០១៤ ដោយចុងក្រោយសម្រេចឲ្យម្ចាស់រោងពុម្ព គីម ឡុង សងប្រាក់ ៦០ លានរៀលទៅអ្នកនិពន្ធសៀវភៅ និងផ្តន្ទាទោសដាក់គុក ៦ ខែ (ទោសព្យួរ) និងពិន័យប្រាក់ ១០ លានរៀលចូលក្នុងថវិការដ្ឋពាក់ព័ន្ធនឹងការលួចចម្លងសៀវភៅលក់។
កាលនោះលោក យឿន បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនអស់ចិត្តទេគឺ៖ «ខ្ញុំគិតថា ការដែលតុលាការផ្តន្ទាទោសជនជាប់ចោទដោយគ្រាន់តែផាកពិន័យជាប្រាក់មិនផ្តន្ទាទោសជាប់ពន្ធនាគារនឹងធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសមិនរាងចាល និងបន្តការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធក្នុងប្រទេសកម្ពុជាថែមទៀត»។
នៅពេលការអនុវត្តច្បាប់ផ្សារភ្ជាប់ទៅនឹងការសិក្សារៀនសូត្រអំពីទ្រឹស្តីនៃការបើកអាជីវកម្មធ្វើឲ្យឥរិយាបថរបស់អ្នកទិញ ឬអ្នកប្រើប្រាស់មានការផ្លាស់ប្តូរមិនចូលចិត្តប្រើច្រើនផងដែរដែលធ្វើឲ្យផលិតកម្ម ឬក៏អាជីវកម្មខ្លះដួលរលំដោយខ្លួនឯងនៅពេលពួកគេបានលួចចម្លងភាពប្រហាក់ប្រហែល ឬក៏យកឈ្មោះគេដែលចុះបញ្ចីនៅបរទេសរួចហើយមកប្រើបន្លំ។
ដូចក្រុមហ៊ុនផលិតកម្ម U2 និងឌីស្កូថេក U2 នៅជិតផ្សារដើមគដែលបានបើកតាំងពី ១៥ ឆ្នាំមុនត្រូវបានបិទទ្វារដោយឯកឯងព្រោះ U2 គឺជាឈ្មោះក្រុមតន្ត្រីប្រទេសអៀរឡង់ដែលល្បីខ្លាំងនៅលើពិភពសិល្បៈដែលមានលោក Bono ជាអ្នកចម្រៀងដ៏ល្បីពេញពិភពលោក និងជាអ្នកតស៊ូមតិដ៏ល្បីម្នាក់ចំពោះការប្រែប្រួលអាកាសធាតុផងដែរ។
រីឯហាងលក់ប៊ឺហ្គឺរ និងភ្លៅមាន់ BBWorld នៅលើផ្លូវព្រះមុនីវង្សដែលត្រូវបានគេរិះគន់ពីស្លាកសញ្ញាអក្សរ W ធំ គឺធ្វើឲ្យដូចទៅនឹងអក្សរ M ធំរបស់ក្រុមហ៊ុន McDonalds ដែលលក់ប៊ឺហ្គឺរ និងភ្លៅមាន់របស់សហរដ្ឋអាមេរិកគឺគ្រាន់តែខុសគ្នាតែមួយ M ផ្កាប់ មួយ M ផ្ងារប៉ុណ្ណោះតែមិនយូរប៉ុន្មានហាង BBWorld ត្រូវបិទទ្វារទាំងស្រុង។
និយាយរឿង ប៊្រេនៗ (Brands) ដែលកំពុងពេញនិយមហ្នឹងឥឡូវចូលដល់រឿងកាហ្វេដែលកំពុងមានទីផ្សារវិញម្តងគឺនៅដើមខែនេះមានការចែករំលែកពេញហ្វេសប៊ុកមានអ្នកគាំទ្រ មានអ្នករិះគន់រវាងកាហ្វេ Amazon ជាប្រភេទអាជ្ញាប័ណ្ណពីប្រទេសថៃតាមរយៈក្រុមហ៊ុនប្រេងឥន្ធនៈ PTT បែប ហ្វ្រែនឆាយ Frienchie នៅឆ្នាំ ២០១៥ និងកាហេ្វ Amazing ដែលបង្កើតក្នុងស្រុកដោយបើកលក់នៅដើមឆ្នាំនេះហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដូចគ្នាតែក្រុមហ៊ុនទាំង ២ មិនទាន់ឈានដល់ការប្តឹងគ្នាទេ។
បើមើលអាជីវកម្មទាំងពីរនេះនូវរូបភាពទូទៅគឺមានលក្ខណៈប្រហែលគ្នា និងខ្លះដូចគ្នាទាំងស្រុងតាំងពីនិមិត្តសញ្ញា និងពណ៌រូបរាង និងពណ៌ហាងតុបតែងដូចគ្នា និងមានទីតាំងក្នុងការ៉ាស់សាំងក៏ដូចគ្នា សូម្បីតែដើមឈើ ១ ដើមនៅមុខហាងកាហ្វេក៏មិនឲ្យបាត់ដែរ។
បន្ទាប់ពីមានការរិះគន់តាមហ្វេសប៊ុកថាកាហ្វេ Amazing ចម្លងពីកាហ្វេ Amazon ក៏ដោយ ក៏ម្ចាស់កាហ្វេ Amazing អះអាងថាកាហ្វេគាត់ធ្វើឲ្យមានលក្ខណៈខ្មែរ និងរសជាតិកាហ្វេក៏ខុសគ្នាដែរ។ តែអ្នករិះគន់ដែលយល់ដឹងពីអាជីវកម្មមិនស្មោះត្រង់គឺពួកគេមិនទិញកាហ្វេ Amazing ហូបទេ។
សំណួរសួរថា ហេតុអ្វីបានជាក្រសួងពាណិជ្ជកម្មចុះបញ្ជីឲ្យកាហ្វេ Amazing បើដឹងថា កាហ្វេ Amazon ជាប្រភេទ ហ្វ្រែនឆាយចុះបញ្ជីមុនតាមរយៈម្ចាស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT ហើយនោះ? ហើយបើចង់ឲ្យទៅជារបស់ខ្មែរ ហេតុអ្វីបានជាមិនដាក់ឈ្មោះឲ្យទៅជាភាសាខ្មែរដូចជា ព្រៃឡង់ ឬក៏ព្រៃអារ៉ែងទៅ បើឈ្មោះព្រៃដូចគ្នាគ្រាន់តែមួយនៅប្រេស៊ីល មួយនៅកម្ពុជានោះ? រួចហើយដូររូបរាង និងពណ៌ឲ្យឆ្ងាយពីគេបន្តិចទៅគឺបានហើយមិនចាំបាច់ធ្វើដូចគេបេះបិទទេ។ ម្យ៉ាងឈ្មោះយីហោទាំង ២ នេះវាស្របនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលកំពុងលើកទឹកចិត្តឲ្យការពារតំបន់ព្រៃទាំង ២ នេះផង។
ដើម្បីឲ្យការរកស៊ីមានតម្លាភាព និងទាក់ទាញវិនិយោគិនមករកស៊ីបន្ថែមទៀតនៅកម្ពុជាក្នុងករណីនេះគឺត្រូវពឹងផ្អែកទៅលើច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់តាមមាត្រា ៤ ត្រង់ចំណុច ឆ.៖«ម៉ាកដែលដូចគ្នា ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេងដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុននៅឯបរទេសចំពោះទំនិញ ឬ ក៏សេវាដូចគ្នា ឬទំនិញ ឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ»។
ចំណុចនេះក្រសួងពាក់ព័ន្ធគួរផ្ដល់យុត្តិធម៌ដល់កាហ្វេ Amazon ដែលជារបស់ដើម និងបានចុះបញ្ជីបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋត្រឹមត្រូវព្រមទាំងបានបង្កើតការងារឲ្យយុវជនខ្មែរធ្វើផងដែរ ហើយការប្រកួតបែបប្រើសែស្រឡាយ បក្ខពួកដោយយកឈ្មោះមន្ត្រីធំៗក្នុងជួររាជរដ្ឋាភិបាលមកប្រើដើម្បីយកឈ្នះលើដៃគូនោះ បើឈប់បានឈប់ទៅព្រោះនាំឲ្យប៉ះពាល់ការវិនិយោគទុនទាំងក្នុងស្រុក និងអន្តរជាតិ។
ជាផលវិបាកកន្លងមកមានក្រុមហ៊ុនល្បីឈ្មោះមួយចំនួនក៏ចង់មករកស៊ីនៅស្រុកខ្មែរដែរ មិនមែនគេមិនហ៊ានមកដោយសារខ្មែរគ្មានលុយទិញនោះទេ។
ឧទាហរណ៍ដូចជាក្រុមហ៊ុន McDonalds គ្រាន់តែលក់ប៊ឺហ្គឺរ ឬក៏ភ្លៅមាន់តម្លៃបួនដប់ដុល្លារមិនខ្លាចខ្មែរគ្មានលុយទិញនោះទេគឺមកពីគេភ័យខ្លាចរឿងរកស៊ីមិនស្របច្បាប់ដែលមិនឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។ តែបើធ្វើសាជីវកម្មក្នុងស្រុកខ្មែរមិនឆ្លើយតបនឹងស្តង់ដារស្របច្បាប់នោះគឺមិនអាចលក់ Share និង Stock លើទីផ្សារភាគហ៊ុនបានឡើយដូចដែលឃើញជាក់ស្តែងហើយគឺតាំងពីបើកទីផ្សារមូលបត្រកម្ពុជា (CSX) ឆ្នាំ ២០១២ មកឃើញមានតែ ៤ ទៅ ៥ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនដដែលៗប៉ុណ្ណោះដែលហ៊ានដាក់លក់ Stocks លើទីផ្សារគឺមានតែរដ្ឋាករទឹកស្វយ័ត កំពង់ផែ ស្វយ័ត ធនាគារអេស៊ីលីដា និង Grand Twins ដែលបានលក់រាល់ថ្ងៃព្រោះស្ថាប័នរដ្ឋ និងឯកជនទាំងនេះបានបង្ហាញពីភាពស្មោះត្រង់ទាំងដំណើរការ ទាំងហិរញ្ញវត្ថុជាសាធារណៈ។
ករណីដែលចូលចិត្តលួចចម្លងគេបែបនេះគឺងាយស្រួលមិនចាំបាច់រៀន ឬមួយក៏ជួលទីប្រឹក្សាមកធ្វើផែនការអាជីវកម្ម (Business Plan) នាំតែបង្ហិនលុយធ្វើអីចាំតែយកពីគេស្រាប់ទៅបានហើយ។
សកម្មភាពនេះធ្វើឲ្យគេមើលឃើញពីប្រវត្តិការសិក្សានៃអ្នកធ្វើអាជីវកម្មបែបគ្មានសាលាបែបនេះគឺកាលពីពួកគាត់នៅរៀនចាំតែលួចគេចម្លងពីគេ ឬក៏បើកចាក់ចម្លងមេរៀនស្រាប់ៗនោះអ៊ីចឹងនៅពេលដែលគាត់មកធ្វើការក៏នៅតែចម្លងពីគេដដែលគ្មានគំនិតផ្តួចផ្តើមដោយខ្លួនឯងអនុវត្តទៅតាមទ្រឹស្តី និងច្បាប់នោះទេ។
ប៉ុន្តែសង្គមឥឡូវអតិថិជនភាគច្រើនក៏លែងសូវជាវរបស់ ឬក៏សេវាដែលលួចចម្លងពីគេទាំងដុលៗដែរបើទោះជាថោកជាង ៥០ ភាគរយក៏ដោយ។
ការប្រែប្រួលឥរិយាបថរបស់អតិថិជននេះក៏មកពីមានការចូលរួមស្វែងយល់ពីចំណេះដឹងផ្នែកការប្រកួតប្រជែងទីផ្សារដោយភាពស្មោះត្រង់ពិសេស ៣ ឆ្នាំចុងក្រោយនេះក្រសួងអប់រំបានរឹតបន្តឹងតាំងពីនៅរៀនគឺការប្រឡងបាក់ឌុបគ្មានការបើកចម្លង និងការចម្លងពីគេដែលជាការបណ្ដុះបណ្ដាលនូវវប្បធម៌មិនចម្លងពីគេដើម្បីឲ្យចេះកែច្នៃដោយគំនិត និងចំណេះដឹងខ្លួនឯងសម្រាប់ការធ្វើអាជីវកម្មក៏ដូចជាលើកស្ទួយពីស្នាដៃរបស់ជាតិនាថ្ងៃអនាគតផងដែរ។
សរុបមកវិញបើតម្រូវការទីផ្សារ (Demand side) គ្មានហើយការផ្តត់ផ្គង់ (Supplyside) ក៏គ្មានទីផ្សារផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com