ជាទ្រឹស្តីក្នុងការរកស៊ី វិនិយោគក្នុងស្រុកក្តី លក្ខណៈអន្តរជាតិក្តីគឺតម្រូវឲ្យក្រុមហ៊ុនធ្វើប្រតិបត្តិការឲ្យមានក្រមសីលធម៌ និងធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងការចូលរួមទទួលខុសត្រូវសង្គម (CSR-Corporate Social Responsibility)។
ប៉ុន្តែនៅស្រុកយើងមានតែក្រុមហ៊ុនដែលធ្វើការក្នុងវិស័យធនាគារ និងធានារ៉ាប់រងទេ ដែលមានលក្ខណៈលេចធ្លោជាងគេក្នុងការអនុវត្តមានតម្លាភាពដោយបង្ហាញរបាយការណ៍ហិរញ្ញវត្ថុជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួនហើយមិនត្រឹមតែប៉ុណ្ណោះទេគឺខំផ្សាយរបាយការណ៍នោះនៅតាមកាសែតទៀត។
ការធ្វើដូច្នេះដើម្បីកសាងនូវទំនុកចិត្តដល់អតិថិជនផង និងធ្វើជាអ្នកជួយលក់-ទិញហ៊ុនផង (Broker) ហើយលើសពីនោះក៏ជាឱកាសរបស់ក្រុមហ៊ុនគេអាចចូលរួមលក់-ទិញភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាយ៉ាងស្រួលផងដែរ។ ជាពិសេស គឺការខិតខំប្រកួតប្រជែងដើម្បីជាការឆ្លើយតបទៅនឹង CSR ដូចជាជួយចែកអំណោយជាកង់ដល់កូនសិស្សគ្រួសារក្រីក្រ ចែកសម្ភារសិក្សាដល់កុមារតាមសាលារៀនចុងកាត់មាត់ញក ការចែកមួកសុវត្ថិភាព ចែកអង្ករដល់គ្រួសារក្រីក្រ និងរហូតដល់អាហារូបករណ៍ដល់និស្សិតដើម្បីរៀននៅសាកលវិទ្យាល័យជាដើម។
ឧទាហរណ៍ក្រុមហ៊ុនធានារ៉ាប់រង Prudential បានសហការជាមួយនឹងស្ថានទូតអង់គ្លេសប្រចាំកម្ពុជាក្នុងកម្មវិធី Chevening បានផ្តល់អាហារូបករណ៍និស្សិតខ្មែរទៅរៀនកម្រិតថ្នាក់ម៉ាស្ទ័រនៅប្រទេសអង់គ្លេសជារៀងរាល់ឆ្នាំ។ សកម្មភាពនេះគឺជាការវិនិយោគមានលក្ខណៈយូរអង្វែង និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផងដែរ។
ផ្ទុយទៅវិញក្រុមហ៊ុនអចលនទ្រព្យដីធ្លី ផ្ទះសំបែងនៅស្រុកខ្មែរមួយចំនួន មិនត្រឹមតែមិនឆ្លើយតបទៅនឹង CSR នេះទេគឺមានតែធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រទៅៗដូចជាបណ្តេញចេញដោយគ្មានសំណង ឬក៏បណ្តេញចេញដោយទទួលបានសំណងបន្តិចបន្តួច មិនស័ក្ដិសមនឹងតម្លៃដី និងផ្ទះសំបែងជាក់ស្តែងក្រោមស្លាក «តំបន់អភិវឌ្ឍន៍»។
ក្រុមហ៊ុនខ្លះបានសហការជាមួយអាជ្ញាធរដែនដីតាមរយៈឈូសឆាយដី ផ្ទះយកតែម្តង ឬក៏បូមខ្សាច់ពន្លិចផ្ទះយកដីតែម្តង ឬក៏បើមានករណីអគ្គិភ័យនៅតំបន់នោះក្រោយមកឈូសយកដីតែម្តងក៏មាន។ ដូចករណីនៅប្លុកខាងមុខប៊ុលឌិញចាស់បន្ទាប់ពីឆេះផ្ទះអស់គឺប្រមូលប្រជាពលរដ្ឋរងគ្រោះទាំងនោះយកទៅដាក់នៅអន្លង់ក្ងានខណ្ឌសែនសុខ រីឯអ្នកភូមិបុរីកីឡាខ្លះត្រូវអាជ្ញាធរយកទៅដាក់នៅឧដុង្គខ្វះទឹកខ្វះភ្លើងសព្វគ្រប់ រីឯអ្នកភូមិបឹងកក់ខ្លះវិញពូកែដេញមិនចេញបូមខ្សាច់ពន្លិចផ្ទះតែម្តងដោយម្ចាស់ផ្ទះបានត្រឹមតែឈរសម្រក់ទឹកភ្នែកមើលផ្ទះរបស់ខ្លួនតែប៉ុណ្ណោះ។ រីឯការបណ្តេញចេញធំៗផ្សេងទៀតដូចជាតំបន់ដីក្រហមជិតស្ថានទូតរុស្ស៊ី និងតំបន់កោះពេជ្រទាំងមូល សុទ្ធតែតំបន់ក្តៅទាំងអស់។
ក្រុមហ៊ុនអលចនទ្រព្យទាំងនោះសុទ្ធតែសន្យាថាប្រែក្លាយតំបន់ទាំងនោះទៅជាតំបន់អភិវឌ្ឍន៍ តែបន្ទាប់ពីបានក្រុមហ៊ុនទៅជាដោះស្រាយតាមរយៈធម៌ក្តៅដោយក្រោយពេលយកពីប្រជាពលរដ្ឋមកតំបន់មួយចំនួនបែរក្លាយទៅចេញជាផ្ទះល្វែង ផ្ទះវីឡាប្រណីត អគារខុនដូខ្ពស់លក់មានតម្លៃថ្លៃកប់ពពកទៅវិញ។
រីឯ ដីខ្លះទៀតហាក់បីដូចជាទុកចោលធ្វើតារាងបាល់ទាត់ ឬក៏ហាងផឹកស៊ីរាត្រីទៅវិញដើម្បីកុំឲ្យគេថាអត់ធ្វើអី ដែលតាមពិតក្រុមហ៊ុននោះកំពុងរង់ចាំមើលថាតើមានក្រុមហ៊ុនធំៗមកទិញបន្ដ ន្អាល់នឹងលក់ក្នុងតម្លៃថ្លៃទៅតាមទីផ្សារសព្វថ្ងៃនេះ។ បើនៅបឹងកក់វិញក្នុងប្លង់ដំបូងសុទ្ធរីសតមានបឹងលម្ហែកាយ តែមកទល់ពេលនេះមួយផ្នែកធំមិនទាន់អភិវឌ្ឍអ្វីជាដុំកំភួនទេ ឃើញតែសាងសង់ភាគខាងលិចចេញជាផ្ទះល្វែង និងអគារខុនដូទៅវិញ។
ឥឡូវនេះនៅសល់អ្នកភូមិបុរីកីឡាប្រមាណជា ២០ គ្រួសារ និងបឹងកក់ភូមិ ២២ សល់តែជាង ២០ គ្រួសារទៀតតែប៉ុណ្ណោះដែលកំពុងដោះស្រាយដែលមកទល់ពេលនេះទំនាស់ទាំងនោះមានរយៈពេល ១០ ឆ្នាំទៅហើយ ។
កាលពីខែសីហាឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យសាលារាជធានីដោះស្រាយដីធ្លីជាមួយអ្នកភូមិឲ្យអស់ឆាប់ចប់ទៅ។ តែមកទល់ពេលនេះអាជ្ញាធរនៅតែកំពុងដោះស្រាយករណីគ្រួសារដែលសល់ចុងក្រោយនេះដែលឆ្លងកាត់វិវាទរ៉ាំរ៉ៃជាង ១០ ឆ្នាំកន្លងមកហើយ។
រីឯ សកម្មជនបឹងកក់ដែលសល់ទាំងនេះកាលពីសប្តាហ៍មុននេះបានដាក់ញត្តិទាមទារមកសាលារាជធានីដើម្បីធ្វើអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី ដែលជាសកម្មជនបឹងកក់ផងដែរ ខណៈដែលស្ដ្រីរូបនេះបានជាប់ក្នុងពន្ធនាគារដោយសារការតតាំងជាមួយនឹងសមត្ថកិច្ចរឿងតវ៉ាដីធ្លីរបស់គាត់នៅបឹងកក់នោះ។ បើតាមប្រវត្តិឯកសារកិច្ចព្រមព្រៀងវិនិយោគរវាងសាលារាជធានីភ្នំពេញជាមួយក្រុមហ៊ុនស៊ូកាកូអ៊ីនមានរយៈពេល ៩៩ ឆ្នាំក្នុងតម្លៃ ៧៩ លានដុល្លារដែលបានចុះផ្សាយតាំងពីឆ្នាំ ២០០៧ មកគឺដីបឹងកក់នោះមានទំហំ ១៣៣ ហិកតា។
ប៉ុន្តែមកទល់បច្ចុប្បន្ននេះទំហំដីយកមកអភិវឌ្ឍពិតតែ ១០៦ ហិកតាប៉ុណ្ណោះ តែតម្លៃដីនៅបឹងកក់នេះត្រូវស្ថាប័ន ICESCR ប៉ាន់ប្រមាណតម្លៃសរុបដល់ទៅជាង ២ ពាន់លានដុល្លារប្រហែលជាកើនតម្លៃដល់ទៅ ២០ ដង។
ជាផលវិបាកពីបឹងកក់នេះប្រជាពលរដ្ឋរងគ្រោះនាំគ្នាធ្វើបាតុកម្មតវ៉ា យំសោកបោកប្រាណដូចសត្វអកដោយសារតែបាត់បង់ដីធ្លី និងផ្ទះសំបែងរបស់ពួកគេរាប់ឆ្នាំ ខាតពេលវេលា និងថវិកាធ្វើឲ្យបក្សកាន់អំណាចខូចមុខមាត់នៅលើឆាកអន្តរជាតិក៏ដោយសារជនរងគ្រោះទាំងនោះតវ៉ានេះដែរ។
ខ្លះទៀតត្រូវបាក់បែកគ្រួសារ និងជាប់គុក ៣ ទៅ ៤ ដង ដូចករណីអ្នកស្រី យោម បុប្ផា ត្រូវជាប់គុកផងចេញពីគុកលែងលះគ្នាទៀត ខណៈករណីអ្នកស្រី ទេព វន្នី ជាប់គុកចេញចូលៗដូចទៅផ្សារដោយសារតែក្តីឈឺចាប់រឿងជម្រកដែលជាតម្រូវការចាំបាច់ចំពោះខ្លួន និងអ្នកភូមិរបស់ខ្លួនធំធេងជាងដោយពួកគេលែងខ្វល់រឿងការលំបាកនៅក្នុងពន្ធនាគារ ហើយសកម្មជនខ្លះទៀតត្រូវតុលាការឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
នៅថ្ងៃទី ៧ ខែកុម្ភៈខាងមុខនេះអ្នកស្រី ទេព វន្នី នឹងត្រូវតុលាការកំពូលកោះហៅដើម្បីបើកសវនាការករណីរបស់គាត់។ ករណីនេះគឺជាបញ្ហាសន្តិសុខរបស់មនុស្សជាតិដែលជាតម្រូវការចាំបាច់បំផុត។
រីឯផលវិបាកមួយទៀតនោះគឺរឿងបញ្ហាបង្ហូរទឹកសម្អុយចូលទន្លេដោយសារតែការលុបបឹងក្នុងក្រុងនេះ ហើយទើបតែកាលពីសប្តាហ៍មុននេះមានការបន្ទោស និងទម្លាក់កំហុសតៗគ្នាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានស្ដីបន្ទោសលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានលើករណីបង្ហូរទឹកសម្អុយចូលក្នុងទន្លេខាងក្រោយក្រសួងតែម្ដង។
រីឯមន្ត្រីបរិស្ថានថាបញ្ហាដោះស្រាយទឹកសម្អុយក្នុងរាជធានីនេះគឺក្រសួងបានផ្ទេរមកថ្នាក់ក្រោមជាតិរួចហើយ។ នេះគឺជាផលប៉ះពាល់ដែលកើតឡើងមកពីការលុបបឹងក្នុងក្រុងធ្វើឲ្យការដោះស្រាយលំបាកណាស់មិនដឹងយកទៅចាក់ឯណាក្រៅពីបឹងប៉ាយាប និងមួយផ្នែកនៅបឹងទំពុនគឺមានតែបង្ហូរចូលទៅក្នុងទន្លេនេះហើយ។ ការអភិវឌ្ឍនៅស្រុកខ្មែរគឺនាំគ្នាលុបបឹងត្រពាំងដែលខុសពីប្រទេសគេនាំគ្នាជីកដីធ្វើបឹង ឬក៏អភិរក្សបឹងដែលមានស្រាប់ សូម្បីតែប្រទេសសិង្ហបុរីតូចប៉ុណ្ណឹងក៏មានបឹងកន្លែងកម្សាន្តក្នុងទីក្រុងដែរ ហើយបើនៅទីក្រុង Minneapolis នៃសហរដ្ឋអាមេរិកវិញងាកទៅណាក៏ឃើញបឹងដែរ។
កាលពីឆ្នាំ ២០០៩ ខ្ញុំបានចូលរួមតាំងពិព័រណ៍ស្តីពីទឹកគ្មានចរន្តជាមួយវិចិត្រករ និងសិល្បៈករនៅស្ទូឌីយោបូផាណា ខ្ញុំបានធ្វើបទបង្ហាញជាមួយនឹងរូបថតអនុស្សាវរីយ៍កាលពីខ្ញុំធ្លាប់ទៅលេងនៅបឹងកក់នៅពេលម៉ោងអត់រៀន ឬក៏ពេលចូលឆ្នាំជាដើម។
បឹងកក់គឺជាកន្លែងកម្សាន្តសប្បាយមួយដើម្បីយកខ្យល់អាកាសល្អណាស់ ខ្ញុំ និងមិត្តភក្តិធ្លាប់ជិះប៉េដេឡូ (ជិះទាធាក់ឲ្យទៅមុខ) និងធ្លាប់ហែលទឹកបឹងកក់លេងដែរកាលពីចុងទសវត្សរ៍ឆ្នាំ ៨០ ។ នៅទីនោះក៏មាន សួនសត្វ កន្លែងជិះយន្តហោះលេងកម្សាន្ត និងមានកន្លែងផ្សេងៗទៀតផងដែរ ដោយកាលនោះហាក់បីដូចជាសប្បាយខ្លាំងណាស់។
ឥឡូវនេះបឹងកក់លែងមានទៀតហើយទៅជាកន្លែងទឹកភ្នែករបស់ប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសំបែង ដីធ្លីទៅវិញក្រោមស្លាកអភិវឌ្ឍន៍ដែលតាមពិតចេញទៅជាផ្ទះល្វែង និងខុនដូទៅវិញ។
យ៉ាងណាក្ដីបើអង្ករបានក្លាយជាបាយទៅហើយល្មមដោះស្រាយអ្នកនៅសល់ប៉ុន្មានគ្រួសារចុងក្រោយ និងគួរដោះលែងអ្នកស្រី ទេព វន្នី ដើម្បីបញ្ចប់ទឹកភ្នែក និងកម្មពៀរជាមួយអ្នកភូមិបឹងកក់ទៅ។ បើទស្សនទានអ្នកអភិវឌ្ឍន៍ពិតទូទៅ គេមើលឃើញតំបន់បឹងកក់នេះគឺស្ថិតនៅកណ្តាលទីក្រុងល្អ ហើយមានស្ថានីយរថភ្លើងស្រាប់នៅជាប់តំបន់នេះដែលគួរតែផ្លាស់ប្តូរការវិយោគទៅជាមជ្ឈមណ្ឌលធ្វើដំណើរមកពីគ្រប់បណ្តាខេត្តទូទាំងប្រទេសទៅវិញ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com