រាល់​បំណុល​សុទ្ធ​តែ​មាន​ម្ចាស់ មិនមែនតែ​​រវាង​ប្រទេស និង​ប្រទេស ឬ​ក៏​រវាង​ប្រទេស និង​ម្ចាស់​ជំនួយ ឬ​ក៏​រវាង​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្លួនឯង ដោយ​មិន​គិត​ពី​ប្រទេស​ជឿនលឿន ឬ​ក៏​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​ទេ គឺ​ឲ្យ​តែ​ជំពាក់​គឺ​ជាប់​បំណុល​ទាំងអស់​។

បំណុល​នេះ​ទៀតសោត​អាស្រ័យ​ទៅ​នឹង​ការនិយម​របស់​ប្រទេស​រៀងៗ​ខ្លួន ដូច​នៅ​សហរដ្ឋ​អាមេរិក គេ​និយម​បោះ​មូលបត្រ​បំណុល​រវាង​ប្រទេស និង​ប្រទេស​ Treasury bill (T. Bill) ​ដែល​សហរដ្ឋអាមេរិក​នៅ​ជំពាក់​ចិន ដោយសារ​លក់​ T. Bill នេះ​។

នៅ​ជប៉ុន​ រដ្ឋាភិបាល​និយម​លក់​មូលបត្រ​បំណុល​រដ្ឋ (Bond) លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន រីឯ​ប្រទេស​ខ្លះ​ទៀត​គឺ​ខ្ចី​សាច់​ប្រាក់សុទ្ធ​ពី​ប្រទេស ឬ​ក៏​ម្ចាស់​ជំនួយ​ដើម្បី​យក​មក​អភិឌ្ឍ​តែ​ម្តង​។ តែ​សំណួរ​សួរថា តើ​ការ​ជំពាក់​នោះ​មាន​ត្រឹម​កម្រិត​ណា​ដែល​ប្រទេស​របស់​ខ្លួន​អាច​មាន​លទ្ធភាព​សង​បាន​នោះ​?

ផ្អែក​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​គិត​មក​ដល់​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ លេខ​ ៥ ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ខែ​មីនា​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ទិន្នន័យ​បំណុល​ជា​សាធារណៈ​ពី​ឆ្នាំ ១៩៩៣ មក​ដល់​ដំណាច់​ឆ្នាំ​ ២០១៧ ដែល​រាជរដ្ឋាភិបាល​បាន​ដក​សាច់ប្រាក់​ជំពាក់​សរុប​មក​ត្រឹម​ឆ្នាំ​ ២០១៧ ​គឺ​ ៦៧៧២ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក តែ​បើ​មើល​សាច់​ប្រាក់​ជំពាក់​សរុប​ការខ្ចី​ក្រៅ​ប្រទេស​ត្រឹម​ឆ្នាំ​ ២០១៧ ​នេះ​គឺ​ឡើង​ដល់ ៩ ៦៨៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​។

បើ​ធ្វើការ​ប្រៀបធៀប​បំណុល​ពី​ឆ្នាំ​ ១៩៩៣ ​ដល់​ឆ្នាំ​​ ២០១៧ ​មាន​ទឹកប្រាក់​ដែល​បាន​ទទួល​ ៦៧៧២ ​លាន​ដុល្លារ នេះ​ធៀប​ទៅ​នឹង​ផលទុន​ក្នុង​ស្រុក​សរុប​ (GDP) ​ឆ្នាំ​ ២០១៧ ​ដែល​មាន​ទឹកប្រាក់​ ២២,២៥ ពាន់​លាន​ដុល្លារ​គឺ​ស្មើ​នឹង ៣០ ​ភាគរយ​នៃ GDP​។

នៅក្នុង​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ការដក​សាច់​ប្រាក់​ពី​កម្ចី​នេះ​គឺ​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ចំនួន​ច្រើន​ដល់​ទៅ​ ៨៦ ​ភាគរយ និង​វិស័យ​អាទិភាព​ផ្សេង​ទៀត​គឺ​បាន​តែ ១៤ ​ភាគរយ​ទេ​។

រីឯ​លទ្ធភាព​នៃ​ការសង​គេ​បណ្តើរៗ​តាម​ឆ្នាំ​ឡើង​ចុះៗ​ទៅតាម​សាច់ប្រាក់ ដែល​រដ្ឋ​មាន​គឺ​មក​ទល់​ដំណាច់​ឆ្នាំ​ ២០១៧ ​នេះ​សរុប​សេវា​ទូទាត់​បំណុល​ក្រៅ​ប្រទេស​បាន​ចំនួន ១១២៣ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​។ ទិន្នន័យ​មាន​ន័យ​ថា ខ្ចី​គេ​ ៦ សង​គេ​បាន​តែ​ ១ ​ទេ​។ រាល់​កម្ចី​ទាំង​នេះ​រាជរដ្ឋាភិបាល​ក៏​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​នេះ​ដែរ​។ ​

តែ​អ្វី​នៅ​ស្រពេច​ស្រពិល​ចំពោះ​បំណុល​សាធារណៈ ដែល​បាន​បង្ហាញ​នេះ​គឺ​បង្ហាញ​តែ​បំណុល​ពី​ឆ្នាំ​ ១៩៩៣ មក​ត្រឹម​ឆ្នាំ​ ២០១៧ ​ទេ មិន​បាន​បង្ហាញ​បំណុល​ធំៗ​ ២ ​គឺ​ខ្ចី​ពី​សហរដ្ឋអាមេរិក​ទឹកប្រាក់ និង​ទាំង​ការ​ប្រមាណ​ជា​ ៥០០ ​លាន​ដុល្លារ​ក្នុង​របប​សេនាប្រមុខ​ លន់ នល់ ចន្លោះ​ឆ្នាំ​ ១៩៧០-៧៥ និង​បំណុល​អតីត​សហភាព​សូវៀត​ដែល​បច្ចុប្បន្ន​នេះ​ហៅថា​ «​រុស្ស៊ី​» ​ប្រមាណ​ជា​ ១៤០០ ​លាន​ដុល្លារ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ នោះទេ​។

ចំពោះ​បំណុល​សហរដ្ឋអាមេរិក​វិញ​រដ្ឋាភិបាល​សព្វ​ថ្ងៃនេះ​មិន​ត្រឹម​តែ​ព្យាយាម​សង​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចោទប្រកាន់​សហរដ្ឋ​វិញ​ថា លុយ​ដែល​ឲ្យ​ខ្ចី​សម័យ​សាធារណរដ្ឋ​នោះ​គឺ​យក​មក​ទិញ​សព្វាវុធ មក​ទម្លាក់​គ្រាប់បែក​ធ្វើ​សង្គ្រាម​សម្លាប់​ខ្មែរ​ទៅ​វិញ​។

ជាង​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក លុប​បំណុល​នេះ​ចេញ​ឲ្យ​ទៅ​ជា​ជំនួយ​មក​កម្ពុជា​ទៅវិញ តែ​សហរដ្ឋ​អាមេរិក​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​បកស្រាយ​ថា លុយ​ដែល​ខ្ចី​នោះ​គឺ​មក​បម្រើ​វិស័យ​កសិកម្ម​ទេ តែ​ការប្រាក់ ចេះ​តែ​កើន​ទៅៗ​។

រីឯ​កម្ចី​របស់​អតីត​សហភាព​សូវៀត​វិញ​គឺ​រាជរដ្ឋាភិបាល​ក៏​តែងតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បំប្លែង​បំណុល​នេះ​ឲ្យ​ទៅ​ជា​ជំនួយ​កម្ពុជា​ទៅវិញ តែ​ប្រទេស​រុស្សី​ក៏​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល បំណុល​នៅ​តែ​មាន​ម្ចាស់​ដដែល​។

នៅក្នុង​កម្ចី​របស់​អតីត​សហភាព​សូវៀត​នេះ​ហើយ​ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ទសវត្សរ៍​ឆ្នាំ​ ៨០ បាន​ចូលរួម​ចំណែក​ធ្វើឲ្យ​ពលរដ្ឋ​បាន​រស់រាន​មាន​ជីវិត កាលពី​សម័យ​ចេញ​ពី​បាតដៃ​ទទេ​នោះ​ដែល​រាជរដ្ឋាភិបាល​សព្វថ្ងៃ​តែងតែ​លើក​ឡើង​ថា​ខ្លួន​បាន​ដឹកនាំ​ប្រទេស​តាំងពី​បាតដៃ​ទទេ​មក​ទល់​បច្ចុប្បន្ន​នេះ​។

អ៊ីចឹង​ហើយ​បើ​បូក​បំណុល​ធំៗ​ទាំង​ ២ ​នេះ​ទៀត​គឺ​កើនឡើង​ដល់​ប្រមាណ​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក តែ​បំណុល​របស់​ប្រទេស​ពីរ​បប​មួយ​ទៅ​របប​មួយ​គឺ​អ្នក​ដឹកនាំ​ក្រោយៗ​មក​មិន​អាច​បំភ្លេច​បំណុល​បាន​ទេ​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​ទាំងអស់​។

ហេតុ​ដូច្នេះ​រាល់​ការខ្ចី​ពី​បរទេស​រាជរដ្ឋាភិបាល​គួរ​តែ​គិតគូរ​ពី​កម្ចី​ថា តើ​លទ្ធភាព​នៃ​ការសង​បំណុល​នោះ​បាន​កម្រិត​ណា​? បើ​ឃើញ​លទ្ធផល​កម្ចី​ពី​ឆ្នាំ​ ១៩៩៣ មក​ទល់​ដំណាច់​ឆ្នាំ​ ២០១៧ ​គឺ​ស្មើនឹង ៣០ ​ភាគរយ​នៃ GDP ​ទៅ​ហើយ​នោះ​តើ​រដ្ឋ​គួរតែ​បន្ត​ខ្ចី​គេ​បន្ថែម​ទៀត​ទេ បើ​ការប្រាក់​ក៏​ចេះ​តែ​មាន​កំណើន​ទៅ​តាម​ហ្នឹង​ដែរ​នោះ​? អ៊ីចឹង​រដ្ឋ​គួរតែ​កំណត់​ត្រឹម​ ២០ ​ភាគរយ​នៃ​ GDP បាន​ហើយ​។

បើ​ទោះបី​ជា​មាន​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ជា​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ ដែល​ជួយ​តាម​ឃ្លាំមើល​ការខ្ចី​សមស្រប ឬ​ក៏​មិន​ស្រប​នឹង​លទ្ធភាព​នៃ​ការសង​បំណុល​ក៏ដោយ ក៏​នៅ​ពេល​មាន​ការ​អ្វី​កើតឡើង ស្ថាប័ន​នេះ​មិនមែន​ជា​អ្នក​សង​គេ​ជំនួស​រាជរដ្ឋាភិបាល​នោះ​ទេ​។

ម្យ៉ាងវិញ​ទៀត​រាល់​ការខ្ចី​រវាង​ប្រទេស និង​ប្រទេស ឬ​ក៏​ម្ចាស់​ជំនួយ យើង​ត្រូវតែ​សង​គេ យើង​មិន​អាច​ឆ្លើយ​ដាក់​អ្នក​មុនៗ​យក​រួច​ខ្លួន​នោះ​ទេ​។ អ្នក​ដែល​សង​គេ​នោះ​គឺ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ជា​អ្នក​សង​គេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com