កាលពីឆ្នាំ ២០១៥ សាលារាជធានីភ្នំពេញបានគណនាឃើញថា មានការខាតអស់ទឹកប្រាក់ចំនួន ៦ លានដុល្លារក្នុង ១ ខែ ដោយសារការកកស្ទះចរាចរណ៍នៅភ្នំពេញ។ អ៊ីចឹងបើយក ៦ លានដុល្លារគុណនឹង ១២ ខែ ឃើញ ៧២ លានដុល្លារក្នុង ១ ឆ្នាំ។ នេះតួលេខចាស់ ៥ ឆ្នាំកន្លងមក ឥឡូវនេះគិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួនជាង ៥០ ម៉ឺនគ្រឿង និងទោចក្រយានយន្តចំនួនជិត ២ លានគ្រឿង។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ដូច្នេះហើយចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋ និងរដ្ឋខាតបង់ដោយសារតែការកកស្ទះចរាចរណ៍ក៏កើនឡើងទៅតាមហ្នឹងដែរ។ តែមន្ត្រីប៉ូលិសមានភារកិច្ចសម្រួលរឿងចរាចរណ៍ហ្នឹងមួយចំនួន មិនសូវគិតដល់ការខាតបង់ថវិកាអស់ដល់ច្រើនម្លឹងលើការកកស្ទះចរាចរណ៍នេះទេ គឺពួកគេគិតតែពីរឿងរកចំណូលទារលុយពីឡានដឹកសំពីងសំពោង ទារលុយពីឡានតាក់ស៊ីផង ខ្លះចាំតែផាកពិន័យម៉ូតូមិនដាក់កញ្ចក់ និងអ្នកបើកបរមិនពាក់មួកជាដើម។
ដូចកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ មានករណីដាក់ប៉ុស្តិ៍ចល័តមួយចាំផាកពិន័យចំពោះអ្នកបើកបរមិនពាក់មួក និងម៉ូតូមិនដាក់កញ្ចក់នៅក្រោមស្ពានព្រះមុនីវង្ស និងស្ពានច្បារអំពៅទាំងព្រលឹមដែលប្រមូលមន្ត្រីប៉ូលិសចរាចរណ៍ពីស្តុបផ្សារច្បារអំពៅ និងមុខសាលាច្បារអំពៅមានគ្នាជិត ១០ នាក់ មកដាក់ទីតាំងថ្មីផ្លូវតូចក្រោមស្ពាន ឡើងស្ងាត់តំបន់គោលដៅចាស់ ខណៈដែលរៀងរាល់ព្រឹកថ្ងៃធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រមានការកកស្ទះចរាចរណ៍ខ្លាំងជាងគេនៅទីតាំងច្បារអំពៅ ពិសេសតាមផ្លូវជាតិលេខ ១ និងនៅលើស្ពាននៅពេលដែលមិនមានការសម្រួលចរាចរណ៍ពីមន្ត្រីបែបនេះ ធ្វើឲ្យអ្នកដំណើរកាន់តែកកស្ទះ និងកាន់តែយឺតយ៉ាវ។ បញ្ហានេះធ្វើឲ្យមានការខឹងសម្បា និងស្រេ្តសទាំងព្រឹក ខ្លះត្អូញត្អែរថា នគរបាលទទួលប្រាក់ខែពីរដ្ឋសោះ បែរជាមិនសូវជាជួយសម្រួលអ្នកដំណើរតាមផ្លូវសាធារណៈទៅវិញ បែរនាំគ្នាទៅរកលុយកន្លែងផាកពិន័យទៅវិញ មិនសមទាល់តែសោះ។
រីឯអ្នកបើកបរម៉ូតូ និងកង់ ៣ នៅក្រោមស្ពានព្រះមុនីវង្ស ក៏រិះគន់ទៅលើមន្ត្រីប៉ូលិសខណ្ឌច្បារអំពៅផងដែរថា ធ្វើឲ្យកាន់តែកកស្ទះចរាចរណ៍នៅលើផ្លូវបេតុងតូចនេះថែមទៀតហាក់បីដូចជាខ្វះកន្លែងផាកពិន័យ ព្រោះនៅក្រោមស្ពានហ្នឹង មិនមែនផ្លូវជាតិទេ វាជាផ្លូវបេតុងតូចវាងសម្រាប់អ្នកដំណើរម៉ូតូទៅផ្សារក្បែរៗផ្ទះ។
រីឯកកស្ទះមួយទៀតនោះ គឺឡានរបស់ក្រុមតាក់ស៊ីពីភ្នំពេញទៅអ្នកលឿង ទៅខេត្តព្រៃវែង និងខេត្តស្វាយរៀងគឺឈប់ចតនៅក្រោមស្ពានអាកាសដែលកំពុងសាងសង់ ហើយបក់ដៃហៅម៉ូយចូលដល់កណ្តាលផ្លូវ ហើយជួនកាលពួកគេបើកត្រឹកៗយឺតៗនៅលើស្ពានចាំដាក់ម៉ូយ និងឈប់ឡានតាក់ស៊ីបណ្តាក់គ្នានៅតាមផ្លូវជាតិលេខ ១ រហូតដល់បុរីប៉េងហួតបឹងស្នោបានអស់។
ជាពិសេសគឺមុនដល់ថ្ងៃចូលឆ្នាំចិនផង គឺការកកស្ទះនៅតំបន់ច្បារអំពៅនេះ កកស្ទះខ្លាំងណាស់បើយកកម្លាំងសមត្ថកិច្ចទៅរកលុយតាមរយៈដាក់បារ៉ាស់ចល័តចាំផាកពិន័យគឺចរាចរណ៍នៅជាប់គាំងទាំងអស់ មិនថាអ្នកជំងឺសង្គ្រោះបន្ទាន់ ឬក៏អគ្គិភ័យ ឬអន្តរាគមន៍បន្ទាន់ ឬក៏ក្បួនដំណើររបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិក៏ជាប់គាំងដោយសារចរាចរណ៍នៅតំបន់នេះដែរ។
កន្លងមក គណៈអភិបាលខណ្ឌច្បារអំពៅត្រូវបានមហាជនសរសើរថា បានរៀបចំអ្នកលក់តាមផ្លូវមិនឲ្យលក់ចេញហួសចិញ្ចើមផ្លូវខ្លាំងពេកទេ គឺឲ្យចេញតែ ១ ម៉ែត្រស្មើគ្នា មើលទៅឃើញថា មានរបៀបជាងខណ្ឌដទៃទៀត។ តែបញ្ហាកកស្ទះ និងបញ្ហាឡានតាក់ស៊ីហៅម៉ូយតាមផ្លូវ មិនបានដោះស្រាយបានប្រសើរនៅឡើយទេ។ ឥឡូវបែរជាចេញដាក់បារ៉ាស់ក្រោមស្ពានព្រះមុនីវង្ស ចាំកាក់ម៉ូតូផាកពិន័យទាំងព្រឹក ធ្វើឲ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំងនៅលើផ្លូវបេតុងតូចមួយនេះ។
ហេតុដូច្នេះហើយ គណៈអភិបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋានខណ្ឌគួរតែស្វែងរកដំណោះស្រាយឲ្យបានសមរម្យចំពោះបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាចំណតតាក់ស៊ីនេះ។ តាមបទពិសោធចរាចរណ៍នៅទីក្រុងបាងកកប្រទេសថៃដែលមានប្រជាពលរដ្ឋជាង ១០ លាននាក់វិញគឺពេលព្រឹក និងពេលល្ងាច មន្ត្រីប៉ូលិសថៃគេប្រឹងប្រែងធ្វើចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះខ្លាំង ជាងនេះទៅទៀតថ្មីៗនេះ ក្បូនដង្ហែរបស់ព្រះមហាក្សត្រថៃក៏លែងឲ្យមានការបិទផ្លូវ ដែលនាំឲ្យស្ទះចរាចរណ៍ផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com