ភ្នំពេញៈ កាលពេលខ្ញុំ (អ្នកនិពន្ធ) មកកម្ពុជាកាលពី បីឆ្នាំមុន ខ្ញុំបានធ្វើតាមទម្លាប់ដែលបរទេសដទៃៗធ្វើ។ ដំបូងខ្ញុំជួលផ្ទះ បន្ទាប់មកខ្ញុំទិញម៉ូតូម៉ាកសង់កូរ៉េ ដែលស្ទើរតែមានកម្លាំងល្បឿនជាង ៧៥ CC។ ដោយឃើញម៉ូតូរបស់ខ្ញុំជាលើកទីមួយ ម្ចាស់ផ្ទះជួលរបស់ខ្ញុំបាននិយាយថា ខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការទិញម៉ូតូនេះ ព្រោះចោរនឹងមិនលួចវា។
បើទោះបីជាមានប័ណ្ណបើកបរនៅសហរដ្ឋអាមេរិក ហើយធ្លាប់បើកឡានរយៈពេលជាច្រើន ឆ្នាំក៏ដោយ ក៏ខ្ញុំមិនដែលបើកម៉ូតូដែរ។ ខ្ញុំបានរៀនជិះម៉ូតូនៅទីធ្លាមុខកន្លែងធ្វើការរហូតដល់ស្ទាត់។ នៅសប្តាហ៍ទីមួយនៃការបើកម៉ូតូដំបូងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ភ័យ ជាពិសេសនៅម៉ោងដែលមានចរាចរណ៍ណែន ប៉ុន្តែយូរៗទៅស្ទាត់។
ទោះយ៉ាងនោះក្តី គេដឹងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបើកបរដោយមិនមានប័ណ្ណបើកបរ។
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា យានយន្តដែលចុះបញ្ជីត្រឹមត្រូវក្នុងប្រទេសកម្ពុជា គឺមានចំនួន ២,៧ លានគ្រឿង ប៉ុន្តែប័ណ្ណបើកបរយានយន្តមានចំនួនតែ៨៦ ម៉ឺនប៉ុណ្ណោះត្រូវបានចេញត្រឹមត្រូវ ចំណែកអ្នកដទៃបើកបរដោយមិនមានប័ណ្ណបើកបរ។
ជាងនេះទៀត លោកស្រី ចាន់ សុកល់ មន្រ្តីជាន់ខ្ពស់ម្នាក់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ខ្ញុំ កាលពីឆ្នាំមុនថា តួលេខនេះ រឹតតែតិចខ្លាំងជាងនេះទៀត គឺមានតែប្រហែល ១០ ទៅ ១៥ ភាគរយនៃអ្នកបើកបរប៉ុណ្ណោះដែលមានប័ណ្ណបើកបរ។
លោកស្រីបន្តថា៖ «យើងមានបញ្ហាជាមួយការងារនេះ»។
ចំនួនអ្នកស្លាប់ជាមធ្យមនៅលើដងផ្លូវ គឺមានចំនួន ៦ នាក់ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននេះ។
ខ្ញុំឆ្ងល់ថា តើអ្នកបើកបរទាំងនោះ មិនចេះបើកបរឬយ៉ាងណាហើយឃើញថា វាមិនពិបាកទេក្នុងការរៀនអំពីច្បាប់ផ្លូវថ្នល់ ខ្ញុំបានសម្រេចចិត្តរៀនបើកបរ ដើម្បីទទួលបានប័ណ្ណបើកបរកម្ពុជា។
កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលបានធ្វើកំណែទម្រង់នីតិវិធីចេញប័ណ្ណបើកបរដោយតម្រូវឲ្យមានការចូលសាលាបើកបរ ពីមុនពេលប្រឡងតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន។ កាលពេលនោះ ប័ណ្ណបើកបរគឺមានសុពលភាពចំនួន ១០ ឆ្នាំសម្រាប់ស្ទើរគ្រប់ប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទ និងបានអនុម័តច្បាប់មួយដែលអាចផ្តន្ទាទោសអ្នកបើកបរគ្មានប័ណ្ណបើកបរឲ្យជាប់ពន្ធនាគារពី ៦ ថ្ងៃរហូតដល់ ១ ខែ និងពិន័យពី ៦,២៥ ដុល្លាររហូតដល់ ៥០ ដុល្លារ (ច្បាប់ថ្មីដែលទើបតែឡាយព្រះហស្ថលេខាដោយព្រះ-មហាក្សត្រកាលខែមករាដំឡើងប្រាក់ផាកពិន័យពី ២៥ រហូតដល់ ២០០ ដុល្លារ)។
នៅពេលខ្ញុំសួរមិត្តភក្តិរបស់ខ្ញុំថា តើកាលពីមុនយ៉ាងមេ៉ចដែរ នាងបានឆ្លើយថា ប័ណ្ណបើកបររបស់នាងគឺសរសេរពាក្យ «អចិន្រៃ្តយ៍» គឺមានសុពលភាពរហូតដល់អ្នកស្លាប់។
បន្ទាប់ពីការជំរុញឲ្យមានការអប់រំ ចំនួនសាលារៀនបើកបរក្នុងរាជធានីភ្នំពេញមានការកើនឡើងយ៉ាងលឿន។
លោក ព្រាប ចាន់វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណ ការនិងដឹកជញ្ជូន បានថ្លែងថា ពីមុនពេលការពង្រឹងការអនុវត្តច្បាប់ មានប័ណ្ណបើកបរតែ៣០០០ ប៉ុណ្ណោះ ត្រូវបានចេញក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រោយមកវាបានកើនឡើង ហើយថ្ងៃខ្លះ ឃើញមានប្រជាពលរដ្ឋរហូតដល់ ១០០០ នាក់សម្រុកមកធ្វើឯកសារ។ នេះមានន័យថា ក្នុងរយៈកាលប្រហែល ៦ ឆ្នាំនេះ មានប័ណ្ណបើកបរថ្មីចំនួន ៨៥៧ ០០០ ត្រូវបានចេញ។
នៅឆ្នាំជាមួយគ្នា ដែលច្បាប់នោះចូលជាធរមាន មន្រ្តីម្នាក់នៅក្រសួងសាធារណការ ដែលធ្វើការងារលើការចេញអាជ្ញាប័ណ្ណ បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា ចំណាយ ២២០ ឬ ២៥០ដុល្លារសម្រាប់ដំណើរការរត់ការមួយចប់ដើម្បីទទួលបានប័ណ្ណបើកបរ។
ការអនុវត្តនេះបន្តរហូតដល់សព្វថ្ងៃ ប៉ុន្តែលោក ចាន់វិបុល បានថ្លែងថា រដ្ឋាភិបាលមានបញ្ហាចំពោះការបង្ក្រាបទៅលើការយកកម្រៃក្រៅផ្លូវការ។
លោកបានថ្លែងកាលពីសប្តាហ៍មុនថា៖ «យើងបានឮអំពីការយកកម្រៃក្រៅផ្លូវការចំពោះការទទួលបានប័ណ្ណបើកបរ ប៉ុន្តែមិនមានការផ្តល់ជាផ្លូវការមកយើងនោះទេ»។ «វាពិបាកក្នុងការចាត់ការទៅលើនរណាម្នាក់ប្រសិនបើមិនមានបណ្តឹង»។
របាយការណ៍ឆ្នាំ ២០០១ ពីក្លិបយានយន្តនៃទីក្រុង Victoria ប្រទេសអូស្រ្តាលី បានឲ្យដឹងថា បទពិសោធការបើកបររយៈពេលច្រើនម៉ោងជាមួយគ្រូបង្រៀនបើកបរពីមុនទទួលបានប័ណ្ណបើកបរគឺប្រសើរជាង។ ការស្រាវជ្រាវបានបង្ហាញថា អ្នករៀនបើកឡាន ដែលរៀនជាមួយគ្រូចំនួន ១១៨ ម៉ោងគឺមានគ្រោះថ្នាក់ចរាចរណ៍តិចជាងអ្នកដែលរៀនពី ៤១ ម៉ោងទៅ ៤៧ ម៉ោងចំនួន ៣៥ ភាគរយ។ ប៉ុន្តែតើនរណាបានរៀន ១១៨ ម៉ោង? បើអ្នករៀនបើកបរម៉ូតូជាមួយគ្រូរៀនយ៉ាងដូចម្តេច? តើឲ្យគាត់អង្គុយពីក្រោយ?
ដោយសង្ឃឹមថា នឹងដោះស្រាយបញ្ហានេះ ខ្ញុំបានទៅសាលារៀនបើកបរមួយ ក្នុងរាជធានីភ្នំពេញ កាលខែវិច្ឆិកា ដោយបង់ប្រាក់ចំនួន ៩០ ដុល្លារសម្រាប់ថ្លៃដាក់ពាក្យ ២ ដុល្លារទៀតសម្រាប់សៀវភៅជាភាសាអង់គ្លេសនិងកាលបរិច្ឆេទប្រឡង។ ចំណែកសាលាពីរផ្សេងទៀត គឺតម្លៃ ១៣០ ដុល្លារ។ ខ្ញុំនឹងត្រូវប្រឡងសម្រាប់ប័ណ្ណបើកបរម៉ូតូប្រភេទ A1 ដែលនឹងធ្វើឲ្យខ្ញុំមានសិទ្ធិបើកបរម៉ូតូ ១២៥ CC។ A2 សម្រាប់ម៉ូតូលឿនជាងនេះ និង B សម្រាប់ឡាននិងម៉ូតូគ្រប់ប្រភេទ។ ខ្ញុំអាចនឹងមិនចាំបាច់ប្រឡងក៏បានដោយបង្ហាញអំពីប័ណ្ណបើកបរអាមេរិករបស់ខ្ញុំ ហើយបង់ប្រាក់ស្រដៀងគ្នា នោះនឹងទទួលបានប័ណ្ណបើកបរកម្ពុជា ប៉ុន្តែខ្ញុំមិនចង់ធ្វើដូច្នោះ ខ្ញុំចង់មើលថា តើការប្រឡងនៅកម្ពុជាមានលក្ខណៈដូចម្តេច។ ដោយមានសៀវភៅរៀនបើកបរនៅក្នុងដៃ ខ្ញុំបានទៅផ្ទះ និងចាប់ផ្តើមរៀនអំពីរបៀបបើកបរ ក្នុងប្រទេសកម្ពុជា។

នៅទំព័រទីមួយក្រោមចំណងជើងដែលសរសេរថា «ការបើកបរក្នុងលក្ខណៈល្អ» និយាយថា៖ «យើងត្រូវតែគោរពនិងស្រឡាញ់ជីវិតអ្នកដទៃ ដូចយើងស្រឡាញ់ជីវិតខ្លួនយើងដែរ»។ ជាឧទាហរណ៍«ប្រសិនបើយើងមិនស្ថិតនៅក្នុងស្ថានភាពស្របច្បាប់ យើងគួរតែគោរពអ្នកដទៃ យើងក៏គួរគោរពអ្នកដទៃ ដែលបំពានច្បាប់ចរាចរណ៍ផងដែរ ដើម្បីចៀសការបាត់បង់ទាំងសងខាង»។ បន្ទាប់ពីការរៀន ខ្ញុំបានទៅអនុវត្តការប្រឡង។
នៅក្នុងពេលប្រឡងមានសំណួរសួរថា៖ តើអ្នកធ្វើដូចម្តេច ប្រសិនបើអ្នកឃើញអ្នកដើរម្នាក់ កំពុងឆ្លងផ្លូវឬប្រុងឆ្លងផ្លូវ?
ក) ខ្ញុំត្រូវតែចុចស៊ីផ្លេ
ខ) ខ្ញុំត្រូវតែបន្ថយល្បឿន ឬឈប់យានយន្តទុកឲ្យអ្នកដើរទៅមុន
គ) ខ្ញុំត្រូវតែបង្កើនល្បឿន។
តើអ្នកពិនិត្យអ្វីខ្លះនៅផ្លិតទឹកឡាន?
ក) ការលិចនៃផ្លិតទឹកឡាន
ខ) លាងវាឲ្យល្អ
គ) ពណ៌ស្អាតនៃផ្លិតទឹកឡាន។
នៅពេលជនរងគ្រោះសន្លប់ តើអ្នកត្រូវធ្វើដូចម្តេច?
ក) ដាក់ឲ្យដេកនិងធ្វើចលនាក្បាលជនរងគ្រោះទៅក្រោយដើម្បីឲ្យងាយដកដង្ហើម
ខ) ឲ្យជនរងគ្រោះអង្គុយចុះដើម្បីសម្រួលការដកដង្ហើម
គ) ខាំកែងជើងជនរងគ្រោះ។
កន្លែងប្រឡងគឺនៅខណ្ឌឫស្សីកែវដែលត្រូវធ្វើដំណើរប្រហែល ៣០ នាទីពីកណ្តាលទីក្រុង។ ខ្ញុំបានដើរឡើងទៅជាន់ទីពីរ ដែលជាបន្ទប់ប្រឡង ហើយអង្គុយចុះ។ ភ្លាមៗនោះ មនុស្សកាន់តែច្រើនឡើងៗបានចូលមក ភាគច្រើនជាចិននិងជប៉ុន។ ខ្ញុំត្រូវបាននាំទៅបន្ទប់មួយដែលមានកុំព្យូទ័រចំនួន ៥ គ្រឿង។
ការប្រឡងបានចាប់ផ្តើម ហើយភ្លាមៗនោះខ្ញុំបានដឹងថា សំណួរភាគច្រើនបំផុតនៅក្នុងសៀវភៅរៀនគឺមិនមាននៅក្នុងការប្រឡងទេ។ តើឯណាទៅសំណួរដែលរៀននៅក្នុងសៀវភៅ? បរិយាកាសប្រឡងគឺជាបញ្ហាមួយទៀត។ មេប្រយោគចំនួនបីនាក់ដើរចុះឡើងនៅក្នុងបន្ទប់និងបានប្រកាសថា អ្នករាល់គ្នាជុំវិញខ្ញុំធ្លាក់ ហើយបានឲ្យពួកគេទៅក្រៅ ដើម្បីឲ្យអ្នកថ្មីចូលមកប្រឡងបន្ទាប់។
ក្នុងរយៈពេលប្រឡងខ្ញុំឮពាក្យថា«ធ្លាក់» «ធ្លាក់» «អ្នកធ្លាក់ សូមព្យាយាមលើកក្រោយ» ហើយនៅទីបំផុតលទ្ធផលរបស់ខ្ញុំក៏ចេញមកថា «ធ្លាក់» ដែរ។ មេប្រយោគថា «សូមអញ្ជើញមកវិញនៅសប្តាហ៍ក្រោយ» ខ្ញុំសួរថាសប្តាហ៍ក្រោយ ថ្ងៃណា? គាត់បានឆ្លើយថា «សូមសួរសាលាបើកបររបស់អ្នក»។
ពីរបីសប្តាហ៍បន្ទាប់ពីការធ្លាក់បុគ្គលិកសាលាបង្រៀនបើកបរបានទូរស័ព្ទមកខ្ញុំ និងបានសួរខ្ញុំថាតើខ្ញុំចង់កំណត់ថ្ងៃប្រឡងជាថ្មីឬអត់? ខ្ញុំបាននិយាយថា ប្រាកដជាចង់ ដោយគិតថា ការប្រឡងថ្មីនឹងមិនមានការចំណាយប្រាក់។ ប៉ុន្តែបុគ្គលិកស្រីរូបនោះបានសួរខ្ញុំថា តើខ្ញុំពិតជាចង់ជាប់ការប្រឡងឬទេ? បើសិនជាចង់ជាប់ការប្រឡង «អ្នកត្រូវចំណាយប្រាក់»។
នាងបន្តថា៖ «នេះជាទម្លាប់គេធ្វើនៅស្រុកខ្មែរ»។ «អ្នកឲ្យលុយទៅក្រសួង ៦០ ដុល្លារ អ្នកនឹងជាប់ បើមិនឲ្យលុយគឺធ្លាក់ ធ្លាក់ម្តងហើយម្តងទៀត»។ ខ្ញុំបានទៅសាលាបង្រៀនបើកបរនេះដោយផ្ទាល់ដើម្បីបញ្ជាក់ បុគ្គលិកនោះបាននិយាយដដែល ហើយថាមនុស្សជាច្រើនធ្វើដូច្នេះ។ នៅពេលខ្ញុំឃើញមានការបោកគ្រាប់បែកក្នុងការប្រឡង ហើយនៅតែជាប់ នោះ ខ្ញុំបានបដិសេធដាច់ខាត៕ PS
រាយការណ៍បន្ថែម ឆាយ ច័ន្ធនីដា