បើទោះបី​ជា​ស្ថានការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នៅមាន​ការឆ្លង​បែប​រប៉េះរប៉ោះ មិនទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ ហើយ​ក៏​មិនទាន់​មាន​អ្នកស្លាប់ តែ​មាន​អ្នកជា​សះស្បើយ​ ៩៨ ​នាក់​ នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ចំនួន​ ១២២ ​នាក់​។ ចំនួន​នេះ​មិន​អាក្រក់​នៅ​ឡើយ​ទេ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង​នៅក្នុង​តំបន់​អាស៊ាន​ និង​បណ្តា​ប្រទេស​ជឿនលឿន​ដែល​កំពុងតែ​វឹកវរ​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​ចំណាយ​ពេលវេលា​ និង​ថវិកា​ជាតិ​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ដោះស្រាយ​ និង​ព្យាបាល ខណៈ​នៅ​ប្រទេស​ខ្លះ​មាន​អ្នកស្លាប់​រហូតដល់​ជាង ១ ០០០ ​នាក់ ​ក្នុង​ ១ ​ថ្ងៃ​។ សរុប​ទូទាំង​ពិភពលោក គឺ​មាន​អ្នកជំងឺ​រហូត​ដល់​ទៅ​ជាង ២ ​លាន​នាក់​ហើយ​។

ចំពោះ​ការទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ រាជរដ្ឋាភិបាល​ធ្វើ​កិច្ចការ​ចម្បងៗ​មួយចំនួន​ចំពោះ​ការបិទ​ខ្ទប់​ការនាំ​ចូល​ជំងឺ​ពី​ក្រៅ​មក​ថ្មី ការឆ្លង​ជា​លក្ខណៈ​គ្រួសារ ការឆ្លង​លក្ខណៈ​សហគមន៍ ដូចជា​ការបិទ​ជើងហោះហើរ​មួយចំនួន និង​ការធ្វើ​វិសមកាល​សាលារៀន​មុន​កាលកំណត់ និង​ការបិទ​ការកម្សាន្ត​ទីសាធារណៈ​ធំៗ​។

ឥឡូវ​នេះ​មក​ដល់​ការទប់ទល់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ដំណាក់កាល​ទី​ ៣ នៃ​ការឆ្លង​លក្ខណៈ​សហគមន៍​តាមរយៈ​ការផ្អាក​ការចូលរួម​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ លក្ខណៈ​ទ្រង់ទ្រាយ​ធំ តែ​រដ្ឋាភិបាល​នៅតែ​អនុញ្ញាត​ឲ្យ​ទទួល​ទេវតា​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​។ ក្រៅពី​នោះ​រដ្ឋាភិបាល​បាននិង​កំពុង​ដោះស្រាយ​បញ្ហា​រង​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ប្រព័ន្ធ​បាន​មួយកម្រិត​តាមរយៈ​ការបញ្ចេញ​ថវិកាជាតិ​មក​ទប់ទល់​ដល់​ជុំ​ទី​ ៣ ​ហើយ​ដែរ​។

កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែ​មេសា រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ពី​ការរឹតបន្តឹង ការធ្វើដំណើរ​ក្នុងប្រទេស​ពី​ពាក់​កណ្តាលរាត្រី​ថ្ងៃទី​ ៩ ដល់​ពាក់​កណ្តាលយប់​ថ្ងៃទី​ ១៦ ខែ​ មេសា ឆ្នាំ​ ២០២០ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ គ្រាន់តែ​ចេញ​ភ្លាម​ពលរដ្ឋ​មួយ​ចំនួន​នាំគ្នា​ផ្អើល​ឈុល ខ្លះ​ចូល​ក្រុង ខ្លះ​នាំគ្នា​ចេញទៅ​ស្រុកកំណើត​ដោយ​មិន​ខ្វល់​ពី​ការត្រឡប់​មក​វិញ​មាន​ការងារ​ធ្វើ ឬ​អត់​ការងារ​ធ្វើ ឬ​ក៏​ត្រឡប់មក​កន្លែង​ធ្វើការ​វិញ​ត្រូវ​នៅ​ដាច់​ដោយឡែក​ ១៤ ​ថ្ងៃ​នោះទេ​។ សម្ទុះ​នេះ​ធ្វើឲ្យ​កម្លាំង​សមត្ថកិច្ច​មាន​ការព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ដែល​ពិបាក​ទប់ទល់ និង​ការប្រមូលផ្តុំ​នៅ​តាម​សហគមន៍​។

ចំពោះ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​នឹង​ជំងឺឆ្លង​ពិបាក​ធ្វើឲ្យ​ជឿ​ណាស់​ដូច​កាល​ឆ្លង​ជំងឺអេដស៍​ចូល​ដំបូងៗ​ឆ្នាំ​ ១៩៩៣ គាត់​ថា​ខ្លាច​អី​អេដស៍ ខ្លាច​តែ​អត់​ទេ​។ ទាល់តែ​ ២ ​ទៅ​ ៣ ​អាទិត្យ​ស្លាប់​ម្តង​ភូមិ​នេះ ម្តង​ភូមិ​នោះ ឆ្លង​ពី​ប្តី​មក​ប្រពន្ធ​កូន​ទៀត​បាន​ចាប់ផ្តើម​ភ្ញាក់ខ្លួន​ព្រើត​ចេះ​ប្រើ​ស្រោម​អានាម័យ ដើម្បី​ការពារ​មេរោគ​អេដស៍​ឆ្លង​ផងដែរ​។ ចំពោះ​ការដោះស្រាយ​ហានិភ័យ​បែប​ការឆ្លង​មេរោគ​អេដស៍​នេះ​មិន​អាច​ឆ្លើយតប​ទៅនឹង​ករណី​ឆ្លង​កូវីដ​១៩​ដ៏​លឿន​រហ័ស​បែប​នេះ​ទេ បើ​ទប់ទល់​មិន​ជាប់​ស្ថានការណ៍​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ កាន់តែ​ធ្ងន់ធ្ងរ​នឹង​អាច​មាន​ស្លាប់​ហើយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ច្រើនសន្ធឹក​សន្ធាប់​ដូច​នៅ​សហរដ្ឋអាមេរិក​។

សម្រាប់​ថវិកា​សប្បុរស​ជន​គ្រាន់តែ​ដោះស្រាយ​មួយ​ភ្លើងចំបើង​នោះទេ​។ រដ្ឋ​ត្រូវ​ដោះស្រាយ​បញ្ហា​អន្តរកាល​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ នេះ​មាន​ ២ ​ដដែល​គឺ​ទី​ ១- ការចាត់​វិធានការ​ និង​បទបញ្ជា​ក្តៅ​ដែល​បាន​ដាក់ចេញ​រួចហើយ ទី​ ២- ​ការប្រឹងប្រែង​ផ្សព្វផ្សាយ​គ្រប់​រូបភាព បើទោះបី​ជា​ការផ្សាយ​បន្ត​ផ្ទាល់​ការប្រដាល់ ឬ​ក៏​ការប្រគំ​តន្ត្រី​តាម​កញ្ជាក់​ទូរទស្សន៍ ឬ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​គឺ​ត្រូវ​បញ្ជ្រាប​ការយល់ដឹង​ពី​គម្លាត​សង្គម និង​ការឆ្លង​លក្ខណៈ​សហគមន៍​។

ការអនុវត្ត​បទបញ្ជា​បែបនេះ​មិនមែន​ជា​ការបង្ក្រាប​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​នោះទេ​គឺ​ត្រូវការ​ការចូលរួម​ទាំង​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដើរ​ទន្ទឹម​គ្នា​បាន​ជោគជ័យ​នូវ​ការទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ កុំ​ឲ្យ​ចាំ​ដល់​ឆ្លង​ហើយ​នាំ​គ្នា​សម្រុក​ទៅ​មន្ទីរពេទ្យ និង​ទៅ​សម្លុត​គំរាមកំហែង​​គ្រូពេទ្យ​ឬ​ក៏​រិះគន់​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​នោះទេ​។

ឧទាហរណ៍​ករណី​ជំងឺឆ្លង​មួយទៀត​គ្រាន់តែ​ករណី​ឆ្មាខ្វាច ធ្វើឲ្យ​កុមារី​ម្នាក់​ស្លាប់​នៅ​ខេត្តស្វាយរៀង​កាលពី​ឆ្នាំទៅ ប្រជាពលរដ្ឋ​នាំគ្នា​ភ័យ​ស្លន់ស្លោ​ផ្អើល​ភ្លូកទឹកភ្លូកដី​នាំគ្នា​ទៅ​ចាក់​ថ្នាំ​ការពារ​ឆ្កែឆ្កួត​នៅ​ប៉ាស្ទ័រ​ ឬ​ក៏​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​រួចហើយ​នៅពេល​ខ្វះ​ថ្នាំ​នាំគ្នា​វាយប្រហារ​ប្រព័ន្ធ​សុខាភិបាល​ភ្លាមៗ​នោះដែរ​។ រីឯ​អ្នកមាន​លុយ​វិញ​គ្រាន់តែ​ឮ​ភ្លាម អត់​មាន​ឆ្កែ​ខាំ​អី​សោះ ក៏​នាំ​កូនចៅ​ ១ ​ពូជ​ទៅ​ទិញ​ថ្នាំ​វ៉ាក់សាំង​ចាក់​បង្ការ​មុន​បាត់​ទៅ​ហើយ ដល់​ពេល​អ្នក​ឆ្កែ​ខាំ​មែន​មករក​ថ្នាំ​ចាក់​ចង់​អស់​ស្តុក​កាលនោះ​នាំគ្នា​រើសអើង​តាំងពី​ឆ្កែ និង​ឆ្មា​។

អ៊ីចឹង​បើ​ចាំ​ដល់​ពេល​ឆ្លង​ជំងឺ​ហើយ​គឺ​មានតែ​ផ្លូវ​ជម្រើស​ ២ ​ទេ គឺ​ទី ​១- ជាសះស្បើយ និង​ទី​ ២- ​ស្លាប់ ព្រោះ​មកដល់​ពេល​នេះ​មិនទាន់​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ និង​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​នៅលើ​ពិភពលោក​នេះ អ៊ីចឹង​គឺ​ពឹង​លើ​សំណាង និង​ការផ្សងព្រេង​ការសាកល្បង​ថ្នាំ​។ អ៊ីចឹង​លក្ខខណ្ឌ​កូវីដ​ ១៩ គឺ​មិន​ដូច​ទៅ​នឹង​ជំងឺ​ឆ្កែឆ្កួត​នោះទេ ដែល​ខាំ​ហើយ​នៅមាន​ថ្នាំ​វ៉ាក់សាំង​ការពារ​បាន​នោះ​។ វិធី​ទប់ស្កាត់​កូវីដ​ ១៩ ​នេះ​ មាន​វិធី​ងាយៗ​ហើយ​ស្រួល​ធ្វើ​គឺ​កុំ​នៅ​ជុំៗ​គ្នា​មានន័យថា​ស្ថិតនៅ​គម្លាត​សង្គម​យ៉ាង​ហោចណាស់​ក៏​ ១ ​ម៉ែត្រ​កន្លះ​ដែរ មិន​ចូលរួម​កម្មវិធី​ធំៗ​ដែល​មាន​មនុស្ស​ណែនណាន់​តាន់តាប់ ឬ​ក៏​ពិធីជប់លៀង​ផ្សេងៗ​។

រីឯ​ការលាងដៃ​សម្អាត​នឹង​សាប៊ូ ឬក៏​អាល់កុល និង​ពាក់​ម៉ាស់​ជាប្រចាំ​ពេលចេញ​ក្រៅ​ផ្ទះ ហើយ​បើ​គ្មាន​ការ​អ្វី​សំខាន់​ គឺ​នៅផ្ទះ​មួយរយៈ​សិន​ទៅ​គឺ​ទប់ស្កាត់​ជំងឺ​បាន​ជោគជ័យ​ហើយ​។ ហេតុ​ដូច្នេះ​ហើយ​ការបង្ការ​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​សហគមន៍​គឺ​ទាល់តែ​មាន​ការចូលរួម ទាំង​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​អនុវត្ត​បទបញ្ជា និង​វិធានការ​ឲ្យ​តឹងរ៉ឹង​កុំ​ឲ្យ​មាន​ការធ្វេសប្រហែស និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​គឺ​អនុវត្តតាម​វិធី​សាមញ្ញ​ទេ បើ​ធ្វើ​បាន​មិនចាំបាច់​ទៅ​នាំគ្នា​លំបាក​ដល់​គ្រូពេទ្យ​នោះទេ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com