ស្រុកខ្មែរពេលខ្លះត្រូវបានគេមើលឃើញថាជាប្រទេសទទួលកាកសំណល់ ឬសំរាមដែលគេបោះចោលនៅបរទេសដោយសារតែអំពើពុករលួយចង់មានចង់បានហួសហេតុចេះតែឲ្យនាំចូលគ្មានមនសិការចង់អ្នកណាគ្រោះថ្នាក់ ឬប៉ះពាល់ដល់សុខភាពក៏ដោយ។
ជាឧទាហរណ៍កាលពីឆ្នាំ ១៩៩៧ ស្រុកខ្មែរត្រូវបានកោះតៃវ៉ាន់យកកាកសំណល់ជាតិគីមីជាង ២ ម៉ឺន ៥ ពាន់តោនមកចាក់ចោលនៅកំពង់សោមទាល់តែសារជាតិគីមីទាំងនោះធ្វើឲ្យប៉ះពាល់ដល់ស្បែកពលរដ្ឋដែលយកកាកសំណល់វេចខ្ចប់ខាងក្រៅមកធ្វើជាអង្រឹងហើយខ្លះទៀតយកសារធាតុគីមីរឹងដូចជាថ្មមកធ្វើផ្លូវថ្នល់ដែលអាចបំភាយសារជាតិវិទ្យុសកម្មប៉ះពាល់ដល់សុខភាពពលរដ្ឋតែក្រោយមកត្រូវបានរាជរដ្ឋាភិបាលខ្មែរចរចាជាមួយកោះតៃវ៉ាន់ឲ្យប្រមូលសំរាមទាំងនោះទៅវិញហើយបើសួរទៅស្ថាប័នពាក់ព័ន្ធរហូតដល់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការនាំចូលកាកសំណល់ជាតិគីមីនោះម្នាក់ៗឆ្លើយយករួចខ្លួនថាអត់ដឹងតែនៅទីបញ្ចប់បានត្រឹមតែដូរតំណែងមេគយ និងមន្ត្រីខ្លះនៅកំពង់សោមប៉ុណ្ណោះនេះរឿងមួយ។
ម្យ៉ាងទៀតស្រុកខ្មែរស្រួលណាស់គឺនាំចូលតែរបស់ថោកៗ អន់ៗ រលួយៗ ដែលនៅស្រុកគេបោះចោលដូចជាស្លាបមាន់ ជង្គង់មាន់ និងជើងមាន់សល់ៗពីប្រទេសថៃក៏យកមកឲ្យអ្នកស្រុកខ្មែរហូបដែរ។
រីឯរឿងអាហារទឹកដូចជា ស្រា ប៊ីយែរ និងសារធាតុគីមីជាច្រើនមុខទៀតក៏នាំចូលមកស្រុកខ្មែរដែរធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់ពលរដ្ឋខ្មែរយ៉ាងខ្លាំង ខណៈពួកគេកំពុងយ៉ាប់យ៉ឺនស្រាប់ផង។
ដូចកាលពីសប្តាហ៍មុននេះយ៉ាងហោចណាស់ក៏មានពលរដ្ឋ ១៥ នាក់ស្លាប់ដោយសារស្រាសហើយជិត ៨០ នាក់បានចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីព្យាបាលមានទាំងស្រី មានទាំងប្រុសដេកសម្រាកពេញមន្ទីរពេទ្យដោយមន្ត្រីបច្ចេកទេសរកឃើញថាគ្រោះថ្នាក់នេះដោយសារមានសារជាតិគីមីមេតាណុលខ្ពស់ក្នុងស្រានោះ។
ជាផលវិបាកវិស័យដែលរងថ្មបាក់គឺវិស័យសុខាភិបាលតែអ្នកទទួលបានផលលាភគឺមន្ត្រីគយ កាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថនៅប្រចាំការតាមច្រកព្រំដែន ផែ និងព្រលានយន្តហោះនោះទៅវិញទេ។
សូម្បីតែមនុស្សក៏ត្រូវបានគេយកមកទម្លាក់ចោលនៅស្រុកខ្មែរដែរបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាគោលការណ៍ថានឹងព្រមទទួលយកជនភៀសខ្លួនចំនួន ១០០ នាក់តាមសំណើរបស់ប្រទេសអូស្ត្រាលីកាលពីខែកញ្ញាឆ្នាំ ២០១៤ ជាថ្នូរនឹងទឹកប្រាក់ជាង ៤០ លានដុល្លារហើយតាមរយៈនេះជនភៀសខ្លួនណូរុចំនួន ៤ នាក់បានមកដល់ប្រទេសកម្ពុជាដំបូងកាលពីឆ្នាំ ២០១៤ ។ ឥឡូវនេះអ្នកទាំង ៤ នាក់នេះខ្លះក៏ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញខ្លះនៅមានបញ្ហាជាមួយនឹងគោលនយោបាយប្រទេសអូស្ត្រាលី។ នេះបើតាមសារព័ត៌មានបច្ចុប្បន្នភាពរបស់ភ្នំពេញប៉ុស្តិ៍។
គ្រាន់តែចំណុចចន្លោះប្រហោងផ្នែកប្រព័ន្ធការពារនៅតាមច្រកចេញចូលកម្ពុជានៅទន់ខ្សោយបែបនេះគឺអាចធ្វើឲ្យប្រឈមមុខខ្ពស់ទាំងក្នុងស្រុក និងក្នុងតំបន់ជុំវិញប្រទេសកម្ពុជាទាំងមូលគឺការរីកសាយភាយនូវសារធាតុគីមីរាប់ទាំងវត្ថុ រាវ រឹងនិងឧស្ម័នដែលមើលមិនឃើញហើយក៏អាចបង្កើតជាអាវុធមហាប្រល័យនុយក្លេអ៊ែរ អាវុធគីមី អាវុធជីវសាស្ត្រ និងវិទ្យុសកម្មបានយ៉ាងងាយបើទោះបីកម្ពុជាបានឆ្លើយតបទៅនឹងអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិលើបញ្ហាទាំងនេះតាំងពីឆ្នាំ ១៩៩៣ ដែលសូម្បីតែរដ្ឋធម្មនុញ្ញមាត្រា ៥៤ ចែងថា៖ «ការផលិត ការប្រើប្រាស់ការរក្សាទុកអាវុធបរមាណូអាវុធគីមី ឬអាវុធវេត្រាណូត្រូវហាមឃាត់ដាច់ខាត» ក៏ដោយ។
ជាងនេះទៅទៀតលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់លើកឡើងដែរថាបញ្ហាអាវុធគីមីបើមើលមួយភ្លែតហាក់ដូចជានៅឆ្ងាយតែបើសម្លឹងឲ្យយូរទៅហាក់បីដូចជានៅជិតបង្កើយ (កម្រងឯកសារច្បាប់ អគ្គលេខាធិការដ្ឋាននៃ អ.ជ.អ.គ ឆ្នាំ ២០១៥)។
បើប្រៀបធៀបរវាងប្រទេសកម្ពុជាយើង និងប្រទេសមីយ៉ាន់ម៉ាចំពោះការតាក់តែងច្បាប់ និងការអនុវត្តជាក់ស្តែងលើបញ្ហាទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ (Non-proliferation) ដែលខ្ញុំបានចូលរួមសន្និសីទកាលពីសប្តាហ៍មុននៅទីក្រុងណៃពីដោរនៃប្រទេស មីយ៉ាន់ម៉ារៀបចំដោយ Pacific Forum CSIS ខ្ញុំបានមើលឃើញថាកម្ពុជាបានចាប់ផ្តើមដំណាលគ្នាជាមួយមីយ៉ាន់ម៉ាក្នុងការឆ្លើយតបតាមច្បាប់អន្តរជាតិដែលមានបរទេសផ្ដល់ជំនួយបច្ចេកទេសតែកម្ពុជាហាក់ដូចជានាំមុខលើការតាក់តែងច្បាប់តូចៗក្នុងការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីដែលមានផ្ទុកធាតុនុយក្លេអ៊ែរ វិទ្យុសកម្ម និងជីវសាស្ត្រឲ្យមានលក្ខណៈវិជ្ជមាននៅក្នុងវិស័យវិជ្ជសាស្ត្រសុខាភិបាល កសិកម្ម និងថាមពលជាដើមមានដូចជា ការបន្ថែមប្រូតូកូល (AP) ការបំប្លែងប្រូតូកូលបរិមាណតូចៗ (Modified SQP) ទៀត និងស្តង់ដារ UNSCR 1540 ជាដើម។ ចំពោះការចាប់ផ្តើមអនុវត្តដែលកម្ពុជានាំមុខដែរនោះគឺដំណើរការទីផ្សារសេរី។
តែអ្វីដែលចាញ់មីយ៉ាន់ម៉ាគឺធនធានមនុស្សរបស់គេហាក់បីដូចជាមានកម្រិតខ្ពស់សុទ្ធតែថ្នាក់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងអ្នកបច្ចេកទេសជំនាញខាងនុយក្លេអ៊ែររៀនពីបរទេសច្រើនតែម្តងហើយគេអនុវត្តក្រោយយើងទេតែមានភាពរឹងប៉ឹងជាងយើងនៅតាមច្រកព្រំដែន និងការត្រួតពិនិត្យសារធាតុទាំងនោះ។ ជាពិសេស ម៉ាស៊ីនឧបករណ៍ប្រើប្រាស់សម្រាប់ពិសោធមានលក្ខណៈទំនើបជាងយើង។
រីឯនៅស្រុកយើងមានតែសាលាតិចណូ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេដែលមានបន្ទប់ពិសោធន៍តែមានលក្ខណៈទ្រង់ទ្រាយតូចមើលទៅមិនមានលក្ខណៈប្លែកធំដុំជាងអ្វីដែលខ្ញុំធ្លាប់រៀននៅមហាវិទ្យាល័យគីមីវិទ្យានោះឡើយ។
តែបើការចូលរួមប្រជុំធំៗគឺកម្ពុជា និងមីយ៉ាន់ម៉ាយកចិត្តទុកដាក់ចូលរួមដូចគ្នាក្នុងលក្ខណៈទ្វេភាគី លក្ខណៈអាស៊ាន លក្ខណៈ ASEAN+3 និងលក្ខណៈអន្តរជាតិក្នុងការទប់ស្កាត់ការរីកសាយអាវុធមហាប្រល័យ អាវុធគីមី អាវុធជីវសាស្ត្រ អាវុធមានលក្ខណៈវិទ្យុសកម្ម និងមីស៊ីលនៅឧបទ្វីបកូរ៉េដែលអាចបង្កមហន្តរាយធំធេង (Weapons of Mass Destruction)។ ជាពិសេសទៀតនោះគឺផ្តោតខ្លាំងទៅលើភេរវកម្មលក្ខណៈទ្រង់ទ្រាយធំដែលអាចធ្វើឲ្យគ្រោះថ្នាក់ជាតិ និងក្នុងតំបន់។
ជាទូទៅ ទស្សនៈប្រជាពលរដ្ឋតែងតែគិតថា សារធាតុនុយក្លេអ៊ែរគឺគិតដល់គ្រាប់នុយក្លេអ៊ែរ (Atomic Bomb) ដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ា និងណាកាសាគីប្រទេសជប៉ុន កាលពីសង្គ្រាមលោកលើកទី ២ ឆ្នាំ ១៩៤៥ សម្លាប់មនុស្សរាប់ម៉ឺននាក់ និងផលប៉ះពាល់ក្រោយការផ្ទុះនោះរាប់សិបឆ្នាំទៀតផង។
សារធាតុ អ៊ុយរ៉ាញ៉ូម បរិមាណច្រើនដែលបំប្លែងទៅជាអាវុធមហាប្រល័យនុយក្លែអ៊ែរនោះហើយដែលធ្វើពិភពលោកនាំគ្នាបង្ការកុំកើតមានជាថ្មីម្តងទៀត។ តែផ្ទុយទៅវិញសារធាតុនុយក្លែអ៊ែរនេះក៏ត្រូវបានគេអនុញ្ញាតប្រើប្រាស់ក្នុងផ្លូវវិជ្ជមានដើម្បីចំណេញដល់ថាមពលផងដែរតែតម្រូវឲ្យមានការគ្រប់គ្រង និងត្រួតពិនិត្យខ្ពស់ណាស់ដូចនៅហ្វូកូស៊ីម៉ាប្រទេសជប៉ុនគឺសាងសង់រោងចក្រនុយក្លែអ៊ែរ (Nuclear Power Plant) ដើម្បីបម្រើថាមពលអគ្គិសនី។
តែកាលពីឆ្នាំ ២០១១ មានការរញ្ជួយផែនដីបានប៉ះពាល់រោងចក្រនេះធ្វើឲ្យមានគ្រោះមហន្តរាយដ៏ធំមួយដែរ។
ទោះបីយ៉ាងណាចំណេះដឹងសម្រាប់ពលរដ្ឋខ្មែរទូទៅចំពោះបញ្ហាទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ (Non-proliferation) ក៏នៅមានកម្រិតផងដែរដោយសារការផ្សព្វផ្សាយមានតិចតួចហើយក៏ពុំសូវមានឯកសារនេះពីស្រុកខ្មែរនៅលើប្រព័ន្ធអ៊ីនធឺណិតដែរស្របពេលដែលភាពចន្លោះប្រហោងជាច្រើនរបស់សមត្ថកិច្ចក្នុងការត្រួតពិនិត្យនៅតាមច្រកចេញចូលក៏នៅមិនទាន់ពេញលេញ និងពុករលួយដូចសព្វថ្ងៃនេះគឺចូលបានម៉ាសេរីគ្រប់គ្រងមិនបានដែលអាចធ្វើប៉ះពាល់ដល់ការគ្រប់គ្រងសារធាតុគីមីទាំងនេះថាតើគេយកមកប្រើក្នុងន័យល្អ ឬក៏ក្នុងន័យអាក្រក់មុននឹងរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននាំចេញ នាំចូលនោះ។
ហេតុដូច្នេះ ក្នុងកិច្ចប្រជុំនៅទីក្រុងណៃពិដោក៏បានផ្តល់អនុសាសន៍ផ្តោតទៅលើការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសារធាតុគីមីអស់ទាំងនេះគឺពង្រឹងការគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ (Strategic Trade Controls) នៅតាមគ្រប់ច្រកដែលការនាំចេញ នាំចូលទំនិញជាពិសេសការចូលរួមទប់ស្កាត់ពីវិស័យឯកជននានាផងដែរថាតើទំនិញទាំងនោះមាននៅក្នុងបញ្ជីអនុញ្ញាតពីរដ្ឋាភិបាលហើយឬនៅ? និងការត្រួតពិនិត្យពីគុណភាពទំនិញទាំងនោះថា តើយកមកបម្រើវិស័យអ្វីជាផលវិជ្ជមានឬអត់? ជាងនេះទៅទៀតនោះគឺកម្ពុជាត្រូវតាក់តែងបទដ្ឋានគតិយុត្តណាដែលតម្រូវទៅតាមស្តង់ដារអន្តរជាតិ និងបន្តចូលក្នុងកិច្ចប្រជុំនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិដើម្បីដើរឲ្យទាន់របត់ពិភពលោកក្នុងបំណងយកមកផ្សព្វផ្សាយទូទៅសម្រាប់មហាជនស្វែងយល់ដឹងដើម្បីចូលរួមទប់ស្កាត់ផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com