គិត​មកទល់​ថ្ងៃទី​ ១៥ ខែមិថុនា​ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​នៅលើ​ពិភពលោក​ជិត ៨ ​លាន​នាក់ និង​មាន​អ្នកស្លាប់​កើន​ដល់​ជាង​ ៤៣ ​ម៉ឺន​នាក់​។ ក្នុង​កាលៈទេសៈ​នេះ មនុស្ស​ភាគច្រើន​សុទ្ធតែ​រង​ផលប៉ះពាល់​ពី​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ​គ្រាន់តែ​តិច​ ឬ​ក៏​ច្រើនតែ​ប៉ុណ្ណោះ​។ រីឯ​នៅ​ប្រទេស​កម្ពុជា​បើ​ទោះបី​ជា​មាន​ការឆ្លង​មេរោគ​កូវីដ​ ១៩ នេះ​តែ​ ១២៨ ​នាក់​ហើយ​មាន​អ្នក​ជា​សះស្បើយ​ដល់​ទៅ​ ១២៥ ​នាក់​ នៅ​សល់​តែ​ ៣ ​នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ក៏ដោយ ក៏មាន​ការទទួល​រង​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​គួរសម​ដែរ​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​ ១៩ នេះ​។

ម្យ៉ាង​វិញទៀត​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅតែ​ប្រឈមមុខ​នឹង​ការលំបាក​ជាង​ប្រទេស​ជឿនលឿន​ដដែល ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ជឿនលឿន​នៅ​មាន​លទ្ធភាព​ជួយ​ប្រជាពលរដ្ឋ​របស់គេ​ ដើម្បី​សម្រាល​ក្ដី​វេទនា​ដោយ​មាន​អាហារ​ទំនុកបម្រុង និង​ប្រាក់កាស​ប្រចាំ​ខែ​ជួយ នៅពេល​ដែល​ការងារ​ពលរដ្ឋ​ត្រូវ​បាន​បាត់បង់​។ ​សម្រាប់​កម្ពុជា​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ចេញ​វិធាន​ដល់​ជុំ​ទី​ ៤ ​ហើយ ដើម្បី​ជួយ​ស្រោចស្រង់​ទាំង​ថៅកែ ទាំង​កម្មករ-កម្មការិនី និង​សហគ្រិន និង​វិស័យ​ទេសចរណ៍​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​រង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នេះ​។ រីឯ​អ្នក​នៅ​ក្រៅ​ប្រព័ន្ធ​វិញ រដ្ឋ​កំពុង​តែ​ត្រៀម​បញ្ចេញ​ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ សម្រាប់​ជួយ​កិច្ច​គាំពារ​សង្គម​ផងដែរ​។

ទោះ​ជា​យ៉ាងណា ទំហំ​ទឹកប្រាក់​នេះ​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ខ្លាំង បន្ទាប់ពី​ខែ​ទី​ ៣ ​ឡើង​ទៅ ខណៈ​នៅ​មាន​ការបិទ​ច្រក​ចេញចូល ការធ្វើ​ដំណើរ​អន្តរជាតិ​ពី​ប្រទេស​មួយ​ចំនួន ការបិទ​ការ៉ាអូខេ កាស៊ីណូ ភោជនីយដ្ឋាន ការសម្តែង សិល្បៈ ប្រគំ​តន្ត្រី បិទ​សាលារៀន និង បម្រាម​ថា បើ​មិន​ចាំបាច់​មិន​ចេញ​ពី​ផ្ទះ​ជាដើម​។ បញ្ហា​ទាំងនេះ​ធ្វើឲ្យ​ចរន្ត​សាច់ប្រាក់​ដើរ​យឺត ហើយ​អ្នក​ចាយ​ត្រូវ​មាន​កម្រិត ខណៈ​អ្នកខ្លះ​នៅ​បន្ត​ការងារ​តែ​ត្រូវ​កាត់​ប្រាក់ខែ​ ៥០ ​ភាគរយ និង អ្នកខ្លះ​ទៀត​បាត់បង់​ការងារ​តែម្ដង ដោយសារ​ថៅកែ​ទប់ទល់​នឹង​ចំណូល​តិច​ចំណាយ​ច្រើន មិន​ជាប់​។

ផលប៉ះពាល់​ទាំងនេះ​សូម្បី​តែ​ពូ​ស៊ីក្លូ​ដែល​ធ្លាប់​តែ​ដឹក​ភ្ញៀវទេសចរ​ជិះ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ក៏​ជួប​ការលំបាក​កាន់តែ​ធ្ងន់ធ្ងរ​ដែរ នៅពេល​ដែល​ភ្ញៀវទេសចរ​ផ្អាក​ការធ្វើ​ដំណើរ​កម្សាន្ត​នោះ​។ ​ជាង​នេះ​ទៅ​ទៀត​គឺ​ជន​ចំណាកស្រុក​ដែល​មិន​បាន​វិល​ត្រឡប់មក​ស្រុក​កំណើត​វិញ កំពុង​ជាប់គាំង​នៅ​បរទេស​ពិសេស​ក្នុង​ប្រទេស​ថៃ ដោយ​ពួកគេ​ខ្លះ​បាន​និង​កំពុង​ជួប​ការលំបាក​តាំងពី​ថ្លៃឈ្នួល​ស្នាក់នៅ ម្ហូបអាហារ កន្លែង​ការងារ​បិទទ្វារ ហើយ​មាន​អ្នកខ្លះ​ទប់ទល់​នឹង​បញ្ហា​ប្រឈម​លែង​ជាប់​ក៏​បាន​ស្នើឲ្យ​បងប្អូន​ផ្ញើ​លុយ​ពី​ស្រុក​ខ្មែរ​ទៅ​ចាយ​នៅ​ទីនោះ​ក៏មាន​។

ចំណែក​អ្នក​ខ្លះទៀត​ដូចជា អ្នកសុំទាន​នៅ​ទីក្រុង​បាងកក​ជាដើម ហាក់​រឹតតែ​យ៉ាប់​ខ្លាំង​នៅ​ពេល​គេ​បិទ​ទីក្រុង ដោយ​គេ​ឃើញ​មាន​មន្ត្រី​ថៃ​បាន​ដាក់​ទាន​ដែល​មើល​ទៅ​វេទនា​ណាស់​។ ចំពោះ​ពលករ​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ​ប្រមាណ​ ៩ ​ម៉ឺន​នាក់​តាំងពី​ចុង​ខែមីនា មុន​ការបិទ​ប្រទេស​ថៃ​ក៏​មិន​ទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ វិញ​ដែរ ដោយ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​បិទ​ច្រករបៀង​ទាំងអស់​សិន ដើម្បី​កុំឲ្យ​មាន​ជនអន្តោប្រវេសន៍​ចេញ​ពី​ប្រទេស​ជិតខាង​ពេល​កំពុង​មាន​ករណី​ឆ្លង​កូវីដ​ ១៩ និង​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​នៅ​បិទ​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​ដំណើរការ​នៅ​ឡើយ​។ ទាំងនេះ​សុទ្ធតែ​ជា​បន្ទុក​របស់​រដ្ឋ និង​ជា​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ឡើង​របស់​ប្រជាពលរដ្ឋ ប្រសិន​បើ​ការអូសបន្លាយ​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​កាន់​យូរ​ទៅៗ​នោះ​។

ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ភាគច្រើន​កំពុង​ជួបប្រទះ​នឹង​ការលំបាក​ដោយសារ​ជំងឺ​កូវីដ​ ១៩​ បែបនេះ បែរ​ជា​មាន​អ្នកមាន​ជីវភាព​ធូរធារ​ជា​តារាៗ​ ឬ​តារា​សម្តែង​ខ្លះ​បាន​បង្ហាញ​ភាពហ៊ឺហា​តាមរយៈ​បណ្តាញ​សង្គម និង​តាមរយៈ​អត្ថបទ​សារព័ត៌មាន​អនឡាញ​ដែល​មើល​ទៅ​ហាក់​មាន​លក្ខណៈ​បញ្ឈឺចិត្ត​ហើយ​សកម្មភាព​បែបនេះ ចង់​មិន​ចង់​ធ្វើឲ្យ​អ្នក​រង​ផលប៉ះពាល់ ឬ​ក៏​អ្នក​បាត់បង់​ការងារ​ទាំង​ស្រុង​កាន់តែ​ឈឺចាប់​ឡើង​។

ក្នុង​កាលៈទេសៈ​នេះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​ខំ​ត្រដររស់​យ៉ាង​វេទនា​រកតែ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំ​ចង់​បាន​ផង តែ​ងាក​មក​មើល​តារាៗ​ខ្លះ​វិញ​មិន​ត្រឹមតែ​មិន​ចូលរួម​ចំណែក​ដោះស្រាយ​វិបត្តិ​កូវីដ​ ១៩ ទេ តែ​បែរ​ជា​នាំគ្នា​បង្អួត​ឡាន​ទំនើប​ស៊េរី​ថ្មីៗ​មាន​ដាក់​ឈ្មោះ​ផ្ទាល់ខ្លួន​ក៏មាន ដូចជា Rolls Royce, Lexus 570, Range Rover and Porsche បញ្ឈរ​ ៣-៤ ​គ្រឿង​បង្ហាញ​ទ្រព្យសម្បត្តិ​តាម​ហ្វេសប៊ុក​កម្សាន្ត​លេង​​ជាមួយ​នឹង​រូបភាព​ហ៊ឺហា​ឡូយឆាយ​របស់ខ្លួន​ទៅវិញ​។

ដោយឡែក​ចំពោះ​អ្នកលក់​ឡេ​តាម​អនឡាញ​ដែល​គ្មាន​ម៉ាក​យីហោ​ក្រុមហ៊ុន​រោងចក្រ​ណាមួយ​ជាក់លាក់​ក៏បាន​បង្ហាញ​គ្រឿងអលង្ការ មាស ពេជ្រ​ស្រោច​ខ្លួន​ផង​ដែរ ដោយ​ឆ្លៀត​កេងប្រវ័ញ្ច​ពី​អ្នក​ជាវ​តាម​អនឡាញ​ទាំង​មិន​បាន​ដឹង​ពី​គុណភាព​ ឬ​ក៏​ក្រុមហ៊ុន​ណាមួយ​ដែល​លក់ license ឬ​ក៏​ជា​ប្រភេទ​ Franchise អនុញ្ញាត​ឲ្យ​លក់​នោះ​ទេ ហើយ​ថែម​គ្មាន​បង់ពន្ធ​ជូន​រដ្ឋ​ទៀតផង ដែល​​ករណី​នេះ​រដ្ឋ​មិនទាន់​មាន​វិធានការ​បង្ក្រាប​នៅ​ឡើយ​ទេ​។

យ៉ាងណា​មិញ​ខណៈ​អ្នក​រង​ផលប៉ះពាល់​កំពុង​តែ​ខ្វះខាត​ម្ហូបអាហារ​ ឬ​ក៏​ហូប​អាហារ​មិន​មាន​ថាមពល​ផង​ស្រាប់​តែ​មាន​អ្នកធូរធារ​ខ្លះ​បង្ហាញ​ម្ហូបអាហារ នៅក្នុង​ហាង​ក្តី ឬ​ក៏​នៅផ្ទះ​ក្តី​យ៉ាង​ហូរហៀរ ដោយ​មាន​តាំងពី​ដុត​គោ ខ្វៃ​ជ្រូក ដុត​មាន់ ខ្វៃ​ទា និង​ម្ហូប​ឆ្ងាញ់ៗ​ដែល​ឥរិយាបថ​បែប​នេះ​ប្រៀប​បាន​ទៅ​នឹង​ការញ៉ែម​គ្នា​ដូច​កូនក្មេង​ឲ្យ​លេប​ទឹកមាត់​អ៊ីចឹង ជា​ហេតុ​ធ្វើឲ្យ​អ្នកក្រីក្រ​លំបាក​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ រឹតតែ​ឈឺចាប់​ខ្លាំង ខណៈ​កើត​មក​ជា​ជាតិសាសន៍​ដូចគ្នា​តែ​ការរស់នៅ​ខុស​គ្នា​ស្រឡះ​ដែល​សូម្បីតែ​បំពេញ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន តាម​ទ្រឹស្តី ម៉ាស្លូ ដូចជា ជម្រក សម្លៀកបំពាក់ និង​អាហារ ក៏​មិនទាន់​បាន​បំពេញ​ផង​។

ហេតុ​ដូច្នេះ​សូម​អ្នក​មានៗ ឧកញ៉ាៗ តារាៗ ឬ​អ្នកមាន​ជីវភាព​ធូរធារ​ល្មមៗ គួរតែ​ចូលរួម​ចំណែក​ធ្វើបុណ្យ​ដាក់ទាន​ដល់​អ្នក​រង​ផលប៉ះពាល់​ពី​វិបត្តិ​កូវីដ​ ១៩​ នេះ​សិន ប្រសើរ​ជាង​ការបង្អួត​ពី​ភាពទាន់សម័យ និង​ភាព​ហ៊ឺហា​ព្រមទាំង​ចំណីអាហារ​ជា​សាធារណៈ ព្រោះ​ការជួយ​របស់​រាជរដ្ឋាភិបាល​បាន​តែ​មួយ​ផ្នែក​នៃ​តម្រូវការ​របស់​ពលរដ្ឋ​ទេ ថ្វីបើ​មាន​ការធានា​មិន​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​ក៏ដោយ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com