ទស្សនៈ​ចាស់​គំរឹល​មួយ​ដែល​នៅតែ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ដើម្បី​ដោះសា​ចំពោះ​ការសរសេរ​កខ្វក់ អាន​មិន​ដាច់​ ឬ​ក៏​បន្លំ​សរសេរ​មិន​ត្រូវ​នោះ​គឺ​ «​អក្សរ​ស្អាត​បាន​ធ្វើ​ស្មៀន អក្សរ​ក្រវេច​ក្រវៀន​បាន​ឡើង​ធំ​ ឬ​ក៏​ធ្វើ​ជា​គ្រូពេទ្យ!»​។ ​

ទស្សនៈ​នេះ​គឺ​និយាយ​មិន​លើក​ទឹក​ចិត្ត​ដល់​អ្នកសិក្សា​ដែល​បាន​ខិតខំ​សរសេរ​ឱ្យ​បាន​ហ្មត់ចត់ ប្រិតប្រៀង​ឱ្យ​បាន​ស្អាតបាត​។

ការ​ដែល​ទម្លាប់​សរសេរ​ខ្ជីខ្ជា​តាំងពី​នៅ​រៀន​បើ​ទោះបី​ជា​គ្រូ​ខំ​ដាក់​ឱ្យ​សិស្ស​សរសេរ​តាំងពី​អក្សរ​ផ្ចង់​ដើម្បី​កុំ​ឱ្យ​សរសរ​ទៅ​​វា​ក្រវេច​ក្រវៀន​អាន​មិន​ដាច់​ក្ដី​​ ប៉ុន្តែ​ខ្លះ​ទៀត​សរសេរ​មិន​ត្រឹម​តែ​មិន​ច្បាស់​ទេ គឺ​សរសេរ​មិន​ត្រូវ​តែ​ម្តង​។

ជាពិសេស​ការសរសេរ​របៀប​សូរ​ដូច តែ​ន័យ​ខុស​គ្នា​គឺ​សម្បូរ​កំហុស​ណាស់​នៅលើ​ហ្វេសប៊ុក​ ឬ​ក៏​សារព័ត៌មាន​មួយ​ចំនួន​ហើយ​អ្នក​សរសេរ​មិន​ដឹង​ថា ខ្លួនឯង​សរសេរ​ខុស​ផង តែ​ចូលចិត្ត​រិះគន់​គេ​ និង​កម្រ​មើល​វចនានុក្រម​សម្តេច ជួន ណាត នៅ​លើ​កុំព្យូទ័រ​ ឬ​ក៏​នៅលើ​ទូរស័ព្ទ​ដើម្បី​កែ​ពាក្យ​ណា​មិន​ច្បាស់ ទេ ដូច​ពាក្យ​ «​សប់​» «​សព​» និង​ «​សព្វ​» ដោយ​អ្នក​ប្រើ​មិន​ច្បាស់លាស់​ថា​អ្វី​ជា សប់​កង់ ហែ​សព​ (​ខ្មោច​) ​និង​សព្វថ្ងៃ​ជាដើម​។

ដូចគ្នា​នេះ​ដែរ​ពាក្យ​សរសេរ​តាម​ថា​ «​សំណប់​» ​ដែល​អ្នកសរសេរ​ខុស​ដោយ​មិន​ដឹង​ខ្លួន ខណៈ​ពាក្យ​ត្រឹមត្រូវ​គឺ​ «​សំណព្វ​»​។ រីឯ​ពាក្យ​ «​ជ័យយោ​!» ក៏​មិន​ត្រឹមត្រូវ​ដែរ នៅពេល​ដែល​ពាក្យ​ត្រូវ​គឺ​«​ជយោ​!» ​នោះ​។

ការសរសេរ​ក្រវេច​ក្រវៀន​ ឬ​ក៏​ខុស​ពាក្យ​ ឬ​ឃ្លាឃ្លោង​ភាសា​ខ្មែរ​មិន​ច្បាស់ ពេល​ខ្លះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការសរសេរ​ក្នុង​បែបបទ​រដ្ឋបាល​ទៀត​ផង បើទោះបី​ជា​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​បាន​បង្កើត​ទម្រង់​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​គាំទ្រ​ដល់​ដំណើរ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​បាន​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​ ២០១៣ ​រហូត​មក​ក៏ដោយ​។

សព្វ​ថ្ងៃនេះ​បើ​ទោះ​ជា​មាន​កុំព្យូទ័រ​ជួយ​ជំនួស​ក្នុង​ការ​សរសេរ​ដៃ​ឱ្យ​បាន​ស្អាត​ជាង​មុន​ក៏ដោយ ​ក៏​ការងារ​ខ្លះ​នៅ​តែ​សរសេរ​ដៃ​ដដែល​ដូចជា​ការសរសេរ​ចំណារ​លើ​លិខិត និង​ការចុះ​លេខ ឬ​ថ្ងៃខែ​ឆ្នាំ​ ឬ​ក៏​ការសរសេរ​នៅ​​ពេល​ប្រជុំ​គឺ​ពេល​ខ្លះ​អាន​អក្សរ​ខ្លួនឯង​មិន​ទាំង​ដាច់​ផង​ក៏​មាន​។

រហូត​មក​ទល់​ពេល​នេះ​គ្រូពេទ្យ​ដែល​ចេញ​វេជ្ជបញ្ជា​ភាគច្រើន​នៅ​តែ​សរសេរ​ចេញ​វេជ្ជបញ្ជា​ពី​ប្រភេទ​ថ្នាំ​ ឬ​ក៏​របៀប​ប្រើ​ឱសថ​ឱ្យ​ទៅ​អ្នកជំងឺ​ដោយ​បន្ត​ការសរសេរ​ខ្វៀក​ទាំង​ភាសា​ខ្មែរ​ និង​ឈ្មោះ​ថ្នាំពេទ្យ​ជា​ភាសា​បរទេស​ប្រៀប​ដូច​ការចុះ​ហត្ថលេខា​។ ​

នៅពេល​អ្នក​ជំងឺ​ទទួល​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​មក​គឺ​ភាគច្រើន​គាត់​មិន​អាច​អាន​ដាច់​ទេ ប្រសិន​បើ​ភរិយា​របស់​គ្រូពេទ្យ​ហ្នឹង​ជា​ឱសថការី​នោះ​មិន​អី​ទេ​ព្រោះ​គាត់​អាច​ចំណាំ​អក្សរ​ស្វាមី​របស់​គាត់​បាន​។ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជំងឺ​នោះ​យក​វេជ្ជបញ្ជា​ហ្នឹង​ដើរ​រក​ទិញ​នៅ​តាម​ឱសថស្ថាន​វិញ​ជួនកាល​ទៅ​គេ​មើល​ដាច់​ [​ស្គាល់​] ​ក៏​លក់​ឱ្យ​ទៅ តែ​ជួនកាល​ក៏​មើល​វា​មិន​ដាច់​ផង​ដែរ ហើយ​ឱ្យ​វេជ្ជបញ្ជា​មក​អ្នក​ជំងឺ​វិញ​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ខ្លាច​នោះ​គឺ​ប្រសិន​បើ​អ្នក​លក់​ថ្នាំ​មិនមែន​ជា​ឱសថការី ហើយ​លក់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ដែល​សរសេរ​ខ្វៀក​ដែល​បាន​តែ​ក្បាល​ពាក្យ​រួច​អូស​យកៗ​គឺ​អាច​អ្នក​លក់​ឱ្យ​ថ្នាំពេទ្យ​ច្រឡំ ហើយ​អ្នក​ប្រើ​ក៏​ច្រឡំ​ទៅ​តាម​ហ្នឹង​ដែរ​។

ម្យ៉ាង​ទៀត​អ្នក​លក់​ថ្នាំ​ខ្លះ​ក៏​បន្លំ​អ្នក​ជំងឺ​ផង​ដែរ តាមរយៈ​ការ​​សរសេរ​មិន​ច្បាស់​នេះ​នៅ​ពេល​គាត់​អត់​មាន​ប្រភេទ​ថ្នាំ​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ហ្នឹង​ដោយ​មាន​តែ​ថ្នាំ​ស្រដៀង​គ្នា​ក៏​យក​មក​លក់​ឱ្យ​ដោយ​អ្នក​លក់​ថ្នាំពេទ្យ​នោះ​ផ្ដល់​យោបល់​ថា​ថ្នាំ​ផ្សំ​ចូល​គ្នា​តែ​មួយ​ជាដើម​។

បញ្ហា​សរសេរ​ឈ្មោះ​ថ្នាំ​មិន​ច្បាស់​ជា​រឿង​មួយ​ទៅហើយ ប៉ុន្តែ​រឿង​មួយ​ទៀត​គឺ​ការសរសេរ​ខ្វៀក​គួបផ្សំ​នឹង​ការពន្យល់​ពី​របៀប​ប្រើប្រាស់​មិន​ច្បាស់លាស់​ផង​ធ្វើឱ្យ​អ្នក​ទិញ​វង្វេង បន្ទាប់ពី​បាន​ថ្នាំ​ហើយ​។ ដូច​ករណី គ្រូពេទ្យ​សរសេរ​ពន្យល់​នៅ​លើ​វេជ្ជបញ្ជា​ថា ថ្នាំ​គ្រាប់​ទម្លាក់​សត្វល្អិត​ហ្នឹង​លេប​ពេល​ភ្ញាក់​ពី​ដេក​ម្តង​ ១ ​គ្រាប់ តែ​នៅពេល​អ្នកជំងឺ​ភ្ញាក់​ ៣ ​ដង​ក្នុង​ ១ ​យប់ គាត់​ក៏​សម្រេចចិត្ត​លេប​ថ្នាំ​ដល់​ទៅ​ ៣ ​ដង​ដែរ​ទៅ ខណៈ​ការពិត​ថ្នាំ​ ១ ​គ្រាប់​ហ្នឹង​គ្រូពេទ្យ​ចង់​ប្រាប់​ថា​លេប​ម្តង​ ១ ​គ្រាប់​តែ​នៅពេល​ភ្ញាក់​ព្រឹក​ឡើង​ប៉ុណ្ណោះ​។

ករណី​ ១ ​ទៀត​គឺ​គ្រូពេទ្យ​ដែល​បណ្តុះបណ្តាល​ការពន្យារ​កំណើត​តែងតែ​លើក​យក​ករណី​ជាក់ស្តែង​ដែល​គ្រូពេទ្យ​សរសេរ និង​ឱ្យ​ដំបូន្មាន​មិន​ច្បាស់​ដល់​អ្នកជំងឺ​ចំពោះ​ការប្រើ​ថ្នាំ​ពន្យារកំណើត​ដោយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ប្រើ​ ១ ​ថ្ងៃ​ម្តង ម្តង​ ១ ​គ្រាប់ ហើយ​ឱ្យ​ស្ត្រី​អ្នក​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​។

ប៉ុន្តែ​នៅ​ពេល​គ្រូពេទ្យ​សរសេរ​ខ្វៀក​មិន​ច្បាស់លាស់​ហើយ​សម​នឹង​អ្នកជំងឺ​ស្ត្រី​នោះ​ចេះ​អក្សរ​បាន​តិចតួច​ទៀត​នោះ​គឺ​នៅពេល​ចេញ​ទៅ​បែរជា​បាត់​ពាក្យ​ «១ ​ថ្ងៃ​ម្តង​» ​ដោយ​ចេញ​តែ​ពាក្យ​ម្តង​ ១ ​គ្រាប់​ហើយ​ធ្វើឱ្យ​អ្នក​ជំងឺ​គាត់​ស្មានតែ​ចំនួន​ដង​នៃ​ការ​រួមភេទ​នោះ​គឺ​ក្នុង​ករណី​ ១ ​យប់ គាត់​រួម​ភេទ​ ២ ​ដង គាត់​ក៏​លេបថ្នាំ​អស់​ ២ ​គ្រាប់​ក្នុង​ ១ ​យប់​តែ​ម្ដង​ទៅ​។ ដល់​អ៊ីចឹង​បែរ​ទៅ​ជា​អស់​មុន​កំណត់ ហើយ​ពេល​ត្រឡប់​មក​ជួប​គ្រូពេទ្យ​វិញ​ក៏​តាំង​កើត​ទៅ​ជា​រឿង​បន្ទោស​គ្នា​​ទៅវិញ​ទៅមក​រវាង​គ្រូពេទ្យ និង​អ្នកជំងឺ​ដែល​តាម​ការពិត​វា​កើត​​ឡើង​បាន​ដោយសារ​តែ​ការសរសេរ​ខ្វៀក​មិន​ច្បាស់លាស់​ និង​​ការពន្យល់​មិន​បាន​ក្បោះក្បាយ​​របស់​គ្រូពេទ្យ​ខ្លួនឯង​សោះ​។

សរុប​មក​ការសរសេរ​ខ្វៀក​បន្លំ​នឹង​ពាក្យ​មិន​ត្រឹមត្រូវ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត ប៉ះពាល់​ដល់​អ្នកអាន​ និង​អ្នកប្រើប្រាស់​ថ្នាំពេទ្យ​ផង​ដែរ ដូច្នេះ​ហើយ​ម្នាក់ៗ​​គួរតែ​រិះគន់​ហើយ តែ​ខ្លួនឯង​ក៏​ត្រូវ​សរសេរ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​​វចនានុក្រម​ និង​ឃ្លាឃ្លោង​ឱ្យ​​បាន​ច្បាស់លាស់​ផង​ដែរ ជាពិសេស​អ្នក​ដែល​ត្រូវ​កែ​មុន​គេ​នោះ​គឺ​អ្នកកាសែត គ្រូបង្រៀន គ្រូពេទ្យ និង​អ្នកលេង​ហ្វេសប៊ុក​មួយ​ចំនួន​ដែល​នៅ​សរសេរ​ភាសា​ខ្មែរ​ខុស​ច្រើន​នៅ​ឡើយ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com