
មន្ទីរពេទ្យបង្អែកអង្គរជុំដែលត្រូវទឹកជន់លិចកាលពីថ្ងៃអង្គារ។ រូបថត សហការី
នៅកម្ពុជាឲ្យតែដល់ខែវស្សាឡើង ទឹកហូរពីទន្លេមេគង្គផង ទឹកហូរធ្លាក់ពីភ្នំផង ទឹកហូរពីប្រទេសថៃផង ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាផង ងាកទៅណាក៏ទឹកជន់លិចពេញ ហូរចេញទៅសមុទ្រមិនទាន់នៅចាល់ជន់លិចស្ទើរតែគ្រប់ទីកន្លែង មិនថា តំបន់ខ្ពង់រាបនោះទេ។
តាមរយៈរបាយការណ៍ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ប្រចាំអាស៊ីប៉ាស៊ីហ្វិក (UNOCHA) ស្តីពីផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសកម្ពុជាគិតមកត្រឹមថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ គឺមានអ្នកស្លាប់កើនដល់ ១៤ នាក់ រីឯពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេសាបចំនួន ៩ ម៉ឺនគ្រួសារទទួលរងផលប៉ះពាល់ និង ១៣ ០០០ គ្រួសារត្រូវជម្លៀសមកទីទួលសុវត្ថិភាព ហើយស្រុកចំនួន ១០ ទទួលរងការជន់លិចដោយទឹកភ្លៀង។ ចំណែកឯផលប៉ះពាល់ផ្សេងៗទៀតគឺមានដីស្រែចម្ការជាង ៤ ម៉ឺនហិកតាមណ្ឌលសុខភាពចំនួន ២៣ និងសាលារៀនចំនួន ២៦៤។
កាលពីថ្ងៃទី ២៤ ខែកញ្ញាតាមរយៈហ្វេសប៊ុកលោក វេជ្ជបណ្ឌិត ម៉ក់ សំអឿន ប្រធានស្រុកប្រតិបត្តិអង្គរជុំ ខេត្តសៀមរាបបានថតរូប ៣ សន្លឹកបង្ហោះពីទឹកជន់លិចចូលដល់មន្ទីរពេទ្យបង្អែកអង្គរជុំ ហើយបានបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែកពួកវិញ និងមានមណ្ឌលសុខភាព ៤ ទៀតនៅអង្គរជុំនេះក៏លិចដែរ។
ផលប៉ះពាល់ទាំងនេះត្រូវគេលើកហេតុផលយ៉ាងសាមញ្ញថា មកពីការប្រែប្រួលអាកាសធាតុ ឬក៏នៅប្រទេសអាស៊ីអាគ្នេយ៍លិចដូចតែគ្នាទៅចប់ហើយ។
តែផ្ទុយទៅវិញនៅពេលខែក្តៅរដូវប្រាំងនៅតំបន់ខ្លះគឺរកតែទឹកស្អាតហូបមិនទាំងចង់បានផង គឺក្តៅស្ងួតហួតហែង កន្លែងខ្លះ ជីកអណ្តូងក៏គ្មានទឹកចេញមកដែរ ជួនកាលទៅមានទឹកស្រះ ១ ឬក៏ ២ នៅក្នុងភូមិ ដណ្តើមគ្នាប្រើប្រាស់ ខ្លះលាងម៉ូតូក៏ទឹកហ្នឹង លាងគោក៏ទឹកហ្នឹងចូលគ្នាធ្វើឲ្យខូចទឹកក៏មានដែរ។
កាលពីរដូវប្រាំងកន្លងទៅនេះ នៅខេត្តព្រះសីហនុមានការស្វែងរកទឹកស្អាតទាំងពិបាករហូតដល់មានអ្នកទិញទឹកបរិសុទ្ធយកទៅងូតក៏មានដែរ តែដល់ពេលចូលខែវស្សាវិញ គ្រាន់តែភ្លៀង ២-៣ ថ្ងៃជាប់ៗគ្នា ខេត្តព្រះសីហនុក៏លិចលង់ ទម្រាំតែទឹកស្រកទៅវិញ។ នេះមកពីប្រព័ន្ធលូចាស់ហើយសំណង់ធំៗច្រើនការចាក់ដីលុបបឹង លុបស្រះ លុបឆ្នេរយកដីលក់ អ៊ីចឹងទៅពេលភ្លៀងមក ទឹកមិនមានកន្លែងហូរទៅក៏នៅចាល់លិចលង់ក្នុងក្រុងទម្រាំតែហូរទៅសមុទ្រអស់។
បើនិយាយពីក្រសួងដែលធ្វើការផ្ទាល់ជាមួយនឹងទឹកវិញមានដល់ទៅ ៧ ក្រសួង ហើយពេលខ្លះធ្វើការជាន់គ្នាក៏មានដែរដូចជាប្រឡាយទឹកម្តងថា ក្រសួងធនធានទឹកជាអ្នកគ្រប់គ្រង ខ្លះថា ការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ តែនៅតែការប្រើប្រាស់ទឹកនៅតែលើសជ្រុល និងខ្វះជ្រុលទៅវិញ។
ម្យ៉ាងវិញទៀតបើមើលទៅលើគ្រឿងចក្រ និងសម្ភារបរិក្ខារទំនើបៗសម្រាប់ការជីកស្រះ ប្រឡាយ ជីកបឹងបួ ឬក៏កាយភក់ដីល្បប់ពីទន្លេ ម៉ាកអីក៏មានដែរមិនខ្វះទេ ថាឲ្យតែមានផែនការចង់ធ្វើគឺធ្វើបានភ្លាម បើប្រៀបធៀបកាលពីសម័យខ្មែរក្រហមវិញ គេប្រើតែមនុស្ស ចប និងបង្គី គេជីកសង់បានទំនប់ធ្វើបណ្តាញប្រឡាយទឹកបានខ្វាត់ខ្វែង។ ហេតុអ្វីមកដល់សម័យគ្រឿងចក្រទំនើបៗហើយមានទឹកគ្រប់គ្រាន់ហើយ តែគ្រាន់តែរៀបចំស្តារអាងស្តារប្រឡាយស្តារបឹងស្តុកទឹកប្រើប្រាស់បែរជាធ្វើមិនបានល្អទៅវិញ?
បើប្រៀបធៀបជាមួយនឹងប្រទេសសិង្ហបុរី គេមិនមានប្រព័ន្ធទឹកហូរខ្វាត់ខ្វែងពីធម្មជាតិដូចស្រុកខ្មែរផងគ្រាន់តែយកទឹកដែលប្រើរួច និងទឹកភ្លៀងយកទៅកែច្នៃ (Recycle) ឡើងវិញ គេប្រើបានយ៉ាងស្រួល ហើយគេកាត់បន្ថយការទិញទឹកស្អាតពីប្រទេសម៉ាឡេស៊ីបានផងដែរ។
គំរូល្អៗបែបនេះហើយរាជរដ្ឋាភិបាលគួរតែគិតគូរឡើងវិញ រឿងការធ្វើផែនការមេជាមួយប្រព័ន្ធបន្សាំភាពធន់ (Resilience) ទឹកស្អាត និងការកែច្នៃប្រភពទឹក និងបណ្តាញទឹកដែលមានពីធម្មជាតិ ដូចជាការស្តារប្រឡាយ បូមយកដីល្បាប់ពីបឹងទន្លេសាប និងបឹងបួស្ទឹងព្រែកផ្សេងៗយកមកដាក់បញ្ចូលស្រែដែលមានជីជាតិ។ ការជីកស្រះជម្រៅ ៥ ម៉ែត្រតាមសហគមន៍ក៏ជាផ្នែក ១ នៃការសន្សំសំចៃទឹក និងស្តុកទឹកទុកសម្រាប់ប្រើខែប្រាំងដូចនៅស្រុកកំពង់ត្រាច ខេត្តកំពត គេនិយមជីកស្រះដើម្បីស្តុកទឹក និងនៅទន្លេវ៉ៃគោក្នុងក្រុងស្វាយរៀងក៏មានការទប់ទឹកទុកដែលមើលទៅធំល្វឹងល្វើយដូចជាកូនសមុទ្រផងដែរទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា។
ការសាងសង់ប្រព័ន្ធធារាសាស្ត្រគឺជាតម្រូវការចាំបាច់សម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីគ្រប់គ្រងប្រព័ន្ធស្រោចស្រព ភាពផ្សុំាទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិដែលកើតឡើងដដែលៗនោះ។
ក្រៅពីការកែច្នៃធម្មជាតិ និងរៀបចំប្រព័ន្ធទឹកស្អាតនេះការចាត់វិធានការទប់ស្កាត់ឈ្មួញទុច្ចរិត កាប់ឈើ ព្រៃកោងកាង ទិញដីបឹងហើយចាក់លុប លុបស្រះក៏ជាការចូលរួមចំណែករក្សាប្រភពទឹកប្រើប្រាស់សម្រាប់សហគមន៍ផងដែរ។
ជាក់ស្តែង អាជ្ញាធរខេត្តកំពតកាលពីពាក់កណ្តាលខែកញ្ញាបានបញ្ជាឲ្យមន្ត្រីជំនាញយកគ្រឿងចក្រទៅកាយយកអាចម៍ដី ដែលបានចាក់រំលោភចូលទៅក្នុងដៃព្រែកក្បាលរមាសជាប់នឹងផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូនោះចេញ បន្ទាប់ពីរកឃើញថាមានការចាក់រំលោភចូលទៅក្នុងព្រែកនេះដោយខុសច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតករណីលួចកាប់រានដីព្រៃកោងកាងនៅក្នុងស្រុកនេះ និងបានព្រមានចាត់វិធានការតាមច្បាប់ចំពោះជនប្រព្រឹត្តល្មើស។ នេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃទី ២៤ ខែកញ្ញានេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com