The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះសង្ឃ​សម្ភារ​និយម​ជ្រុល​ពេក ​ធ្វើ​ឲ្យ​ជំនឿ​ ធ្លាក់​ចុះ

ព្រះសង្ឃ​សម្ភារ​និយម​ជ្រុល​ពេក ​ធ្វើ​ឲ្យ​ជំនឿ​ ធ្លាក់​ចុះ

Content image - Phnom Penh Post
រថយន្ត​ឡង់គ្រីស័រ​ដែល​គេ​ថា​ពុទ្ធបរិស័ទ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ថ្មីៗ​នេះ។ រូបថត ហ្វេសប៊ុក

ព្រះសង្ឃ​សម្ភារ​និយម​ជ្រុល​ពេក ​ធ្វើ​ឲ្យ​ជំនឿ​ ធ្លាក់​ចុះ

«​ជាតិ សាសនា ព្រះមហាក្សត្រ​» គឺជា​បាវចនា​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​គោរព​ប្រតិបត្តិ​ហើយ​អ្នក​ដែល​​ជា​និមិត្តរូប​នៃ​ការ​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​គឺ​ព្រះសង្ឃ​។

បើ​កាល​ពី​ជំនាន់​របប​កុម្មុយនីស្ត សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទសវត្សរ៍​ឆ្នាំ​ ៨០ ​គឺ​មាន​ការ​លើ​ទឹក​ចិត្ត​ព្រះសង្ឃ​ឲ្យ​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ​ទៀត​ផង​ដូច​ដែល​មាន​ចម្រៀង​ភ្លេង​ជាតិ​ថា​៖ «...​កសាង​អាត្មា​បម្រើ​ប្រជាជន​...»​។

តើ​ព្រះសង្ឃ​សម័យ​សម្ភារ​និយម​បច្ចុប្បន្ន​បម្រើ​សាសនា​ព្រះពុទ្ធ​ឲ្យ​ឧបាសក ឧបាសិកា​គោរព​តាម​គ្រប់ៗ​គ្នា​ឬ​នៅ?

ចូល​ដល់​សម័យ​សកលភាវូបនីយកម្ម​គឺ​អ្វីៗ​មាន​ការ​ប្រែប្រួល​ដែល​មាន​ផលប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ផង​ដែរ ជាពិសេស​ការ​ប្រើប្រាស់​សម្ភារ​ទំនើបៗ​ទាន់​សម័យ​បច្ចេកវិទ្យា ដូចជា រថយន្ត​ទំនើប ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ បំពាក់​ម៉ាស៊ីន​ត្រជាក់ ប្រព័ន្ធ​អ៊ីនធឺណិត​គ្រឿង​សង្ហារិម​ទំនើបៗ​ជាដើម​។ តែ​សម្ភារ​ខ្លះ​ក៏​ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​ផង​ដែរ។

កាលពី​ ១០ ​ឆ្នាំ​មុន​ ការ​ប្រើប្រាស់​សេវា​ Wifi និង​ទូរស័ព្ទ​ចល័ត​ដែល​បំពាក់​ដោយ​ឌីជីថល​ មាន​តិចតួច ​គឺ​សម័យ​ទូរស័ព្ទ​ទំនើប​ Nokia ដែល​កាល​នោះ​ទូរស័ព្ទ​ Nokia អាច​និយាយ​ឆ្លើយឆ្លង​គ្នា​ និង​ឃើញ​រូបភាព​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​អ្នក​ដែល​កំពុង​និយាយ​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​បាន​ ហើយ​រដ្ឋាភិបាល​យល់​ឃើញ​ថា​ វា​​ងាយស្រួល​ក្នុង​ការ​ទាក់ទង​សេវា​ផ្លូវភេទ​ជាមួយ​ស្ត្រី​ក្រៅ​ពី​ប្រពន្ធ​របស់​ខ្លួន​ ជាពិសេស​ បុរស​ដែល​ចូលចិត្ត​រកស៊ី​ក្រៅ​នោះ​ក៏​មាន​ការ​រឹតបន្ដឹង​តែ​នៅ​ពេល​បច្ចុប្បន្ន​ខណៈ​ដែល​ប្រព័ន្ធ​ ឌីជីថល​ រឹត​តែ​ទំនើប​ហើយ​លឿន​រដ្ឋាភិបាល​ដូចជា​លែង​មាន​ការ​ហាមឃាត់​ទៀត​ហើយ​ពី​ព្រោះ​បើ​ឃាត់​ក៏​ទំនង​ជា​លែង​ឈ្នះ​ដែរ ដោយសារ​វា​មាន​ស្ទើរ​គ្រប់​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ក៏​ដូចជា​កុំព្យូទ័រ​ដែល​និយាយ​មើល​មុខ​គ្នា​ឃើញ Skype, Tango, Messenger, Facebook, Zoom.US ជាដើម​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជាទូទៅ​រឹត​តែ​ងាយស្រួល​ហើយ​សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ក្រើន​រំឭក​ឲ្យ​មន្ត្រី​រាជការ​ប្រើប្រាស់​ស្មាតហ្វូន​ដែរ បើ​មិន​ចេះ​ប្រើ​ទេ​គឺ​មិន​ដំឡើង​តំណែង​ឲ្យ​ឡើយ​។

ប៉ុន្តែ​សម្ភារ​ទំនើបៗ​ក៏​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​នៅក្នុង​សង្គម​ផង​ដែរ​នៅ​ពេល​ដែល​គេ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ហើយ​មិន​សមស្រប​ទៅ​នឹង​ច្បាប់ និង​សីលធម៌​សង្គម​ពិសេស​ព្រះសង្ឃ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ជាង​គេ​នោះ​គឺ​មិន​ត្រឹម​តែ​បុគ្តល​ជា​សង្ឃ​នោះ​ទេ​តែ​ក៏​ជា​សាសនា​ព្រះពុទ្ធ​ទាំង​មូល​ដែល​ប្រជាពលរដ្ឋ​គោរព និង​ជឿជាក់​ដល់​ទៅ​ ៩៧ ​ភាគរយ​នៃ​ប្រជាជន​សរុប​ផង​ដែរ (ផ្អែក​តាម​ជំរឿន​ថ្នាក់​ជាតិ​ឆ្នាំ​ ២០០៨​)។

សកម្មភាព​ព្រះសង្ឃ​មួយ​ចំនួន​ដែល​ប្រើ​សម្ភារ​ទំនើប​ច្រើន​ពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ធម៌​ព្រះ​ដែល​បាន​សម្តែង​ទាក់ទង​នឹង​តណ្ហា​ស្រើបស្រាល លោភលន់ និង​សម្ញែង​បង្អួត​នូវ​សម្ភារ​ទំនើប​ទាំង​នោះ​ទៅ​វិញ​ធ្វើឲ្យ​មហាជន​រិះគន់​ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​របស់​ព្រះសង្ឃ​។

ដូច​កាលពី​សប្តាហ៍​មុន​នេះ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​វត្ត​នាគវ័ន​កុដិ​ ២៤ បាន​បង្ហាញ​រូបភាព និង​ការ​សរសេរ​ពី​ព្រះសង្ឃ​មួយ​អង្គ​បាន​ប្រគេន​ទី​សេនា​សនទាន (​គ្រែ​) ទំនើប​ឆ្លាក់​ដោយ​ឈើ​ប្រណីត ពូក និង​ក្បាច់​រចនា និង​ទូរស័ព្ទ​ទំនើប​ម៉ាក​ Vertu សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​ ២ ​ម៉ឺន​ដុល្លារ​ប្រគេន​ដល់​ព្រះឧត្តមប្រិយ៍​ជា​ព្រះមេគណ​ខេត្ត​កំពង់ចាម​។

ការ​ដែល​បង្ហាញ​ពី​ភាព​ស្រើបស្រាល​សម្ញែង​គ្នា​ក្នុង​ចំណោម​ព្រះសង្ឃ​បែប​នេះ​ធ្វើឲ្យ​ជះ​ឥទ្ធិពល​ទៅ​នឹង​ព្រះសង្ឃ​ផ្សេងៗ​ដទៃ​ទៀត​ដែល​កំពុង​តែ​មាន​ចំណាប់​អារម្មណ៍​សម្ភារ​និយម​ផ្អើល​តៗ​គ្នា​ផង​ដែរ​មើល​ទៅ​ហាក់បី​ដូចជា​ការ​ប្រកួត​ប្រជែង​គ្នា​ថា​ព្រះសង្ឃ​អង្គ​នោះ​ធ្វើ​បាន ហេតុ​អ្វី​បាន​ជា​អាត្មា​អញ​ធ្វើ​មិន​បាន​?

ដោយសារ​តែ​ព្រះសង្ឃ​មួយ​ចំនួន​ចេះ​តែ​នាំ​គ្នា​ធ្វើ​ឫកពា​បែប​កាលីប​ដូច​គ្រហស្ថ​ដែរ​នោះ​នៅពេល​ដែល​និមន្ត​ព្រះសង្ឃ​ទៅ​សូត្រមន្ត​នៅ​ផ្ទះ​ម្តងៗ​ពេល​ខ្លះ​មាន​ការ​លំបាក​ដោយ​ព្រះសង្ឃ​អង្គ​ខ្លះ​សួរ​ឧបាសក​ថា​យក​យានជំនិះ​អ្វី​មក​និមន្ត​អាត្មា​? ឧបាសក​ឆ្លើយ​ថា​ម៉ូតូ​ ឬ​ ក៏​​ម៉ូតូ​កង់បី​ព្រះតេជគុណ​។

ព្រះសង្ឃ​នោះ​ឆ្លើយ​វិញ​ យ៉ាង​ស្រួល​ថា​ មិន​អី​ទេ​ញោម​ចាំ​អាត្មានិមន្ត​តាម​ឡាន​អាត្មា​ទៅ​វិញ​ដែល​មាន​កូន​សិស្ស​បើក​ប្រគេន​។

ការ​ដែល​រៀបចំ​របៀប​ឫកពា​​របស់​ព្រះសង្ឃ​បែប​នេះ​គឺ​ធ្វើឲ្យ​ឧបាសក​ឧបាសិកា​ល្មមៗ​មាន​ការ​ញញើត​ញញើម​ក្នុង​ការ​និមន្ត​ព្រះសង្ឃ​កាលីបៗ​មក​សូត្រ​មន្ត​​នៅ​គេហដ្ឋាន​។ កាន់​តែ​ពេញ​និយម​ទៅ​ទៀត​នោះ​គឺ​ព្រះសង្ឃ​ប្រើ​ស្មាតហ្វូន​សឹង​តែ​គ្រប់​អង្គ​ទៅ​ហើយ​នៅ​ទីក្រុង និង​ទីប្រជុំជន​ពោល​ គឺ​​ទំនេរ​មិន​ទាន់​ទេ​បើក​មើល​ហ្វេសប៊ុក​យ៉ាង​សង្ហា​ប្រៀប​ដូចជា​ឧបាកស​ផង​ដែរ​ដោយ​ឃើញ​រូបភាព​ទាំងអស់​ទាំង​ស៊ិចស៊ី ឬ​ក៏​រូប​អាសអាភាស​ដែល​ប៉ះពាល់​ទៅ​នឹង​វិន័យ​សង្ឃ​ផង​ដែរ​។

តើ​នេះ​មកពី​ការ​តាក់តែង​នៅក្នុង​គុម្ពីរ​ធម៌​ព្រះពុទ្ធ​ដែល​បាន​ចែង​នោះ​ចាស់​ពេក​មិន​ទាន់​សម័យកាល​សម្ភារ​ទំនើប​ដែល​ប្រើ​ស្មាតហ្វូន​ ឬ​ក៏​ហ្វេសប៊ុក​បាន​ជា​ព្រះសង្ឃ​ទាំង​នោះ​ធ្វើ​មិន​ដឹង​មិន​ឮ​? បើ​អ៊ីចឹង តើ​ព្រះសង្ឃ​មិន​ត្រូវ​ប្រើ​សម្ភារ​ទំនើបៗ​ស្មាតហ្វូន ឬ​ក៏​ហ្វេសប៊ុក​ទេ​?

បើ​តាម​ស្តាប់​ធម៌​ទេសនា​នានា​ដែល​ជា​ទ្រឹស្តី​ទូទៅ​ដោយ​ព្រះសង្ឃ​ជា​លក្ខណៈ​គ្រែ​ ១ ​ក្តី គ្រែ​ ២ ​ក្តី ឬ​ក៏​គ្រែ​ ៣ ​ក្តី​គឺ​តែង​លើក​ឡើង​អំពី​ដំណើរ​រឿង​របស់​ព្រះពុទ្ធ​ដែល​បាន​ត្រាស់​ដឹង​បាន​លះបង់​គ្រប់​យ៉ាង​មិន​ត្រឹម​តែ​ទ្រព្យសម្បត្តិ​ទេ​ថែម​ទាំង​ក្រុម​គ្រួសារ​ទៀត​ដើម្បី​ក្លាយ​ជា​ព្រះ​ត្រូវ​គេ​គោរព​នោះ​។

ជាពិសេស​ គឺ​ការ​លុប​បំបាត់​កាមកិលេស​តណ្ហា លោភៈ ទោសៈ មោហៈភាព​សុខស្រួល​ដែល​ធ្វើ​ឲ្យ​ប្រាសចាក​នឹង​វិន័យធម៌​ព្រះពុទ្ធ​នេះ​រួម​ទាំង​ការ​ជជែក​ជាមួយ​នឹង​ស្ត្រី​ក៏​មិន​អនុញ្ញាត​ឲ្យ​នៅ​កៀកកើយ​គ្នា​ដែរ។ សកម្មភាព​ខ្លះ​របស់​ព្រះសង្ឃ​ទាំង​នេះ​ហើយ​ដែល​ធ្វើឲ្យ​ពុទ្ធបរិស័ទ​ស្ទើរ​បាត់បង់​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ហើយ​ងាក​ទៅ​រក​សាសនា​ផ្សេង​ដូចជា គ្រិស្ត​សាសនា ប្រូតេស្តង់ អ៊ិស្លាម ឬ​សាសនា​តៅ ជាដើម​។

តើ​ហេតុ​អ្វី​បាន​ជា​ព្រះសង្ឃ​មួយ​ចំនួន​សព្វ​ថ្ងៃ​ប្រើប្រាស់​សម្ភារ​ទំនើបៗ ប្រព្រឹត្ត​ហាក់បី​ដូចជា​ប្រាសចាក​នឹង​វិន័យ​ធម៌​ព្រះពុទ្ធ​ហើយ​ក៏​គ្មាន​ព្រះសង្ឃ​ណា​ហាម​ដែល​ហាក់បី​ដូចជា​ទៅ​ទាំង​​ប៉ី​ទៅ​ទាំង​ទ្រ​ទៅ​ហើយ​រឿង​សម្ភារ​និយម​នេះ​? តើ​វិន័យ​ធម៌​ព្រះសង្ឃ​គួរ​តែ​ត្រូវ​កែ​តម្រូវ​ទៅ​តាម​សកលភាវូបនីយកម្ម និង​បច្ចេកវិទ្យា​ទំនើប​ទេ?

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ចំពោះ​សម្ភារ​បច្ចេកវិទ្យា​ទំនើប​ (ICT) ​នេះ​ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​ធំ​​យក​មក​ប្រើប្រាស់​បាន​ត្រឹមត្រូវ​ដែរ​គឺ​ប្រើ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​ទំនាក់​ទំនង​លឿន​រហ័ស​ក្នុង​កិច្ចការ​សិក្សា​អប់រំ កិច្ចការ​គ្រប់គ្រង និង​រដ្ឋបាល​សាធារណៈ​ដោយ​ពុំ​មាន​លក្ខណៈ​បង្អួត​ភាព​ឆើតឆាយ​បែប​សម្ភារ​ទំនើប​នោះ​ទេ​ហើយ​នៅ​ពេល​លាចាក​សិក្ខាបទ​ទៅ​ក៏​មិន​ឃើញ​ព្រះសង្ឃ​ទាំង​នោះ​ល្ងង់​មិន​ចេះ​ប្រើប្រាស់​សម្ភារ​បច្ចេកវិទ្យា​ទំនើប​​ក្នុង​ការ​បំពេញ​​ការងារ​ក្នុង​សង្គម​ដែរ​​។

ជាក់ស្តែង ​ព្រះសង្ឃ អឿន សំអាត ដែល​ជា​ព្រឹទ្ធ​បុរស​រង​នៃ​ពុទ្ធ​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ និង​ស្ថាបនិក​មូលនិធិ​បណ្ណាល័យ​ជីវិត​ព្រះតេជគុណ​ជា​ព្រះសង្ឃ​គំរូ​មួយ​អង្គ​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ បម្រើ​សាសនា​នោះ​ទេ​គឺ​ព្រះអង្គ​ចូលរួម​ចំណែក​ក្នុង​សង្គម​ជាច្រើន​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​នេះ​ដោយ​មាន​សង្ឃដីកា​ថា​៖ «អាត្មា​ប្រើប្រាស់​សម្ភារ​ទំនើប​ដូចជា កុំព្យូទ័រ អ៊ីនធឺណិត អ៊ីមែល និង​ហ្វេសប៊ុក​ជាដើម​គឺ​សម្រាប់​បង្រៀន​ធម៌ និង​ទស្សនវិជ្ជា​ព្រះពុទ្ធ ការ​គ្រប់គ្រង​បែប​ទំនើប​សម្រាប់​ធ្វើ​កិច្ចសាសនា

ការ​សិក្សា​ស្រាវជ្រាវ​​កម្មវិធី​អភិវឌ្ឍន៍​សង្គម​ថ្មីៗ​ហើយ​ការ​ប្រើ​បណ្តាញ​ហ្វេសប៊ុក​របស់​អាត្មា​គឺ​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ ឬ​ក៏​​សកម្មភាព​របស់​គម្រោង​ដូចជា​ថ្មីៗ​នេះ​អាត្មា​បាន​ចូល​រក​អាហា​រូបករណ៍​ជូន​ដល់​សិស្ស និស្សិត​ក្រីក្រ ការពារ​បរិស្ថាន​តាមរយៈ​ការ​​​ចូលរួម​រើស​សំរាម​ដាំ​កូន​ឈើ អប់រំ​យុវជន​ ផ្សព្វផ្សាយ​អំពី​សុខភាព និង​ការ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​មេត្តា​ករុណាធម៌​ជូន​ចំពោះ​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍ និង​បញ្ឈប់​ការ​រើសអើង​លើ​ពួកគេ​ជាដើម​។

ហេតុ​ដូចនេះ​ព្រះសង្ឃ​បើ​អាច​ផ្អាក​បាន​ផ្អាក​ខ្លះ​ទៅ​ចំពោះ​ការ​ប្រើប្រាស់​សម្ភារ​ទំនើប​ស្រើប​ស្រាល​ហ៊ឺហា​តាម​​គ្នា​បែប​ធ្វើ​ឫកពា​​ជា​សង្ឃ​កាលីបៗ​ផ្ទុយ​ទៅ​នឹង​ធម៌​វិន័យ​ដែល​ភាសា​សាមញ្ញ​ខ្លះ​ថា​៖ «​បួស​តូច​ឆាន់​នំ បួស​ធំ​សន្សំ​ទ្រព្យ​រត់​» ​នោះ​ទេ។

ផ្ទុយ​​ទៅ​វិញ​ព្រះសង្ឃ​គួរ​តែ​ងាក​មក​រក​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ទាំងនោះ​ឲ្យ​ចំ​គោលដៅ​ក្នុង​នាម​ជា​អ្នក​បម្រើ​សាសនា និង​ចូលរួម​ចំណែក​​បំពេញ​តួនាទី​នៅក្នុង​សង្គម​ផង​ជា​ជាង​ឆាន់​ចង្ហាន់​ហើយ​សឹងៗ​លេង​តែ​ហ្វេសប៊ុក​មើល​រូប​ស្រី​ស្អាត​សិចស៊ីៗ​នោះ​​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍