The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​ជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ​ និង​សហរដ្ឋអាមេរិក​៖ ការប្តេជ្ញាចិត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ




ភាព​ជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ​ និង​សហរដ្ឋអាមេរិក​៖ ការប្តេជ្ញាចិត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ

Content image - Phnom Penh Post
ទិដ្ឋភាព​ទន្លេមេគង្គ និង​ភូមិ​អ្នកស្រុក​នៅ​កម្ពុជា​។ រូបថត គណៈកម្មាធិការ​ទន្លេមេគង្គ

ភាព​ជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ​ និង​សហរដ្ឋអាមេរិក​៖ ការប្តេជ្ញាចិត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ​ស្ថិត​នៅក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំជាងគេ​នៅ​សតវត្សរ៍​នេះ ចំពោះ​សុខុមាលភាព​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក ដោយ​រួមទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ផងដែរ​។ ផលវិបាក​ទាំងនេះ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​រឹតតែ​ខ្លាំង​នៅ​សប្តាហ៍​នេះ ក្នុងពេល​យើង​ប្រារព្ធ​ទិវា​ទឹក​ពិភពលោក និង​ទិវា​ព្រៃឈើ​អន្តរជាតិ​។

នៅ​ប្រទេស​កម្ពុជា ​មាន​តំបន់​ព្រៃ​សំខាន់ៗ​បំផុត​ដែល​មិនទាន់​រង​ផលប៉ះពាល់​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មាន​បឹង​ទឹកសាប​ធំជាងគេ​នៅក្នុង​តំបន់​នេះ​។ បឹង​នេះ​កើតឡើង​ដោយសារ​ទន្លេមេគង្គ​ដ៏ធំ និង​ទន្លេសាប​ដែលមាន​លក្ខណ​ពិសេស​។ ក្នុង​នាម​ជា​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក ខ្ញុំ​មាន​សំណាង​បាន​ធ្វើ​ដំណើរ​ទៅគ្រប់​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បានឃើញ​កន្លែង​ធម្មជាតិ​ដ៏អស្ចារ្យ​ទាំងនេះ​ដែលមាន​សារៈសំខាន់​សម្រាប់​ការប្រកបរបរ​ចិញ្ចឹមជីវិត និង​សន្តិសុខ​ស្បៀង សម្រាប់​ប្រជាជន​កម្ពុជា​។

ខ្ញុំ​មាន​ការស្ញប់ស្ញែង ចំពោះ​សម្រស់​ និង​ភាពចម្រុះ​គ្នា​នៃ​ប្រទេស​កម្ពុជា រាប់​ពី​សត្វ​ជា​ទី​ចាប់អារម្មណ៍ នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ភ្នំពក​ និង​កោះ​ក្នុង​សមុទ្រ​ដ៏ស្អាត​ដល់​ព្រៃឈើ​ដែលមាន​អាយុកាល​ដ៏ចាស់​នៅ​ភ្នំក្រវាញ និង​ទេសភាព​ដ៏ជាទី​ចាប់អារម្មណ៍​នៅ​សួនឧទ្យាន​ជាតិ​កែប​។

ខ្ញុំ​បានឃើញ​ដោយផ្ទាល់​ផងដែរ​នូវ​សម្ពាធ​ដ៏ច្រើន ដូចជា​ការប្រែប្រួល​អាកាសធាតុ ដែល​មាន​ទៅលើ​ធនធាន​ធម្មជាតិ​ទាំងនេះ ដែល​ត្រូវបាន​ការពារ តែ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​បាត់បង់​។ ជីវសាស្ត្រ​ចម្រុះ​ដ៏មាន​តម្លៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែ​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបាត់បង់ ដែលជា​ការគំរាម​កំហែង​ដល់​វិបុលភាព​ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​ប្រទេស​កម្ពុជា​។ យើង​អាច​ហើយ​ត្រូវតែ​ខិតខំ​ថែមទៀត​ក្នុង​ការការពារ​កុំឱ្យ​មានរឿង​បែបនេះ​កើតឡើង​។

ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ដែល​សហរដ្ឋអាមេរិក​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​លើ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​កិច្ចការ​ទូត​ និង​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​។ នៅក្នុង​ចំណោម​សកម្មភាព​ដំបូងៗ​របស់​លោក​ប្រធានាធិបតី Biden ពេល​ចូលកាន់​តំណែង គឺ​ការចូលរួម​ឡើងវិញ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ហើយ​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​នៅ​ខែក្រោយ នៅ​ទិវា​ផែនដី​ពិភពលោក ដើម្បី “​លើកកម្ពស់​មហិច្ឆតា​នៃ​ប្រទេស​ទាំងអស់​រួមទាំង​មហិច្ឆតា​របស់​យើង​ផងដែរ ក្នុង​ការកាត់បន្ថយ​ឱ្យបាន​ឆាប់​បំផុត​នូវ​ការបញ្ចេញ​ផ្សែង​ពុល​ទៅក្នុង​បរិយាកាស​នៅក្នុង​ពិភពលោក​។

ទន្ទឹមនឹងនេះ​សហរដ្ឋអាមេរិក​បាន​សន្យា​បន្ត​ជួយ​ដៃគូ​នៅ​ជុំវិញ​ពិភពលោក ដោយ​រួមទាំង​ដៃគូ​នៅ​តំបន់​ទន្លេមេគង្គ​ផងដែរ នៅក្នុង​ការបន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។

តែ​ការប្រែប្រួល​អាកាសធាតុ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ប្រឈម​តែមួយ​ប៉ុណ្ណោះ​ទេ ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ទន្លេមេគង្គ​ប្រឈម​ជាមួយ​នៅក្នុង​ការការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​។ គម្រោង​ទំនប់​វារីអគ្គិសនី​ដែលមាន​ភាពមិនច្បាស់លាស់ នៅ​តំបន់​ខ្សែទឹក​ខាងលើ​ការធ្វើ​អាជីវកម្ម​ខ្សាច់ ការបំផ្លាញ​ព្រៃឈើ ការកែប្រែ​តំបន់ដីសើម អំពើពុករលួយ និង​ការបំពុល​គឺជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​បង្កដោយ​មនុស្ស​ដែល​បណ្តាលឱ្យ​មាន​ការធ្លាក់ចុះ​យ៉ាងលឿន​នៃ​កម្រិត​ទឹកទន្លេ​មេគង្គ និង​ទន្លេសាប ប៉ះពាល់​ដល់​ត្រី ហើយ​គំរាមកំហែង​សន្តិសុខ​ស្បៀង​នៃ​ប្រទេស​កម្ពុជា​។

វា​ជា​ការគួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​គ្រាន់តែ​នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​សោះ​កម្រិត​ទឹក​នៃ​ទន្លេ​ទាំង​ ២ ​មាន​ការធ្លាក់ចុះ​ចំនួន ២ ភាគ​ ៣ ហើយ​ផល​នេសាទ​មានការ​ធ្លាក់ចុះ​ចំនួន ៧០%​។

សហរដ្ឋអាមេរិក​មាន​កិច្ចសហការ​ជា​ដៃគូ​ដ៏យូរ​មកហើយ និង​មាន​តម្លៃ​ជាមួយ​តំបន់​នេះ​នៅក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ​។ កិច្ចសហការ​គ្នា​ជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក (MUSP) ដែល​ត្រូវបាន​ធ្វើឱ្យមាន​ឡើង​កាលពី​ឆ្នាំទៅ ឈរលើ​ក្របខ័ណ្ឌ​ដ៏មាន​ជោគជ័យ​នៃ​គម្រោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​ (LMI) ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ទាំងនេះ​។

ក្នុងនាម​ជា​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​នៅ​ទីក្រុង Washington និង​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ខ្ញុំ​មាន​មោទនភាព​ក្នុង​ការចូលរួម​ក្នុង​ការខិតខំ​របស់​យើង កាលពី​ ១ ​ទសវត្សរ៍​មុន ដើម្បី​បង្កើត​ក្របខ័ណ្ឌ​នេះ​ឡើង​ដែល​តាមរយៈ​នេះ សហរដ្ឋ​អាមេរិក​បានផ្តល់​ថវិកា​ចំនួន ៣,៥ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​សម្រាប់​ប្រទេស​ចំនួន ៥ ជា​ដៃគូ នៅ​តំបន់​ទន្លេមេគង្គ​ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​។

MUSP ថ្មី​នេះ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ក្នុងការ​ចែករំលែក​ទិន្នន័យ ដូចជា Mekong Dam Monitor ដែល​ធ្វើឱ្យ​ប្រតិបត្តិការ​នៃ​ទំនប់​វារីអគ្គិសនី​នៅ​ទូទាំង​តំបន់​អាង​ទន្លេមេគង្គ​មាន​តម្លាភាព​។ គំនិត​ផ្តួចផ្តើម Monitor នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ស្តីពី​ទិន្នន័យ​ដែល​បាន​ពី​ប្រភព​បើកចំហ​ដែល​សាធារណជន​អាច​ទទួលបាន​ដោយ​សេរី ហើយ​ប្រើ​រូបភាព​ពី​ផ្កាយរណប ដោយ​មាន​បច្ចេកវិទ្យា​វាស់ស្ទង់​ពី​ចម្ងាយ ដើម្បី​ផ្តល់ព័ត៌មាន​ភ្លាមៗ ស្តីពី​កម្រិត​ទឹក និង​កិច្ចដំណើរការ​នៃ​ទំនប់​វារីអគ្គិសនី​។ ការ​នេះ​ផ្តល់ឱ្យ​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម ដូចជា​ប្រទេស​កម្ពុជា​នូវ​ព័ត៌មាន​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ទឹក​។

តាមរយៈ​កិច្ចសហការ​ជាមួយ​ប្រទេស​ទាំង​ ៥ នៅ​តំបន់​ទន្លេ​មេគង្គ MUSP ថែមទាំង​ជំរុញ​ការការពារ​បរិស្ថាន​រួមទាំង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ទឹក​ប្រកបដោយ​និរន្តរភាព​។ តាមពិតទៅ​គ្រាន់តែ​ក្នុង​សប្តាហ៍​កន្លងទៅនេះ MUSP បាន​កោះប្រជុំ​តំណាង​ក្នុង​តំបន់ ដែល​មកពី​រដ្ឋាភិបាល​ដៃគូ វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ​ថ្មី និង​អភិបាលកិច្ច​ផ្នែក​ទឹក​។

ទិវា​ទឹក​ពិភពលោក ទិវា​ព្រៃឈើ​អន្តរជាតិ​ និង​ទិវា​ភពផែនដី សុទ្ធតែ​មាន​សារៈសំខាន់​នៅលើ​ប្រក្រតីទិន​។ តែ​វា​មាន​សារៈសំខាន់ លុះត្រាតែ​វា​ជំរុញ​ទឹកចិត្ត​របស់​យើង​ឱ្យធ្វើ​សកម្មភាព ដើម្បី​ដោះស្រាយ​បញ្ហា​រួម​នៃ​ការប្រែប្រួល​អាកាស និង​បរិស្ថាន​តែប៉ុណ្ណោះ​។ MUSP និង​កម្មវិធី​ដទៃទៀត​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ដែល​រួមទាំង​តាមរយៈ​សមាគម​អាស៊ាន​ស្តែង​ឱ្យឃើញ​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ក្នុង​ការធ្វើ​ការងារ​នេះ​។ យើង​ត្រូវតែ​ធ្វើ​ការងារ​នេះ ដើម្បី​សុខភាព​របស់​ប្រជាជន​យើង សេដ្ឋកិច្ច​យើង សន្តិសុខ​យើង និង​ផែនដី​របស់​យើង​៕

ដោយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា

អត្ថបទគួរចាប់អារម្មណ៍