“​សុខ​ក៏​អើ​ សៅរ៍​ក៏​អើ​” ​សំដៅ​ដល់​បុគ្គល​ណា​ដែល​ចាំតែ​អឺ​អើ ចាំតែ​ហៃអើ​តាម​គេ គឺ​បើ​គេ​ថា​ល្អ​ ខ្លួន​ក៏​ថាល្អតាមបើ​គេ​ថា​មិនល្អ​ ខ្លួន​ក៏​ថា​មិនល្អ​តាម​សូម្បីលើ​រឿង​តែ​មួយ​។ មនុស្ស​បែប​នោះ​មិន​ដែល​ហ៊ាន​អារកាត់​សម្រេច​រឿង​អ្វីមួយ​ឲ្យ​ដាច់​ស្រេចតាម​ដំណើរ​រឿង​ដែល​ខ្លួន​បាន​ដឹង​ឡើយ។ ​ដោយ​សារតែ​​គេ​គិត​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ធំទើប​គេ​ខ្លាច​ថា បើ​គេ​អារ​កាត់​ទៅនឹង​មាន​ភាគី​ជម្លោះ​ម្ខាង​មិន​ពេញ​ចិត្ដ ហើយ​វា​អាច​នាំ​រឿង​ដាក់ខ្លួន​។​ដូច្នេះ​ដើម្បី​យក​រួច​ខ្លួន​​ទើប​គេ​ចៀស​ចេញពី​ចំណុច​អារ​កាត់​ថា​ ខាង​ណា​ខុស​ខាង​ណា​ត្រូវ​។​ ម្យ៉ាងអាច​ថា​មកពី​គេ​គ្មាន​សមត្ថ​ភាព​ក្នុងការ​អារ​កាត់ថា ​អ្វី​ខុស​អ្វី​ត្រូវ អ្វី​គួរ​ធ្វើ អ្វី​មិន​គួរធ្វើ​តែម្ដង​។ ដោយ​គ្មាន​ទំនុក​ចិ​ត្ដ​លើ​ខ្លួន​ឯង ​ទើបគេចាំ​មើល​ បើ​មតិ​ភាគ​ច្រើន​ទៅ​ខាង​ណា​ គេ​ក៏​ចាំហៃ​អើតា។

​ការ​ដែល​ចាំតែ​ហៃអើ​តាម​គេ​ ជា​ការ​ចាក់​ខ្សែឬ​ចាក់​បណ្ដោយ​។ គេ​មិន​ត្រឹម​តែ​អឺ​អើ​ទាំង​សង​ខាង​ទេ តែ​ខ្លះ​នៅ​ស្ងៀម​ចាំមើ​ល​។​បើ​ថា​ខាង​ណា​ធ្ងន់​ជាង​គេទៅខាង​នោះ​ភ្លាម​ មិន​មែន​ដោយ​ឈរ​លើ​ភាព​ត្រឹម​ត្រូវ​នោះទេ តែ​ព្រោះ​ខាង​នោះ​​ឲ្យ​ប្រយោ​ជន៍ឬ​ហោច​ណាស់​គេ​មិន​បាត់​ប្រយោជន៍​ដែល​កំពុង​មាន។

ប៉ុន្ដែ​មិន​ចម្លែក​ឡើយ​ដែល​ក្នុង​សង្គម​គេ​បែរជា​ហៅ​មនុស្ស​បែប​នោះ​ថា​ ជាម​នុស្ស​ចេះ​រស់ ចេះ​ចូល​ស្ទឹង​តាម​បត់ មិនងាប់​ក្រឡានិង​មាន​កំណើត​ជាដើម​។ ពាក្យ​មួយ​ទៀត​គឺ​អ​ព្យា​ក្រឹត​ ដែល​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​គេ​ថា​ អ​ព្យា​ក្រឹត​មិន​ចូល​បក្ខ​សម្ព័ន្ធ​ ក្នុង​ន័យ​ថា​ខាង​ណា​ក៏​មិន​គាំទ្រ​ គឺ​នៅ​ចំ​កណ្ដាល​នៃ​ភាគី​ប្រឈម​ទាំងុ ២។

មែន​ទែ​នទៅ​គឺ​មកពី​គេ​ថ្លឹង​ទម្ងន់​ថា បើ​ខាង​ណា​ឈ្នះ​ខ្លួន​នឹងបាន​ប្រយោ​ជន៍​បែប​ណា​មួយ​ ខាត​បែប​ណា​មួយ ហើយ​​បើ​ខាង​ណា​ចាញ់​ខ្លួន​នឹង​បាន​ប្រយោជ​ន៍​បែប​ណា​មួយ ​ខាត​បែប​ណា​មួយ ​ដោយ​គេ​មិន​ថ្លឹង​ថ្លែង​លើ​ភាព​ខុស​ត្រូវ​ទេ តែ​ឈរ​លើ​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន​ជា​ធំ​។​លុះ​មើល​ឃើញ​ថា​ខ្លួន​គ្មាន​សមត្ថ​ភាព​ គ្មាន​លទ្ធ​ភាព​នឹង​ប្រឆាំង​ខាង​ណា​មួយ​ជា​ចំហ​ ហើយ​ណា​មួយ​គេ​ក៏​គ្មាន​គោល​ការណ៍​ផ្ទាល់​ខ្លួន​ច្បាស់​ផង​ ទើប​គេ​ថា​ ខ្លួនអ​ព្យា​ក្រឹត​មិន​ចូល​បក្ខ​សម្ព័ន្ធ​ដើម្បី​ដោះ​យក​រួច​ខ្លួន ​ដោះយ​ក​ស្អាត ដោះ​យក​ឈ្មោះ​អ្នក​ថ្លៃថ្នូរ។​

រីឯ​កណ្ដាល​ក្នុង​គណិត​វិទ្យា​វិញ មាន​ន័យ​ថា​ នៅ​ចន្លោះ​ស្មើ​ចុង​ទាំង​សង​ខាង​នៃ​របស់​មួយ ​ដូច​ដែល​គេកំណត់​យក​សូន្យ​ជា​តម្លៃ​មួយ​នៅ​កណ្ដាល​ចំនួនវិ​ជ្ជមាន ​(+) និង​ចំនួន​អវិជ្ជ​មាន (-) ដែល​គេ​ថា ​រាប់​ពី​សូន្យ​ទៅ​ខាង​វិជ្ជមាន​គឺមាន​ចំនួនវិ​ជ្ជមាន​រហូត​ដល់​បូក​អនន្ដ (+∞) ហើយ​បើ​រាប់​ពី​សូន្យ​ទៅខាង​អវិជ្ជមាន​វិញគឺ​មាន​ចំនួន​អវិជ្ជ​មានរហូត​ដល់​ដក​អនន្ដ ​(-∞) ​ដោយ​គេ​ថា​ទាំង​សង​ខាង​សូន្យ​មាន​តម្លៃ​ និង​ចំនួន​ស្មើ​គ្នា​គ្រាន់​តែ​វា​ឆ្លុះ​គ្នា។​

​ដោយ​សារ​តែ​ភាគ​ច្រើន​គេ​ឲ្យ​និយម​ន័យ “​កណ្ដាល​” ក្នុង​ន័យ​បែប​នេះ​ហើយ ទើប​ក្នុង​សង្គម​គេ​នាំ​គ្នា​ពេញ​និយម “​កណ្ដាល​និយម​” កាន់​តែ​ខ្លាំង​ឡើងៗ​។គេ​ខំ​ពន្យល់​ថា​ ការ​នៅ​កណ្ដាល​គឺជា​ការ​មិន​ជ្រុល​ទៅខាង​ណា​ដែល​នាំ​ឲ្យ​មាន​ទំនាស់​ជា​ពិសេស​ក្នុង​និន្នា​ការ​នយោ​បាយ គឺ​គេ​ថា​គេ​នៅ​កណ្ដាល​ដើម្បី​យក​រួច​ខ្លួន​ទាំង​សង​ខាង​។ជាក់​ស្ដែង​ក្នុង​ចំណោម​បញ្ញវ​ន្ដដែល​មាន​សមត្ថ​ភាព​មើល​ឃើញ​ពី​សកម្ម​ភាព​របស់​រដ្ឋា​ភិ​បាល​ក៏ដូច​ជា​ខាង​ប្រឆាំង។

បើ​ខាង​គាំទ្រ​រដ្ឋាភិ​បាល​ឃើញ​មាន​អ្នកចេញ​មុខ​គាំទ្រ​លេច​ធ្លោ​ខ្លះ​ ថ្វីបើ​ពេល​ខ្លះ​មក​ទាំង​បំពាន​ក្ដី តែ​បែរមក​ខាង​គាំទ្រ​ប្រ​ឆាំង​វិញ​រាង​កម្រ​ឃើញ​មាន​បញ្ញ​វន្ដ​ចេញ​មុខ ព្រោះ​ខ្លាច​គេ​កត់​ចូល​បញ្ជី​ខ្មៅ ទើប​គេ​ថា​គេ​នៅ​កណ្ដាល​! គេ​មិន​ជ្រុល​និយម​! តែ​គេ​ថា​តែ​មាត់​ព្រោះ​ខ្លាច​សា​ធារណ​ជន ហើយ​បើ​មិន​ថា​នៅ​កណ្ដាល​ខ្លាច​អ្នក​កាន់​អំណាច​។ ក៏​មិន​ខ្វះដែរ​ អ្នក​ដែល​ទាញ​ស្លាក​ព្រះសម្មា​សម្ពុទ្ធ​ម​កបាំងមុខ​យក​ក្រេ​ឌី​ត ដោយ​ថា​គេ​នៅ​កណ្ដាល​តាម​បែប​ម​ជ្ឈ​មា​ប្បដិប​ទា​របស់​ព្រះពុទ្ធ​។​តើ​ការ​ប្រកាស​ថា​ខ្លួន​នៅ​កណ្ដាល​របៀប​នោះ​ជា​ការ​គេច​យក​រួច​ខ្លួន ជាការ​គេច​យក​សុខ​ឬ​ក៏​​មិន​មែន​ទេ?

​ក្នុងការ​អនុវត្ដ​ជាក់​ស្ដែង នៅ​ចន្លោះ​អំពើ​ល្អ និង​អាក្រក់​ បើ​គេ​ថា​គេ​នៅ​កណ្ដាល​នោះ​ គឺ​គេ​ធ្វើអំពើ​ល្អ​ខ្លះ ​ធ្វើ​អាក្រក់​ខ្លះ ​ព្រោះ​គេ​សម្រប​សម្រួល​ឲ្យត្រូវ​ទាំង​សង​ខាង ដើម្បី​ចៀស​ទំនាស់​ចំ​មុខ តែ​គេ​ខំ​ការ​ពារ​ទង្វើ​របស់​គេ​ថា ​គេ​ជា​មនុស្ស​កណ្ដាល​និយម គេ​មិន​ជ្រុល​និយម គេ​អ្នកចេះ​ថ្លឹង​ថ្លែង គេ​ឯករាជ្យ គេ​អ្នក​សម្រប​សម្រួល​ជា​ដើម​។ យ៉ាង​ណា​ក៏ដោយ មិន​ខ្វះ​ទេ​អ្នក​ដែល​និយាយ​ថា​ខ្លួន​នៅ​កណ្ដាល​មិន​លម្អៀង បើ​ឃើញ​ខុស​ថា​ខុស​ ឃើញ​ត្រូវ​ថា​ត្រូវ។​

ប្រសិន​បើ​បែប​នោះ​មាន​ន័យ​ថា​ គេ​មិន​បាន​នៅ​កណ្ដាល​ស្មើ​ចុង​សង​ខាងដូច​សូន្យ​នៅ​កណ្ដាល​ចំនួន​វិជ្ជមាន និង​អវិជ្ជមាន​នោះទេ ​តែ​គឺ​គេ​នៅ​ខាង​ល្អ​ នៅ​ខាង​ត្រូវ​តែ​ម្ដង​។ តើ​បែប​នោះ​ហៅថា​លម្អៀង​ទៅរក​ភាព​ត្រឹម​ត្រូវ​ដែរឬទេ​?​

អាជ្ញា​កណ្ដាល​ក្នុង​វង់​កីឡា ចៅក្រម​ក្នុង​សវន​ការ​ក៏​ជាម​នុស្ស​ដែល​ប្រកាស​ថា​ខ្លួន​កណ្ដាល​មិន​កាន់​ជើង​ខាង​ណា​ដែរ តែ​គេ​ជា​អ្នក​ពិនិត្យ​ថ្លឹង​ថ្លែង​ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​។​អ​ព្យា​ក្រឹត​ចំពោះ​ពួក​គាត់ មានន័យ​ថា ​វិនិច្ឆ័យ​ក្ដី​ដោយ​សុភ​វិនិច័្ឆយ ​គឺ​បើ​ខាង​ណា​ត្រូវ​ គាត់​ប្រកាស​ឲ្យ​ខាង​នោះ​ត្រូវ មិន​មែន​ដាក់​ខ្លួន​នៅ​កណ្ដាល​ភាគី​ទាំង​ ២ ​ដោយ​ចែក​ត្រូ​វ និង​ខុស​ជា ​២ ស្មើ​នោះ​ទេ។​

តើន​រណា​ហ៊ាន​ចេញមក​និយាយ​ថា​ ក្នុង​សង្គម​នេះ​ល្អនិង​អាក្រក់​ឈរ​ក្នុង​ចំណែក​ស្មើ​គ្នា​ដូច​ចំនួន​វិជ្ជមាន​ស្មើ​នឹង​ចំនួនអ​វិជ្ជមាន​ដែល​នៅ​សង​ខាង​សូន្យ​? ជាក់​ស្ដែង​ខាង​អាក្រក់​ច្រើន​មាន​ទម្ងន់​ធ្ងន់​ជាង​។ បើ​អ្នក​ថា​នៅ​កណ្ដាល​នោះ​អ្នក​ត្រូវ​សម្រប​សម្រួល​យក​អាក្រក់​ខ្លះ​ យក​ល្អ​ខ្លះ​មិន​ខាន ​ទើប​វា​ត្រឹម​កណ្ដាល​គត់​។ដូច្នេះ​ ការ​ព្យា​យាម​និយាយ​​ថា​ខ្លួន​នៅ​កណ្ដាល​ ជា​ពាក្យលេង​សើច​គឺ​ចំ​កណ្ដាល​ផ្លូវ​រទេះភ្លើង​ហើយ។

អ​ព្យា​ក្រឹត​ដែល​គេ​និយម​ប្រើ​ជា​ទូទៅ ពិសេស​ពេល​និយាយ​ពីរឿង​និន្នាការ​នយោ​បាយ គេ​នាំគ្នា​ទាញ​ស្លាក​កណ្ដាល​និយម​មក​បាំង​មិន​បាន​ន័យ​ថា ​គេ​ជា​មនុស្ស​ត្រឹមត្រូវ​ឯក​រាជ្យ​មិន​លម្អៀង​នោះ​ទេ តែ​វា​មា​នន័យថា​ គេ​ជា​មនុស្ស​ដែល​​ពុំ​ប្រាកដ​ប្រជា​ គេ​ជាម​នុស្ស​ពុំ​ដាច់​ស្រេច​ថា​ទៅខាង​ណាមួយ​ឲ្យ​ប្រា​កដ គេ​ជាម​នុស្ស​គ្មាន​សមត្ថ​ភាព​បែង​ចែក​អ្វីខុសអ្វី​ត្រូវ គេ​ជា​មនុស្ស​ចាញ់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ បើ​និយាយ​ថាកាត់​ក្ដី​ឈ​រលើ​ភា​ពត្រឹមត្រូវ តើ​នោះ​ជាការ​លម្អៀង​ទៅខាង​ភាព​ត្រឹម​ត្រូវ​ឬ​? សួរថា ​តើ​នៅ​ចំ​ពីមុខ​កា​រកាត់​ក្ដី​មួយ អ្ន​ក​មិន​ហ៊ាន​បង្ហាញថា​ខ្លួន​មាន​ជំហរ​ខាង​ណា​ សូម្បីតែ​ខាង​ត្រឹម​ត្រូវ​ក៏​មិន​ហ៊ាន​ថា​ឬ​?​ថ្វី​ថា ​ពេល​កាត់​ក្ដី​គេត្រូវ​អ​ព្យា​ក្រឹត​មិន​លម្អៀង​ទើប​ការ​កាត់ក្ដី​នោះគេ​អាច​ថ្លឹង​ស្មើ ប៉ុន្ដែ​លុះ​កាត់​រួច​ហើយ ជំហរ​គេ​ត្រូវតែ​មាន​ថា​ នៅ​ខាង​ណាមួយ។

ជា​មនុស្ស​ត្រឹម​ត្រូវ ពេល​អារ​កាត់​រួច​ គេ​ជ្រើស​ឈរ​នៅ​ខាង​ត្រឹម​ត្រូវ តែបើ​ថា​ខ្លួន​អ​ព្យា​ក្រឹត​ពេល​កាត់ក្ដី​ហើយ​ដឹង​ថា​ខាង​ណា​ខុស​ខាង​ណាត្រូវ​ហើយ នៅតែ​ថា​ខ្លួន​កណ្ដាល​ដោយ​ឲ្យ​ខាង​ខុស​មាន​ត្រូវ​ខ្លះ ហើយ​ឲ្យ​ខាងត្រូវ​ខុស​ខ្លះ​វិញ នោះ​គឺ​មាន​ន័យ​ថា ​គេ​មិន​មែន​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវ​ទេ តែ​គឺជា​មនុស្ស​កំសាក​ចំពោះមុខ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ បើ​ក្នុង​ករណី​មានការ​គាប​សង្កត់​ណា​មួយដែល​មិន​អាច​ឲ្យ​គេ​និយាយ​ការពិត​កើត​ថា​ ខ្លួន​មាន​និន្នាការ​ខាង​ណានោះ​សូវ​នៅ​ស្ងៀម​វិញ​ប្រសើរ​ជាង​ហា​មាត់​ហៃអើ​តាមរបៀប​យក​ខែល​ថា​ ខ្លួន​អ្នក​ស្រឡាញ់​កណ្ដាល​និយម​កំបាំង​មុខ។

​ប៉ុន្ដែ​នៅ​តែមាន​គេ​ការពារ​គំនិត​កណ្ដាល​និយម​ថា បើ​ជ្រុល​ទៅ​ម្ខាងៗ​នោះ​ នឹង​នាំមក​នូវ​ជម្លោះ​។ វា​ច្បាស់​ណាស់​ថា​កាល​ណា​អ្វីមួយ​ជ្រុល​ពេក​វា​មិនល្អ​ឡើយ ​ព្រោះ​វា​នឹង​បាំង​ភ្នែក​មិន​ឲ្យ​មើល​ខាង​ដែល​ខ្លួន​គាំទ្រ​ថា​ ធ្វើ​ខុស ហើយ​ឃើញតែ​ភាគី​គេ​ខុស​។ ជ្រុលនិយម មិន​ខុស​អ្វី​ពី​ការពាក់​វ៉ែនតា​ខ្មៅ​សម្លឹង​មើល​គេគឺ​ឃើញ​គេ​ខ្មៅ​ទាំងអស់​នោះ​ឡើយ​។ “​ពេក​” បែប​នោះ គឺ​ពេក​ព្រោះ​លម្អៀង​ទៅ​ខាង​ខុស​ គឺ​លម្អៀង​ទៅខាង​ខ្មៅ​ទើប​ចេះតែ​ឃើញ​គេ​ខ្មៅ។

ផ្ទុយ​ទៅវិញ តើ​វា​ខុស​ឬ​ដែល​គេ​ខំប្រឹង​ការពារ​អំពើ​ល្អ​?តើ​ធ្វើជា​មនុស្ស​មិនគួរ​ស្គាល់​/​ដឹង​ខុសត្រូវ​ទេ​ឬ​? តើ​ធ្វើជា​មនុស្ស​មិនគួរ​ឈរ​តែ​ខាង​ល្អ​/​ត្រូវ​ទេ​ឬ?

តើ​ការ​ឈរ​តែ​ខាង​អំពើ​ល្អ​ ការដែល​ប្រព្រឹត្ត​ល្អ​ ការ​ការពារ​អំពើ​ល្អ​រាប់​ថា​ជាការ​អនុវត្ត​បែប​ជ្រុល​និយម​ដែល​គេ​ហៅថា“​ល្អ​ពេក​”ឬ​? ល្អ​គឺ​ល្អ​ហើយ​ មិន​ដែល​ថា​ល្អ​ពេក​នោះទេ​។ ពាក្យ​ថា​ល្អ​ពេក​ជា​ពាក្យ​ដែល​មនុស្ស​ខូច​ថា​ឲ្យ​មនុស្ស​ល្អ​ត្រឹមត្រូវ​ខណៈ​ដែល​ខ្លួន​មិន​អាច​ធ្វើ​ល្អ​បាន​ដូច​គេ​។​តើ​ការ​តាំង​ស៊ប់​លើ​សេចក្ដី​ល្អ​ជាការ​ជ្រុល​ពេក​ដែល​គួរចៀស​វាង​ឬ​?​ បើ​មែន នោះ​មាន​តែ​អ្នក​ខ្លាច​ខ្លួន​ក្លាយ​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ។​

​ដោយ​សារតែ​ឱប​ក្រសោប​ថា​ខុស​ក៏ដោយ ​ត្រូវ​ក៏ដោយ​ចូលគ្នា​សិន​ដោយ​មិន​លាង​ជម្រះ​ឲ្យ​ស្អាត​ជាមុន ​សឹមឱប​គ្នា​នេះ​ហើយ ដែល​បង្ក​ឲ្យ​មនុស្ស​ខូច​មិនបាន​កែ​កំហុស​ជាមុនៗ​នឹង​មក​ឱប​គ្នា​។ ចំណែកឯ​មនុស្ស​ដែលថា​ខ្លួន​ជា​មនុស្ស​ល្អ​វិញ ក៏​ទម្លាក់​អំពើ​ល្អ​ចោល​ខ្លះ ដើម្បី​ឲ្យ​គេ​ថា​ចេះ​យោគ​យល់​ដើម្បី​ឲ្យ​ចូលគ្នា​នឹង​មនុស្ស​អាក្រក់​ដែល​មិន​ព្រម​ទម្លាក់​អំពើ​អាក្រក់​ទាំង​អស់​ តែ​ទម្លាក់​អាក្រក់​ខ្លះៗ។

បន្ទាប់ពី​គេ​ថា​ធ្វើ​សម្បទាន​ឲ្យ​គ្នា​មក​គេ​ក៏​ឱប​គ្នា​ដែលមើលទៅ​គឺ​គេ​ធ្វើ​ដូច​ថា​គេ​ស្រឡាញ់​គ្នា​ខ្លាំង​មាំ​ណាស់​អ៊ីចឹង​។ ការពិត​ នោះគ្រាន់តែ​ជា​រូបភាព​នៃ​ការ​ឱប​ប៉ុណ្ណោះ ប៉ុន្ដែ​វា​បាត់​ខ្លឹម​សារ​ពិត​នៃ​ការ​ឱប​ហើយ​។ ឱប​បែប​នោះ ​គ្មាន​សាមគ្គី​ គ្មាន​ភាត​រៈ​ឡើយ ​ព្រោះ​ខ្វះ​ចិ​ត្ដ​ដែល​ឱប​គ្នា​ ដោយ​បរិសុទ្ធ​។ ដោយ​សារ​តែ​ខ្មែរ​យើង​ចូល​ចិ​ត្ដ​​គាំទ្រ​ការ​ឱប​ជា​រូបភាពជាង​រក​ខ្លឹមសារ​ពិត​នៃ​ការ​ឱប​ដោយ​ចិ​ត្ដ​ស្មោះ ទើប​ខ្មែរ​នៅតែ​បន្ដ​បែក​បាក់​តែម្ដង​ណា​ក៏​គេ​នៅតែ​ប្រើ​គោល​ការណ៍​សម្រុះ​សម្រួល ដោយ​ឈរលើ​កណ្ដាល​និយម ​ទើប​យើង​ឃើញ​ដៃ​គេ​ឱប​មែន តែ​ជើង​គេ​ប៉ែង​គ្នា​ ជាន់គ្នា​មិន​ឈប់ ហើយ​មិនបាន​ប៉ុន្មាន​ដង្ហើម​ចង្រិត​ផង ការ​ឱប​នោះ​ក៏​បែកចេញ​ពីគ្នា​វិញ​យ៉ាង​សោះ​កក្រោះ ហើយ​ម្ខាងៗ​តាំង​ស្រែកថា​ ម្ខាង​មិន​ស្មោះ​ត្រង់។ ​ទោះបីជា​ដឹងថា ​ការ​ត្រូវរ៉ូវ​នោះ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ក៏​ដោយ ក៏​ខ្មែរ​នៅតែ​ចូល​ចិ​ត្ដ​លេង​ល្ខោន​ ចូល​ចិ​ត្ដ​មើល​ល្ខោន ហើយ​គេ​ថា​នេះហើយ​ជា​នយោបាយ!

​វប្បធម៌​សន្ទនា​ជា​វប្បធម៌​ដែល​ដាំ​បណ្ដុះ​ដោយ​ឥត​ឫស​សុចរិត​ស្មោះ​ត្រង់​ជា​បាត​គ្រឹះ ជា​វប្បធម៌​ដែល​ដាំ​ដោយ​មិន​ដាស់​ដី និង​មើល​គ្រាប់​ពូជ​ជាមុន តែ​ជា​ការដាំ​បែប “​ឲ្យ​តែ​ដាំ​បាន​គឺ​វា​ល្អ​ហើយ​” ចង់​ដាំ​ព្រឹក ល្ងាច​ងាប់​ក៏បាន ព្រោះ​គេ​បាន​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​រួច​ហើយ​!​នោះ​ជា​ឧទាហរ​ណ៍​នៃ​ដៃ​ឱប​គ្នា តែ​ជើង​ប៉ែង​គ្នា ជា​ឧទាហរណ៍​ថា​ធ្វើ​ម្ដេច​ឲ្យ​តែ​ចូលគ្នា​គឺ​ដឹង​តែ​ល្អ។

​ចំពោះ​និន្នាការ​នយោ​បាយ បើ​រដ្ឋាភិបាល​ខុស គេ​ថា​ខុស​ ត្រូវ គេ​ថា​ត្រូវ បើ​ខាង​ប្រឆាំង​ខុស គេ​ថា​ខុស ​ត្រូវគេ​ថា​ត្រូវ នោះ​មិន​មែន​គេ​ឯករាជ្យ​អ​ព្យា​ក្រឹត​មិន​លម្អៀង​ទេ តែ​គឺ​បុគ្គល​នោះ​ឈរលើ​ភាព​ត្រឹម​ត្រូវ​។ តែបើ​គេ​ឃើញ​រដ្ឋាភិ​បាល​ខុស​ មិន​ហ៊ាន​ថា​ ព្រោះ​ខ្លាច​បាត់​ប្រយោ​ជន៍ ឃើញ​បក្ស​ប្រឆាំង​ខុស​ ក៏​មិន​ហ៊ាន​ថា​ ខ្លាច​បាត់​ប្រយោ​ជន៍ ហើយ​មក​និយាយ​ថា ​ខ្លួន​អ​ព្យា​ក្រឹត នោះគេ​គ្រាន់តែ​និយាយ​ដើម្បី​ការពារ​ផល​ប្រយោ​ជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

ការខ្លាច​បាត់​តំណែង​តួនាទី លាភ​សក្ការៈ​ទ្រព្យ​សម្បត្ដិ​លុយកាក់ ខ្លាច​បាត់​ការគាំទ្រ​ ខ្លាច​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ជាដើម ហើយ​ប្រកាស​ថា ​ខ្លួន​កណ្ដាល ​ជាការ​គាំទ្រ​ទង្វើ​អាក្រក់​ឲ្យ​រីក​ដុះដាល​ ជាការ​ពាក់​ស្រោម​មុខ​ថា​ខ្លួន​ជាម​នុស្ស​ត្រឹមត្រូវ ពាក់​ស្រោម​មុខ​មនុស្ស​ឯករាជ្យ​ ពាក់​ស្រោម​មុខ​កណ្ដាល។​

តើ​អ្នក​ខ្លាច​គេ​ថា​ អ្នក​លម្អៀង​ទៅខាង​ត្រូវ​ខ្លាំង​ណាស់​ឬ​? បើ​អ្នក​និយាយ​ថា​ខ្ញុំ​គាំទ្រ​ខាង​ត្រឹម​ត្រូវ​ ជា​ជាង​ថា​នៅ​កណ្ដាល​តើ​មិន​ល្អនិង​ច្បាស់​លាស់​ជាង​ឬ​?​តែ​តើ​ហេតុ​ម្ដេចក៏​អ្នក​ខ្លាច​នឹង​និយាយថា​ខ្លួន​ឈរ​នៅ​ខាង​ត្រឹមត្រូវ​ម្ល៉ះ​? បើ​អ្នក​មិន​ចង់​ឲ្យ​គេ​ថា​ អ្នកគាំទ្រ​អំពើអាក្រក់នោះ​ អ្នក​ឈរ​តែ​ខាង​មនុស្ស​ល្អ​ទៅ​។ តែ​មនុស្ស​ភាគច្រើន​លើស​លប់ មើល​ទៅ​ដូចជាខ្លាច​គេ​ថា​ខ្លួន​នៅ​ខាង​មនុស្ស​ល្អ​យ៉ាង​ខ្លាំង​។ គេ​ខ្លាច​មនុស្ស​ម្នា​ហៅ​គេ​ថា “​អា​ត្រឹម​ត្រូវ​” ជា​ខ្លាំង។

​បើ​យើង​យកគុណ​សម្បត្ដិ​របស់​ម​នុស្ស​ល្អ​ត្រឹមត្រូវ​មក​ពិនិត្យ​គឺ​មនុស្ស​ល្អជា​មនុស្ស​ដែល​ស្គាល់​ថា​អ្វី​ទៅជា​អំពើ​ល្អ (​ដឹងខុសដឹងត្រូវ​)​ ។​មនុស្ស​ល្អ​ខំ​ដាំ​បណ្ដុះ​អំពើ​ល្អ​ណា​ដែល​ខ្លួន​មិន​ទាន់​មាន​ឲ្យ​កើតមា​ន ដោយ​ធ្វើ​សេចក្ដី​ល្អជា​ប្រចាំ​មិន​មែន​ធ្វើ​យកមុខ​។​មនុស្ស​ល្អ​គាំទ្រ​អំពើ​ល្អ មិន​ឲ្យ​មនុស្ស​អាក្រក់​ជាន់ឈ្លី​ពន្លិច​ចោល​។​មនុស្ស​ល្អ​ពង្រីក​អំពើ​ល្អ​ឲ្យ​កាន់តែ​រីក​ទូលាយ​ច្រើន​ឡើង​និង​មនុស្ស​ល្អ​ការពារ​អំពើ​ល្អ​មិន​ឲ្យ​ដួល​ចុះក្រោម​ដៃ​មនុស្ស​អាក្រក់​។ ក្នុង​ន័យនេះ​មនុស្ស​ល្អ​ត្រឹមត្រូវ​ឈរ​នៅ​ខាង​អំពើ​ល្អដោយ​មិន​ខ្លាច​គេ​ថា​ខ្លួន​លម្អៀង​ទៅរក​សេចក្ដី​ល្អ​ សូម្បី​បន្ដិច​សោះ​ឡើយ៕

ប៉ាង វ៉ាន់ថោន

Vanthownpang@yahoo.com