មុខរបរដែលត្រូវប៉ាន់នៅស្រុកខ្មែរគឺប្រែប្រួលទៅតាមរដូវកាលដោយពេលខ្លះក៏ឈូឆរតាមគ្នីតាមគ្នាលើកកូនស្រីឲ្យផងក៏មានដែរ។ ចាប់តាំងពីដីធ្លី ផ្ទះសម្បែងមានហាងឆេងមកគឺមានតែអាជីពចៅក្រម ព្រះរាជអាជ្ញា និងមេធាវីទេដែលពេញនិយម ឬភាសាសាមញ្ញថាកំពុងកើបលុយខាប់ដូចទឹកគ្រឿងនោះ។
គ្រាន់តែប្រឡងចូលសាលារៀនហាងឆេងមិនធ្លាក់ចុះទេគឺមានតែកើនឡើងបើតាមទីផ្សារខ្សឹបខ្សៀវតៗគ្នាថាមេធាវីម៉ាជាប់ ៣ ម៉ឺនដុល្លាររីឯចៅក្រមវិញមិនក្រោម ៥ ម៉ឺនទេដោយពួកគេខំប្រឹងថែមលុយយ៉ាងណាឲ្យឆាប់បានសញ្ញាបត្រដើម្បីយកមករកស៊ីជាពិសេសធ្វើម៉េចលោតឲ្យបានចូលមកធ្វើការនៅភ្នំពេញ ឬក៏ខេត្តដែលមានសេដ្ឋកិច្ចខ្ពស់។
ករណីនេះម្នាក់ៗនាំគ្នាស្ងាត់ច្រៀបដូចគ្នាបានត្រឹមតែអេចអូចហើយខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ធ្វើមិនដឹងមិនឮដែរព្រោះគ្មានបណ្តឹង។ ថ្មីៗនេះសាលាចៅក្រមចង់បង្ហាញភាពស្អាតស្អំក្នុងស្ថាប័នរបស់ខ្លួនដោយដាក់សំណើទៅ ACU ដើម្បីឲ្យចុះសង្កេតមើលសកម្មភាពពេលប្រឡងដើម្បីធ្វើឲ្យដូចក្រសួងអប់រំតែ ACU បដិសេធមិនព្រមសហការជាមួយ។
ប្រហែលជា ACU យល់ថាមិនចង់ប្រឡាក់ប្រឡូសទៅនឹងអំពើពុករលួយជាមួយនឹងស្ថាប័ននេះ? ព្រោះមិនទាន់បង្ហាញឆន្ទៈលុបបំបាត់អំពើពុករលួយពិតប្រាកដដូចក្រសួងអប់រំនៅឡើយទេ។ ហេតុអ្វីបានជា ACU នៅតែមិនចូលរួមស៊ើបអង្កេតដោះស្រាយបញ្ហាតាំងពីពេលប្រឡងនៅសាលាចៅក្រម? ឬមកពី ACU មិនមានសមត្ថភាព? ឬក៏នៅសាលាចៅក្រមហ្នឹងមានខ្នងគ្រាក់ៗដែល ACU ចូលមិនចុះ?
ចំណុចនេះ ACU គួរតែធ្វើការស៊ើបអង្កេតឲ្យមានតម្លាភាពរបស់សាលានេះដើម្បីបង្ហាញភាពស្អាតស្អំតាំងពីចូលរៀន និងដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមផងដែរ។
នៅពេលចាប់ផ្តើមធ្វើការគឺពួកគេស្រង់ដើមវិញហើយពុករលួយដល់ឆ្អឹងក្នុងស្ថាប័នតុលាការស៊ីវិលនេះ។
បើតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិបានរកឃើញថ្មីៗនេះថាស្ថាប័នតុលាការជាស្ថាប័នមហាពុកលួយជាងគេដែលធ្វើឲ្យប៉ះពាល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទាំងស្រុង។
រឿងណាមិនសូវបានលុយកាក់ទុកចោលរាប់ខែរាប់ឆ្នាំដូចករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារជាដើមដោយយកលេសថាតុលាការកំពុងស៊ើបអង្កេតតែបើរឿងពាក់ព័ន្ធទៅនឹងនយោបាយវិញគឺមានភាពលម្លៀងទៅបក្សកាន់អំណាចឲ្យតែមានរឿងក្តីក្តាំភ្លាមគឺដីកាចេញមកភ្លែតតាមចាប់រាល់សកម្មភាពណាដែលពាក់ព័ន្ធទៅនឹងនយោបាយមានលក្ខណៈរិះគន់រដ្ឋាភិបាលដូចករណីក្រុមបក្សប្រឆាំង CNRP ជាប់ទាំងមេទាំងកូនលោក សម រង្សី ចូលស្រុកមិនទាន់បានលោក ហុង សុខហួរ សុំនៅក្រៅឃុំមិនបាន ក្រុមលោក មាជ សុវណ្ណារ៉ា នៅជាប់រសោងនៅឡើយយុវជនជាប់ឃុំដែលត្រូវបានចោទថាដឹកនាំធ្វើបដិវត្តន៍ពណ៌ក៏នៅជាប់ឃុំ អ្នកកាសែតមួយចំនួនក៏ជាប់ដីកាសុទ្ធតែត្រូវបានគេព្រាងទុកជាមុនដោយចាំតែថ្នាក់លើស្រែកអូខេចាត់ការចុះហត្ថលេខាខ្វាច់វ៉ៃត្រាប៉ូកតាមចាប់ខ្លួនភ្លាមៗ។
រីឯបណ្តឹងពាក់ព័ន្ធរឿងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសដោយលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរវិញគឺស្ទះគ្មានដំណើរការគឺចៅក្រម និងព្រះរាជអាជ្ញាជាប់រវល់ហើយទីបំផុតប្រកាសមិនចាត់ការរហូតដល់ការប្ដឹងឧទ្ធរណ៍ជាដើម។
រឿងមួយទៀតដែលតុលាការត្រូវតែចាត់ការមុននោះគឺសំណុំរឿងណាដែលមានលុយធំជាពិសេសរឿងទំនាស់ដីធ្លីធំៗ បទឧក្រិដ្ឋធំៗហើយមេៗនៅតុលាការហ្នឹងគឺចាត់ការសំណុំរឿងទៅតាមឋានានុក្រមស៊ីតាមការសម្រាលទោសតាមឆ្នាំ ឆ្នាំកាន់តែតិចស៊ីកាន់តែថ្លៃតែរឿងចោរលួចចោរឆក់ទុកឲ្យចៅក្រមតូចស៊ីទៅតាមដំណើរទៅ។
ជាក់ស្តែងទាល់តែបែករឿងធំដូចទណ្ឌិត អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញបានជាប់រឿងករណីស៊ីលុយក្រុមគ្រួសារទណ្ឌិត ថោង សារ៉ាត់ តែដល់ពេលជាប់កុនទៅជាប់ជំនួយការដែលជាគ្រូទាយទៅវិញ។
រឿងនេះបើកុំតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យស៊ើបអង្កេតទើបបាននាំគ្នាខ្វែងដៃខ្វែងជើងរត់ជាន់គ្នាចេញមុខចេញមាត់តាមចាប់ខ្លួនតែបើគ្មានទេក៏នៅត្រជាក់ល្ហឹមដដែលបើទោះបីជាភាពអយុត្តិធម៌ឃើញរាល់ថ្ងៃអ្នកភូមិមកតវ៉ាដល់ផ្ទះលោកនាយករដ្ឋមន្ត្រីរាល់តែព្រឹកមិនចាំបាច់ទៅនាំគ្នាទៅមើលទំព័រហ្វេសប៊ុករបស់គាត់ទេហើយករណីលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យដោះលែងអ្នកជាប់ឃុំ ២ នាក់ដោយសាររឿងទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺដែលជាខេត្តលោក ហ៊ុន ម៉ានី [កូនប្រុស លោក ហ៊ុន សែន] ធ្វើជាតំណាងរាស្ត្រទាំងយប់កាលពីសប្តាហ៍មុននោះធ្វើឲ្យគេមើលឃើញថាតុលាការស្រុកខ្មែរមើលទៅនៅតែមានភាពរញ៉េរញ៉ៃ និងចែកមិនច្បាស់រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
រីឯឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាភ្នែកជាច្រមុះក្នុងការពិនិត្យមើលជាប្រចាំនូវការអនុវត្តរបស់ចៅក្រមវិញគឺដេកស្តូកតែម្តងដោយរង់ចាំស្តាប់តែថ្នាក់លើដែលជាស្ថាប័ននីតិប្រតិបត្តិបញ្ជាបាននាំគ្នាចាត់ការ។
ករណីដូចជាការដោះលែងអ្នកភូមិ ២ នាក់នាក់រឿងទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺឥឡូវបាននាំគ្នាដុតដៃដុតជើងទាំងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដោយបាននាំគ្នាអញ្ជើញចៅក្រម និងព្រះរាជអាជ្ញានៅគ្រប់ខេត្ត និងរាជធានីប្រមាណជា ១០០ នាក់នឹងធ្វើសិក្ខាសាលាមួយស្តីពីក្រមសីលធម៌ចៅក្រម និងព្រះរាជអាជ្ញាដែលមានស្រាប់នោះនៅសប្តាហ៍នេះនៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះដែរក្រសួងយុត្តិធម៌ប្រកាសថាឲ្យតែពាក់ព័ន្ធរឿងក្តីក្តាំដីធ្លីនៅតុលាការដោះស្រាយមិនប្រក្រតីសូមដាក់បណ្តឹងនោះមកក្រសួងដើម្បីរកដំណោះស្រាយ។
រីឯគណៈកម្មការទី ១ នៃរដ្ឋសភាក៏កោះអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅបំភ្លឺនៅរដ្ឋសភានាថ្ងៃទី ២៤ ខែមីនាខាងមុខនេះផងដែរជុំវិញរឿងភាពមិនប្រក្រតីមួយចំនួននៃការអនុវត្តរបស់តុលាការដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ។
ផ្ទុយទៅវិញមិនមែនឲ្យតែស្ថាប័នតុលាការសុទ្ធតែត្រូវប៉ាន់នោះទេតែក៏មានស្ថាប័នតុលាការយោធាក្រីក្រជាងគេដែរគឺស៊ីបានតែខ្មោចតាម៉ុកអតីតមេបញ្ជាការខ្មែរក្រហម និងទណ្ឌិត ឈឿន ចាន់ថន ហៅខ្មៅ អតីតប្រធានអង្គរក្សសពលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាប៉ុណ្ណោះ។ បើនិយាយពីកន្លែងធ្វើការវិញគេលក់ទីណាត់ទីណែងតាំងពីនៅជិតផ្សារសូរិយាដូរទៅក្បែរអតីតសាកលវិទ្យាល័យចំរើនពហុបច្ចេករិទ្យា (CUP) ឥឡូវធ្លាក់ទៅដល់ក្បែរព្រលានយន្តហោះពោធិ៍ចិនតុងស្ងាត់ជ្រងំ។
តែដោយសារការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញាកាលពីសប្តាហ៍មុននេះគឺពួកគេមានទឹកមាត់លេបតាមគេដែរ។
ការដែលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់បំណាច់ឲ្យបានខ្ពស់សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាទៅតាមឋានានុក្រមនេះក៏ដោយសារវាជាសកម្មភាពមួយនៅក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងថាពុករលួយជាងគេនោះ។
ណាមួយចំនួនសរុបចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសមានតិចតួចជាងគេបើតាមទិន្នន័យចាស់របស់វេបសាយគណៈមេធាវីគឺមានចំនួនតែ ៣១២ នាក់ទេតែបច្ចុប្បន្ននេះចំនួនកើនឡើងប្រហែលជា ៦០០ នាក់ហើយដែលធ្វើឲ្យមានការងាយស្រួលក្នុងការដំឡើងប្រាក់បំណាច់នោះតាំងពីអ្នកនៅរៀនធ្វើកម្មសិក្សាក៏បានប្រាក់នោះដែរដោយមានចាប់ពី ១,៥ លានរៀលរហូតដល់ ១០ លានរៀល។
សំណួរសួរថាបន្ទាប់ពីដំឡើងប្រាក់បំណាច់នេះតើទាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំងក្រសួងយុត្តិធម៌ថាតើមានយន្តការ ឬក៏ឧបករណ៍រៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃយ៉ាងណាដែលបង្ហាញអំពីតម្លាភាពដោយគ្មានពុករលួយនោះ? បើប្រៀបធៀបលុយដែលបានមកពីស៊ីសំណូកនោះវាច្រើនជាងប្រាក់បំណាច់លើសលប់ពេកនោះហើយរាល់របាយការណ៍បន្ទាប់ពីធ្វើការពិនិត្យតាមដាន និងវាយតម្លៃរៀងរាល់ត្រីមាស ឆមាស ឬក៏ប្រចាំឆ្នាំហើយគួរតែផ្សព្វផ្សាយជាសារធារណៈផងអនុវត្តការដាក់ពិន័យយ៉ាងដូចម្តេច? ជាជាងនៅសម្ងំស្ងាត់ៗចាំទាល់តែផ្ទុះរឿងអីមួយបាននាំគ្នាឆោឡោធ្វើការនោះ។
រីឯអង្គភាពប្រឆាំងអំពើពុករលួយក៏មិនត្រូវដេកគងថ្ងាសរង់ចាំតែពាក្យបណ្តឹងនោះដែរចំពោះរឿងពុករលួយនៅស្ថាប័នតុលាការនេះបើពុំដូច្នេះទេការដំឡើងប្រាក់ខែជូនពួកគាត់នោះគឺគ្មានបានការទេដោយបានត្រឹមតែបំផ្លាញថវិកាជាតិប៉ុណ្ណោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com