ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​មួយ​ឈាន​ដល់​ការ​រាប់អាន​គ្នា​ដោយ​ស្មោះត្រង់​ទៅ​បាន ដំបូង​ត្រូវ​តែ​ចាប់ផ្ដើម​ចេញ​ពី​ការបើក​ចិត្ដ​ចង់​ស្គាល់ ចង់​យល់​ពី​គ្នា​ទៅវិញ​ទៅមក​។ បើ​កាលណា​គេ​មិន​បើក​ចិត្ដ​សិក្សា​ពីគ្នា​ទៅវិញ​ទៅមក​ទេ នោះ​គេ​នឹង​នៅ​តែ​មិន​អាច​រាប់អាន​គ្នា​ដោយ​ស្មោះ​ត្រង់​បាន​ឡើយ​។ ជាទូទៅ​របាំង​ដែល​ឃាំង​មិន​ឲ្យ​មនុស្ស​មក​ស្វែងយល់​ពី​គ្នា​គឺ​ភាព​មានះ និង​ភាព​អគតិ​ដែល​មាន​នៅក្នុង​ចិត្ដ​របស់​ពួកគេ​។

ក្នុង​សង្គម​មួយ​មិន​លែង​ឡើយ​តែង​កើត​មាន​បញ្ហា​។ មូលហេតុ​នៃ​បញ្ហា​សង្គម អាច​កើត​មកពី​កត្តា​ខាង​ក្រៅ និង​ខាងក្នុង​។ អត្ថបទ​នេះ​លើក​តែ​ពី​កត្ដា​ខាង​ក្នុង​ប៉ុណ្ណោះ​។

ការដែល​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​មិន​សូវ​ចូលចិត្ដ​បើក​ចិត្ដ​សិក្សា​ពី​មនុស្ស​ផង​គ្នា មិន​សូវ​បើក​ចិត្ដ​ចង់​យល់​គ្នា​ជា​ជំហាន​ដំបូង​ដែល​រុញច្រាន​ដល់​ការ​មិន​សូវ​អើពើ​ស្វះស្វែង​រក​ព័ត៌មាន​ជុំវិញ​ខ្លួន​។ នេះ​ជា​កត្ដា​ខាង​ក្នុង​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​យើង​ជាទូទៅ ខ្វះ​ចំណេះដឹង​ទូទៅ​អំពី​បញ្ហា​សង្គម​។

កាលណា​មិន​សូវ​មាន​ការយល់​ដឹង​ពី​បញ្ហា​សង្គម​នោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​រឿង​នយោបាយ​ក៏​ធ្លាក់​ទាប​ទៅ​តាម​នោះ​ដែរ​។

ពេល​ដែល​សង្គម​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ តែបើ​ប្រជាពលរដ្ឋ​មិន​សូវ​អើពើ​ចូលរួម​នោះ​សង្គម​នោះ​មុខ​ជា​លំបាក​នឹង​កសាង​បាន​នូវ​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិតេយ្យ​ដែល​វា​ត្រូវ​តែ​កើត​ពី​ប្រជាពលរដ្ឋ​របស់​ប្រជាពលរដ្ឋ និង​ ដើម្បី​ប្រជាពលរដ្ឋ​ណាស់​។ និយាយ​ក្នុង​បរិបទ​ស្រុក​ខ្មែរ មូលហេតុ​មួយ​នៃ​ការមិន​សូវ​ចូលរួម​ក្នុង​រឿង​នយោបាយ​របស់​ប្រជាពលរដ្ឋ​គឺ​គ្មាន​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ភាព​មានះ និង​ភាព​អគតិ​របស់​ប្រជាពលរដ្ឋ​យើង​ជាទូទៅ​ឡើយ​។

យោង​តាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត មានះ​មាន​ន័យ​ថា សេចក្ដី​ប្រកាន់​,​ដំណើរ​ប្រកាន់ខ្លួន​, សេចក្ដី​រឹងត្អឹង​។ មានះ​សំដៅ​ដល់​ការប្រកាន់​តែ​គំនិត​ខ្លួន​។

ទោះ​ជា​គំនិត​នោះ​ខុស​ក្ដី​ត្រូវ​ក្ដី អន់​ក្ដី ល្អ​គ្រាន់​បើ​ក្ដី បើ​មនុស្ស​ណា​ម្នាក់​មាន​មានះ​ហើយ នោះ​គេ​នឹង​មិន​ផ្ដល់​តម្លៃ​សូម្បីតែ​បន្តិច ចំពោះ​គំនិត​យោបល់​របស់​អ្នក​ដទៃ​។ បាន​សេចក្ដី​ថា​មិន​ថា​អ្នក​ដទៃ​ខំ​ពន្យល់​ដោយ​ទឹក​ចិត្តល្អ​ស្មោះស​ចង់​ឲ្យ​គេ​យល់ ឬ​ធ្វើការ​រិះគន់​គេ​ក្នុង​ន័យ​ស្ថាបនា ដោយ​ចិត្ត​ស្រឡាញ់​រាប់អាន​ស្មោះ​យ៉ាងណា​ក៏ដោយ ក៏​មនុស្ស​ដែល​មាន​មានះ នឹង​មិន​បើក​ចិត្ដ មិន​បន្ធូរ​ចិត្ត មក​ស្ដាប់​ហេតុផល​ដែល​គេ​ពន្យល់ និង​មិន​ព្រម​ធ្វើការ​ស្ទាបស្ទង់​ដល់​ដួង​ចិត្ត​របស់​បុគ្គល​ដែល​និយាយ​ប្រាប់​ខ្លួន​ឡើយ​។ គេ​នៅ​តែ​រឹងត្អឹង​ប្រកាន់​មាំ​ថា គំនិត​របស់​គេ​ត្រូវ​។

ទោះ​ជា​គំនិត​នោះ​ទៅ​មុខ​មិន​រួច​ក្ដី ក៏​គេ​នៅ​តែ​ធ្មេច​ភ្នែក​យក​ក្បាល​ជល់​ជញ្ជាំង ធ្វើ​ម្ដេច​ឲ្យ​តែ​ឈ្នះ​ចិត្ដ​អ្នកដទៃ តែ​ដាច់ខាត​គេ​មិន​សារភាព​ថា​ខ្លួនគេ​ខុស គេ​មិន​សារភាព​ថា​ខ្លួនគេ​អន់​ឡើយ​ពីព្រោះ​គេ​ខ្លាច​អន់​។

គេ​មិន​ដឹង​ទេ​ថា មនុស្ស​អន់​គឺ​មនុស្ស​ដែល​មិន​ទទួល​ស្គាល់​កង្វះខាត​របស់​ខ្លួន​ផ្ទុយ​ទៅ​វិញ​គិត​តែ​ប្រឹង​រិះរក​វិធី កាយ​ទម្លាក់​ភាពអន់​របស់​ខ្លួន​បោះ​ទៅ​ឲ្យ​អ្នកដទៃ​។ មនុស្ស​មានះ​នៅ​តែ​ប្រកាន់​មាំ ថា​គំនិត​របស់​គេ​គ្រាន់​បើ​ជាង​គំនិត​របស់​អ្នក​ដទៃ​រហូត ឬ​ ទោះ​ជា​ស្មើ​នឹង​អ្នកដទៃ ក៏​គេ​គិត​ថា​អ្នកដទៃ​នៅ​ផ្សេង ហើយ​ខ្លួន​គេ​នៅ​ផ្សេង​ដែរ​។ មានះ​កើត​ក្រោម​ទម្រង់​ ៣ ​យ៉ាង​។

ទី​ ១ គឺ​គេ​មានះ​ថា​អញ​ប្រសើរ​ជាង​គេ​។

ទី​ ២ អញ​ស្មើ​គេ និង​ទី​ ៣ អញ​អន់​ជាងគេ​។

យោង​តាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត ដដែល អគតិ គឺ​ការ​ពុំគួរ​ប្រព្រឹត្ត​,​សេចក្ដី​លម្អៀង​។ សេចក្ដី​លម្អៀង គឺ​ការ​ផ្អៀង ការ​ទ្រេត​ជំហរ​។ អគតិ ឬ​សេចក្ដី​លម្អៀង​មាន ៤ ​យ៉ាង​គឺ​ទី​ ១ លម្អៀង​ព្រោះ​ស្រឡាញ់​,​ទី​ ២ លម្អៀង​ព្រោះ​ស្អប់​, ទី​ ៣ ​លម្អៀង​ព្រោះ​ល្ងង់ និង​ទី​ ៤ ​លម្អៀង​ព្រោះ​ខ្លាច​។

លម្អៀង​ព្រោះ​ស្រឡាញ់​អ្វី​មួយ​គឺ​មនុស្ស​ម្នាក់​បាន​ធ្វើអ្វី​មួយ​ទាំង​ដឹង​ថា មិន​សម មិន​គប្បី​ប្រព្រឹត្ត មិន​យុត្តិធម៌​ដើម្បី​ឲ្យ​បុគ្គល​ដែល​ខ្លួន​ស្រឡាញ់​បាន​ចំណេញ​។ លម្អៀង​ព្រោះ​ស្អប់​គឺ​មនុស្ស​ម្នាក់​បាន​ធ្វើអ្វី​មួយ​ទាំង​មិន​សម មិន​គប្បី មិន​យុត្តិធម៌ ដើម្បី​ឲ្យ​តែ​ខ្លួនឯង ឬ​អ្នកដទៃ​ណា​ម្នាក់​ទៀត​បាន​ចំណេញ ហើយ​ឲ្យ​ម្ខាង​ទៀត​ខូចប្រយោជន៍​ដោយសារ​តែ​ស្អប់​គេ​ពេក​។

លម្អៀង​ព្រោះ​ល្ងិតល្ងង់​គ្មាន​សមត្ថភាព​គឺ​មនុស្ស​ម្នាក់​បាន​ធ្វើ​អ្វី​មួយ​ទាំង​មិន​សមរម្យ​មិន​គួរ​គប្បី​ប្រព្រឹត្ត​ទៅ​លើ​ជន​ដទៃ ឲ្យ​គេ​ទទួល​រង​ទុក្ខទោស​ដោយ​អយុត្តិធម៌​។ ចំណែកឯ​លម្អៀង​ព្រោះ​ខ្លាច (​ខ្លាច​អំណាច ឬ​ខ្លាចចិត្ត​អ្នក​ដទៃ​) គឺ​មនុស្ស​ម្នាក់​បាន​ធ្វើឲ្យ​អ្វី​មួយ​ទាំង​មិន​គួរ​គប្បី​ប្រព្រឹត្ត​ធ្វើឱ្យ​នរណា​ម្នាក់​រង​នូវ​ភាព​អយុត្តិធម៌​ហើយ​ខ្លួន ឬ​អ្នក​ដទៃ​ណា​ម្នាក់​ទៀត​បែរ​ជា​បាន​ចំណេញ​ពី​ការខាតបង់​នោះ​។ ដូច្នេះ​​អគតិ​គឺ​ការ​ផ្អៀង​ទៅ​រក​អ្វីមួយ​ ឬ​នរណា​ម្នាក់​ដោយ​ប្រាសចាក​ភាព​ត្រឹមត្រូវ​។

ជារួម​មានះ គឺ​ចិត្ត​ប្រកាន់​តែ​គំនិត​របស់​ខ្លួន​រហូត​ដោយ​មិន​ទទួល​យក​គំនិត មិន​ខ្វល់​ចង់​យល់​ចិត្ត​អ្នកដទៃ ហើយ​ជាទូទៅ​តែង​មើលងាយ តែង​មើលស្រាល​គំនិត​របស់​អ្នក​ដទៃ​គឺ​គេ​មិន​ថ្លឹងថ្លែង​ខុស​ត្រូវ​ថា​យ៉ាងណាៗ​មិន​ខ្វល់​ថា អ្នក​ដែល​ខ្លួន​និយាយ​ជាមួយ​ជា​នរណា​ឡើយ​​គឺ​គេ​ដឹង​តែ​ពី​ប្រកាន់​តែ​គំនិត​ខ្លួន​ថា ត្រូវ​រហូត​។ ទស្សនវិទូ​ក្រិក​លោក​ ប្លាតុង បាន​ពោល​ថា​ «​បើ​ទោះ​ជា​​អ្នក​ច្បាស់លាស់​លើ​អ្វី​មួយ​យ៉ាងណា​ក៏ដោយ ក៏​អ្នក​គួរ​តែ​ទុក​ចន្លោះ​មួយ​ភាគ សម្រាប់​កំហុស​ណា​មួយ​ដែល​នឹង​អាច​កើត​មាន​ដែរ​»​។

ចំណែកឯ ​អគតិ​គឺ​សភាព​ចិត្ត​ដែល​បាន​គិតគូរ​ពិចារណា​ដឹង​ល្អ​ដឹង​អាក្រក់​ខ្លះ​ដែរ ប៉ុន្តែ​ដោយ​អំណាច​នៃ​អធម៌​ធ្វើឲ្យ​ចិត្ត​របស់​គេ​លម្អៀង​ទ្រេត​ទៅ​ម្ខាង ឈរ​មិន​ស្មើ មិន​ត្រង់ និង​មិន​យុត្តិធម៌​។

ហេតុអ្វី​មានះ​បំផ្លាញ​ខ្លួន​ និង​ហេតុអ្វី​អគតិ​បំផ្លាញ​ជាតិ​? ធម៌​ទាំង​ ២ ​នេះ​ជា​ធម៌​ដែល​តែង​កើត​មាន​ក្នុង​ចិត្ត​របស់​មនុស្ស​ល្ងង់ និង​មនុស្ស​អាត្មានិយម​ទាំងឡាយ​។ ត្រង់​បុគ្គល​ម្នាក់​ណា​ល្ងិតល្ងង់​កម្រិត​ណា ឬ​អាត្មានិយម​ខ្លាំង​ ឬ​ស្រាល​យ៉ាង​ណា​សូម​ពិចារណា​ទៅ​តាម​ការប្រព្រឹត្ដ​របស់​បុគ្គល​នីមួយៗ​នោះ​ចុះ​។ ប្រសិន​បើ​ភាព​មានះ​​ និង​អគតិ​ចម្រើន​ខ្លាំងក្លា​ក្នុង​ចិត្ត​មនុស្ស​ខ្មែរ​នោះ​សង្គម​យើង​លំបាក​នឹង​រីកចម្រើន​ណាស់​។ បើ​មនុស្ស​ភាគច្រើន​ក្នុង​សង្គម​សម្បូរ​ភាព​មានះ និង​អគតិ សួរ​ថា តើ​នរណា​ស្ដាប់​នរណា​?

នរណា​យល់​នរណា​? ​នរណា​ធ្វើ​តាម​នរណា​? ​និង​តើ​នរណា​ជា​អ្នក​កំណត់​ថា​នរណា​មួយ​ល្អ នរណា​មួយ​អាក្រក់​? នរណា​ខុស នរណា​ត្រូវ បើ​ម្នាក់ៗ​មានះ​រឹងត្អឹង​ប្រកាន់​តែ​គំនិត​ខ្លួន​? តើ​ឲ្យ​សង្គម​រីកចម្រើន​ដោយ​របៀប​ណា​ពេល​ដែល​មនុស្ស​ក្នុង​សង្គម​ភាគច្រើន​ពោរពេញ​ដោយ​មានះ និង​អាត្មានិយម​ដោយ​អំណាច​នៃ​អគតិ​?

ពេល​ដែល​ប្រជាពលរដ្ឋ​ជាទូទៅ​មានះ​ប្រកាន់​តែ​គំនិត​ខ្លួនឯង មិន​ទទួល​យក​ព័ត៌មាន​ផ្សេងៗ​មក​គិត​ពិចារណា​ប្រកាន់​អគតិ​ដោយ​លម្អៀង ចំពោះ​អ្នក​នយោបាយ​នោះ​គេ​នឹង​មិន​ស្ដាប់​ការពន្យល់​របស់​អ្នក​នយោបាយ​ណា​ម្នាក់​សោះ​ឡើយ​។ មិន​ថា​អ្នក​នយោបាយ​រូប​ណា​ល្អ ឬ​អាក្រក់​ឡើយ​ក៏​គេ​ដាក់​ស្លាក​ឲ្យ​តែ​មួយ​ថា “​អាណា​ក៏​ដូច​អាណា​” ហើយ​នរណា​ក៏​គេ​មិន​ខ្ចី​ស្ដាប់​ដែរ​។ បែប​នេះ​សួរ​ថា តើ​នេះ​ជា​គ្រោះថ្នាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែរ​ឬ​ទេ​? តើ​នេះ​ជា​គ្រោះថ្នាក់​ចំពោះ​ជាតិ​ដែរ​ឬ​ទេ​? ទាំង​អ្នក​នយោបាយ​ទូទៅ​ទាំង​ប្រជាពលរដ្ឋ​ភាគច្រើន​សុទ្ធ​តែ​មាន​បញ្ហា​ដោយ​ភាពមានះ និង​អគតិ​លែង​ចេះ​ស្ដាប់​គ្នា​លែង​ចេះ​ស្វែងយល់​ពី​គ្នា​គិត​តែ​ពី​លាប​ពណ៌​គ្នា ដោយ​ភាព​សម្អប់​ធ្វើឲ្យ​ខ្មែរ​លែង​ចេះ​និយាយ​ស្ដាប់​គ្នា​បាន​ហើយ​មើល​មុខ​គ្នា​ក្នុង​ភាព​ជា​សត្រូវ​។

ភាពមានះ និង​អគតិ ពិត​ជា​បំផ្លិច​បំផ្លាញ​សង្គម​ជាតិ​យើង​ខ្លាំងណាស់​។ ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ភ្ញាក់​រឭក ហើយ​នាំ​គ្នា​បែរមក​លាងជម្រះ​នូវ​ធាតុ​អាក្រក់​ទាំង​ ២ ​នេះ​ចេញ​ពី​សន្ដាន​ចិត្ដ​នោះ​ខ្មែរ​ពិតជា​អាច​កសាង​ប្រជាធិបតេយ្យ​បាន​ជាក់​ជា​ពុំ​ខាន​។

សូម​ប្រឹងប្រែង​ចូលរួម​ដោះស្រាយ​បញ្ហា​មានះ និង​អគតិ​ទាំងអស់​គ្នា​។ ពន្លឺ​នៃ​សេរីភាព​ពិត និង​ការរីកចម្រើន​ពិតប្រាកដ​ដែល​ជា​ផល​នៃ​សង្គម​ប្រជាធិបតេយ្យ​នឹង​មិន​អាច​កើត​មាន​ចំពោះ​ប្រទេស​យើង​បាន​ឡើយ​ល្គឹក​ណា​ប្រពលរដ្ឋ​ភាគច្រើន​របស់​យើង​នៅ​តែ​ពោរពេញ​ដោយ​ភាព​មានះ និង​អគតិ​បែប​នេះ​៕

ពិ សិដ្ឋ, អ៊ីមែលៈ khm3rangkor@gmail.com