The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មិន​គួរ​យក​ស្រោមអនាម័យ ​ធ្វើ​ជា​ភ័ស្តុតាង​ក្នុង​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ទេ

មិន​គួរ​យក​ស្រោមអនាម័យ ​ធ្វើ​ជា​ភ័ស្តុតាង​ក្នុង​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ទេ

Content image - Phnom Penh Post
សមត្ថកិច្ច​ពិនិត្យ​រក​ភ័ស្តុតាង​ចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​រកា​។ ហេង ជីវ័ន

មិន​គួរ​យក​ស្រោមអនាម័យ ​ធ្វើ​ជា​ភ័ស្តុតាង​ក្នុង​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ទេ

កម្ពុជា​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដែល​អនុវត្ត​ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​បានល្អ និង​បាន​ឆ្លើយតប​ទៅ​នឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ​ ២០១៥​។ ពោល​គឺ​និន្នាការ​ទិន្នន័យ​នៃ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​មាន​ការធ្លាក់ចុះ​ជា​លំដាប់​ទាំង​ប្រេវ៉ាឡង់ ទាំង​ចំនួន​អ្នក​ផ្ទុកមេរោគ ទាំង​ការចម្លង​មេរោគ​ថ្មី និង​ទាំង​អ្នក​ស្លាប់​ដោយសារ​ជំងឺអេដស៍ ។

តាមរយៈ​ការសិក្សា​ថ្មីៗ និង​ធ្វើ​បច្ចុប្បន្នភាព​ជា​ស៊េរី​នៃ​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​ (NCHADS) ឆ្នាំ​ ២០១៩ បាន​រកឃើញ និង​ធ្វើការ​ប៉ាន់ប្រមាណ និន្នាការ​អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ដែល​មាន​អាយុ​ពី​ ១៥-៤៩ ​ឆ្នាំ​ ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ ២០២០ ​គឺ​មាន​ការធ្លាក់ចុះ​ពី​ ១,៦ ​ភាគរយ​ មក​ ០,៥ ភាគរយ​។ រីឯ​និន្នាការ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍ នៅ​កម្ពុជា​មាន​អាយុ​ពី​ ១៥ ​ទៅ​ ៤៩ ​ពី​ឆ្នាំ​ ២០០៥ ​ដល់ ២០២០ ​គឺ​ពី​ ១០ ​ម៉ឺន​នាក់​មក​ ៦ ​ម៉ឺន​នាក់​។ ម្យ៉ាងទៀត​ការចម្លង​ថ្មី​ក៏​ធ្លាក់ចុះ​ពី​ ៤ ០០០ ​នាក់​មក​ ៥០០ ​នាក់​ និង​ករណី​ស្លាប់​បាន​ធ្លាក់ចុះ​ពី​ ៨ ០០០ ​នាក់​មក ២ ០០០ នាក់​។

នៅពេល​ដែល​និន្នាការ​មាន​ការធ្លាក់ចុះ​បែបនេះ​នៅ​ឆ្នាំ ២០១២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (NAA) សហការ​ជាមួយ UNAIDS បាន​ចេញ​ក្របខ័ណ្ឌ​គោល​គំនិត «​កម្ពុជា ៣.០» ​សម្រាប់​ឈានដល់​ការលុបបំបាត់​ការឆ្លង​មេរោគ​អេដស៍​ថ្មី​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០២០ ខាងមុខនេះ​។ កម្ពុជា ៣.០ មាន​ន័យ​ថា​ទី​ ១- ​គ្មាន​ការចម្លង​មេរោគ​អេដស៍​ថ្មី ទី​ ២- ​គ្មាន​ការស្លាប់​ដោយសារ​ជំងឺអេដស៍​ថ្មី និង​ទី​ ៣- ​គ្មាន​ការរើសអើង​នឹង​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍​។

ទោះបី​ជា​មានការ​អនុវត្ត​ការ​កាត់បន្ថយ​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នេះ​បាន​ប្រសើរ​ឡើង​ក៏ដោយ ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដែល​មាន​នៅក្នុង​របាយការណ៍​វឌ្ឍនភាព​ជាតិ​ស្តីពី​ការប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឆ្នាំ ២០១៥ ដូចជា ការផ្លាស់ប្តូរ​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នឹង​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ការជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ជាដើម​។

ឧទាហរណ៍​គ្រាន់តែ​ច្បាប់​បង្ក្រាប​ការជួញដូរ និង​អាជីវកម្ម​ផ្លូវភេទ​ចេញ​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​ ២០០៨ គឺ​ធ្វើឲ្យ​បាត់បង់​ក្រុម​គោលដៅ​មួយ​ចំនួន​ធំ​របស់​​កម្មវិធី​លើកកម្ពស់​សុខភាព​ផ្លូវភេទ និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​។ ជាមួយ​គ្នា​នេះ​ដែរ​កន្លងមក​ជារឿយៗ សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​ទីតាំង​ផ្ទះបន​ក្តី កន្លែង​ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា​ដែល​ផ្តល់​សេវា​ផ្លូវភេទ​ខុស​ច្បាប់​គឺ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងនោះ​គឺ​តែងតែ​ប្រមូល​យក​ស្រោមអនាម័យ​ទាំង​ប្រើ​រួច និង​មិនទាន់​ប្រើ​យក​ទៅ​ធ្វើ​ជា​ភ័ស្តុតាង​ធាតុ​ផ្សំ​ដើម្បី​ដាក់បន្ទុក​មកលើ​ជនជាប់ចោទ ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ​។

តែ​កន្លងមក​ករណី​យក​ស្រោមអនាម័យ​មក​ធ្វើជា​ភ័ស្តុតាង​នេះ​ត្រូវ​ក្រុម​សិទ្ធិមនុស្ស​មួយ​ចំនួន​តូច​បាន​រិះគន់​ពី​ការអនុវត្ត​របស់​សមត្ថកិច្ច​ថា​បាន​រំលោភ​លើ​សិទ្ធិ​ក្នុង​ការប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​សុវត្ថិភាព​ជីវិត​របស់​ពួកគេ​នោះ តែ​មកទល់​ពេល​នេះ​អាជ្ញាធរ​នៅតែ​អនុវត្ត​ដដែល​។

បញ្ហា​នេះ​ គឺត្រូវបាន​បង្ហាញថា ការអនុវត្ត​ច្បាប់​ចំនួន​ ២ របស់​រាជរដ្ឋាភិបាល មាន​ស្តង់ដា​ជាន់គ្នា ខណៈ​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កំពុង​តែ​អនុវត្ត​ច្បាប់​ស្តីពី​ការបង្ការ​​ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍ និង​ជំងឺអេដស៍​ដែល​មាន​គោល​ការណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ជា​មធ្យោបាយ​​ទប់ទល់​នឹង​មេរោគ​អេដស៍​ពោល​គឺ​លើក​ទឹកចិត្ត​ឲ្យ​បុរស​ដែល​មាន​ដៃគូ​ច្រើន​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​សុវត្ថិភាព​។

រីឯ​ប៉ូលិស​អនុវត្ត​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដើម្បី​សុវត្ថិភាព​របស់​ស្ត្រី និង​កុមារី តែ​នៅពេល​អនុវត្ត​គឺ​សមត្ថកិច្ច​បង្ក្រាប​ម្តង​មាន​ការស៊ើបអង្កេត​រួចហើយ​មុន​នឹង​ឆ្មក់​ចូលទៅ​ទីតាំង​ដែល​ផ្តល់​សេវា​ផ្លូវភេទ​នោះ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ប៉ូលិស​តែងតែ​ឆ្លៀត​យក​ស្រោមអនាម័យ​ធ្វើជា​ភ័ស្តុតាង​បន្ថែម​។

ការអនុវត្ត​បែបនេះ​តែ​រហូត​អ៊ីចឹង​គឺ​ធ្វើឲ្យ​ប៉ះពាល់​ទៅនឹង​ការសម្រេចចិត្ត​របស់​អ្នកប្រព្រឹត្ត​ការរួម​ភេទ​ថា តើ​ពួកគេ​គួរតែ​ប្រើ​ស្រោមអនាម័យ ឬ​មួយ​ក៏​អត់​? ​បើ​មិន​ប្រើ​ខា្លច​ឆ្លង​អេដស៍ ហើយ​ប្រើ​ស្រោមអនាម័យ​ខ្លាច​ប៉ូលិស​ចុះ​បង្ក្រាប​មក​ឃើញ​យក​ធ្វើ​ជា​ភ័ស្តុតាង​ដាក់បន្ទុក ដើម្បី​បញ្ជូន​ទៅ​តុលាការ​ទៅវិញ ។ កន្លងមក​មិន​មាន​ប្រទេស​ណាមួយ​ដែល​មាន​បទពិសោធ​អនុវត្ត​ដូចនេះ​ទេ​។

ប៉ុន្តែ​នៅពេល​ដែល​អនុវត្ត​មែនទែន​នោះ ហើយ​សមត្ថកិច្ច​កម្រ​ចាប់​បាន​ទៀត​នោះ គឺ​ការទិញ​សេវា​ផ្លូវភេទ​យក​មក​ធ្វើជា​ស្រី​ចិញ្ចឹម ឬ​ក៏​ស្រី​កំណាន់​របស់​តាតា​ទៅវិញ​ដែល​ទិញ​ឡាន ផ្ទះ និង​សម្ភារ​ទំនើបៗ​ទៀត​ក៏មាន​ដែរ​គឺ​ពួកគេ​កម្រ​ប្រើ​ស្រោមអនាម័យ​ទៅវិញ​ទេ​។ នេះ​បើ​តាម​របាយការណ៍​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ PSI ឆ្នាំ​ ២០០២​។

ផ្ទុយទៅវិញ ប្រសិនបើ​អ្នកដឹង​ខ្លួន​ថា​មាន​ផ្ទុកមេរោគ​អេដស៍​មាន​បំណង​ចម្លង​មេរោគ​ទៅ​អ្នកដទៃ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ​គឺ​ត្រូវ​មានទោស​ទៅវិញ​។ នេះ​បើតាម​ច្បាប់​ទប់ស្កាត់​មេរោគ​អេដស៍​។ ចំណុច​នេះ​បាន​យក​ស្រោមអនាម័យ​មាន​សារៈសំខាន់​ទៅវិញ​ដែល​អាចដាក់​បន្ទុក​បាន ប្រសិន​បើ​មិនមាន​ធាតុ​ផ្សំ​ស្រោម​អនាម័យ​មក​ធ្វើជា​ភ័ស្តុតាង​ទេនោះ​។

យ៉ាងណាមិញ បើ​មើល​ទៅក្នុង​ច្បាប់​ប្រឆាំង​នឹង​ការជួញដូរ​នេះ​វិញ គឺ​មិនមាន​មាត្រា​ណា​ដែល​និយាយ​អំពី​ស្រោមអនាម័យ​យក​មក​ធ្វើជា​ភ័ស្តុតាង​នោះទេ​។ អ៊ីចឹង​ហើយ​ទាំង​ប៉ូសិស ទាំង​តុលាការ មិន​គួរ​យក​ធាតុ​ផ្សំ​បន្ថែម​ស្រោមអនាម័យ​ដែល​ត្រូវ​បាន​គេ​ហៅថា​ «​លោក​ជួយ​» ​នោះ​មក​វិនិច្ឆយ​ដាក់​បន្ទុក​បន្ថែម​នោះទេ​ក្នុង​ការ​បង្ក្រាប​ទីតាំង​ផ្តល់​សេវា​ផ្លូវភេទ​ម្តងៗ ព្រោះ​យក​ធាតុ​ផ្សំ​ផ្សេង​ដែល​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​ចែង​ក្នុង​ច្បាប់​គឺ​វា​គ្រប់គ្រាន់​ទៅហើយ ណាមួយ​ការអនុវត្ត​បែប​នេះ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់ និង​គោលការណ៍​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោមអនាម័យ​នៅពេល​រួមភេទ ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺអេដស៍​។ បើ​មិន​ដូច្នេះ​ទេ ករណី​បង្ក្រាប​ការជួញដូរ​មនុស្ស និង​អំពើ​ពេស្សាកម្ម​ដោយ​យក​ស្រោមអនាម័យ​មក​ធ្វើ​ជា​ភ័ស្តុតាង​គឺ​អាច​មាន​ករណី​ផ្ទុះ​ការរីករាលដាល​នៃ​ជំងឺអេដស៍​ដូច​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង​នោះ​ជាដើម​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍