The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មិន​គួរ​ឲ្យ​កម្មករ​ស្នាក់​នៅ​អគារ​ដែល​កំពុង​សាង​សង់​នោះ​ទេ

មិន​គួរ​ឲ្យ​កម្មករ​ស្នាក់​នៅ​អគារ​ដែល​កំពុង​សាង​សង់​នោះ​ទេ

Content image - Phnom Penh Post
ក្រុម​ជួយ​សង្គ្រោះ​​សែង​សាក​សព​កម្មករ​ចេញ​ពី​គំនរ​អគារ​​រលំបាក់​​​នៅខេត្តព្រះសីហនុ។ FN

មិន​គួរ​ឲ្យ​កម្មករ​ស្នាក់​នៅ​អគារ​ដែល​កំពុង​សាង​សង់​នោះ​ទេ

តាម​រយៈ​របាយ​ការណ៍​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ ​(IL​O​) កាល​ពី​ឆ្នាំ​ ២០១៣ បន្ទាប់​​ពី​បាក់​អគារ​នៅ​រោង​ចក្រ​កាត់ដេរ​នៅ​ប្រទេស​បង់​​ក្លា​ដែសដែល​ធ្វើ​ឲ្យ​កម្មករ កម្មការិនី​​ស្លាប់​ដល់​ទៅ​ចំនួន ​១ ១៣២​ នាក់ និងជាង ២ ៥០០ ​នាក់​ផ្សេង​ទៀត​រង​របួស។ គ្រោះ​មហន្តរាយ​ដ៏ធំធេង​ ​នេះ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មេរៀន​ទ្រឹស្តី និង​ជា​ឧទាហ​រណ៍​ពី​ការ​ស៊ី​សំណូក និង​អំពើ​ពុក​រលួយ​ក្នុង​ការសាង​សង់​អគារ​គ្មាន​គុណ​ភាព ដែល​បណ្តាល​ឲ្យ​ងាយ​បាក់​រលំ​នោះ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​ ដែល​ខ្ញុំ​បាន​សិក្សា​កន្លង​មក។

នៅ​ប្រទេស ​កម្ពុជា កន្លង​មក​ មាន​ការ​បាក់​ស្រុត​រលំ​ផ្ទះ​សំ​ណ​​​ង់​ចាស់​ជំនាន់​បារាំ​ង​ទាំង​ស្រុង​ផង​​ដែរ​នៅ​ក្បែរ​ផ្សារ​ចាស់​ ដែល​កាល​នោះ​មិន​មាន​មនុ​ស្ស​ស្លាប់​ទេ តែ​មាន​អ្នក​របួស​ធ្ងន់។ ក្រោយ​មក​ទៀត​នៅ​ឆ្នាំ ​២០១​៣ មាន​ការ​បាក់​ពិតាន​អគារ​រោង​ចក្រ​ស្បែក​ជើង​ឈ្មោះ ​Wing Star នៅ​ខេត្តកំពង់ស្ពឺ រោង​ចក្រ​នេះ​ម្ចាស់​ក្រុម​ហ៊ុន​ជាជន​ជាតិ​ចិន​តៃ​វ៉ាន់។ ការ​បាក់​ពិតាន​​នេះ​ធ្វើ​ឲ្យ​កម្មការិនី​ ២ ​នាក់​ស្លាប់​ភ្លាមៗ។​

កាល​ពី​ខែ ​កញ្ញា ឆ្នាំ​ ២០១៨​ ​មាន​ការ​បាក់​អគារ​សំណង់​ ១​ នៅ​ទីក្រុង​នៃ​ខេត្ត​សៀម​រាប​បណ្តាល​ឲ្យ​កម្មក​រ​ម្នាក់​​ស្លាប់​ និង​ ៤ ​នាក់​ផ្សេង​ទៀត​រង​របួស។

រីឯ​នៅ​ខេត្ត​ព្រះ​សីហនុ​ដែល​កំពុង​តែមាន​អគារ​សង់​ខ្ពស់ៗ​ច្រើន​​រីក​ដុះដាល​ដូច​ផ្សិត​ដោ​យ​​ក្រុម​ហ៊ុន​ចិន ​ហើយ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​ មិថុនា មាន​បាក់​រលំ​អគារ​សំណង់​កម្ពស់ ៧ ជាន់​ នៅ​ពេល​ទៀប​ភ្លឺ​ ​ខណៈ​​កម្មករ​កំពុង​តែ​​ដេក​លង់​លក់​​នៅក្នុង​អគារ​ដែល​កំពុង​សាង​សង់​នេះ ដែល​ការ​បាក់​រលំ​នេះ​​ធ្វើ​ឲ្យ​​ស្លាប់​​កម្ម​ករ ​២៨​ នាក់ និង​អ្នក​រង​របួស​ ២៦ ​នាក់។ នេះ​បើ​តាម​របាយ​ការ​​ណ៍​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ។

ការ​បាក់​រលំ​អគារ​ដែល​សង់​ដោយ​ក្រុម​ហ៊ុន​ចិននេះ​គឺ​ជា​សោក​នា​ដកម្ម​មួយ​ដ៏​ធំធេ​ង បន្ទាប់​ពី​ការ​ផ្អើល​ជាន់​គ្នា​នៅ​ស្ពាន​កោះ​ពេជ្រ​ ដែល​មាន​អ្នក​ស្លាប់​ជាង​ ៣០០ ​នាក់​កាល​ពី​ឆ្នាំ​ ២០១០។

មក​ទល់​ពេល​នេះសមត្ថ​កិច្ច​ឃាត់​ខ្លួន​អ្នក​ដែល​ពាក់​ព័ន្ធ​ចំនួន ​៤ ​នាក់ ​ហើយ​​តុលាការក៏​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើ​យ​ផង​ដែរ ខណៈ​ដែល​អភិបាល​ខេត្ត​ព្រះ​សីហនុ លោក យន្ត​ មីន បាន​លា​លែងហើយ​​លោ​ក ញឹម វណ្ណដា អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ត្រូវ​បាន​លោក​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ដក​ពី​តំណែង។

ចុះ​ស្ថាបត្យករ? វិស្វករ​? មេការសំណង់​? ក្រុម​ហ៊ុន​ធានា​រ៉ាប់រង? ជា​​មួយ​គ្នា​​ក៏​មាន​ការ​បន្ទោស​គ្នា និង​ការទម្លាក់​កំហុស​តៗ​គ្នា ហាក់​​បី​​ដូចជា​​មាន​​ការ​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ បើ​ទោះបី​ជា​ក្រុម​​ហ៊ុន​សាង​សង់​នេះ​ត្រូវ​បា​ន​សមត្ថ​កិច្ច​ហាម​ឃាត់​ មិន​ឲ្យ​សាង​សង់​ ២​ ដង​ រួច​មក​ហើ​យ​ក៏ដោយ​ក៏នៅ​តែអាច​សាង​សង់​បាន​ទៅ​មុខ​បន្ត​ទៅ​ទៀត ​តើ​មូល​ហេតុ​អ្វី​ បាន​ជា​ក្រុម​ហ៊ុន​ចិន​នេះ​ធ្វើ​បាន?

ខណៈ​ការ​សាង​សង់​នៅ​ខេត្ត​ព្រះ​សីហនុ​កំពុង​តែ​កើន​ឡើង មាន​ក្រុម​ហ៊ុន​ចិន​មួយ​ចំនួ​ន​ ដើម្បី​រកស៊ី​ឲ្យទា​ន់គេ ពេល​ដែល​ការ​រក​ស៊ី​នៅ​ទីនោះ​កំពុ​ង​តែមាន​កំណើន​ខ្លាំង ​គឺ​គេ​ធ្វើ​​កិច្ច​សន្យា​ការ​សាង​សង់​សម្រាប់​ តែ​រយៈពេល​ខ្លី​ពី​ ១៥​ ឬក៏​ ២០​ ឆ្នាំទេ បន្ទាប់​ពី​នោះ​គឺ​គេប្រគល់​អគារ​ទាំង​នោះ ​ឲ្យ​ម្ចាស់​ដី​ជន​ជាតិ​ខ្មែរ​វិញ​ទាំង​ស្រុង​។ ម្ល៉ោះ​ហើយ​គឺ​គេ​ធ្វើ​យ៉ាង​ណា​សាង​សង់​​ ឲ្យ​បាន​លឿន ភាសា​សាមញ្ញ​ថា​ ដើម្បី​រក​ស៊ី​ឲ្យ​ទាន់​គេ ដោយ​មិន​គិត​​ពី​គុណ​ភាព​នៃ​សំណង់​នោះ​ទេ និង​គ្មាន​អ្នក​មក​ឆែក​ឆេរ​ពិនិត្យ​គុណ​ភាព​សំណង់​នោះ​ទេមើ​ល​​ទៅ​ហាក់​បី​ដូច​ជា​ធ្វើ​មិន​ដឹង​មិន​​ឮ ឬ​ក៏​យក​លុយ​ពី​ក្រុម​ហ៊ុន​ ហើយ​នាំគ្នា​ស្ងាត់ៗ​ទៅ​? នេះ​ហើយ​គឺ​ជា​បញ្ហា។

ម្យ៉ាង​វិញ​ទៀតផ្អែក​តាម​ទឹ្រ​ស្តី​របស់​សុវត្ថិ​ភាព និង​សុខ​ភាព​ នៅ​កន្លែង​ធ្វើការ ​(OSHA)​ គឺ​មាន​ការប្រយ័ត្ន​ប្រយែង​ខ្លាំង ​សម្រាប់​សុវត្ថិភាព​កម្មករ​។ មាន​ន័យ​ថា​ មិន​អាច​អនុញ្ញាត​ឲ្យពួក​គេទៅ​ស្នាក់​នៅ​លើ​អគារ​ពេល​យប់​ដែល​ទើប​តែ​សាង​សង់​ដែក​តមិន​ទាន់​ជាប់​លាប់​ ឬក៏​ស្ងួត​ស៊ីម៉ងត៍ខាំជាប់​គ្នា​ស្រួ​លបួល​ផង​ឲ្យឡើង​ដេក​នៅ​លើ​នោះ​ទេ​គឺមាន​ហានិភ័យ​ខ្ពស់ ​ទៅ​​​លើការ​បាក់​អគារ ឬ​ក៏ឆក់​ខ្សែភ្លើង​ខ្វាត់​ខ្វែង​ជា​មួយ​នឹង​ចម្រឹង​ដែក​ផង ជា​ពិសេស​គឺ​អាចម៍​នោម​នៅ​លើ​ហ្នឹង​ផង។

នៅ​ពេល​មាន​បញ្ហា​បាក់​​អគារ​​ដែល​ជា​គ្រោះ​មហន្ត​រាយ​បង្ក​ដោយ​​ទង្វើ​របស់​មនុស្ស​បែប​នេះ​គឺ​ ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​ផង​ និង​ឯក​ជន​ផង មាន​តែ​ស្វែង​រក​សប្បុរជន​ជួយ​ជំនួយ​ដល់​ជន​រង​គ្រោះ​ទាំង​នោះ​ផង មើល​ទៅ​ជីវិត​កម្មក​រ​​ខ្មែរ​ហាក់​បី​ដូច​ជា​ងាយ​ស្លាប់​ផុយៗ​​ពេក​ហើយ​។ ហេតុ​ដូច្នេះ​ហើយ ​រាជ​រដ្ឋា​ភិបាល​គួរ​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធា​រណៈ​មួយ​ជាលាយ​​លក្ខណ៍​អក្សរ​ក្នុង​ករណី​ឧបទ្ទ​វ​ហេតុ​បាក់​រលំ​អគារ​នេះ និង​ចេញ​ជាផែន​ការ​ក្រប​ខ័ណ្ឌ​ការងារ​មួយ​ជាក់​លាក់​សម្រាប់​គណៈ​កម្មការ​ថ្មី​ សម្រាប់​អនុវត្ត​បញ្ហា​បាក់​រលំ​អគារ។

បទ​ពិសោធប្រទេស​ នីហ្សេ​រី​យ៉ា​ វិ​ញ កាល​ពី​ឆ្នាំ​ ២០១៧ បន្ទាប់​​ពី​មាន​ការ​បាក់​រលំ​អគារ​មក រដ្ឋា​ភិបាល​បាន​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវ និង​បង្កើត​ក្រប​ខ័ណ្ឌ​ផែន​ការ​ក្នុងការ​​ដោះ​ស្រា​​យ​បញ្ហា​បាក់​អគារ​នេះ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​សមត្ថ​ភាព​ក្រុម​ហ៊ុន​សាងសង់ និង​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ការ​បង់​ធានា​រ៉ាប់រង និង​ផែនការ​គ្រប់គ្រង​ទៅ​លើ​សុវត្ថិភាព និង​សុខភាព។

យ៉ាង​ហោច​ណាស់​ក្រុម​ហ៊ុន​សាង​សង់​ ដែល​មាន​វិជ្ជា​ជីវៈ​ត្រូវ​មាន​លក្ខណសម្បត្តិ​ ៧​ យ៉ាង​រួម​មាន ផែន​ការ​មេទី​ក្រុង ក្រុមការ​ងារ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​អចលន​ទ្រព្យស្ថាបត្យ​ករវិស្វ​ករ អ្នក​សាង​សង់ អ្នក​ត្រួត​ពិនិត្យ (ទីតាំង​ភូមិ​សាស្ត្រ​ និង​ព័ត៌​មា​ន) និង​​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាព​ (Okolie, K. C et al, 2017)៕​

ចូល​រួ​ម​ផ្តល់​យោបល់​តាមរយៈ​ soprach.ton​g@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍