បញ្ហា​លិខិត​ស្នាម​បែបបទ​រដ្ឋបាល​សាធារណៈ និង​ឯកសារ​ច្បាប់​បទដ្ឋាន​គតិយុត្ត ដែល​ជួប​បញ្ហា​ខុស​អក្ខរាវិរុទ្ធ​ ឬ​ខ្លឹមសារ​មួយចំនួន​គឺ​អាស្រ័យ​លើ​ស្ថាប័ន និង​ក្រសួង​សាមី​នីមួយៗ​ដែល​ទម្លាប់​ប្រើពាក្យ​ពេចន៍ ឬក៏​ឃ្លាឃ្លោង​របស់​ខ្លួន ដោយ​មិនបាន​ផ្ទៀងផ្ទាត់​​ឲ្យ​ច្បាស់លាស់ បើ​ទោះបី​ជា​មាន​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចសង្ឃ​ ជួន ណាត ឬ​ពាក្យ​ណែនាំ​នៅក្នុង​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ឬ​មួយ​មាន​ទម្រង់​លិខិត​រដ្ឋបាល​ទុក​គ្រាន់​ធ្វើជា​ត្រីវិស័យ​ក៏ដោយ​។ ​

ជួនកាល​ទៅ​លិខិត​ខ្លះ សរសេរ​ឈ្មោះ ឬ​ក៏​តួនាទី​របស់​អ្នក​ដែល​ត្រូវ​ផ្ញើជូន​ហ្នឹង​មិន​ទាំង​ត្រឹមត្រូវ​ផង ធ្វើឲ្យ​ម្ចាស់​សាមីខ្លួន​មិន​ពេញចិត្ត រួច​ក៏​ផ្ញើ​លិខិត​មកកាន់​​ស្ថាប័ន​ដើម​វិញ ដោយសារ​សរសេរ​ឈ្មោះ ឬ​ក៏​តួនាទី​របស់​គេ​ខុស​។ ​

ឧទាហរណ៍​ឈ្មោះ​ថា្នក់ដឹកនាំ​ដែល​ពិបាក​សរសេរ​ហើយ​ពិបាក​ចងចាំ ពោល​គឺ​​បើ​មិន​ធ្លាប់​ឃើញ​ទេ ច្បាស់​ជា​សរសេរ​មិនត្រូវ​ឡើយ​។ ​ករណី​ដូចជា ឈ្មោះ លោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាដើម​។

នេះ​ជា​បញ្ហា​លិខិត​ស្នាម​របស់​ស្ថាប័ន​មួយចំនួន​ដែល​ខ្វះ​ការយក​ចិត្ត​ទុកដាក់ ដោយសារ​មាន​មន្ត្រី​ខ្លះ​ធ្វើការ​ឲ្យ​រួច​តែ​ពី​ដៃ​។ ​ម្យ៉ាងវិញ​ទៀត លិខិត​ស្នាម​ខ្លះ​គឺ​មិន​បាន​បំពេញ​ទៅ​តាម​លំដាប់លំដោយ​នៃ​ដំណាក់កាល​របស់​វា​តែម្តង បើទោះ​ជា​ស្ថាប័ន ឬ​ក៏​ក្រសួងសាមី​បាន​បោះពុម្ព​ក្បាល​សំបុត្រ​ (Letter head) សម្រាប់​បំពេញ​ដែលមាន​និមិត្តសញ្ញា​ស្ថាប័ន កន្លែង​ចុះ​លេខ​កាលបរិច្ឆេទ​ថ្ងៃ ខែ ឆ្នាំ ទាំង​ពុទ្ធសករាជ និង​គ្រិស្តសករាជ និង​​អាសយដ្ឋាន​ក៏ដោយ​។

ពោល​ គឺ​មិនមាន​អ្នកត្រួតពិនិត្យ​ឲ្យ​បាន​យ៉ាងតិច​ ២ ទៅ​ ៣ ​នាក់​លើ​ខ្លឹមសារ​នៃ​លិខិត​នោះ​មុនពេល​ប្រធាន​ចុះហត្ថលេខា​ និង​ប្រថាប់ត្រា​ស្ថាប័ន​នោះទេ​។ រីឯ​ស្ថាប័ន​ខ្លះ​ខ្ជីខ្ជា​ ឬ​ក៏​អាង​តែ​គិតថា​ស្ថាប័ន​ខ្លួនឯង​តូច​គេ​មិនសូវ​ចាប់អារម្មណ៍ ហើយ​បើ​បោះពុម្ព​ក្បាល​សំបុត្រ​គឺ​អស់​លុយ អ៊ីចឹង​ទេ ប្រើ​ក្បាល​សំបុត្រ​តាមរយៈ​កុំព្យូទ័រ​ MS Word ហើយ​ព្រីន​ចេញមក​ដើម្បី​ចុះហត្ថលេខា​រួច​ផ្ញើ​ចេញ ឬ​ក៏​ផ្សព្វផ្សាយ​យកតែ​ម្តង​។

ឧទាហរណ៍​កាលពី​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២០ ​កន្លង​ទៅ​ស្ថាប័ន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ​។ ក៏ប៉ុន្តែ​នៅពេល​ចេញ​ផ្សព្វផ្សាយ​ដំបូង​គឺ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​មិនមាន​ការចុះ​លេខ​លិខិត និង​ការចុះហត្ថលេខា​បំព្រួញ​ភាសា​សាមញ្ញ​ថា គ្រីស​ (Initial) ​នៅ​ខាងចុង​លិខិត​នោះ​​ទេ​។ តែ​ក្រោយមក​ដោយសារ​មាន​ការរិះគន់​ក៏មាន​ការកែតម្រូវ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ភ្លាមៗ​ដែរ​។

រីឯ​ករណី​មួយទៀត​គឺ​ការ​លួច​បញ្ចេញ​លិខិត ឬ​ក៏​ឯកសារ​ផ្លូវការ​ដែល​មិនទាន់​រៀបចំ​ចប់សព្វគ្រប់ ដោយ​នៅ​ត្រឹម​ជា​សេចក្តី​ព្រាង​នៅឡើយ តែ​លិខិត ឬ​ក៏​ឯកសារ​ទាំងនោះ​បាន​ធ្លាយ​ចេញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ស្រកេក​ស្រកាក គ្មាន​លេខ គ្មាន​កាលបរិច្ឆេទ គ្មាន​អ្នកចុះហត្ថលេខា និង​ត្រា​ផង​។

លុះ​ពេល​ជជីក​សួរ​នាំទៅ​​ខាង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​ឆ្លើយ​មកវិញ​ថា ស្ថាប័ន​ដែល​ចេញ​នោះ​ប្រញាប់​ពេក ពោល​គឺ​ត្រូវ​ចេញ​ឲ្យ​ទាន់​សភាពការណ៍​។ ករណី​ស្រដៀង​គ្នា​នេះដែរ គឺ​មាន​អ្នក​លួច​ថត​តែ​ក្បាល​លិខិត​ ឬ​ក៏​ឯកសារ​របស់​រាជរដ្ឋាភិបាល​ហើយ​ថតចម្លង​តែ​ ១ ​ទំព័រ​ដំបូង​រួច​យក​មក​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ព្រោងព្រាត ដូចជា​កា​លពី​ថ្មីៗ​កន្លងមក​នេះ​មាន​ការផ្សព្វផ្សាយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ «​ការអនុញ្ញាត​ឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ​ឈប់​សម្រាក​ការងារ​នៅ​ថ្ងៃទី​ ១៧ ទី​ ១៨ ទី​ ១៩ ទី​ ២០ និង​ទី​ ២១ ​ខែសីហា ឆ្នាំ​ ២០២០» ដើម្បី​ជំនួស​បុណ្យ​ចូលឆ្នាំ​ដែល​មិនបាន​ឈប់​សម្រាក ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ ​ករណី​នេះ​ត្រូវបាន​សារព័ត៌មាន​អនឡាញ​ចេញ​ព្រោងព្រាត​សុទ្ធតែ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​អនុម័ត​ឲ្យ​ឈប់​រយៈពេល ៥ ​ថ្ងៃ​ពីថ្ងៃ​ទី​ ១៧ ​ដល់​ទី​ ២១ ខែសីហា ឆ្នាំ​ ២០២០​។

លុះ​ពេល ពិនិត្យ​មើល​ទៅ​ឯកសារយោង​អនុក្រឹត្យ​ហ្នឹង​ថត​មក​តែ​ ១ ​ទំព័រ​ហើយ​បញ្ឆិត របៀប​លាក់លៀម​ឆក់កណ្ដៀត​ទៀត ដោយ​ឯកសារ​ហ្នឹង​គ្មាន​ចុះ​លេខ​ជាក់លាក់ គ្មាន​កាលបរិច្ឆេទ ហើយ​ពេល​ដែល​យក​មិន​អស់ អ៊ីចឹង​មិន​ឃើញ​មាន​ការចុះ​ហត្ថលេខា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​ក៏​នាយករដ្ឋមន្ត្រី​ស្តី​ទីណា​ម្នាក់ និង​ត្រា​រាជរដ្ឋាភិបាល​នោះទេ​។

អ៊ីចឹង​ហើយ​ឯកសារ​ប្រភេទ​នេះ​​ពិបាក​នឹង​យក​ជា​ផ្លូវការ​ណាស់ ព្រោះ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ទៅ​តាម​បែបបទ​រដ្ឋបាល ហើយ​រាជរដ្ឋាភិបាល​អាច​បដិសេធ​ឯកសារ​នេះ ឬ​ក៏​ឆ្លើយ​​ថា​ជា​ឯកសារ​ក្លែងក្លាយ​បាន​។ ​ហេតុដូច្នេះ​ហើយ​ប្រធាន​ស្ថាប័ន​នានា គួរតែ​ពង្រឹង​ការគ្រប់គ្រង​រាល់​លិខិតស្នាម​ ឬ​ក៏​ឯកសារ​ផ្លូវការ​ពោល​គឺ​ទាល់តែ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​បែបបទ​​រដ្ឋបាល​សឹម​អនុញ្ញាត​ឲ្យ​ចេញ​ផ្សាយ​​ហើយ​ត្រូវ​ហាម​បញ្ចេញ​ឯកសារ ខណៈ​លិខិត​នោះ​ស្ថិតនៅ​ត្រឹមតែ​ជា​សេចក្តី​ព្រាង​នៅ​ឡើយ​នោះ ពីព្រោះ​វា​អាច​​មាន​បញ្ហា​នៅពេល​ដែល​ព័ត៌មាន​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​ក៏​ក្លាយ​ទៅ​ជា​ព័ត៌មាន​មិន​ពិត​វិញ​។

សារៈសំខាន់​នៃ​ការចុះ​លេខ និង​កាលបរិច្ឆេទ​របស់​លិខិត ឬ​ក៏​ឯកសារ​ផ្លូវការ​របស់​ស្ថាប័ន​ ឬ​ក្រសួង​គឺ​ការរៀបចំ​ទុកដាក់​ឯកសារ​ឲ្យ​មាន​របៀបរៀបរយ និង​ការយក​មក​ធ្វើ​ជា​ឯកសារ​​យោង​បាន​។ ​

យ៉ាងណា​មិញ​រាល់​លិខិត​ស្នាម និង​ឯកសារ​ផ្លូវការ​ត្រូវតែ​មាន​លេខា​ជំនួយការ​រដ្ឋបាល និង​មន្ត្រីបច្ចេកទេស​ពិនិត្យមើល​ខ្លឹមសារ អក្ខរាវិរុទ្ធ ឈ្មោះ និង​តួនាទី​ឲ្យ​ត្រឹមត្រូវ​រួចហើយ​ត្រូវ​ចុះហត្ថលេខា​បំព្រួញ​ដែល​​ភាសា​សាមញ្ញ​ថា​គ្រីស​ទាំងអស់​គ្នា​នៅ​​ខាងចុង​បញ្ចប់​នៃ​លិខិត ឬក៏​នៅ​ចុងបញ្ចប់​នៃ​កាលបរិចេ្ឆទ ប្រសិន​បើ​លិខិត​នោះ​ដាក់​កាលបរិច្ឆេទ​នៅ​ខាងក្រោម​​មុន​ដាក់ជូន​ប្រធាន ឬ​ក៏​មន្ត្រី​ដែលមាន​សិទ្ធិ​ចុះហត្ថលេខា​នោះ​។ ​អ្នក​ដែល​បាន​ចុះហត្ថលេខា​បំព្រួញ​ហ្នឹង​មាន​ន័យថា​អ្នកនោះ​បាន​អាន និង​យល់ស្រប​លើ​ខ្លឹមសារ​នៃ​លិខិតស្នាម និង​ឯកសារ​​ផ្លូវការ​រួចហើយ​ពោល​គឺ​ពួកគេ​ក៏មាន​ការទទួល​ខុសត្រូវ​ផងដែរ​។

ក៏ប៉ុន្តែ​ប្រសិន​បើ​មាន​មន្ត្រី​ណា​ដែល​នៅ​មិនទាន់​មាន​ចំណេះដឹង​ផ្នែក​តាក់តែង​លិខិត​ស្នាម ឬ​ក៏​ឯកសារ​រដ្ឋបាល​ជា​ផ្លូវការ គឺ​អង្គភាព​គួរតែ​បញ្ជូន​ទៅ​​បណ្តុះបណ្តាល​បន្ថែម​នៅ​សាលា​ភូមិន្ទរដ្ឋបាល ឬ​ក៏​ការរៀន​បង់ថ្លៃ​ផ្នែក​រដ្ឋបាល​សាធារណៈ​ជាដើម​។ ​កន្លងមក​ទាំង​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​បញ្ជូន​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តាម​បែបបទ​រដ្ឋបាល​ឲ្យ​មក​រៀន​នៅ​សាលា​ភូមិន្ទរដ្ឋបាល​ដើម្បី​បំប៉នបន្ថែម​ឲ្យ​យល់ដឹង​ស៊ីជម្រៅ​ពី​របៀប​ធ្វើការ​តាម​បែបបទ​រដ្ឋបាល​ដែល​មាន​ស្ដង់ដា​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​។ ពីព្រោះ​ថា បញ្ហា​លិខិត​ស្នាម​កន្លង​មក​គឺមាន​មន្ត្រី​បច្ចេកទេស​ខ្លះ​បាន​វាយតម្លៃ​ទាប​លើ​ការងារ​នេះ​​ហើយ​ចេះ​តែ​ធ្វើឲ្យ​តែ​បានៗ​ទៅ​។

តែមាន​ឆ្ងល់​ខ្លួនឯង​ទេ​ថា ហេតុអ្វី​បាន​ជា​ដាក់​លិខិត​រួចហើយ គេ​មិន​ព្រម​​ឆ្លើយតប​មកវិញ​? ​ឬ​ក៏​ជួនកាល​គេ​ផ្ញើលិខិត​នោះមក​វិញ​ឲ្យ​កែ​ឈ្មោះ ឬ​តួនាទី ឬ​ក៏​ឲ្យ​ចុះ​លេខ​ក្នុង​លិខិត​នោះ​ឲ្យ​​បាន​ត្រឹមត្រូវ មុនពេល​គេ​ឆ្លើយតប​តាម​លេខ​លិខិត​ហ្នឹង​ជាថ្មី​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com