ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ វិជ្ជាជីវៈ​មេធាវី​មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ បញ្ហា​ប្រឈម​ក្នុង​ស្រុក​ក៏ដូចជា​ទូទាំង​ពិភពលោក​បាន​ផ្លាស់ប្តូរ​ការប្រកប​វិជ្ជាជីវៈ​មេធាវី និង​បេសកកម្ម​របស់​មេធាវី​ដែល​ផ្តោតលើ​ការបម្រើ​វិស័យ​យុត្តិធម៌ និង​ផលប្រយោជន៍​សាធារណៈ​ទៅជា​ការធ្វើ​អាជីវកម្ម​ដើម្បី​បាន​ប្រាក់​ចំណេញ​។

យោង​ទៅ​តាម​ទ្រឹស្តី​របស់​លោក ដាវីន (Darwin) ការវិវឌ្ឍ​ និង​ការជ្រើសរើស គឺជា​មធ្យោបាយ​តាម​ធម្មជាតិ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការរស់រាន​មាន​ជីវិត​នៃ​ពូជសត្វ​មួយ​ចំនួន​។ មាន​តែ​ពូជ​សត្វ​ដែល​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការផ្លាស់ប្តូរ​នៃ​បរិស្ថាន​ទេ​ដែល​អាច​​រស់​បាន​បើ​មិន​ដូច្នោះ​ទេ​ពូជ​សត្វ​នោះ​នឹងត្រូវ​បាន​ជំនួស​ដោយ​ពូជ​សត្វ​ថ្មី​ដែល​អាច​សម្រប និង​​វិវឌ្ឍ​ខ្លួន​បាន​។

ចំណែកឯ​វិជ្ជាជីវៈ​មេធាវី​វិញ​នៅក្នុង​ឆ្នាំ​ ១៩៩៥ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងជា​ស្ថាប័ន​ស្វ័យ​គ្រប់គ្រង​មួយ​ដើម្បី​គ្រប់គ្រង​វិជ្ជាជីវៈ​ឯករាជ្យ និង​សេរី​ដែល​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​។ ​មាន​តែ​មេធាវី​ដែល​ជា​សមាជិក​គណៈមេធាវី​តែប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​។

ជាទូទៅ​គេ​រំពឹងថា ​មេធាវី​នឹង​បំពេញ​មុខងារ​បម្រើ​ផលប្រយោជន៍​សាធារណៈ ច្រើន​ជាង​ការយកចិត្ត​ទុកដាក់​ទៅលើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មេធាវី​ត្រូវ​បាន​បណ្តុះបណ្តាល​ជា​ចម្បង​សម្រាប់​ការការពារ​ក្តី​នៅក្នុង​តុលាការ ផ្តោតលើ​ច្បាប់​រដ្ឋ​ប្បវេណី និង​ព្រហ្មទណ្ឌ នីតិវិធី​រដ្ឋប្បវេណី និង​នីតិវិធី​ព្រហ្មទណ្ឌ​។ ​មេធាវី​មាន​កាតព្វកិច្ច​គិតពី​ផលប្រយោជន៍​សាធារណៈ​ និង​ផលប្រយោជន៍​កូនក្ដី​របស់​ខ្លួន​ឱ្យ​ធំ​ជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ក្នុង​នាម​ជា​អ្នកច្បាប់​នៃ​តុលាការ​មេធាវី​ដើរតួនាទី​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការចូលរួម​សហការ​គ្រប់គ្រង​ដំណើរការ​យុត្តិធម៌​ជាមួយ​មន្ត្រី​តុលាការ​។ មេធាវី​មាន​តួនាទី​ការពារ​សិទ្ធិ​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​អប់រំ​ពួកគេ​អំពី​សិទ្ធិ​ និង​កាតព្វកិច្ច​ក្នុង​ការគោរព​ច្បាប់ និង​លើកស្ទួយ​នីតិរដ្ឋ​ដើម្បី​ការពារ​យុត្តិធម៌​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។

ក្នុង​គោលដៅ​ទាំងនេះ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​បាន​កំណត់​រៀបចំ​វិជ្ជាជីវៈ​មេធាវី​ដោយ​ចែង​ដាក់​កម្រិត​ឱ្យមាន​វិសមិតភាព​ជាមួយ​មុខងារ​ជា​មន្ត្រីរាជការ​សាធារណៈ​ការប្រកបរបរ​ពាណិជ្ជកម្ម និង​ការទទួល​អាណត្តិ​ជា​អ្នកតំណាងរាស្ត្រ​។ បើ​និយាយ​ក្នុងន័យ​ទូលាយ មេធាវី​គួរ​មាន​វិសមិតភាព​ជាមួយ​មុខងារ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ មិន​ត្រឹមតែ​ជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ទេ តែ​នៅតាម​ស្ថាប័នរដ្ឋ​នានា​ដែលមាន​ការបោះឆ្នោត​ជ្រើសរើស​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ប្រជាពលរដ្ឋ​ផងដែរ​។

ការដាក់​លក្ខខណ្ឌ​តម្រូវ​ទាំងនេះ គឺ​ក្នុង​គោលបំណង​សំខាន់​ធានា​ឱ្យបាន​ប្រសិទ្ធភាព​នូវ​ឯករាជភាព​នៃ​វិជ្ជាជីវៈ​ចៀសវាង​ទំនាស់​ផលប្រយោជន៍ ការការពារ​ការសម្ងាត់​វិជ្ជាជីវៈ និង​ផលប្រយោជន៍​សាធារណៈ​។ ទោះបីជា​យ៉ាងណា ខ្ញុំ​កត់សម្គាល់​ថា​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​មកនេះ​ឧត្តមគតិ​នៃ​ “​ការបម្រើ​វិស័យ​យុត្តិធម៌​” ត្រូវ​បាន​ក្លាយជា​អាទិភាព​ទី​ ២ ​ទៅហើយ​។

នាពេល​សព្វថ្ងៃនេះ អ្នក​ប្រកប​វិជ្ជាជីវៈ​មេធាវី​បែរជា​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​ប្រាក់ចំណូល​ ឬ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផ្នែក​នយោបាយ​ទៅវិញ​។ វិវាទ​រវាង​គុណតម្លៃ​វិជ្ជាជីវៈ និង​គោលដៅ​នយោបាយ និង​ពាណិជ្ជកម្ម​ត្រូវបាន​លេចចេញ​ជា​រូបរាង​កាន់តែច្បាស់​ក្នុងសង្គម​។

មេធាវី​មួយចំនួនធំ​ដែល​ជ្រក​ក្រោមលេស​នៃ​ការស្ម័គ្រចិត្ត​ ឬ​ការផ្តល់​សេវាកម្ម​ច្បាប់​ដោយ​ឥតគិត​កម្រៃ​បាន​ភ្ជាប់​ទំនាក់ទំនង​ខ្លួនគេ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកដឹកនាំ​នយោបាយ និង​ស្ថាប័នរដ្ឋ​ផ្សេងៗ​។ វា​ពិតជា​ពិបាក​យល់ថា​ហេតុផល​អ្វី​បាន​ជា​មេធាវី​ចាំបាច់​ចុះកិច្ចសន្យា​ ឬ​អនុស្សរណៈ​ជាមួយ​ក្រសួង ឬ​ស្ថាប័នរដ្ឋ​នៃ​អំណាច​នីតិប្រតិបត្តិ​ដើម្បី​ស្ម័គ្រចិត្ត​ផ្តល់​ការការពារ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​? តើ​មេធាវី​គួរ​ការពារ​ភាគី​រដ្ឋ ឬ​ប្រជាពលរដ្ឋ​នៅពេល​ពួកគេ​មាន​ទំនាស់​នឹង​គ្នា​?

បើ​គិត​ឱ្យ​វិជ្ជមាន​បន្តិច​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​នយោបាយ ពិតជា​បាន​បង្កើន​ឱកាស​ការងារ​សម្រាប់​មេធាវី​ និង​លើកកម្ពស់​ការទទួល​ស្គាល់​ឋានៈ​នយោបាយ​របស់​ពួកគេ​នៅក្នុង​ជួរ​រដ្ឋាភិបាល​។ ប៉ុន្តែ​ទំនាក់ទំនង​បែបនេះ ក៏បាន​បង្កើត​នូវ​រូបភាព​ដ៏ច្របូកច្របល់​ និង​អាច​កាត់បន្ថយ​តម្លៃ​ស្នូល​របស់​មេធាវី​ដែល​មេធាវី​ត្រូវមាន​ឯករាជភាព សេរីភាព​នៃ​ការជ្រើសរើស សុចរិតភាព​ និង​ភាពស្មោះត្រង់​ក្នុង​ការបម្រើ​វិស័យ​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ​។

លើសពីនេះ​ទៀត​ទំនាក់ទំនង​នេះ​ហាក់​មិនបាន​ចូលរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​មកលើ​សេវា​សាធារណៈ​ និង​សេវា​យុត្តិធម៌​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​នោះទេ​។ ខ្ញុំ​កត់សម្គាល់ថា បញ្ហា​នៃ​ការខ្វះ​ទំនុកចិត្ត​លើ​សេវា​យុត្តិធម៌ ត្រូវបាន​គេ​ទទួលស្គាល់​ថា​ជា​បញ្ហា​ប្រឈម​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​ការព្យាយាម​ណាមួយ​ក្នុង​ការគ្រប់គ្រង​លើ​វិជ្ជាជីវៈ​មេធាវី​ដោយ​ស្ថាប័នរដ្ឋ អាច​មិន​ស្របទៅនឹង​គោលបំណង និង​សកម្មភាព​ជា​អាទិភាព​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ឡើយ​។ មានតែ​ក្នុងសង្គម​មិន​ប្រជាធិបតេយ្យ​ទេ​ដែល​រដ្ឋាភិបាល​ពួកគេ​ព្យាយាម​ធ្វើ​ដូច្នេះ​។

មេធាវី​គួរតែ​បម្រើ​វិស័យ​យុត្តិធម៌ ដោយ​ដើរតួនាទី​ជា​អ្នក​សម្រុះសម្រួល​រវាង​រដ្ឋ និង​ប្រជាពលរដ្ឋ​នៅពេល​ដែល​ពួកគេ​មាន​វិវាទ​នឹង​គ្នា ដែល​ភាគច្រើន​វិវាទ​អាច​កើតឡើង​នៅពេល​ដែល​សិទ្ធិ​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​រំលោភបំពាន​ដោយ​អាជ្ញាធរ​រដ្ឋ​។ មេធាវី​ក៏​អាច​ផ្តល់​យោបល់​ជូន​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​រដ្ឋ​អំពី​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​ពួកគេ​ដើម្បីឱ្យ​ពួកគេ​គោរព និង​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​ផងដែរ​។ មេធាវី​អាចធ្វើ​ការជ្រើសរើស​ក្នុងការ​តំណាង​រដ្ឋ​ ឬ​តំណាង​ប្រជាពលរដ្ឋ​ដោយ​ផ្តល់យោបល់​ឱ្យ​ពួកគេ​ដោយ​ឯករាជ្យ និង​ឥតលម្អៀង​។ ជាក់ស្តែង មេធាវី​បាននិង​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ និង​សម្ពាធ​ជាច្រើន​ទាំងពី​ខាងក្នុង និង​ខាងក្រៅ​វិជ្ជាជីវៈ​របស់​ពួកគេ​។

ពី​ទិដ្ឋភាព​ខាងក្នុង​វិជ្ជាជីវៈ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​មេធាវី​បានធ្វើឱ្យ​មាន​ការជំនន់​មេធាវី​ក្នុង​ទីផ្សារ​ផ្នែក​ច្បាប់​។ ក្នុង​រយៈពេល​តែ ៤ ​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ចំនួន​មេធាវី​បាន​កើនឡើង​ទ្វេដង ទាំង​តាមរយៈ​ការប្រឡង​ជ្រើសរើស​ប្រចាំ​ឆ្នាំ និង​តាមរយៈ​ការទទួល​ឱ្យចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ពី​គណៈមេធាវី​ដោយផ្ទាល់​។ ការកើនឡើង​គំហុក​នៃ​ចំនួន​មេធាវី​នេះ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​របស់​គណៈមេធាវី​ដើម្បី​ធានា​ឱ្យបាន​នូវ​សមត្ថភាព​ក៏​ដូចជា​គុណវុឌ្ឍិ​របស់​មេធាវី​។ វា​ក៏​អាច​មានន័យថា ជា​ការកាត់បន្ថយ​ប្រាក់ចំណូល​របស់​មេធាវី​ដោយសារ​តែមាន​ការប្រកួតប្រជែង​ខ្លាំង​ក្នុង​ចំណោម​មេធាវី​ដូចគ្នា​លើ​ទីផ្សារ​ផងដែរ​។

ស្ថានភាព​នេះ​បានដាក់​សម្ពាធ​ដល់​មេធាវី​ឱ្យ​ទម្លាក់​តម្លៃ​នៃ​កម្រៃ​សេវាកម្ម​ច្បាប់​កាត់បន្ថយ​គុណភាព​នៃ​សេវាកម្ម​ច្បាប់ និង​ស្ដង់ដា​វិជ្ជាជីវៈ​ដែល​ពួកគេ​ផ្ដល់ជូន​កូនក្ដី​ហើយ​ក្នុង​ករណី​ខ្លះ​ក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុចរិតភាព​របស់​ពួកគេ​ផងដែរ​។ បុគ្គល​ដែលមាន​បំណង​ចង់​ក្លាយ​ជា​មេធាវី​ដើម្បី​ក្លាយជា​អ្នកមាន​ប្រាក់​ច្រើន​នឹង​ពិបាក​សម្រេច​បំណង​របស់​ខ្លួន​បាន​ណាស់​ ដោយសារ​តែ​ពួកគេ​មាន​ចំណាយ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ច្រើន​ជាង​ចំណូល​ដែល​ពួកគេ​អាច​រកបាន​។

ក្រៅពី​បញ្ហា​ប្រឈម​ផ្នែក​សង្គម​ចំពោះ​ការរស់នៅ​របស់​មេធាវី​ពួកគេ​ក៏​ជួបប្រទះ​នូវ​ភាពប្រទាំង​ប្រទើស​នៅក្នុង​វិជ្ជាជីវៈ​របស់​ពួកគេ​ផងដែរ​។ មេធាវី​ហាក់​ត្រូវ​បាន​បង្ខំ​ដោយ​ចេតនា​ក្តី​ ឬ​ដោយ​អចេតនា​ក្តី​ឱ្យ​ជ្រើសរើស​យក​ប្រកប​វិជ្ជាជីវៈ​តាមបែប​អាជីវកម្ម​ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ជាជាង​ការផ្តល់​អាទិភាព​លើ​ការរក្សា​ឯករាជភាព និង​ការការពារ​យុត្តិធម៌​សង្គម​។

ជា​ទ្រឹស្តី​មេធាវី​ដែល​ទើបនឹង​ទទួល​ឱ្យ​ប្រកប​វិជ្ជាជីវៈ​ត្រូវបាន​គេ​រំពឹងថា នឹង​ដើរតួ​យ៉ាងសំខាន់​ដើម្បី​បម្រើ​វិស័យ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ជា​អកុសល​ខ្ញុំ​គិតថា មេធាវី​ដែល​ទើប​នឹង​ទទួល​ឱ្យ​ប្រកប​វិជ្ជាជីវៈ​មួយចំនួន​ដូចជា​កំពុង​ខិតខំ​ស្វែងរក​ប្រាក់ចំណូល​របស់ខ្លួន​ជា​ជាង​ការបម្រើ​ផលប្រយោជន៍​សាធារណៈ​។ បញ្ហា​នេះ​ក៏​ព្រោះតែ​ពួកគេ​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​សម្រាប់​ការទទួល​ឱ្យចូល​ប្រកប​វិជ្ជាជីវៈ​ការបណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ និង​ការរៀបចំ​ការប្រកប​វិជ្ជាជីវៈ​ច្បាប់​របស់​ពួកគេ​។

គេ​អាច​សួរថា ហេតុអ្វី​បាន​ជា​មេធាវី​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ការទទួល​ឱ្យចូល​ប្រកប​វិជ្ជាជីវៈ​ត្រូវ​ផ្តល់​អាទិភាព​ដល់​ផលប្រយោជន៍​សាធារណៈ​ ឬ​ការផ្តល់​សេវាកម្ម​ច្បាប់​ដោយ​ឥត​គិត​កម្រៃ ជា​ជាង​ការស្វែងរក​ប្រាក់ចំណូល​ផ្ទាល់ខ្លួន​? ​មេធាវី​មួយចំនួន​ប្រហែល​ជា​បាន​ខ្ចីប្រាក់​ពី​ឪពុកម្តាយ​សាច់ញាតិ ឬ​មិត្តភក្តិ​ដើម្បី​បង់​​កម្រៃ​សិក្សា ហើយ​បំណុល​ទាំងនេះ​ចាំបាច់​ត្រូវ​សង​ជា​បណ្តើរៗ​តាម​ពេលវេលា​កំណត់​។

មេធាវី​ក៏​ជួបប្រទះ​ជាមួយ​នឹង​បញ្ហា​ប្រឈម និង​សម្ពាធ​ពី​ទិដ្ឋភាព​ខាងក្រៅ​វិជ្ជាជីវៈ​ផងដែរ​។ សព្វថ្ងៃនេះ មេធាវី​មិន​ត្រឹមតែ​ប្រកួតប្រជែង​ជាមួយ​នឹង​លំហូរ​ចូល​នៃ​មេធាវី​បរទេស​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ប្រកួតប្រជែង​ជាមួយនឹង​ស្ថាប័នរដ្ឋ​របស់​ពួកគេ​ទៀតផង​។ រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ស្ថាប័ន​សាធារណៈ​កាន់តែ​ច្រើនឡើងៗ ដែល​ចាប់ផ្ដើម​ផ្តល់​សេវា​ប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​គិត​កម្រៃ​សេវាកម្ម​។ ឧទាហរណ៍​ធនាគារជាតិ​នៃ​កម្ពុជា​គិត​កម្រៃ​សេវា​ពិគ្រោះ​យោបល់​លើ​ច្បាប់​ និង​បទប្បញ្ញត្តិ​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គិត​កម្រៃ​សេវា​ពិគ្រោះ​យោបល់​លើ​ច្បាប់​ និង​បទប្បញ្ញត្តិ​ស្ដីពី​បរធនបាលកិច្ច​ហិរញ្ញវត្ថុ​ និង​ច្បាប់​និង​បទប្បញ្ញត្តិ​ផ្សេងៗ​ទៀត​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ រដ្ឋបាល​សារពើពន្ធ​មាន​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ស្រប​ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​មាន​ភ្នាក់ងារ​តំណាង​ស្របច្បាប់​ក្នុង​ការស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ជាដើម​។​ល​។

បើទោះបី​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​អនុញ្ញាត​ឱ្យតែ​សមាជិក​នៃ​គណៈមេធាវី​ផ្តល់​សេវា​ប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​គិត​កម្រៃ​សេវា​ក៏ដោយ​ក៏មាន​ស្ថាប័នរដ្ឋ​ផ្សេង​ទៀត​បាន​បង្កើត​បទប្បញ្ញត្តិ​ផ្ទាល់ខ្លួន​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​គិត​កម្រៃ​សេវា​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ ឬ​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​របស់​ពួកគេ​ដែល​មិនមែន​ជា​មេធាវី​ផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់​ដោយ​គិត​កម្រៃ​សេវាកម្ម​ផងដែរ​។

បន្ថែម​ពីលើ​នេះ​ចលនា​សកល​ភាវូបនីយកម្ម​ និង​តំបន់​ភាវូបនីយកម្ម​បានដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា​ ឱ្យ​ធ្វើ​សេរីភាវូបនីយកម្ម​សេវាកម្ម​ផ្នែក​ច្បាប់​របស់​ខ្លួន​។ ប្រទេស​កម្ពុជា​ បាន​ចូល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​ ១៩៩៩ និង​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​ ២០០៤​។ សមាជិកភាព​ទាំងនេះ​បាន​បង្ខំ​ឱ្យ​ប្រទេស​កម្ពុជា​បើកចំហ​ទីផ្សារ​ផ្នែក​ច្បាប់​របស់​ខ្លួន​ដល់​មេធាវី​បរទេស​។

មេធាវី​បរទេស​ (​ខ្លះ​មិនមែន​ជា​មេធាវី​ទៀតផង​) បាន​លបលួច​ប្រកប​វិជ្ជាជីវៈ​ក្រោមរូបភាព​ប្រើប្រាស់​មេធាវី​កម្ពុជា​ ១ ​ឬ​ ២ ​នាក់ ដើម្បី​ធ្វើជា​ខែល​បាំង​ការប្រកប​វិជ្ជាជីវៈ​របស់​ពួកគេ ពួកគេ​ខ្លះ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ដើម្បី​បម្រើ​ការងារ​ឱ្យ​កូនក្តី​របស់​ពួកគេ​។

ក្រុមហ៊ុន​គណនេយ្យ​ និង​សវនកម្ម ឬ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ធុរកិច្ច​មួយចំនួន​ក៏បាន​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដើម្បី​ផ្តល់​ការប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈមេធាវី​ផងដែរ​។ ទង្វើ​ដែល​មិនមាន​ច្បាប់ទម្លាប់​បែបនេះ​បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​មេធាវី​កម្ពុជា​។ ដោយ​ពិចារណា​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​ខាងលើ​នេះ​ខ្ញុំ​ជឿជាក់​ថា មេធាវី​កម្ពុជា​ចាំបាច់​ត្រូវ​គិតគូរ​ឡើងវិញ​អំពី​ការប្រកប​វិជ្ជាជីវៈ​មេធាវី​របស់​ពួកគេ​ដើម្បី​អាចឈរជើង​លើ​ទីផ្សារ​ដ៏ប្រកួតប្រជែង​នេះ​បាន​។ ក្រសួង​យុត្តិធម៌​ និង​គណៈមេធាវី​ក៏​គួរតែ​យកចិត្ត​ទុកដាក់​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ជា​អាទិភាព​។

បន្ថែម​ពីលើ​ចំណេះដឹង​ច្បាប់​ដែល​ត្រូវមាន​មេធាវី​ចាំបាច់​ត្រូវ​មាន​យុទ្ធសាស្ត្រ​អាជីវកម្ម​ត្រឹមត្រូវ​មាន​ផ្នត់គំនិត​សហគ្រិន និង​មាន​ជំនាញ​គ្រប់គ្រង​វិជ្ជាជីវៈ ដើម្បី​ប្រកប​វីជ្ជាជីវៈ​របស់​ពួកគេ​ឱ្យបាន​ជោគជ័យ​នាពេល​បច្ចុប្បន្ន​នេះ​។ ហេតុដូច្នេះ​ពួកគេ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ការប្រកប​វិជ្ជាជីវៈ​តាមបែប​ប្រពៃណី​ក្នុង​នាម​ជា​ឯកបុគ្គលភាព​ ឬ​ភាព​ជា​ដៃគូ​ដែលមាន​ភាព​ធូររលុង​មក​ជា​ការប្រកប​វិជ្ជាជីវៈ​ដែលមាន​លក្ខណៈ​ពាណិជ្ជកម្ម និង​អាច​ផ្លាស់ប្ដូរ​តាម​បរិបទ​។

មេធាវី​កម្ពុជា​ចាំបាច់​ត្រូវ​សាមគ្គី​គ្នា សហការ​រួមបញ្ចូល​គ្នា​ទាំង​ជំនាញ និង​ធនធាន​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដើម្បី​ធ្វើ​ទំនើប​ភាវូបនីយកម្ម​នៃ​ការប្រកប​វិជ្ជាជីវៈ​ដែល​អាច​ផ្តល់​ជា​ជម្រើស​សម្រាប់​សហគមន៍​ពាណិជ្ជកម្ម​ទើប​ពួកគេ​មិនចាំបាច់​ពឹងផ្អែក​តែ​លើ​មេធាវី​មកពី​ស្រុក​របស់គេ​។

មាន​ហេតុផល​ជំរុញ​ជាច្រើន​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ធានា​នូវ​ឯករាជភាព និង​សិទ្ធិអំណាច​នៃ​គណៈមេធាវី​។

រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​យុត្តិធម៌​ត្រូវ​ផ្ដល់ជំនួយ​ដ៏សមស្រប និង​ទាន់​ពេលវេលា​ដល់​គណៈមេធាវី​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់ និង​បទប្បញ្ញត្តិ​របស់ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការប្រកប​វិជ្ជាជីវៈ​សម័យ​ទំនើប ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​ប្រតិបត្តិការ​របស់​គណៈមេធាវី​ក៏​ដូចគ្នា​សម្រាប់​ការអប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​មេធាវី​។

រាជរដ្ឋាភិបាល​ត្រូវបង្កើត​បរិយាកាស​អំណោយផល​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​ដល់​មេធាវី​ក្នុង​ការប្រកប​វិជ្ជាជីវៈ​របស់ខ្លួន​ប្រកប​ដោយ​ឯករាជភាព និង​គោរព​ក្រមសីលធម៌​ដើម្បីឱ្យ​ពួកគេ​ក្លាយជា​ចលករ​សម្រាប់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​សង្គម​កម្ពុជា​។

គណៈមេធាវី​ត្រូវ​ចូលរួម​យ៉ាងសកម្ម​បំពាក់បំប៉ន​ចំណេះដឹង និង​ជំនាញ​ដែល​ចាំបាច់​ដល់​មេធាវី​ដើម្បី​ពង្រឹង​នូវ​ស្តង់ដា​វិជ្ជាជីវៈ ជាពិសេស​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​។ គណៈមេធាវី​ត្រូវ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការបង្កើត​គោលនយោបាយ និង​ការចូលរួម​ជា​សាធារណៈ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​របស់​មេធាវី​ក្នុង​ការផ្តល់​សេវាកម្ម​ក្នុងសង្គម​។

លើស​ពីនេះ​គណៈមេធាវី​ត្រូវមាន​ភាពក្លាហាន​បន្ថែម​ទៀត ដើម្បី​ប្រឈមមុខ​តវ៉ា​ជាមួយ​ស្ថាប័ន​នានា មេធាវី​បរទេស ឬ​បុគ្គល​ដែល​មិនមែន​ជា​មេធាវី​ទាំងឡាយ​ណាមួយ​ដែល​ព្យាយាម​រំលោភបំពាន​លើ​វិជ្ជាជីវៈ​មេធាវី ធានា​ការពារ​ផលប្រយោជន៍​សមាជិក​មេធាវី និង​ទាមទារ​ឯករាជភាព​​របស់ខ្លួន​ឱ្យបាន​។

គណៈមេធាវី​ត្រូវមាន​ចក្ខុវិស័យ និង​ផែនការ​ច្បាស់លាស់​ដើម្បី​បង្កើន​កម្រិត​នៃ​ការប្រកប​វិជ្ជាជីវៈ​របស់​មេធាវី​កម្ពុជា​ដែល​អាច​ផ្ដល់​សេវាកម្ម​ច្បាប់​របស់ខ្លួន​ទៅកាន់​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ និង​កសាង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​នៅលើ​ឆាក​អន្តរជាតិ​។

ប្រសិន​បើ​គ្មាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ចក្ខុវិស័យ​ច្បាស់លាស់​ពី​ថ្នាក់ដឹកនាំ​នៃ​គណៈមេធាវី និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេ​ប្រទេស​កម្ពុជា​អាច​នៅតែ​បន្ត​ធ្វើជា​អ្នក​នាំចូល​ប្រើប្រាស់​សេវាកម្ម​ផ្នែក​ច្បាប់​របស់​មេធាវី និង​ក្រុមហ៊ុន​បរទេស​ហើយ​ទីផ្សារ​ផ្នែក​ច្បាប់​របស់​កម្ពុជា​នឹង​ត្រូវបាន​ចែករំលែក​ទៅឱ្យ​ពួកគេ​បន្តិច​ម្ដងៗ​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​។ ជា​លទ្ធផល​ការប្រកួតប្រជែង​លើ​ទីផ្សារ​កាន់តែខ្លាំង​ទៅៗ​ដែល​នឹង​បង្កើត​ការលំបាក និង​ជះឥទ្ធិពល​ដល់​ការឈរជើង​លើ​ទីផ្សារ​របស់​មេធាវី​កម្ពុជា​។

មេធាវី​ផ្ទាល់ខ្លួន​ក៏ត្រូវ​ក្រោកឈរ​ឡើង​ដើម្បី​ការពារ​ឯករាជភាព​របស់​គណៈមេធាវី និង​ផ្តល់​សិទ្ធិអំណាច​ដល់​គណៈមេធាវី​ក្នុង​ការរក្សា​ជា​ស្ថាប័ន​ស្វ័យគ្រប់គ្រង​ទ្រទ្រង់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការគាំទ្រ និង​ការពារ​ផលប្រយោជន៍​របស់​សមាជិក និង​សង្គម​។

គណៈមេធាវី​ដែលមាន​មូលនិធិ​តិចតួច​នឹង​មិន​អាចមាន​លទ្ធភាព​ជួយ​ទ្រទ្រង់​ដល់​សមាជិក​របស់ខ្លួន​ក្នុង​ការប្រកួតប្រជែង​លើ​ទីផ្សារ​ប្រកួតប្រជែង​ឡើយ​។ មេធាវី​ផ្ទាល់​ត្រូវ​ចាប់យក​រាល់​ឱកាស​ទាំងឡាយណា​ដែលមាន​ក្នុងការ​បង្កើន​ចំណេះដឹង និង​ជំនាញ​ធ្វើ​របស់​ខ្លួន ហើយ​ពួកគេ​ត្រូវ​រក្សា​យ៉ាង​ហ្មត់ចត់​នូវ​ស្តង់ដា​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ដ៏ខ្ពង់ខ្ពស់​របស់ខ្លួន​៕

លោក លី តៃសេង​ ​សាស្ត្រាចារ្យ​ច្បាប់ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេធាវី និង​មន្ទីរ​សារការី អេច ប៊ី អេស