មេៗ​មួយ​ចំនួន​ឃើញ​តែ​សម្ញែង​ដាក់​គ្នា​រឿង​ដូរ​សៀវភៅ​ប៉ាស្ព័រ​អស់ ៤ ទៅ​ ៥ ​ក្បាល​ហើយ ដោយសារ​ការដើរ​ទៅ​បរទេស​ច្រើន​ពេក តាមរយៈ​ការងារ​ចូលរួម​ប្រជុំ​ក្តី សន្និសីទ​អន្តរជាតិ​ក្តី សិក្ខា​សាលាក្តី វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ក្តី ទៅ​កម្មសិក្សា​ក្តី​ជាដើម​។

មេៗ​ខ្លះ​ទៀត​បង្ហាញ​សាច់ដុំ​ថា ខ្លួន​មាន​សិទ្ធិ​ជាង​គេ​កាន់​ប៉ាស្ព័រ​ដល់​ទៅ​ ២ ឬ ៣ ​សញ្ជាតិ​បត់បែន​ទៅ​តាម​ប្រទេស​ដែល មិន​ចំណាយ​លុយ​ទៅលើ​វីសា​​របស់​ពួកគាត់ រីឯ​កូនចៅ​វិញ​បាន​ត្រឹម​តែ​ត្អូញត្អែរ​ថា​៖ «​អ្នក​បាន​ទៅ​នៅ​តែ​បាន​ទៅ អ្នក​អត់​នៅ​តែ​អត់​លិទ្ធ​ដដែល​អ៊ីចឹង​»​។ តើ​ពេលណា​បាន​លោក-លោកស្រី គិតគូរ​រឿង​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​របស់​ខ្លួន​អាច​ចូលរួម​អភិវឌ្ឍ​ខ្លួន​តាមរយៈ​ទៅ​បរទេស​?

ពាក្យ​ថា​ «​មេៗ​» ​នៅក្នុង​បរិបទ​នេះ​គឺ​សំដៅ​ចំពោះ​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រធាន​អង្គភាព​ស្ថាប័នរដ្ឋ ប្រធាន​ក្រុមហ៊ុន CEO សាកលវិទ្យាធិការ ចាងហ្វាង​កាសែត ឬ​ក៏​ប្រធាន​កម្មវិធី​អង្គការ​សហប្រជាជាតិ UN ប្រធាន​កម្មវិធី​របស់​អង្គការ ប្រធាន​ផ្នែក​នៅ​ក្រុមហ៊ុន ព្រឹទ្ធបុរស​នៅ​តាម​សាកល​វិទ្យាល័យ និង​និពន្ធ​នាយក​កាសែត​ជាដើម និយាយ​រួម​គឺ​កម្រិត​គ្រប់គ្រង​ដែល​មាន​សិទ្ធិ​សម្រេច​នៅក្នុង​អង្គភាព​។

ការ​ដើរចោល​កន្លែង​ធ្វើការ​ទៅ​បរទេស​របស់​មេៗ​ខ្លះ មាន​លក្ខណៈ​ច្រើន​ហួសហេតុ​គឺ​ហាក់បី​ដូចជា​ចាត់ទុក​ការិយាល័យ​ធ្វើការ​ហ្នឹង​ជា​ស្ថាប័ន​គ្រាន់តែ​ជា​ឈ្នាន់​មួយ​​ជា​ឱកាស​សម្រាប់​ទៅ​បរទេស​តាមរយៈ​ការងារ​ក្តី តាមរយៈ​ការអញ្ជើញ​ពី​អ្នក​រៀបចំ​កម្មវិធី​សនិ្នសីទ​ក្តី និង​ដើរ​កម្សាន្ត​ផង​ដែរ​។ មេ​ខ្លះ គឺ​មិន​បាន​គិតគូរ​កូនចៅ​ថ្នាក់​ក្រោម​ទេ ឲ្យ​តែ​គេ​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ ឬ​កម្មវិធី​នៅ​បរទេស​គឺ​ដឹង​តែ​ទៅ​ហើយ​មិន​បាន​ជ្រើសរើស​ថា ប្រទេស​ហ្នឹង​ធ្លាប់​ទៅ ឬ​ក៏​កម្មវិធី​ហ្នឹង​ធ្លាប់​ចូលរួម ឬ​ក៏​ចាំ​កម្មវិធី​លើក​ក្រោយ​នោះ​ទេ​គឺ​ដឹង​តែ​ «​អញ​» ​មេ យក​អស់​នៅពេល​ត្រឡប់​ពី​បរទេស​មក​មិន​ដែល​យក​ចំណេះដឹង​ហ្នឹង​មក​ចែករំលែក​ដល់​បុគ្គលិក​របស់​ខ្លួន​នោះ​ទេ​។

មេៗ​ខ្លះ​យក​លេស​មិន​ត្រឹម​តែ​មិន​ឲ្យ​ទៅ​បរទេស​ទេ ថែម​ទាំង​ចំអក​ឲ្យ​កូនចៅ​ជាទូទៅ​ថា ទៅ​ធ្វើ​អ្វី​បើ​ស្តាប់​ភាសា​គេ​មិន​បាន​ផង​នោះ ហើយ​ការងារ​នៅ​កន្លែង​ច្រើន​ទៀត​។ មេ​ខ្លះ​មាន​ចរិត​ចង្អៀតចង្អល់ បើ​ខ្លួនឯង​រវល់​មិន​បាន​ទៅហើយ ក៏​មិន​ឲ្យ​កូនចៅ​ទៅ​ដែរ គឺ​ផ្អឹប​ទុក​លិខិត​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​នៅ​បរទេស​ហ្នឹង​ចោល​ទៀត​ក៏​មាន​ព្រោះ​ខ្លាច​កូន​ចៅ​ហ្នឹង​ចេះ​ជាង​ខ្លួន​។ មេៗ មាន​ដែល​សួរ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ហ្នឹង​ចង់​ទៅ​បរទេស​ដែរ​អត់​? មាន​ដែល​ចង់​ផ្តល់​ឱកាស​ឲ្យ​ពួកគាត់​រៀន​នូវ​អ្វី​ដែល​ថ្មី​ដែរ​ឬ​ក៏​អត់​?

តាមពិត​ទៅ​បុគ្គលិក​តាម​ផ្នែក​នីមួយៗ​ក៏​គេ​ចង់​មាន​ឱកាស​ទៅ​រៀនសូត្រ​បន្ថែម​នៅ​ក្រៅ​ប្រទេស​ដូច​មេៗ​បរទេស​ដែរ​គឺ​ចង់​រៀន​អ្វី​ដែល​ថ្មី​ទាក់ទង​ទៅ​នឹង​ការងារ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​មក​អង្គភាព​វិញ​ដែរ​។ ទទួល​បាន​ផលប្រយោជន៍​មួយ​ចប់​ដូច​គ្នា​គឺ​រួច​ថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​កន្លែង​ស្នាក់នៅ​ហូបចុក ថ្លៃ​ការចូលរួម​សិក្ខាសាលា ឬ​ ក៏​សន្និសីទ​ទទួល​ថវិកា​សម្រាប់​ចាយ​ប្រចាំថ្ងៃ ស្គាល់​មនុស្ស​ថ្មីៗ​នៅ​ទី​នោះ មាន​ឱកាស​ដើរ​កម្សាន្ត​លេង​នៅ​បរទេស​នោះ​ផង​ដែរ និង​អាច​ជួប​ជាមួយ​បងប្អូន និង​មិត្តភក្តិ​នៅ​ទី​នោះ​ក៏​មាន ជាពិសេស​បាន​ក្រេឌីត​មកពី​ក្រៅ​ដែរ រីឯ​ប្រាក់​ខែ​នៅ​កន្លែង​ធ្វើការ​នៅ​តែ​ទទួល​បាន​ដដែល​ទៀត​។ ផល​ចំណេញ​ច្រើន​យ៉ាង​ហ្នឹងៗ​បាន​ជា​មេៗ មិន​ចង់​ឲ្យ​បុគ្គលិក​ចូលរួម​កម្មវិធី​នៅ​ក្រៅ​ស្រុក​នោះ​ទុក​ទៅ​ខ្លួនឯង​។

ជាពិសេស​លោក-លោកស្រី​ដែល​ជា​ប្រធាន​អង្គការ​នៅ​រយៈពេល​យូរៗ​ឆ្នាំ​នៅ​អង្កៀម​ផលប្រយោជន៍ អត់​ចង់​ទៅ​ណា​ទេ ហើយ​ក៏​មិន​ចង់​បណ្តុះបណ្តាល​កូនចៅ​បាន​លូត​ទៅ​មុខ​ដែរ ប្រធាន​អង្គការ​ខ្លះ​គ្រាន់​តែ​យក​ផលប្រយោជន៍​ទៅ​ក្រៅ​ប្រទេស​ហ្នឹង​សន្សំ​ទិញ​បាន​ឡាន​យ៉ាង​ស្អាត ១ ​គ្រឿង​។

រីឯ​កូនចៅ​ដែល​មាន​ឱកាស​ទៅ​បរទេស​ខ្លះ​គឺ​បាន​ទៅ​តាមរយៈ​ការងារ​ជំនាញ​ដែល​មេៗ​មិន​អាច​ស៊ី​ពី​លើ​បាន​ដូចជា​មាន​ឈ្មោះ​ជា​អ្នក​ស្រាវជ្រាវ អ្នកកាសែត គ្រូបង្រៀន​ឬ​ក៏​មន្ត្រី​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ចំ​ឈ្មោះ​តែម្តង​ដែល​មេៗ​មិន​ទៅ​ជំនួស​បាន បាន​ធ្លាក់​មក​ដល់​ដៃ​បុគ្គលិក​នោះ​។ បើ​មិន​ដូច្នេះ​ទេ មេៗ​យក​ទៅ​បាត់​ទៀត​។

ជា​ផលវិបាក​នៃ​ការដើរ​ទៅ​បរទេស​ច្រើន​ពេក​របស់​មេៗ​ដែល​ជា​ប្រធាន​អង្គការ រហូត​ដល់​ទៅ​ ១ ​ខែ​នៅ​កន្លែង​ធ្វើការ​តែ​ ១ ​សប្តាហ៍​ក៏​មាន​ដែរ​អ៊ីចឹង​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​នឹង​ប្រព័ន្ធ​ការងារ និង​ការសម្រេច​ធំៗ​ត្រូវ​បាន​រាំង​ស្ទះ​។ បុគ្គលិក​ល្អៗ គេ​សម្រេច​ចិត្ត​លាឈប់​ពី​កន្លែង​ធ្វើការ និង​បុគ្គលិក​ខ្លះ​លាឈប់​ពី​ការងារ​ដោយសារ​តែ​មេៗ​មិន​ផ្តល់​ឱកាស​ចូលរួម​អភិវឌ្ឍ​ខ្លួន​នូវ​គំនិត​ថ្មី​នោះ​។

តែ​ផ្ទុយ​ទៅ​វិញ​ប្រធាន​ក្រុមហ៊ុន CEO ជាច្រើន​វិញ ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​ចាំបាច់ និង​មាន​ផលប្រយោជន៍​មក​ក្រុមហ៊ុន​បាន​គេ​សម្រេច​ចិត្ត​ចេញ​ទៅ​បរទេស​នោះ​។ ព្រោះ​ពួកគេ​ជា​អ្នក​ទទួល​ខុសត្រូវ​ទៅ​លើ​សុខភាព​របស់​ក្រុមហ៊ុន​ខាត​ចំណេញ​ទាំង​មូល និង​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​ប្រធាន​អង្គការ​ដែល​មិន​គិត​ពី​រឿង​ចំណេញ​ខាត​នោះ​​ទេ គឺ​ដឹង​តែ​ធ្វើ​ម៉េច​ចាយលុយ​ម្ចាស់​ជំនួយ​ឲ្យ​ត្រូវ​ខ្ទង់​ទៅ​រួច​គ្នា អ៊ីចឹង​មេៗ​នៅ​អង្គការ​គាត់​ចូលចិត្ត​កម្មវិធី​កម្សាន្ត​នៅ​បរទេស​ណាស់​។

ជាង​នេះ​ទៅ​ទៀត​នៅពេល​មាន​បញ្ហា​រឿង​អាស្រូវ​កើតឡើង​ហើយ​ក៏​គ្មាន​នរណា​ទៅ​ប្តឹងប្ដល់​ដែរ ដូច​ករណី​លោកស្រី ម៉ម សុម៉ាលី អតីត​ប្រធាន​អង្គការ ​AFESIP ដែល​ល្បី​ខាង​ធ្វើការ​ប្រឆាំង​ការជួញដូរ​ស្ត្រី និង​ធ្វើ​ដំណើរ​ជួប​មនុស្ស​សំខាន់ៗ​ និង​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក តែ​ក្រោយ​មក​លោកស្រី ត្រូវ​បាន​គណៈកម្មការ​នាយក​អង្គការ​ និង​ម្ចាស់ជំនួយ​បណ្តេញចេញ ដោយសារ​តែ​ការ​កេងប្រវ័ញ្ច​លើ​ជនរងគ្រោះ និង​ការ​គៃបន្លំ​។

ចុង​បញ្ចប់​គ្មាន​ស្ថាប័ន​ណា​ប្តឹងប្ដល់​លោកស្រី សុម៉ាលី ឡើង​តុលាការ​ដើម្បី​ដាក់ទោស​ទណ្ឌ ឬ​ក៏​សង​ជា​សំណង​ដែរ​នោះ​ទេ​។ ចំណុច​នេះ​គឺ​ខុស​ពី​ប្រធាន​ក្រុមហ៊ុន CEO វិញ បើ​មាន​បញ្ហា​ហើយ គឺ​ត្រូវ​គណៈកម្មការ​នាយក​បញ្ឈប់​ហើយ​រួច​ខ្លួន​នោះ​ទេ ពេល​ខ្លះ​ត្រូវ​ជាប់​បណ្តឹង​ឡើង​តុលាការ​ទៀត អ៊ីចឹង​បាន​ជា​ពួកគេ​មាន​ការគិតគូរ​អង្គភាព​របស់​គេ​ជាង​ការដើរ​កម្សាន្ត​ក្រៅ​ប្រទេស​។

តែ​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើការ​នៅ​ចំ​កន្លែង​ខ្លាញ់​វិញ បើ​គេ​ឲ្យ​លិខិត​អញ្ជើញ​ទៅ​បរទេស​ខ្លះ​គឺ​មិន​ចង់​ទៅ​ទេ ព្រោះ​ខ្លាច​ដាច់​ម៉ូយ រកស៊ី រត់ការ​ឯកសារ​ធំៗ ហើយ​បើ​មាន​គ្លីនិក​នៅ​ផ្ទះ​ទៀត​គឺ​មិន​ចង់​ទៅ​មែនទែន​។

បើ​តាម​ទ្រឹស្តី​នៃ​ការគ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​វិញ ការផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​ទៅ​បរទេស គឺជា​គ្រឿង​លម្អ​លើក​ទឹកចិត្ត និង​ជា​ពេល​ដែល​មន្ត្រី​កសាង​សមត្ថភាព​មក​បម្រើ​ការងារ​ឲ្យ​អង្គភាព​របស់​ខ្លួន​វិញ​។ ហេតុ​ដូច្នេះ​មេៗ គួរតែ​ហ៊ាន​លះបង់​សាកល្បង​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​ទៅ​បរទេស នៅ​កន្លែង​ដែល​ខ្លួន​ធ្លាប់​ទៅ ឬ​ក៏​កម្មវិធី​ដែល​ធ្លាប់​ទៅ​រួច​ហើយ​នោះ​។

បទពិសោធ​ដ៏ល្អ​របស់​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ (CICP) គឺ​មិន​ត្រឹម​តែ​ចែករំលែក​ផ្តល់ឱកាស​ដល់​បុគ្គលិក​បច្ចេកទេស​របស់​ខ្លួន​ទៅ​បរទេស​ទេ​​ សូម្បីតែ​ខ្ញុំ​គ្រាន់​តែ​ជា​សមាជិក​អ្នកស្រាវជ្រាវ​ (Research Fellow) ក៏​អង្គការ​ CICP ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​សន្និសីទ​នៅ​ក្រៅ​ប្រទេស​ដែល​តំណាង​ឲ្យ​ស្ថាប័ន​នេះ​ដើម្បី​រក្សា​ទំនាក់​ទំនង​នៅ​ក្រៅ​ប្រទេស​ផង​។

រីឯ ​អង្គការ​ឃែរ CARE ជា​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​កាលពី ១៥ ឆ្នាំ​មុន​ក៏​មាន​គោលការណ៍​ផ្តល់​ឱកាស​ដល់​បុគ្គលិក​របស់​ខ្លួន ទៅ​បរទេស​ដែរ តែ​នៅ​ពេល​ត្រឡប់​មក​វិញ​ត្រូវ​ធ្វើ​បទបង្ហាញ​ចែករំលែក​ដល់​ក្រុម​ការងារ​នូវ​អ្វី​ដែល​ខ្លួន​បាន​រៀន​ពី​បរទេស​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com