គ្រប់​ស្ថានីយ​ប្រេងឥន្ធនៈ និង​ហ្គាស​ (LPG) ភាគច្រើន​សុទ្ធតែ​បាន​ដាក់​ស្លាក​សញ្ញា​ហាម​ជក់បារី​ហាម​ប្រើ​ទូរស័ព្ទ និង​ការបញ្ឈប់​ម៉ាស៊ីន​រថយន្ត​ ឬ​​យានយន្ត​នៅ​ពេល​បញ្ចូល​ប្រេង​សាំង ម៉ាស៊ូត ឬ​ក៏​ហ្គាស​។

ប៉ុន្តែ​មាន​អតិថិជន​ខ្មែរ​ ឬ​ក៏​បរទេស​ខ្លះ​ដែល​ប្រៀប​ខ្លួនឯង​ដូច​ស្តេច​មិន​ទាំង​យក​ភ្នែក​មើល​ទៅ​លើ​សា្លកសញ្ញា​ទាំង​នេះ​ផង​។

ពួកគេ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត រីឯ​បុគ្គលិក​បម្រើការ​នៅ​ស្ថានីយ​ប្រេង​ភាគច្រើន​ខ្លាចចិត្ត​អតិថិជន​ក្រែង​គេ​លែង​មក​ចាក់​សាំង​ ឬ​ក៏​ហ្គាស​នៅ​កន្លែង​គាត់​ទៀត អ៊ីចឹង​ល្មមៗ​ធ្វើ​មិន​ដឹង​មិន​ឮ​តែ​ម្តង​ទៅ​។ ពេល​ខ្លះ​អតិថិជន​មិន​ជឿ​ថា​វា​អាច​មាន​ចំហេះ​កើតមានឡើង​ផង​ព្រោះ​ពេល​គេ​ចាក់​ប្រេងសាំង​ចូល​ក្នុង​រថយន្ដ​ហើយ​នោះ​មាន​ក្បាល​រ៉ូប៊ីណេ​នៅ​ខាងក្នុង​បាត់​ហើយ​មិន​អាច​មាន​អ្វី​កើតឡើង​ទេ​ដែល​ការគិត​បែប​នេះ​ជា​ការ​យល់​ច្រឡំ​ធំ​មួយ​។ ដូចគ្នា​នេះ​ដែរ​ការចាក់​ហ្គាស​ LPG ​រួច​ដក​ក្បាល​ឆ្នុក​ចេញ​គឺ​តែងតែ​ចេញ​ហ្គាស​ចេញ​មក​ក្រៅ​។

ដោយសារ​ការ​ដែល​មិន​ជឿ​នេះ​មាន​អតិថិជន​ខ្លះ​បាន​ទាញ​បារី​មក​ជក់ ហើយ​ជាតិ​ហ្គាស​ដែល​បាញ់​ចេញ​នោះ​ក៏​ឆាប​ឆេះ​ភ្លាម​ដែរ​។ ដូច​ករណី​កាលពី​សប្តាហ៍​មុន​នេះ​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​មាន​ករណី​ឆាបឆេះ​ហ្គាស​ដោយសារ​តែ​ភ្ញៀវ​ជនជាតិ​ចិន​ជក់បារី ហើយ​នៅពេល​​ឆេះ​នោះ​បែរ​ជា​រាលដាល​គ្រោះថ្នាក់​រលាក​ពេញ​ខ្លួន​ប្រាណ​ម្ចាស់​រថយន្ត និង​បាន​ទទួល​មរណភាព​ក្រោយ​គ្រោះថ្នាក់​បាន​ ១ ​ថ្ងៃ​។

រឿងរ៉ាវ​នេះ​សមត្ថកិច្ច​បាន​ត្រឹម​តែ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ដែល​បង្ក​បញ្ហា​ឆេះ និង​ឱ្យ​សង​រថយន្ត​មួយ​មក​វិញ​ប៉ុណ្ណោះ ឯ​អ្នក​បើកបរ​បាត់បង់​ជីវិត​ទទេ ហើយ​ងាក​ម្ចាស់​ស្ថានីយ​វិញ​ខូចខាត​តិចតួច​តែ​រួច​ខ្លួន​។ ​

ចំពោះ​​សមត្ថកិច្ច​ត្រូវ​បាន​មតិ​មហាជន​រិះគន់​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​យក​ហេតុផល​ថា​រង់ចាំ​រថយន្ត​សង្គ្រោះ​បន្ទាន់​ហើយ​ឆ្លៀត​សួរ​ទៅ​ជនរងគ្រោះ​។ ​អ្វី​ដែល​សំខាន់​​នោះ​គឺ​ជនរងគ្រោះ​នៅ​ដើរ​បាន​សោះ តែ​បែរ​ជា​ស្លាប់​ដែល​​បញ្ហា​នេះ​តិច​ ឬ​ច្រើន​គឺ​ទាក់ទង​នឹង​សមត្ថភាព​របស់​សមត្ថកិច្ច​។

នៅពេល​ឃើញ​សភាព​បែប​នេះ​ទាំង​សមត្ថកិច្ច​ទាំង​អ្នក​ឃើញ​ហេតុការណ៍​ក្តី​គួរតែ​ជួយ​សង្គ្រោះ​​គាត់​ភ្លាមៗ​សិន​ដោយ​ដឹក​តាម​មធ្យោបាយ​ណា​ក៏​បាន តាក់ស៊ី​ក៏​បាន​ម៉ូតូ​ក៏​បាន ឬ​ក៏​រ៉ឺម៉ក​ក៏​បាន សំខាន់​យក​ទៅ​ឱ្យ​ដល់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ដើម្បី​ដាក់​ថ្នាំលាប​ ឬ​ក៏​ដាក់​ថ្នាំ​ឱ្យ​ថយ​កម្តៅ​ក្នុង​ខ្លួន​បាន​មួយ​គ្រា​រួច​សឹម​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​បន្ត​ទៅ​ទៀត​។

វិធី​នេះ​វា​ប្រសើរ​ជាង​មិន​បាន​ជួយ​ខ្នះខ្នែង​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ហើយ​បែរ​ជា​នាំ​គ្នា​ថត​បង្ហោះ​តាម​ហ្វេសប៊ុក​ដើម្បី​ប្រកួតប្រជែង​គ្នា​យក​មុខ​យក​មាត់​ថា ខ្លួន​ជា​អ្នក​បាន​រូបភាព​នេះ​មុន​គេ​ទៅ​វិញ​។

ចំពោះ​ស្ថានីយ​ប្រេង​ជា​លក្ខណៈ​ស្តង់ដារ​គឺ​គេ​កំណត់​ចម្ងាយ​ឱ្យ​អ្នក​ជក់បារី​ពី​ ៥០ ​ទៅ​ដល់​ ២០០ ​ម៉ែត្រ​ឯណោះ​។

ចំណុច​នេះ​សំខាន់​ជាង​គេ​គឺ​ម្ចាស់​ស្ថានីយ​នីមួយៗ​ត្រូវ​តែ​បង្រៀន​បុគ្គលិក​របស់​ខ្លួន​ដោយ​ត្រូវ​ហ៊ាន​បញ្ឈប់​អ្នក​ចាប់ផ្តើម​ចង់​ជក់បារី​ភ្លាមៗ​ដោយ​កុំ​ខ្លាច​ចិត្ត​។ បើ​ពួកគេ​មិន​ចាក់​ប្រេងសាំង​ ឬ​ក៏​ហ្គាស​ក៏​ហី​ទៅ​ចុះ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​ណាស់​ចំពោះ​សុវត្ថិភាព​ក្រុមហ៊ុន​។ បន្ទាប់មក​ទៀត​គឺ​ម្ចាស់​ស្ថានីយ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ការ​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​ក៏​ដូច​ម៉ូតូ​នៅ​ពេល​កំពុង​ចាក់​ប្រេង​ដែល​បញ្ហា​នេះ​ជា​រឿយៗ​តែងតែ​មាន​ការឆេះ​កើតឡើង​។

ម្យ៉ាង​ទៀត​អ្នក​បម្រើ​សេវា​ចាក់​ប្រេងសាំង​ ឬ​ម៉ាស៊ូត​នៅ​តែ​ធ្វេសប្រហែស​ដដែល​ដោយ​មកពី​ខ្លាច​ចិត្ត​អតិថិជន​គេ​លែង​ត្រឡប់​មក​ចាក់​លើក​ក្រោយ​ទៀត​ដោយសារ​ភ្ញៀវ​ខ្លាច​អ្នកបម្រើ​សេវា​ចាក់​ប្រេង​ទាំង​នោះ​មក​បង្ខំ​​ឱ្យ​ពន្លត់​ម៉ាស៊ីន​រថយន្ត​របស់​​គេ ធ្វើឱ្យ​ម៉ាស៊ីន​ត្រជាក់​ឈប់​ដំណើរការ​។

ត្រង់​ចំណុច​នេះ​អ្នក​បម្រើការ​ចាក់​ប្រេងឥន្ធនៈ​ត្រូវ​ហ៊ាន​ប្រាប់​អ្នក​បើកបរ​ឱ្យ​ពន្លត់​ម៉ាស៊ីន​សិន​ទើប​បាន​អាច​ចាក់​ប្រេងសាំង​ ឬ​ម៉ាស៊ូត​ ឬ​ក៏​ហ្គាស​បាន ជាពិសេស​រថយន្ត​ ឬ​ម៉ូតូ​កង់​​ ៣ ​ឥណ្ឌា​ដែល​ចាក់​ហ្គាស​គឺ​តែង​ឃើញ​មាន​សេចក្តី​ណែនាំ​បិទ​ជាប់​នៅ​ក្បែរ​ចង្កូត​ដើម្បី​ឱ្យ​ទាំង​អ្នក​បើក និង​អ្នកដំណើរ​ទាំងអស់​ចេញ​មក​ក្រៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ចាក់​ហ្គាស​តែ​រាល់​សេចក្តី​ណែនាំ​ទាំងនោះ​សុទ្ធ​តែ​ជា​ភាសា​បរទេស​ទាំងអស់​ជា​ហេតុ​ធ្វើឱ្យ​ការយល់ដឹង​មិន​បាន​ទូលំទូលាយ ដោយសារ​មាន​អ្នក​ខ្លះ​មិន​មាន​ការយល់ដឹង​លើ​ផ្នែក​ភាសាបរទេស​។ ​

ហេតុ​ដូច្នេះ​ក្រុមហ៊ុន​នាំ​ចូល​យានយន្ត​ទាំងអស់​គឺ​ត្រូវ​តែ​បកប្រែ​សេចក្តី​ណែនាំ​ជា​ភាសា​ខ្មែរ​ទាំងអស់ ហើយ​អ្នក​លក់​ក៏​ត្រូវ​ពន្យល់​អ្នកទិញ​ពី​របៀប​ប្រើ​​ និង​របៀប​គ្រប់គ្រង​ហានិភ័យ​យានយន្ត​របស់​ខ្លួន និង​អាច​ជួយ​យានយន្ត​អ្នក​ដទៃ​ផង​ដែរ​។ ករណី​នេះ​វា​ដូចជា​បញ្ហា​ថ្នាំពេទ្យ និង​ជី​ ឬ​ថ្នាំ​កសិកម្ម​ផង​ដែរ​ប៉ុន្តែ​ភាគច្រើន​សុទ្ធ​តែ​មាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​ពន្យល់​​ និង​មាន​រូបភាព​ជំនួយ​ពី​វិធី​ប្រើប្រាស់​ទៀត​ផង​។

ឥឡូវ​ម៉ូតូ​កង់​ ៣ ​ឥណ្ឌា​ស៊េរី​ថ្មី​គឺ​មាន​បំពាក់​បំពង់​បាញ់​ថ្នាំ​ពន្លត់​អគ្គិភ័យ​ដែល​ការបំពាក់​បែប​នេះ​មិន​ត្រឹម​តែ​សម្រាប់​ជួយ​ខ្លួនឯង​ទេ​គឺ​អាច​ជួយ​យានយន្ត​ដទៃ​ទៀត​បាន​ផង​ដែរ​ក្នុង​ករណី​អណ្តាត​ភ្លើង​ទើប​ឆាបឆេះ តែ​វា​នៅ​មាន​បញ្ហា​ត្រង់​សេចក្តី​បង្ហាញ​សរសេរ​ជា​ភាសា​អង់គ្លេស​។

រីឯ​ការប្រើ​ទូរស័ព្ទ​វិញ​គឺ​សឹង​តែ​គ្រប់​អ្នក​បើកបរ​ ឬ​ក៏​អ្នក​នៅ​ក្នុង​រថយន្ត​ទៅ​ហើយ​គឺ​ឱ្យ​តែ​មាន​កន្លែង​ឈប់​មួយ​ភ្លែត​ដឹង​តែ​ពី​ទាញ​ទូរស័ព្ទ​មក​ហៅ​គ្នា​ ឬ​ក៏​ប្រើ​ហ្វេសប៊ុក បើ​ទោះ​ណា​ជា​គ្មាន​ការ​អី​សោះ​ក៏​លើក​មក​ប្រើ​ដែរ​។ ជាទូទៅ​អ្នក​បម្រើ​សេវា​ចាក់​ប្រេង​​ឥន្ធនៈ​កម្រ​ប្រាប់​អតិថិជន​ថា​កុំ​​ឱ្យប្រើ​ទូរស័ព្ទ​ណាស់ បើ​ទោះបី​​ជា​បិទ​ស្ទិកឃើរ​នៅ​ជញ្ជាំង​ហើយ​​ក៏ដោយ​។

បើ​តាម​ទ្រឹស្តី​អំពី​វិធី​ការពារ​ហានិភ័យ​នៅ​កន្លែង​ធ្វើការ​ (Occupational health and safety)​ ​ក្នុង​ស្ថានីយ​ប្រេង​គឺ​ការ​ដែល​គេ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ទូរស័ព្ទ​នោះ ព្រោះ​វា​អាច​ឆ្លង​ចរន្ត​ទៅ​នឹង​ម៉ាស៊ីន​ដែល​កំពុង​បញ្ជា​ចាក់​ប្រេង​ ឬ​ក៏​ហ្គាស​នោះ​។ ​

ចំណុច​មួយ​ទៀត​គឺ​គេ​មាន​ការ​ភ័យខ្លាច​ករណី​ផ្ទុះ​ថ្ម​ទូរស័ព្ទ​ដែល​អាច​ឆាបឆេះ​ស្ថានីយ​ប្រេង​បាន​។​ ​ករណី​នេះ​សម្រាប់​ភ្ញៀវ​បើ​ចង់​ប្រើ​ទូរស័ព្ទ​គួរ​តែ​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ចាក់​សាំង​នោះ រីឯ​ម្ចាស់​ស្ថានីយ​​សាំង​ ឬ​ហ្គាស​ក៏​ត្រូវ​តែ​ហាម​អ្នក​ប្រើ​ទូរស័ព្ទ​ផង​ដែរ​។

សម្រាប់​ស្ថានីយ​ស្តង់ដារ​ដូចជា ក្រុមហ៊ុន​ Total,Caltex ឬ​​ក៏ PTT ​ជាដើម​គឺ​បុគ្គលិក​របស់​ពួកគេ​សុទ្ធតែ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ទាំង​ការ​ចាក់​ប្រេង​ក្តី និង​បញ្ហា​សុវត្ថិភាព​ជា​ចម្បង​ក្ដី តែ​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​វិញ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ​។

ខ្ញុំ​បាន​សាកសួរ​អ្នក​ចាក់​ប្រេង​ និង​​ហ្គាស LPG ថា តើ​ថៅកែ​មាន​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​អ្នក​? ពួកគាត់​ឆ្លើយ​ថា​ថៅកែ​គ្រាន់​តែ​ប្រាប់​ឱ្យ​ការពារ និង​ចាក់​ឱ្យ​មាន​​ការប្រុងប្រយ័ត្ន តែ​ពួកគេ​មិន​បាន​រៀន​អំពី​សុវត្ថិភាព និង​​ហានិភ័យ​នៅ​កន្លែង​ធ្វើការ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ ចំណុច​នេះ​ក្រុមហ៊ុន​គួរតែ​អញ្ជើញ​មន្ត្រី​បច្ចេកទេស​ផ្នែក​គ្រប់គ្រង​ហានិភ័យ​នៅ​កន្លែង​ស្ថានីយ​ប្រេង​មក​ជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ឱ្យ​បាន​យល់ដឹង​កាន់​តែ​ប្រសើរ​ថែម​ទៀត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើត​​មាន​ជាយថា​ហេតុ​ដោយ​ការឆាបឆេះ​ណា​មួយ​។

កន្លង​មក​រដ្ឋ​បាន​គ្រប់គ្រង​បញ្ហា​បង្ការ និង​ការការពារ​កុំ​ឱ្យ​មាន​ការ​ឆាបឆេះ​នៅ​កន្លែង​​ស្ថានីយ​ប្រេង​ដែល​អាច​រាលដាល​លឿន​ដល់​ផ្ទះ​អ្នក​រស់​ក្បែរ​ស្ថានីយ​ប្រេង​ ឬ​ក៏​ហ្គាស​នោះ​។

អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋ​មិន​អនុញ្ញាត​ឱ្យ​មាន​ហាង​ចាក់​ហ្គាស LPG បើក​នៅ​កណ្តាល​ទីក្រុង​នោះ​គឺ​សុខ​ចិត្ត​ឱ្យ​បើក​នៅ​តាម​ជាយៗ​ក្រុង​ទៅវិញ ហើយ​ការបើកបរ​ទាំង​យានយន្ត​ដឹក​សាំង​ ទាំង​​ដឹកហ្គាស ​គឺ​អនុញ្ញាត​ឱ្យ​បើក​ចូល​ក្រុង​នៅពេល​យប់​ទេ​។

តែ​អ្វី​ដែល​រដ្ឋ​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ​នោះ​គឺ​ប្រព័ន្ធ​ត្រួតពិនិត្យ​ការគ្រប់គ្រង​ហានិភ័យ​ត្រឹមត្រូវ​នៅ​តាម​ស្ថានីយប្រេង​នានា និង​ក្រុមហ៊ុន​ដែល​ដាក់​ភ្ជាប់​ធុងហ្គាស​ជាមួយ​ម៉ាស៊ីន​រថយន្ត​តាម​ស្តង់ដារ​ដូចជា ម៉ាស៊ីន​ដែល​នៅ​ប្រើ​ហ្គាស​ជាដើម​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com