គិត​ត្រឹម​ថ្ងៃនេះ​ទី​ ១ ខែ​កក្កដា​ឆ្នាំនេះ​គឺមាន​រយៈពេល​ ១ ​ឆ្នាំ​ហើយ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់​នៃ​ការអនុវត្ត​វិធានការ​របស់ខ្លួន​ស្តីពី​ការបង្ក្រាប​ករណី​យក​ផ្លូវ​សាធារណៈ​សាងសង់​រោងការ រោង​ពិធី​ខួបកំណើត ពិធី​ខួប​អាពាហ៍​ពិពាហ៍ ពិធី​ឡើង​គេហដ្ឋាន និង​រោងបុណ្យ​ផ្សេងៗ​។

ជាមួយ​គ្នា​នេះដែរ សាលា​រាជធានី​ក៏​ធា្លប់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ១ ​ទៀត​តាំងពី​ថ្ងៃទី​ ៨ ខែ​​ សីហា ឆ្នាំ​ ២០១៧ ស្តីពី​ការដោះស្រាយ​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​សម្រេច​យក​ផ្លូវ​ ១១ ​ខ្សែ​ជា​អាទិភាព​គំរូ សម្រាប់​អនុវត្ត​វិធានការ​នេះ​។ ​ផ្លូវ​ទាំង​ ១១ ​ខ្សែ​នោះ​រួមមាន​៖ ​មហាវិថី​សហព័ន្ធ​រុស្សី​, មហាវិថី​ព្រះមុនីវង្ស​,​ មហាវិថី​កម្ពុជា​ក្រោម​,​មហាវិថី​ម៉ៅសេទុង​,​ មហាវិថី​ព្រះសីហនុ និង​ផ្លូវ​នេរុហ៍​, មហាវិថី​ព្រះនរោត្តម​,​មហាវិថី​សម្តេច​មុនីរ៉េត​, ផ្លូវ​ឧកញ៉ា​ទេពផន​, មហាវិថី​ហ្សាលដឺហ្គោល​, ផ្លូវ​ ២៧១, ផ្លូវ​លេខ​ ៧០ និង​តីរវិថី​ព្រះស៊ីសុវត្ថិ​។ ប៉ុន្តែ​សួរថា តើ​ការអនុវត្ត​យុទ្ធនាការ​នេះ​ដំណើរការ​បាន​ដល់​កម្រិត​ណា​ហើយ​?

ជាទូទៅ​ស្ទើរ​គ្រប់​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​តែ​បាន​តំណែង​ភ្លាម​គឺ​តែងតែ​មាន​គំនិត​ផ្តួចផ្តើម និង​វិធានការ​ផ្សេងៗ​គ្នា​ដូចជា​កាលពី​ជំនាន់​លោក ឈឹម សៀកឡេង​ (​អាណត្តិ​ទី​ ១) ​គ្រាន់តែ​ឡើង​ភ្លាម​គឺ​លោក​​​ សេរ៉េ​ [​រៀបចំ​] ​សួនច្បារ​នៅ​មាត់​ទន្លេ​ភ្លាម​។ ​លុះ​មក​ដល់​សម័យ​លោក​ ជា សុផារ៉ា ក៏​ធ្វើ​សួនច្បារ​បន្ត និង​ដាក់​រូប​ព្រះឆាយាល័ក្ខណ៍​​សម្តេចឪ​នៅ​លើ​សួនច្បារ និង​ចូលចិត្ត​បារលូ​កុំ​ឲ្យ​ស្ទះ​ទឹក​ជន់​លិច​។

បន្ទាប់មកឈានដល់​រជ្ជកាល​លោក កែប ជុតិមា គឺ​ចូលចិត្ត​សម្អាត​សួនច្បារ តាមរយៈ​កុំ​ឲ្យ​ឆ្កែ​ចូល​ជុះអាចម៍​ដាក់ រីឯ​សម័យកាល​លោក ប៉ា សុជាតិវង្ស ចាប់ផ្តើម​មើល​ការស្តារ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញពី​ទីក្រុង​កុំ​ឲ្យ​ជន់​លិច​។

ចំណែកឯ​សម័យកាល​លោក ឃួង ស្រេង ឡើងកាន់​តំណែង​ភ្លាម​វិញ គឺ​លោក​ចង់​ឃើញ​មហាវិថី និង​ផ្លូវ​មាន​សណ្តាប់ធ្នាប់​ពោល​គឺមាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង និង​ជនពិការ​អាច​ធ្វើ​ដំណើរ​បាន​តាមរយៈ​ការបោសសម្អាត​អ្នក​ចត​រថយន្ត​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ការ​យក​ចិញ្ចើមផ្លូវ​នៅ​មុខ​ផ្ទះ​មក​លក់ដូរ និង​ការសង់​រោងការ និង​រោងបុណ្យ​ផ្សេងៗ​ជាដើម​ដែល​អ្វីៗ​ទាំងនេះ​លោក​អភិបាល​មុនៗ​ធ្វើ​មិនបាន ខណៈ​ពេល​ពលរដ្ឋ​នៅ​ភ្នំពេញ​បាន​ត្អូញត្អែរ​ពី​ការកកស្ទះ​ចរាចរណ៍ និង​អត់​មាន​ផ្លូវ​ធ្វើ​ដំណើរ​តាម​ចិញ្ចើមថ្នល់​ជាដើម​។

ផែនការ​ដែល​លោក​អភិបាល​រាជធានី​ដាក់​ឲ្យ​ខណ្ឌ​ទាំង​ ១៤ ​អនុវត្ត​នេះ​គឺ​មាន​ខណ្ឌ​ខ្លះ​ធ្វើ​បាន​ល្អ​គ្រាន់បើ តែ​មាន​ខណ្ឌ​ខ្លះ​ធ្វើ​បាន​តែ​ ១ ​ប្រាវ​ក៏​ស្ងប់​ទៅវិញ​ប្រៀប​ដូច​វែក​ចក​អ៊ីចឹង​​ដែរ​។ ​សកម្មភាព​មួយចំនួន​រួមមាន​តាំងពី​ការកាត់​ស្លាក​យីហោ​​នៅ​តាម​ផ្ទះ​លក់ដូរ និង​ហាង​ផឹកស៊ី​ដែល​លយ​ចូល​លើ​ចំណី​ផ្លូវ និង​មាន​ការប្រមូល​សម្ភារ​លក់ដូរ​មួយ​ចំនួន​ដើម្បី​ជា​ការព្រមាន​ជាដើម​។ ​

តាម​​ការកត់សម្គាល់ ខណ្ឌ​ដែល​ធ្វើ​បាន​ល្អ គឺ​ខណ្ឌ​ច្បារអំពៅ​ដែល​បាន​អនុញ្ញាត​ឲ្យ​ដាក់តាំង​លក់ទំនិញ​ចម្ងាយ​ពី​មុខ​ផ្ទះ​ត្រឹម​តែ​ ១ ​ម៉ែត្រ​ប៉ុណ្ណោះ រីឯ​ក្រុម​តាក់ស៊ី​ដែល​ចត​ចាំ​ហៅ​ម៉ូយ​នៅ​គល់ស្ពាន​ច្បារអំពៅ​ដែល​ធ្វើឲ្យ​កកស្ទះ​ចរាចរណ៍​ក៏​លែងឃើញ​មាន​ដែរ​។ ​ក៏ប៉ុន្តែ​ឥឡូវនេះ​ខណ្ឌ​ណា​ក៏ដូចជា​ខណ្ឌ​ណា​ដែរ​គឺ​ត្រឡប់​មក​រក​ភាព​ដើម​វិញ​អស់​ហើយ ពោល​គឺ​នៅតាម​ផ្លូវ​ទាំង​ ១១ ​ខ្សែ​អ្នកលក់​ក៏​ចេះ​តែ​នាំគ្នា​រំកិល​បន្តិច​ម្តងៗ​បាន​យ៉ាង​ងាយ​។

នៅ​ខណ្ឌ​ច្បារអំពៅ​បច្ចុប្បន្ន អ្នកលក់​តាម​ផ្ទះ​បាន​រំកិល​ចូល​មក​កៀក​ផ្លូវ​ឡើងវិញ រីឯ​អ្នកលក់​ទុរេន​តាម​រទេះ​គឺ​ដាក់​នៅលើ​​ចិញ្ចើម​ផ្លូវ​តែម្តង ហើយ​ពេល​​អតិថិជន​ចត​យានយន្ត​ឈប់​ទិញ​ក៏​នៅលើ​ផ្លូវ​ហ្នឹង​ទៅ​។ ​ចំពោះ​ឡាន​តាក់ស៊ី​វិញ ចត​ហៅ​ម៉ូយ​តាម​ផ្លូវជាតិ​លេខ​ ១ ​បណ្តាក់​គ្នា​ដូច​ខ្យង​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​រហូត​ដល់​វត្ត​និរោធ​គឺជា​ផ្លូវ​ដែល​មាន​ការកកស្ទះ​ខ្លាំង​នៅពេល​ព្រឹក និង​ពេល​ល្ងាច​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ផ្លូវ​ឡើង​ទៅ​ផ្សារ​ច្បារអំពៅ​។

បើទោះបី​ជា​សាលា​រាជធានី​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​ក្រោម​ដី​ ៣ ​ទីតាំង ដែល​បាន​សាងសង់​រួច គឺ​ទី​ ១) ​ចំណត​សួនច្បារ​ខាងមុខ​ក្រសួង​សេដ្ឋកិច្ច​ ឬ​ខាងលិច​វត្តភ្នំ​មួយ​កន្លែង​ដែល​ផ្ទុក​រថយន្ត​បាន​ ៣៤០ ​គ្រឿង​។ ទី​ ២) ចំណត​ក្រោម​ដី​នៅ​មុខ​ព្រះសក្យមុនីចេតិយ​​ក្រោម​ក្រុមហ៊ុន​កាណាឌីយ៉ា​ផ្ទុក​រថយន្ត​បាន​ ៣១០ ​គ្រឿង ទី​ ៣) ​ទីតាំង​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​​ដែល​នៅ​ក្រោម​សួនច្បារ​ក្បែរ​គ្នា​ផ្ទុក​រថយន្ត​បាន​ ៣១០ ​គ្រឿង​​ និង​គម្រោង​ ២ ​ផ្សេង​ទៀត​បន្ត​មកដល់​ដី​ក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​ផ្សារ​រាត្រី ហើយ​កាលពី​ខែ​តុលា​ឆ្នាំ​មុន លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ទឹកចិត្ត​ឲ្យ​យក​ទីតាំង​ដី​ក្រោម​សួនច្បារ​ធ្វើ​ជា​ចំណតរថយន្ត​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ក៏ដោយ​​ ក៏​បញ្ហា​នៅ​តែ​កើតមាន​ដដែល​។

ម្យ៉ាងទៀត​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ក៏​បាន​ជួយ​សម្រួល​ការកកស្ទះ​ផងដែរ ដោយ​​លោក​អភិបាល​រាជធានី​ថា​នឹង​មាន​ ២៧ ​កន្លែង​ទៀត​។ ​ទន្ទឹមនឹង​​នេះ​ប៉ូលិស​ចរាចរណ៍​តាម​ខណ្ឌ​មួយចំនួន​បាន​ចាប់​អនុវត្ត​តឹងរ៉ឹង​លើ​ករណី​ចត​រថយន្ត​ចោល​បែប​អនាធិបតេយ្យ​នៅលើ​ផ្លូវ​ហាមឃាត់ គឺ​ប៉ូលិស​បាន​ចាក់សោ រួច​ស្ទូច​យក​ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ដើម្បី​ដោះស្រាយ និង​ផាកពិន័យ​។

យ៉ាងណា​ក៏ដោយ​សម្រាប់​រោងការ រោងបុណ្យ រោង​កម្មវិធី​សម្ពោធ​ហាង​នៅតែ​មាន​ដដែល​​ជាពិសេស​អ្នក​មាន​អំណាច ឧកញ៉ាៗ ឬ​អ្នក​មាន​ទ្រព្យ​តែង​ឲ្យ​លុយ​ទៅ​អាជ្ញាធរ​ដែនដី​ដើម្បី​ជួយ​យាមកាម​ទាំងយប់​ថ្ងៃ​ឲ្យ​ទៀត ពោល​គឺ​ធ្វើ​ផ្ទុយ​នឹង​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​តែម្ដង​។

នៅក្នុង​​ខណ្ឌ​ខ្លះ​មាន​រហូត​ដល់​កើត​បាតុភាព​នឹង​គ្នា​នៅ​ពេល​សង់​រោងការ​របស់​អ្នកមាន​បិទ​ផ្លូវ​មុខ​សាលារៀន​ឯកជន ហើយ​សាលារៀន​ក៏​សម្រេច​ចិត្ត​ឲ្យ​កូនសិស្ស​ឈប់​ ២ ​ថ្ងៃ រហូត​ធ្វើឲ្យ​មាតាបិតា​សិស្ស​រិះគន់​តាម​បណ្តាញ​សង្គម ទើប​សាលា​ខណ្ឌ​ចេញ​មក​ជួយ​ដោះស្រាយ​ឲ្យ​សិស្ស​បាន​ចូលរៀន​វិញ​។

ប៉ុន្តែ​បើ​ចំពោះ​គ្រួសារ​អ្នកក្រ​វិញ​គឺ​មិន​ហ៊ាន​ធ្វើ​អ្វី​ធំដុំ​លើ​ដងផ្លូវ​ទេ​ដោយ​ម្ចាស់​ដើមការ​កូន​ខ្លះ​ក៏​សម្រេច​ចិត្ត​ទៅធ្វើ​នៅតាម​​ហាង ឬ​ក៏​ជួល​ផ្ទះ​គេ​ការ​នៅ​តាម​បុរី​វិញ​ដើម្បី​កាត់បន្ថយ​ការសង់រោង​ការ​តាម​ផ្លូវធំ​ ឬ​ផ្លូវ​ដែល​មាន​ចរាចរណ៍​មមាញឹក​។ ​រីឯ​ការបោះចោល​សំរាម​ក៏​នៅតែ​ជា​បញ្ហា​នៅពេល​អ្នកលក់​តាម​ចិញ្ចើម​ផ្លូវ​ចាក់ចោល​នៅលើ​ផ្លូវ​ហៀរ​ចូលមក​ទ្រូងផ្លូវ ជាហេតុ​ធ្វើឲ្យ​អ្នកដំណើរ​ខ្លះ​ជិះ​គេច​គ្នា ហើយ​ជួនកាល​ក៏​ប៉ះពារ​គ្នា ដោយសារ​តែ​គេច​គំនរ​សំរាម​នោះ​ក៏មាន​។

សរុប​មកវិញ ចំនួន​យានយន្ត​ចេះ​តែ​កើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ទៅ​តាម​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ដែល​តាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៨ គឺ​​មាន​រថយន្ត​ចំនួន​ជាង​ ៤៨ ​ម៉ឺន​គ្រឿង រ៉ឺម៉ក​កង់​ ៣ ​មាន​ចំនួន​ ១ ​ម៉ឺន​ ១ ​ពាន់​គ្រឿង និង​ម៉ូតូ​ចំនួន​ ១ ​លាន ៧០ ​ម៉ឺន​គ្រឿង​ដែល​បាន​ចុះបញ្ជី​នៅ​មន្ទីរ​។ ​តែ​ចំនួន​យានយន្ត​ទាំងនេះ បើ​ប្រៀបធៀប​នឹង​ទីតាំង​ចំណត​គឺ​មិន​ស៊ីគ្នា​ទេ ធ្វើឲ្យ​មាន​ការកកស្ទះ ដោយសារ​តែ​ចំណត និង​ការលក់ដូរ​ខាង​មុខ​ផ្ទះ​បង្ហៀរ​ចូល​ចិញ្ចើមផ្លូវ​។

ហេតុដូច្នេះ​សាលា​រាជធានី-ភ្នំពេញ​គួរតែ​ត្រួតពិនិត្យ និង​វាយតម្លៃ​ទៅ​ខណ្ឌ​ទាំង​ ១៤ ថា តើ​ការអនុវត្ត​វិធានការ​ដែល​បានដាក់​ចេញ​នោះ​ដំណើរការ​ដល់​កម្រិតណា​ហើយ​? ​ចំណុច​ដែល​ល្អ​នោះ​គឺ​មាន​តែ​សាលាខណ្ឌ​នីមួយៗ​អញ្ជើញ​ពលរដ្ឋ​ដែល​មាន​ការលក់ដូរ​នៅមុខ​ផ្ទះ​តាម​ចិញ្ចើម​ផ្លូវ​ទាំង​ ១១ ​ខ្សែ​ទាំង​នោះមក​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ហើយ​ប្រសិន​បើ​នៅតែ​រឹងទទឹង​គឺ​មាន​តែ​បិទ​ហាង ឬ​ក៏​ទីតាំង​ដែល​លក់​ចូល​មកលើ​ចិញ្ចើមផ្លូវ​នោះ​តែម្ដង​។ ​ក្រៅពី​សំណង់​ចំណត​ក្រោម​ដី​សួនច្បារ​​សាលា​រាជធានី គួរតែ​គិតគូរ​ពី​សំណង់​អគារ​សម្រាប់​ចំណត​ឡាន​បង់លុយ ព្រោះ​ម្ចាស់​នឹង​សប្បាយចិត្ត​នៅពេល​មាន​ទីតាំង​ចត​ត្រឹមត្រូវ ហើយ​មិន​ក្តៅ និង​មិនត្រូវ​ទឹកភ្លៀង​ផង​នោះ​។ ​

ចំណែក​ពលរដ្ឋ​ដែល​ដឹងខ្លួន​ថា​​មាន​ជីវភាព​ធូរធារ ហើយ​គួរតែ​ទៅរក​មជ្ឈមណ្ឌល​ ឬ​ក៏​ភោជនីយដ្ឋាន​សម្រាប់​រៀបការ​កូនចៅ ឬក៏​ធ្វើ​កម្មវិធី​ខួបកំណើត​ហើយ​បើ​ធ្វើ​រោងបុណ្យ គួរ​តែ​ធ្វើ​សំណើ​ទៅធ្វើ​នៅតាម​ទីវត្តអារាម​ទៅ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវ​សាធារណៈ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com