The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ប្រើ​ពេល​លេង​ហ្វេសប៊ុក​ ច្រើន​ជាង​អាន​អ្វី​ដែល​មាន​ប្រយោជន៍




យុវជន​ប្រើ​ពេល​លេង​ហ្វេសប៊ុក​ ច្រើន​ជាង​អាន​អ្វី​ដែល​មាន​ប្រយោជន៍

សកម្មភាព​កុមារ​កំពុង​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​នៃ​សាលារៀន​វ៉េស្ទឡាញន៍​សាខា​ច្បារ​អំពៅ​កាលពី​ម្សិលមិញ​។
សកម្មភាព​កុមារ​កំពុង​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​នៃ​សាលារៀន​វ៉េស្ទឡាញន៍​សាខា​ច្បារ​អំពៅ​កាលពី​ម្សិលមិញ​។ រូបថត តុង សុប្រាជ្ញ

យុវជន​ប្រើ​ពេល​លេង​ហ្វេសប៊ុក​ ច្រើន​ជាង​អាន​អ្វី​ដែល​មាន​ប្រយោជន៍

បើ​ជនបរទេស​ជជែក​គ្នា​រិះគន់​ថា​ខ្មែរ​មិន​សូវ​ចូលចិត្ត​អាន​ភ្លាម​គឺ​ខ្មែរ​ចាប់ផ្តើម​ខឹង​គេ​ភ្លាម​ថា​គេ​ហ្នឹង​មើល​ងាយ​ខ្មែរ​ហើយ​តើ​ការ​ខឹង​ហ្នឹង​ធាតុ​ពិត​វា​អ៊ីចឹង​មែន​ឬ​អត់​? តើ​អាច​កែប្រែ​ក្តី​ឈឺចាប់​ហ្នឹង​យ៉ាង​ដូចម្តេច​ដើម្បី​បង្កើត​ឲ្យ​ទៅ​ជា​វប្បធម៌​អាន​? ចង់​អាន​ខ្លួន​ឯង ឬ​ឲ្យ​គេ​អាន​ជំនួស​?

ជាទូទៅ​បើ​សួរ​តាម​បែប​សិក្សា​ពី​ឥរិយាបថ​ប្រជាពលរដ្ឋ​ថា​តើ​រវាង​ការ​អាន​កាសែត​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍​ចូលចិត្ត​មួយ​ណា? ភាគ​ច្រើន​ពួកគាត់​នឹង​ឆ្លើយ​ថា​គាត់​នឹង​ចូលចិត្ត​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍​ព្រោះ​វា​ងាយស្រួល​មាន​សំឡេង​គេ​និយាយ​ឲ្យ​ស្តាប់ និង​មាន​រូប​ស្រាប់​។​ តែ​ទូរទស្សន៍​សព្វ​ថ្ងៃ​មាន​កម្មវិធី​មួយ​ចំនួន​បំពុល​យុវវ័យ​ទៅ​វិញ​កម្រ​ឃើញ​មាន​ការ​បង្ហាញ​អំពី​ការ​ប្រកួត​ប្រជែង​ការ​អាន​ណាស់​គឺ​មាន​តែ​ការ​ប្រកួត​ប្រជែង​ច្រៀង​ រាំ​ លោត​ទន្ទ្រាំ​លើ​ឆាក និង​បង្ហាញ​តែ​ការ​ប្រកួត​ផឹក​ស្រា​ និង​ស្រាបៀរ​យក​រង្វាន់​ទៅ​វិញ​។​ នេះ​មក​តែ​ពី​ទម្លាប់​តាំងពី​សម័យកាល​យូរ​មក​ហើយ​ដែល​ខ្មែរ​យើង​មិន​មាន​ទម្លាប់​អាន​នោះ​ដោយសារ​តែ​មិន​មាន​ទម្លាប់​អាន​បែប​នេះ​ហើយ​បាន​ជា​សម័យ​កវី​ភិរម្យ ង៉ុយ គាត់​ប្រើ​យុទ្ធសាស្ត្រ​ដេញ ​ចាប៉ី ច្រៀង​អាយ៉ៃ​ជូន​ទស្សនិកជន​ស្តាប់​វិញ​ដើម្បី​ឲ្យ​ងាយ​ចាំ​។

តែ​ទម្លាប់​មិន​ចូល​ចិត្ត​អាន​បែប​នេះ​នៅ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បើ​ទោះបី​ជា​មាន​ឯកសារ​ជាច្រើន​សម្រាប់​អាន និង​តាមរយៈ​អនឡាញ និង​បណ្តាញ​សង្គម​ក៏​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​ភាគច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អាន​នូវ​ឯកសារ និង​អត្ថបទ​ល្អៗ​មាន​សារៈសំខាន់​នោះ​ទេ​ គឺ​ចូល​មើល​តែ​រឿង​ដែល​បែកធ្លាយ ឬ​ក៏​អត្ថបទ​ដែល​បង្ក​ដោយ​ហិង្សា​បែប​ជេរ​បញ្ចោរ​គ្នា​ដែល​ការ​សរសេរ​អត្ថបទ​កាសែត​ក្នុង​ស្រុក​ខ្លះ​កំពុង​បំពុល​យុវជន និង​អ្នក​អាន​តែ​ម្តង​ឬ​បើ​មិន​ដូច្នេះ​ទេ​ក៏​លេង​ឆាត​តាម​ហ្វេសប៊ុក​ខាត​តែ​ពេលវេលា​ទៅ​វិញ​។

ដូច​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នៅ​តាម​ហាង​កាហ្វេ​ខ្លះ​គឺ​យុវជន​ភាគច្រើន​គ្រាន់​តែ​ទៅ​ជជែក​គ្នា និង​ចង់​បង្អួត​សម្ភារ​គ្នា​ដូចជា អាយផេត​ ស្មាតហ្វូន កុំព្យូរទ័រ​យួរ​ដៃ​ជាដើម​គឺ​ពុំ​បាន​បញ្ចេញ​ការ​អាន​ឲ្យ​ស៊ី​ជម្រៅ​នោះ​ទេ​ខាត​តែ​ពេលវេលា​។

នេះ​គឺជា​បញ្ហា​ឥរិយាបថ​យុវជន​សព្វថ្ងៃ​ដោយសារ​តែ​ពួក​គាត់​រៀន​អាន​ឆៅ​តាំងពី​នៅ​រៀន​ថ្នាក់​តូចៗ​មក​ម្ល៉េះ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​អត្ថបទ​ណា​ដែល​ជា​ប្រយោជន៍​មក​អាន​នោះ​ទេ​។ បើ​ទោះ​បី​ជា​គ្មាន​ទិន្នន័យ​ពី​ការ​អាន​ក៏​លោក​គ្រូ​-អ្នកគ្រូ​មាន​ការ​ត្អូញត្អែរ​ពី​ការ​មិន​ចូលចិត្ត​អាន​របស់​សិស្សានុសិស្ស​ផង​ដែរ ដែល​ជះឥទ្ធិពល​ដល់​ពេល​ពួកគេ​ចេញ​ធ្វើការ​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ខ្ជិល​អាន​ផង​ដែរ​។ ការ​ដែល​យុវជន​មិន​សូវ​ចូលចិត្ត​អាន​នោះ​គឺ​មាន​បញ្ហា​ ៣ ​ធំៗ​ការ​ទទួល​បណ្តុះ​បណ្តាល​ពី​គ្រូ បណ្ណាល័យ និង​បរិស្ថាន​នៅ​ជុំវិញ​មិន​អំណោយផល​។

ទី​ ១) លោក​គ្រូ-អ្នកគ្រូ​មួយ​ចំនួន​មិន​សូវ​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​បង្រៀន​ថា​តែ​តាម​មេរៀន​មុខ​វិជ្ជា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ខ្វះ​សមត្ថភាព​ក្នុង​ការ​សង្ខេប​ខ្លឹម​សារ​មេរៀន និង​មិន​មាន​បង្ហាញ​សិស្ស​ថា​មេរៀន​ហ្នឹង​គេ​យក​ទៅ​ធ្វើ​អ្វី​? ឬ​ទៅ​បំប្លែង​ទៅ​ជា​អ្វី​? ធ្វើឲ្យ​សិស្ស​មាន​ការ​ស្រពេច​ស្រពិល​មិន​ច្បាស់លាស់​ និង​ខ្វះខាត​ពី​ការ​នាំ​ផ្លូវ​នៃ​របៀប​អាន​បើ​អាន​មិន​ចេះ​ត្រូវ​ធ្វើ​ដូចម្តេច​?

ទី​២) ​បណ្តាល័យ​នៅ​តាម​សាលារៀន​គឺ​មាន​ហើយ​តែ​ដោយសារ​នៅ​ក្នុង​បណ្ណាល័យ​ភាគច្រើន​នោះ​គឺ​មាន​តែ​កង្ហា​សីតុណ្ហភាព​ក្តៅ​ពេល​ខ្លះ​ពិបាក​ទ្រាំ​ប៉ះពាល់​អារម្មណ៍​នៃ​ការ​អាន​ហើយ​បណ្ណាល័យ​ខ្លះ​ទៀត​មិន​មាន​អ្នក​សម្អាត​បើក​សៀវភៅ​ឡើង​ហុយ​ធូលី​ឈ្លក់​នឹង​ក្លិន​ទាំង​ធូលី​ទាំង​ដី​ធ្វើឲ្យ​ឈឺក្បាល​។ តែ​បើ​ដូច​នៅ​បណ្ណាល័យ​ក្នុង​សាកលវិទ្យាល័យ​ណា​ដែល​បំពាក់​ម៉ាស៊ីន​ត្រជាក់​បែរ​ជា​និស្សិត​នាំ​គ្នា​ជជែក​គ្នា​ ញ៉ែ​​គ្នា​រំខាន​និស្សិត​ដទៃ​ទៀត​ដែល​អង្គុយ​អាន​ជិត​គ្នា​នោះ​។

ទី​ ៣) ផល​ប៉ះពាល់​ពី​អ្វី​នៅ​ជុំវិញ​ខ្លួន​នៅ​ផ្ទះ​វិញ​ក៏​ធ្វើ​ឲ្យ​យើង​មិន​ចង់​អាន​ដែរ​ដូចជា​មាន​មូស​ខាំ គ្មាន​អគ្គិសនី​គ្រប់គ្រាន់ សំឡេង​ឮៗ​ក្តៅ​បែក​ញើស​ទីកន្លែង​មាន​សភាព​ហប់ និង​ការ​រៀបចំ​ទុកដាក់​សៀវភៅ ឯកសារ និង​កាសែត​មិន​មាន​សណ្តាប់ធ្នាប់​ជាដើម​។

ជាមួយ​គ្នា​នេះ ​ក្នុង​នាម​អតីត​សិស្ស​ពូកែ​ម្នាក់​ដែរ​ខ្ញុំ​សូម​ចែក​រំលែក​បទពិសោធ​កាលពី​នៅ​រៀន​គឺ​ខ្ញុំ​ខិតខំ​រក​ដំណោះស្រាយ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​ចូលចិត្ត​អាន​គឺ​ដោយ​មាន​ការ​លើក​ទឹកចិត្ត​ពី​លោកគ្រូ-អ្នកគ្រូ និង​អ្នក​ម្តាយ​ផង​ដែរ​ ដែល​តែងតែ​ដាស់​តឿន​ឲ្យ​អាន​អត្ថបទ​កាសែត​ណា​ល្អៗ អាន​នូវ​មេរៀន​លោកគ្រូ​អ្នកគ្រូ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​ធ្វើ​នោះ​។ កាល​នោះ​​ទសវត្សរ៍​ឆ្នាំ​ ៨០ គឺ​ខ្សត់​អគ្គិសនី​ណាស់​ភ្លឺ​បាន​តែ​ពី​ព្រលប់​ទេ​ក្រៅ​ពី​នោះ​ប្រើ​ភ្លើង​ចង្កៀង​ប្រេងកាត ឬ​ក៏​ទៀន និង​សម្បូរ​ទៅ​ដោយ​មូស​ខាំ ក្តៅ​ស្អុះ។

វិធី​ដោះស្រាយ​គឺ​គ្មាន​អ្វី​ក្រៅពី​ការ​អត់ធ្មត់​ទ្រាំ​អាន​បណ្តើរ​ទះ​មូស​ខាំ​បណ្តើរ​ដោយ​ភ្លើង​ចង្កៀង​លួច​ធ្វើ​កិច្ចការ​គ្រូ​ដាក់​ឲ្យ​ពី​ថ្ងៃ​ខ្លះ​ទៅ និង​ខំ​អាន​បន្ថែម​បើ​ឆ្ងល់​បើក​មើល​វចនានុក្រម ឬ​ក៏​សួរ​គ្រូ និង​អ្នក​ដែល​មាន​ចំណេះ​ជាង​ខ្ញុំ​។

កាលណា​ធ្វើ​ជា​ប្រចាំ​ក្លាយ​ទៅ​ជា​ទម្លាប់​បាន​ជា​ប្រចាំ​ហើយ​ងាយ​ស្រួល​ទៀត​ដូច​ពាក្យ​ចាស់​លោក​ថា​៖ «​នឿយ​ពី​ក្មេង​ពេល​ចាស់​ឡើង​ស្រណុក​ហើយ​!»​។ ឃ្លា​នេះ​មិន​មាន​ន័យ​ថា​ខំប្រឹង​ពី​ក្មេង​ទៅ​ចាស់​ទៅ​ដេក​ហូប​នោះ​ទេ​គឺ​មាន​ន័យ​ថា​កាល​ណា​យើង​ខំ​ប្រឹងប្រែង​ទម្លាប់​ពី​ក្មេង​ទៅ​ពេល​ចាស់​ឡើង​គឺ​ការ​ងាយស្រួល​ក្នុង​ការ​អាន និង​ធ្វើ​ការងារ​ឆាប់​យល់​ការ​។ ខ្ញុំ​តែង​ឲ្យ​យោបល់​ទៅ​យុវជន​ថា​កាលពី​មុន​រៀន​អាន​ពី​កាសែត និង​រៀន​បកប្រែ​ពី​កាសែត​បរទេស​ឥឡូវ​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​សរសេរ​កាសែត​ឲ្យ​គេ​អាន​វិញ​ដោយ​មិន​ដែល​រៀន​ពី​វិជ្ជា​ជីវ​សារព័ត៌មាន​សោះ​តែ​បាន​មកពី​ការ​ចូលចិត្ត​អាន និង​ចូលចិត្ត​ស្រាវជ្រាវ​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​សរសេរ​បាន​ល្អ​នោះ​។ ពេល​ខ្លះ​មិន​បាច់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​បើ​ឲ្យ​តែ​ខ្ញុំ​អាន​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​។

យ៉ាង​ណា​មិញ​ការ​អាន​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​វាស់វែង​នូវ​ភាព​អក្ខរកម្ម​ដែរ តែ​កម្ពុជា​មិន​ទាន់​ធ្វើការ​ឲ្យ​បាន​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឡើយ​ទេ​បើ​ទោះ​បី​ជា​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ UNESCO ក្នុង​ការ​ដោះស្រាយ​នូវ​អនក្ខរកម្ម​ក៏ដោយ ក៏​ថ្មីៗ​នេះ​ឃើញ​ថា​មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ​ទេ​ចំពោះ​អក្ខរកម្ម​មនុស្ស​ពេញ​វ័យ​ឆ្នាំ​ ២០១៥ ​គឺ​បាន​កើន​ឡើង​បាន​ត្រឹម​តែ ៧២ ​ភាគរយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន ៩ ​ម៉ឺន​នាក់​ពោល​គឺ​មិន​ដល់​កម្រិត​ចង់​បាន​ ៨៤ ​ភាគរយ​នោះ​ទេ​ (UNESCO/MOEYS, 2016) ​​ហើយ​បើ​ធ្វើការ​ប្រៀបធៀប​អក្ខរកម្ម​ក្នុង​ចំណោម​បណ្តា​ប្រទេស ​អាស៊ាន​ គឺ​ កម្ពុជា ​យើង​នៅ​តែ​ចុង​ប៉ូច ឬ​ក៏​នៅ​ក្បែរៗ​ប៉ូច​គេ​នោះ។ នេះ​បើ​តាម​ការ​វាស់​ស្ទង់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​។ ចំពោះ​អ្នក​ដែល​ធ្លាប់​ទៅ​ប្រទេស​ភូមា​គឺ​គេ​តែងតែ​សរសើរ​ពី​ប្រជាជន​ភូមា​ចូល​ចិត្ត​អាន​ជាង​ប្រជាជន​ខ្មែរ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ក៏​មាន​សាលា​ឯកជន​មួយ​ចំនួន​បាន​នាំ​មុខ​នូវ​ការ​បង្កើត​វប្បធម៌​អាន​ខ្លះៗ​ហើយ​ដូចជា សាលារៀន​ឧបទ្វីប​អាមេរិកាំង AIS និង​សាលា​រៀន​វ៉េស្ទឡាញន៍​គឺ​បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​ការអាន និង​ការ​សរសេរ​អត្ថបទ​ប្រចាំ​ឆ្នាំ​របស់​សាលា​គេ និង​មាន​ការ​រៀបចំ​បន្ទប់​បណ្ណាល័យ​ដែល​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់​មាន​គ្រូ​បណ្ណារក្ស​ជួយ​ណែនាំ​ពី​របៀប​អាន​ផង​ដែរ​យ៉ាង​ហោច​ណាស់​ឲ្យ​កូន​សិស្ស​ ១ ​ថ្នាក់​ចូល​អាន​បាន​ ១ ​ម៉ោង​ក្នុង​ ១ ​សប្តាហ៍​ផង​ដែរ​។

ការ​ដែល​ធ្វើ​ដូច​នេះ​គឺ​បណ្តុះ​គំនិត​កូន​សិស្ស​មាន​ចូលចិត្ត​អាន​ហើយ​ស្រប​ពេល​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ទិវា​អំណាន​ជាតិ​ទើប​តែ​អនុម័ត​កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​ដោយ​សន្មត​យក​រៀងរាល់​ថ្ងៃ​ទី​ ១១ ខែ​មីនា​ដើម្បី​ប្រារព្ធ​​ពិធី​អាន​នេះ​។

ហេតុ​ដូច្នេះ​ហើយ​សាលារដ្ឋ​ក៏​គួរ​តែ​រៀបចំ​សៀវភៅ កាសែត និង​ឯកសារ​ផ្សេង និង​បំពាក់​ម៉ាស៊ីន​ត្រជាក់​បើ​មាន​លទ្ធភាព​ព្រោះ​មិន​អស់​ថវិកា​ប៉ុន្មាន​ទេ​បើ​គ្រាន់​សុំ​ថវិកា​ពី​សេដ្ឋីៗ​គម្រិះ​ស្រុក​ខ្មែរ​មក​ក៏​បំពាក់​ក៏​បាន​ដែរ​។

ចំពោះ​ការងារ​អំណាន​នេះ​ទាល់​មាន​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​បណ្តុះ​គំនិត​អាន​តាំង​ពី​តូច​មក​បើ​កាល​ណា​គាត់​ចូលចិត្ត​អាន​ហើយ​ធំ​ឡើង​គាត់​នឹង​បន្ត​អាន​បន្ថែម​ទៀត និង​អាច​ជ្រើសរើស​នូវ​ឯកសារ ឬ​ក៏​អត្ថបទ​ដែល​មាន​ប្រយោជន៍ និង​ខ្លឹមសារ​ដោយ​ខ្លួនឯង​បាន​ជា​ជាង​លេង​ឆាត​ក្នុង​ហ្វេសប៊ុក​ខាត​ពេលវេលា​អត់​ប្រយោជន៍​នោះ​។ ជាង​នេះ​ទៅ​ទៀត​គឺ​ក្រៅពី​ការ​អាន​តាម​ក្រដាស​គឺ​យើង​អាច​ធ្វើការ​ស្រាវជ្រាវ​តាម​បច្ចេកវិទ្យា​ទំនើប​ក៏​រឹត​តែ​ងាយស្រួល​រក​ទិន្នន័យ​ និង​ទ្រឹស្តី​ដែល​នាំ​ឲ្យ​មាន​ជោគជ័យ​ទាំង​បុគ្គល​ខ្លួនឯង​ផង​ និង​ទាំង​ជាតិ​ផង​។

ហេតុ​អ្វី​បាន​ជា​ជនបរទេស​គេ​ធ្វើ​បាន​យើង​ធ្វើ​មិន​បាន​ចំពោះ​ទម្លាប់​នៃ​ការ​អាន​នេះ​? ក្នុង​លោក​នេះ​គ្មាន​អ្នក​ប្រាជ្ញ​ណា​ដែល​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ដោយ​មិន​ឆ្លង​កាត់​ការ​អាន​នោះ​ឡើយ។

សរុប​មក​វិញ​រដ្ឋាភិបាល​ និង​កម្មវិធី​ទូរទស្សន៍​នានា​គួរ​តែ​ធ្វើ​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ជ្រើសរើស​ជើងឯក​ការ​អាន​ជា​លក្ខណៈ​ឯកត្តជន​ក្តី ជា​លក្ខណៈ​ក្រុម​ក្តី​ហើយ​ឲ្យ​រង្វាន់​ឲ្យ​ច្រើន​ដូច​ការ​ប្រកួត​កម្មវិធី​ The Voice ឬ​ក៏ Cambodian Idol នៅក្នុង​ទូរទស្សន៍ឬ​ក៏​រង្វាន់​បាន​មកពី​ការ​អាន​ឲ្យ​បាន​ច្រើន​ដូច​រង្វាន់​ក្រុម​បាល់ទាត់​ All Stars ទៅ​មើល​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍