ភ្នំពេញ : «ទំពាំងស្នងឫស្សី» គឺជាពាក្យស្លោកដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជន កម្ពុជា ដែលនិយាយយោងទៅលើកុមារ ស្នងមនុស្សចាស់ នាថ្ងៃអនាគត់។
សំណួរយ៉ាងសាមញ្ញមួយ ដែលគេតែងតែសួរ ទៅកុមារថា តើ កូន ឬក្មួយៗ ពេលធំឡើងចង់ធ្វើអ្វី? ចម្លើយដែលទទួលបានភាគច្រើនក្នុងទសវ ត្សរ៍៨០ និង ៩០ រួមមាន៖ ចង់ក្លាយទៅជាគ្រូបង្រៀន គ្រូពេទ្យ ទាហាន ប៉ូលិស វិស្វករ វិចិត្រករ ឬក៏អ្នកជំនាញខាងកសិកម្ម និងខ្លះទៀតថា ចង់ធ្វើជាអ្នករកស៊ី។ល។
ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ទស្សនៈរបស់កុមារ ឬយុវវ័យ គឺចង់ក្លាយជា «តារា» ទៅវិញ ដែលនិយាយយោងទៅលើតារាចម្រៀង តារាភាពយន្ត ខារ៉ាអូខេ ឬពិធីករប្រចាំទូរទស្សន៍ណាមួយ ជាជាងការជ្រើសរើសការងារដែលបានរៀបរាប់ខាងលើ។
ខ្ញុំគិតថា វាជាការល្អណាស់ ដែលកុមារ ឬក៏យុវវ័យម្នាក់ៗមានគោលដៅ និងមហិច្ឆតាខុសៗគ្នាហើយមានការផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ ប៉ុន្តែប្រសិនបើមួយចំនួនធំនៃពួកគេរំពឹងថា នឹងក្លាយជា «តារា» សំណួរសួរថា ហេតុអ្វីបានជាឥរិយាបថរបស់កុមារ និងយុវវ័យ មានការផ្លាស់ប្តូរដូច្នេះ? នេះគឺដោយសារឥទ្ធិពល នៃទូរទស្សន៍ ឪពុកម្តាយ ឬក៏ក្រុមគ្រួសារ?
ជាទូទៅ ឪពុកម្តាយមានការសប្បាយចិត្តណាស់ ប្រសិនបើកូនរបស់គាត់រៀនពូកែនៅក្នុងថ្នាក់ និងមានលទ្ធភាព ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសនោះ។ អាណាព្យាបាលទាំងនោះ និងអ្នកជិតខាងមានមោទនភាពដោយសរសើរថា «កូននេះ វាកាត់ទៅរកពូជគេ» ដែលតែងតែរៀនពូកែយ៉ាងដូច្នេះ។ តែបើកូនរៀនខ្សោយវិញ ដាច់ខាតគឺមកពី«គ្រូអន់»។
យោងតាម ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនៅឥណ្ឌូចិន(IMR) បានបង្ហាញថាភាគច្រើនបំផុតនៃប្រជាជនកម្ពុជា ចូលចិត្តមើលទូរទស្សន៍ ជាជាងស្តាប់វិទ្យុ និងអានកាសែត។ ជាពិសេស បណ្តាញទូរទស្សន៍កម្ពុជាCTN និង សាខារបស់បណ្តាញនេះ (MYTV) មានការនិយមចូលចិត្តជាងគេ។ ហើយសម្រាប់បុរសពេញវ័យចូលចិត្តមើលការប្រដាល់សេរី និងបាល់ទាត់ ប៉ុន្តែសម្រាប់ស្រ្តី យុវវ័យ និងកុមារចូលចិត្តមើលការប្រដាល់សេរី និងបាល់ទាត់ ប៉ុន្តែសម្រាប់ស្រ្តី យុវវ័យ និងកុមារចូលចិត្តមើលខ្សែភាពយន្ត ការប្រគំតន្រ្តី ខារ៉ាអូខេ ការប្រកួតប្រឡងរាំ ច្រៀង និងការប្រកួតសម្រស់ជាដើម។
ជាមួយនឹងស្ថានភាពដូចគ្នានេះ មានចំនួនយុវវ័យតិចណាស់ដាក់ពាក្យសុំការងារធ្វើ បើប្រៀបធៀបជាមួយនឹងការដាក់ពាក្យប្រឡងរាំ ច្រៀង សម្រស់.នៅតាមទូរទស្សន៍នានាវិញ។ តើកម្មវិធីទូរទស្សន៍សព្វថ្ងៃនេះបានបង្រៀន ឬមួយក៏ចង្អុលបង្ហាញទិសដល់កុមារ និងយុវជនកម្ពុជាយ៉ាងដូចម្តេចខ្លះ?
តើហេតុអ្វីបានជាពួកគេចង់ក្លាយជា«តារា»? ទាំងនេះគឺដោយសារយុវវ័យមួយចំនួនធំ អស់សង្ឃឹមក្នុងការរកការងារធ្វើឲ្យត្រូវជំនាញរបស់ពួកគេ ដូចដែលលោកមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា មួយរូបបានប៉ាន់ស្មានថា មានតែនិស្សិតមួយនាក់ក្នុងចំណោម៩នាក់ អាចរកការងារបានធ្វើសមរម្យទៅនឹងការសិក្សារបស់ពួកគេ។
សួរថាតើមានចំនួនយុវជនប៉ុន្មាននាក់ទទួលបានជោគជ័យ ក្នុងការក្លាយជា«តារា»នេះ?
តាមការសង្កេតរបស់ខ្ញុំឃើញថា ទូរទស្សន៍សព្វថ្ងៃមានទំនោរបង្ហាញ ពីទស្សនៈផ្នែកខាងនយោបាយ ការប្រគួតប្រជែងទីផ្សារតាមរយៈ នាទីកំសាន្តនានា និងឆាកកំប្លែង (ដែលកុមារនិងយុវវ័យកំពុងនឹងធ្វើត្រាប់តាមជាមួយនឹងការ ប្រើពាក្យគ្រោតគ្រាត និងអស្សុរស និងកាយវិការអំពើហិង្សាពីតារាកំប្លែងទាំងនោះ។)ជាជាងផ្តល់ ការអប់រំ ដល់កុមារ និងយុវវ័យ។
កម្មវិធីទូរទ្សន៍បច្ចុប្បន្ន ផ្ទុយស្រឡះពីកម្មវិធីទូរទស្សន៍ដែលកាលពីដប់ឆ្នាំមុន មានការបង្រៀនគណិតវិទ្យា និងភាសាអង់គ្លេស និងមានការបង្ហាញពីវប្បធម៌ខ្មែរជាច្រើន។ ខ្ញុំគិតថា ការបង្រៀនតាមទូរទស្សន៍អាចជួយដល់កូនសិស្សក្រីក្រ មិនអាចបង់ថ្លៃគួរសាលាបាន និងវាក៏ធ្វើឲ្យកូនសិស្សមានការចងចាំបន្ថែមទៀត និងរៀនអ្វីដែលថ្មីៗ ឬមួយក៏វិធីសាស្រ្តផ្សេងៗ។ ហើយមុខវិជ្ជានេះទៀតសោត ក៏ជាមូលដ្ឋានគ្រឹះសម្រាប់និស្សិត សិក្សាអប់រំជាន់ខ្ពស់ ឬក៏ទៅរៀននៅឯបរទេសផងដែរ។
ថាតើអ្វី ដែលរាជរដ្ឋាភិបាលសង្ឃឹមទៅលើ «ទំពាំងស្នងឬស្សី» ដែលនឹងកសាងព្រះរាជាណាចក្រនាពេលអនាគតខាងមុខដ៏ខ្លីនេះ ប្រសិនបើភាគច្រើននៃកុមារ និងយុវវ័យសប្បាយជាមួយនឹងទូរទស្សន៍ ហើយចង់ក្លាយជា«តារា»ទៀតផង ជាជាងបណ្តុះគំនិតលើមុខវិជ្ជាបច្ចេកទេសសម្រាប់បំរើសង្គម។
ហេតុដូច្នេះហើយ ថាតើរដ្ឋាភិបាលគួរតែធ្វើយ៉ាងណា ឲ្យប្រសើរឡើងនូវកម្មវិធីទូរទស្សន៍នានា ដើម្បីបណ្តុះគំនិតអប់រំទៅលើកុមារ និងយុវជន ហើយអ្នករៀបចំកម្មវិធីទូរទស្សន៍ទាំងនោះគួរណាស់តែដកស្រង់បទពិសោធន៍នៃកម្មវិធីអប់រំដ៏ជោគជ័យមួយចំនួនតាមបណ្តាប្រទេសជឿនលឿននានា ជាជាងធ្វើត្រាប់តាមកម្មវិធីទូរទស្សន៍ប្រទេសជិតខាងដូចសព្វ ថ្ងៃនេះ៕