ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​ខែវិច្ឆិកា គឺជា​ការចាប់ផ្តើម​ចម្លង​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​សហគមន៍​ដែល​ចាប់ផ្តើម​ពី​សមាជិក​ក្រុមគ្រួសារ​មក​ដៃគូ​ប្តី​ប្រពន្ធ បងប្អូន​ឆ្លង​ទៅ​អ្នកធ្វើការ​ជាមួយ​គ្នា​ចេញ​ពី​បុគ្គលិក​មក​ចម្លង​ភ្ញៀវ​ដែល​ចូល​ហាង​។ ចម្លង​ចេញ​ពី​ភ្ញៀវ​ទៅ​មិត្តភក្តិ ដូច​ករណី​យុវជន​អាយុ​ ៣៥ ​ឆ្នាំ​ បាន​ចម្លង​ទៅ​មិត្តភក្តិ​ស្រី​របស់​ខ្លួន​អាយុ​ ២៦ ​ឆ្នាំ​ ដែល​ចេញ​ដើរ​កម្សាន្ត​ជា​ក្រុម​ទៅ​ស្នាក់នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ហើយ​ទៅលេង​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​នេះ​គឺជា​លទ្ធផល​នៃ​សកម្មភាព​ដែល​បាន និង​កំពុង​រុករក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​មិនផ្ទាល់​ទៅ​នឹង​អ្នកជំងឺ​កូវីដ ១៩ ​នោះ​ (Contact tracing) ដោយ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

ករណី​ចម្លង​ចុងក្រោយ រកឃើញ​ដែល​ចាប់ផ្តើម​ចម្លង​ក្នុង​ចំណោម​យុវជន​បែបនេះ​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ឥរិយាបថ​របស់​យុវវ័យ ដែល​សប្បាយ​ភ្លេចខ្លួន មិន​ពាក់​ម៉ាស់​ជាប្រចាំ​ដោយ​គិតថា​អត់​អីៗ ជាពិសេស​យុវវ័យ​ដែល​មាន​គូសង្សារ ឬ​ក៏​កំពុងតែ​ចាប់ផ្តើម​មាន​ស្នេហា​។

បើទោះបី​ជា​ពួកគេ​មិនទាន់​ឈាន​ដល់​ការរួម​ភេទ​ទុំ​មុន​ស្រគាល​ក៏ដោយ តែ​ពួកគេ​អាច​ចាប់ផ្តើម​ពី​ភាពស្និទ្ធស្នាល​នៅ​ផ្អែមល្អែម​នៅ​កៀកកើយ​គ្នា ខ្លះ​ឈាន​ដល់​ការឱបថើប​គ្នា ដោយ​មិន​ពាក់​ម៉ាស់​ ឬ ក៏​ពាក់ម៉ាស់​ដែរ​តែ​ទាញ​ចុះក្រោម​ (Mask undone)​។ នៅពេល​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ ក្នុង​ចំណោម​យុវវ័យ​ភ្លាម ឪពុកម្តាយ​ទាំង​សងខាង​របស់​យុវជន និង​យុវតី​ចាប់​ផ្តើម​សួររក​ប្រភព​ឆ្លង​ពី​ណា​មក ឬ​ក៏​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក តែ​នៅពេល​កូនៗ​ដែល​ជា​យុវវ័យ​ដើរលេង​កម្សាន្ត​ជាមួយ​គ្នា ឪពុកម្តាយ​មិនសូវ​សួររក​ទេ ទោះបី​ជា​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩​ នេះ​ក៏ដោយ​។

ដូច​ករណី​នៅ​ប្រទេស​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក​មួយ​ចំនួន យុវវ័យ​មិន​ជឿ​បែរជា​នាំគ្នា​មិន​ខ្លាច​ជំងឺ​កូវីដ​១៩​នោះទេ តែ​នាំគ្នា​ដើរហើរ​ផឹកស៊ី​ពេញបារ៍ និង​កន្លែង​កម្សាន្ត ខ្លះ​មាន​រហូតដល់​ទៅ​រៀបចំ​ពិធីជប់លៀង​ជំងឺ​កូវីដ​១៩​នេះ​ទៀត​ (COVID-19 party)​។ យុវជន​ម្នាក់​អាយុ​ ៣០ ​ឆ្នាំ​ នៅ​រដ្ឋ​តិចសាស់​នៃ​សហរដ្ឋអាមេរិក​ដែល​បាន​ចូលរួម​ពិធី​កូវីដ​ ១៩ ​នោះ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​ នេះ ហើយ​បាន​ផ្ញើសារ​ស្តាយ​ខ្លួន​ខុស​ជា​ក្រោយ​មុន​មរណៈ (KNOE, 12 July 2020)​។ ​

បើ​តាម​ទិន្នន័យ​នៃ​ការឆ្លង​ដំបូងៗ​នៅ​ប្រទេស​អ៊ីតាលី​គឺ​ ១ ​ភាគ​ ៤ ​នៃ​អ្នកជំងឺ​កូវីដ​ ១៩ ​មាន​អាយុ​ (១៩ ​ទៅ​ ៥០ ​ឆ្នាំ​) ​នៃ​អ្នក​ជំងឺ​សរុប​ទាំងអស់ ២៨ ០០០ ​នាក់ (FORTUNE, 19 March 2020)​។ យុវវ័យ​ ១ ​គូ​ដែល​ឆ្លង​មេរោគ​កូរីដ​ ១៩​ នៅ​ទីក្រុង​ញូវយ៉ក​នៃ​សហរដ្ឋអាមេរិក​បាន​ជា​សះស្បើយ ហើយ​ផ្ញើ​សារ​ទៅកាន់​សាធារណជន និង​រំឭក​ដល់​​យុវវ័យ មនុស្ស​ពេញវ័យ​មាន​កម្លាំង​មាំមួន​ក៏​នៅតែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ដែរ​។ នេះ​បើតាម​សារព័ត៌មាន ABC News ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ​ ២០២០​។

ម្យ៉ាងវិញទៀត​នៅ​រដ្ឋ​មួយចំនួន​នៃ​សហរដ្ឋអាមេរិក​មាន​ការកើនឡើង​ខ្លាំង​នូវ​ការឆ្លង​ជំងឺ​កូវីដ ​១៩​ ក្នុង​ខែ​មិថុនា និង​ខែកក្កដា ឆ្នាំ​នេះ​ក្នុង​ចំណោម​មនុស្ស​អាយុ​ពី​ ២០ ​ទៅ​ ៤០ ​ឆ្នាំ ​ដល់​ទៅ​ ៦០ ​ភាគរយ​ជា​មធ្យម​នៃ​អ្នក​ឆ្លង​សរុប​តាម​រដ្ឋ​នីមួយៗ ហើយ​ពួកគេ​អាច​ចម្លង​ទៅ​មនុស្ស​ចាស់​ជា​ក្រុម​ងាយ​រងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ស្លាប់​បាន (Vox, 18 July 2020)​។

មកទល់​ពេលនេះ​កម្ពុជា​ពុំមាន​នរណាម្នាក់​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​ នៅឡើយ​ទេ តែមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ ៣៦២ ​នាក់​ មាន​អ្នកជា​សះស្បើយ​ដល់ ៣១២ ​នាក់​។ ជារួម​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ បច្ចុប្បន្នភាព​នេះ​គឺ​កម្ពុជា​នៅតែ​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ ដើម្បី​មក​ធ្វើតេស្ត និង​ទប់ទល់​ទៅនឹង​ការរីករាលដាល​ឆ្លង​ជំងឺ​កូវីដ​១៩ ចូល​ក្នុង​សហគមន៍​។

ប្រសិនបើ​បានទទួល​ថ្នាំ​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ មិនមែន​បាន​ន័យថា មាន​សីល ជំងឺ​កូវីដ​ ១៩​ ចូល​មិន​ចុះ​នោះទេ ព្រោះ​ការចម្លង​នៅ​តែ​មានឱកាស​អ៊ីចឹង ចំពោះ​ថ្នាំ​បង្ការ​កូវីដ​ ១៩​ មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បញ្ជាក់​ថា ទប់ទល់​បាន​ ១០០ ​ភាគរយ​នៅឡើយ​ទេ យ៉ាងច្រើន​បានតែ​ ៩៥ ​ភាគរយ​ទេ គឺ​ក្រុមហ៊ុន Moderna របស់​សហរដ្ឋអាមេរិក​អ៊ីចឹង​នៅសល់​ ៥ ​ភាគរយ​ទៀត នៅតែ​មាន​ឱកាស​ឆ្លង​ប្រសិនបើ​ប្រព័ន្ធ​ស៊ាំ​ក្នុង​សារពាង្គកាយ​យើង​ចុះខ្សោយ​នោះ​។ តែ​ទោះយ៉ាងណា រាជរដ្ឋាភិបាល និង​សប្បុរសជន កំពុងតែ​ដុតដៃ​ដុតជើង​ជួយ​ជា​ថវិកា​យ៉ាង​សស្រោក​សស្រាំ​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នេះ ដែល​មកទល់​ពេលនេះ​ទទួលបាន​ប្រមាណ​ជិត​ ៥០ ​លាន​ដុល្លារ​ហើយ​។

សម្រាប់​ការចូលរួម​របស់​យុវវ័យ​ក្នុង​បញ្ហា​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​នេះ គឺត្រូវ​ធ្វើ​កិច្ចការ​ងាយៗ​សាមញ្ញៗ ដូចជា ការដាក់វិន័យ​ខ្លួនឯង​ក្នុង​ការពាក់ម៉ាស់ និង​លាងដៃ​ជាមួយ​នឹង​អាល់កុល ឬក៏​ជែល​ជាប្រចាំ រក្សា​គម្លាត​សង្គម​មិន​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​ធំៗ ឬ​ក៏​កន្លែង​ដែលមាន​មនុស្ស​ច្រើន​ណែនណាន់​តាន់តាប់ រក្សា​គម្លាត​សុវត្ថិភាព​បើ​ទោះបី​ជា​សង្សារ​នឹង​គ្នា​ក៏ដោយ​។

បើ​មាន​ស្នេហា​គួរ​ចៀសវាង​ការឱបថើប​គ្នា ការគេង​ជាមួយ​គ្នា​ក្នុង​បន្ទប់​បិទ​ជិត និង​ការហូប​គ្រឿង​ស្រវឹង​ប្រើ​កែវ​ចូលគ្នា​នោះ​ជាដើម​។ រីឯ​ឪពុកម្តាយ​នៅពេល​នេះ ក៏​គួរ​យកចិត្ត​ទុកដាក់​មើល​កូនចៅ​ដែល​ជា​យុវវ័យ ពីព្រោះ​អាច​ងាយ​រងគ្រោះ​ជំងឺ​កូវីដ​១៩​នេះ ដោយសារ​តែ​មាន​ការចម្លង​ពី​មិត្តភក្តិ ឬ​សង្សារ​របស់​ពួកគេ ហើយ​បើ​មិន​ចាំបាច់​ទេ មិន​គួរ​អនុញ្ញាត​ឱ្យ​កូន​ចេញ​ក្រៅ​ដើរ​រកេតរកូត​នោះ​ទេ នៅក្នុង​បរិបទ​ជំងឺ​កូវី​ ១៩ ​នោះ​។

ជាងនេះ​ទៅ​ទៀត គឺ​ការផ្តល់​ប្រឹក្សា​ពី​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់​ដល់​អ្នកជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ចាកចេញ​ពី​មន្ទីរពេទ្យ​រួច​ហើយ​ថា តើ​ពួកគេ​គួរតែ​នៅផ្ទះ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ទៀត​? ឬ​ក៏​នៅពេល​ដែល​អនុញ្ញាត​ឱ្យ​ដើរចេញ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់​? ដើម្បី​ចៀសវាង​ការលាប់​ជំងឺ​ឡើងវិញ ដូច​ករណី​យុវជន និង​ស្ត្រី​វ័យក្មេង​ ២ ​នាក់ ​ដែល​ត្រូវបាន​ក្រសួង​សុខាភិបាល​រកឃើញ​ថា ជា​ប្រភព​ចម្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ដោយ​គាត់​ដើរ​ពេញ​ទឹក​ពេញ​ដី ដោយ​មិន​ពាក់ម៉ាស់​ពេល​ចូល​ហាង​បិទ​ជិត ដែល​ចម្លង​ចូល​សហគមន៍​ដល់​យុវជន​ផ្សេងៗ​ទៀត ដោយ​មិន​ដឹង​ខ្លួន​នោះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com